លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃចន្ទនេះ បានអះអាងថា លោកពិចារណាចង់កែរដ្ឋធម្មនុញ្ញដោយកំណត់លក្ខខណ្ឌថា លុះត្រាតែមាន«សញ្ជាតិខ្មែរតែមួយគត់» ទើបអាចធ្វើនយោបាយនៅកម្ពុជាបាន ហើយលក្ខខណ្ឌនេះត្រូវកំណត់ចាប់តាំងពីថ្នាក់ក្រោម និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធផងដែរ។
លោក ហ៊ុន សែន ថ្លែងបែបនេះនៅក្នុងពិធីបើកការដ្ឋានសាងសង់ ពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្គន់ ទីរួមស្រុកជើងព្រៃរហូតដល់ទីរួមខេត្តកំពង់ចាម។
លោក ហ៊ុន សែន ថ្លែងថា លោកបានជួបជាមួយអគ្គរដ្ឋទូតមួយ ដែលលោកមិនបញ្ចេញឈ្មោះ ហើយបានពិភាក្សាអំពីពលរដ្ឋដែលមានសញ្ជាតិ២មកធ្វើនយោបាយនៅកម្ពុជា និងបានរងក្តីក្តាំនៅតុលាការកម្ពុជា និងបានជាប់ពន្ធនាគារក្នុងប្រទេសកម្ពុជា។
លោក ហ៊ុន សែន បន្ថែមថា ដើម្បីកុំឲ្យពិបាក និងសាំញុំានៅថ្ងៃក្រោយទៀតទាក់ទងនឹងពលរដ្ឋមានសញ្ជាតិ២ ដែលចង់ធ្វើនយោបាយនៅកម្ពុជានោះ គឺលោកនឹងពិចារណាកែរដ្ឋធម្មនុញ្ញកម្ពុជា ក្នុងការកំណត់លក្ខខណ្ឌសម្រាប់អ្នកនយោបាយកម្ពុជាទាំងអស់ត្រូវតែមានសញ្ជាតិខ្មែរតែមួយ ហើយមិនមែនកំណត់តែចំពោះថ្នាក់ដឹកនាំប្រទេសនោះទេ។
លោកថ្លែងថា៖ «អ៊ីចឹងទេ កម្ពុជាក៏នឹងពិចារណាតទៅទៀតអំពីថា តើដាក់នៅក្នុងរដ្ឋធម្មនុញ្ញតម្រូវឲ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអ្នកធ្វើនយោបាយទាំងឡាយត្រូវមានសញ្ជាតិតែមួយ។ អាហ្នឹងត្រូវតែគិតដែរ គិតដែរ។ បើមិនអ៊ីចឹងនៅតែសាំតាប៉ែនៅហ្នឹង។ បណ្តុះបណ្តាលពីក្រៅប្រទេសមក រួចហើយមកធ្វើសកម្មភាព។ សួរមើលនៅក្នុងអាស៊ីអាគ្នេយ៍ អាស៊ានហ្នឹងមានប្រទេសប៉ុន្មានដែលអនុញ្ញាតឲ្យមានសញ្ជាតិ២ ក្នុងការធ្វើនយោបាយ?»
លោក ហ៊ុន សែន បន្ថែមថា គណបក្សប្រជាជនកម្ពុជានៅមានលទ្ធភាពធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញទាក់ទងចំណុចនេះ។
លោកបញ្ជាក់ថា៖ «ប៉ុន្តែបើសិនជាអ្នកឯងនៅតែសាំតាប៉ែ អានេះសញ្ជាតិខ្ញុំ នេះសញ្ជាតិខ្ញុំ ខ្ញុំនឹងពិនិត្យមើល។ គណបក្សប្រជាជននៅមានលទ្ធភាពធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីដាក់ចេញនូវការអនុវត្តសញ្ជាតិមួយសម្រាប់អ្នកធ្វើនយោបាយនៅស្រុកខ្មែរដើម្បីបញ្ចប់ជាស្ថាពរនូវអ្វីដែលវាពាក់ព័ន្ធ»។
ទោះបីជាការកំណត់សញ្ជាតិខ្មែរតែមួយសម្រាប់អ្នកនយោបាយនៅកម្ពុជា វានឹងប៉ះពាល់សមាជិកគណបក្សប្រជាជនកម្ពុជាដែលមានសញ្ជាតិ២យ៉ាងណាក្តី ក៏លោក ហ៊ុន សែនថា សមាជិកគណបក្សកាន់អំណាចអាចលះបង់បាន។
កាលពីកន្លងទៅ គណបក្សប្រជាជនកម្ពុជាបានបង្កើតច្បាប់មួយទាក់ទងនឹងការកំណត់សញ្ជាតិខ្មែរតែមួយសម្រាប់តំណែងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ប្រធានព្រឹទ្ធសភា ប្រធានសភា និងនាយករដ្ឋមន្ត្រី ដែលច្បាប់នេះត្រូវបានប្រកាសឲ្យប្រើប្រាស់ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១។ ច្បាប់នេះត្រូវបានអ្នកតាមដានមើលឃើញថា ជាការរារាំងលោកសម រង្ស៊ី ដែលមានសញ្ជាតិ២គឺខ្មែរ និងបារាំង មិនឲ្យបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី។
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ដែលមានសញ្ជាតិអូស្ត្រាលី ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា ប្រទេសជាច្រើននៅលើពិភពលោក មិនមានចែងច្បាប់កម្រិតសិទ្ធិពលរដ្ឋដែលមានសញ្ជាតិលើសពី១មិនឲ្យធ្វើនយោបាយនោះទេ ដូចករណីនៅសហរដ្ឋអាមេរិក។ លោកបន្ថែមថា ពលរដ្ឋកម្ពុជាដែលមានសញ្ជាតិ២ ភាគច្រើនបានជួយគិតគូរដល់ប្រទេសកម្ពុជា ដូច្នេះលោកថា រដ្ឋាភិបាលកម្ពុជាមិនគួរប្រើប្រាស់ច្បាប់ដើម្បីផ្ចាញ់ផ្ចាល និងគាបសង្កត់ការចូលរួមនយោបាយ។ លោកបញ្ជាក់ថា ការកំណត់បែបនេះផ្ទុយពីរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិ។
លោកថ្លែងថា៖ «ដូច្នេះ ជាគោលការណ៍ ដូចខ្ញុំបានជម្រាប សូមឲ្យបញ្ឈប់ទៅការប្រើប្រាស់អំណាចដើម្បីចង់ផ្ចាញ់ផ្ចាលក្រុុមអ្នកនយោបាយមួយចំនួនដែលមានសញ្ជាតិ២នោះ។ ហើយអ្នកនយោបាយជាទូទៅ គេបានគិតគូរ ជាពិសេសអ្នកនយោបាយខ្មែរដែលមានសញ្ជាតិ២ គឺគេគិតគូរដល់ប្រទេសកម្ពុជាជាធំ។ ហើយបើច្បាប់តម្រូវយ៉ាងណា ហើយឆ្លងតាមប្រជាមតិរបស់ពលរដ្ឋគឺគេនឹងគោរពទៅតាមហ្នឹង»។
បើតាមលោក សុន ឆ័យ ប្រវត្តិដែលធ្វើឲ្យពលរដ្ឋកម្ពុជាជម្លៀសខ្លួន និងទទួលបានសញ្ជាតិរបស់ប្រទេសផ្សេង គឺដោយសារតែមេដឹកនាំប្រទេសកម្ពុជាបានប្រព្រឹត្តអំពើឧក្រិដ្ឋព្រៃផ្សៃ កាប់សម្លាប់ ធ្វើទុក្ខបុកម្នេញប្រជាពលរដ្ឋខ្លួនឯង ដែលធ្វើឲ្យពលរដ្ឋមិនអាចរស់នៅក្នុងប្រទេស។
លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិ ដែលតុលាការកំពូលបានរំលាយ និងកំពុងនិរទេសខ្លួននៅក្រៅប្រទេស ចាត់ទុកការប៉ុនប៉ងរបស់លោក ហ៊ុន សែន ជាការរើងអើងមួយសម្រាប់ពលរដ្ឋខ្មែរ ដែលមានសញ្ជាតិ២ ឬពលរដ្ឋដែលបានរស់នៅក្រៅប្រទេស និងជាការគាបសង្កត់ពលរដ្ឋខ្មែរ។
លោកថ្លែងថា៖ «អ៊ីចឹងបើកាលណាលោក ហ៊ុន សែន មានគំនិតបែបហ្នឹង បានន័យថា គាត់ផាត់ខ្មែរនៅក្រៅប្រទេស ខ្មែរដែលមានសមត្ថភាព ខ្មែរដែលមានលទ្ធភាព ខ្មែរដែលមានចំណេះដឹង ខ្មែរដែលមានមធ្យោបាយផ្សេងៗ គឺមិនឲ្យចូលរួមនៅក្នុងការសម្រេចជោគវាសនាប្រទេសជាតិ។ នេះជាចំណុចមួយដែលមានការបែងចែក ការរើសអើង»។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា ថ្លែងថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញក្នុងអំឡុងពេលនេះគឺមិនគួរកើតមានទេ ហើយគណបក្សនីមួយៗគួរតែដាក់កម្មវិធី និងបញ្ហាណាចង់កែប្រែចូលទៅក្នុងគោលនយោបាយរបស់ខ្លួនដើម្បីប្រកួតប្រជែង ស្វែងរកសំឡេងគាំទ្រពីអ្នកបោះឆ្នោតតាមរយៈការបោះឆ្នោតថ្នាក់ជាតិ ក្នុងខែកក្កដាខាងមុខ។
លោកថា៖ «ដើម្បីឲ្យឆ្លុះបញ្ចាំងស្មារតីប្រជាពលរដ្ឋ គណបក្សនយោបាយដែលគ្រោងថា មានវិសោធនកម្មគួរតែដាក់កម្មវិធីចូលទៅក្នុងកម្មវិធីនយោបាយរបស់ខ្លួនទៅ អាហ្នឹងដើម្បីឲ្យប្រជាពលរដ្ឋសម្តែងការទុកចិត្ត។ អាហ្នឹងវាជារឿងមួយល្អបំផុត»។
លោកយល់ថា កម្ពុជាគួរតែមានការស្រុះស្រួលគ្នារវាងអ្នកនយោបាយ និងស្តារឡើងវិញទាក់ទងបញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យ ត្រូវពង្រឹងឯកភាពជាតិ និងត្រូវរៀបចំដំណើរការបោះឆ្នោតមួយឲ្យមានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ជាជាងការចង់ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ៕