ភ្នំពេញ៖ ខណៈដែលព្រះបរមសពព្រះករុណាព្រះបាទនរោត្តម សីហនុត្រូវបានដង្ហែតាមដងផ្លូវជាច្រើនក្នុងទីក្រុងភ្នំពេញនៅថ្ងៃសុក្រនេះ អ្នកឈរមើល និងអ្នកកាន់ព្រះរាជមរណៈទុក្ខខ្លះបានសម្តែងអារម្មណ៍សោកស្តាយចំពោះការបាត់បង់ព្រះអង្គ។
ព្រះបរមសពព្រះករុណាព្រះបាទនរោត្តមសីហនុត្រូវបានរំកិលនិងដង្ហែចេញពីព្រះបរមរាជវាំងហើយនៅព្រឹកថ្ងៃសុក្រទី១ខែកុម្ភៈនេះ ដោយមានសមាជិកព្រះរាជវង្សានុវង្សនិងប្រមុខរដ្ឋាភិបាលចូលរួមក្នុងពិធីដង្ហែនេះផងដែរ។
ពលរដ្ឋសាមញ្ញ ទាំងក្មេង ទាំងចាស់ មកពីខេត្តផ្សេងៗ បានដើរដង្ហែកកកុញពេញផ្លូវនិងប្រមូលផ្តុំគ្នានៅតាមដងផ្លូវ នៅពេលដែលព្រះបរមមេឈូសា ឬមឈូសពណ៌មាសរបស់ព្រះបរមរតនៈកោដ្ឋឆ្លងកាត់។ អ្នកខ្លះយំ និងខ្លះទៀតឆ្លៀតថតទិដ្ឋភាពនៃក្បួនដង្ហែ។
លោកយាយម៉ី ម៉ន វ័យ៧៨ឆ្នាំ មកពីខេត្តស្វាយរៀង បានមកអង្គុយចាំមើលក្បួនដង្ហែព្រះបរមសពនៅក្បែរវិមានឯករាជ្យនេះ តាំងពីព្រឹកព្រលឹម។
«ស្តាយព្រះអង្គ។ គាត់ដើរផ្លូវត្រូវ ស្អាតស្អំ។ ដល់ចូលលោកទិវង្គត ខ្ញុំស្តាយរកអ្វីប្រៀបពុំបានទេ។ ស្តាយមែនទែន ដូចថា គាត់ជួយជាតិ ផ្សះផ្សារជាតិ។ គាត់ឮតែស្រែកផ្សះផ្សារជាតិមួយជីវិតរបស់គាត់»។
ព្រះបាទនរោត្តមសីហនុបានយាងចូលទិវង្គតដោយសាររោគាពាធនៅក្នុងទីក្រុងប៉េកាំង ក្នុងព្រះជន្មាយុជិត៩០ព្រះវស្សា។
ព្រះអង្គគឺជាព្រះមហាក្សត្រដ៏មានប្រជាប្រិយភាព និងទទួលបានការគោរពយ៉ាងខ្លាំងពីប្រជារាស្ត្ររបស់ព្រះអង្គ ជាពិសេសនៅក្នុងអំឡុងទសវត្សឆ្នាំ១៩៥០ និង១៩៦០ នៅពេលដែលព្រះអង្គគ្រប់គ្រងប្រទេសកម្ពុជា។
លោកតាឌី ហ៊ីម អាយុ៧៩ឆ្នាំ សុខចិត្តមកចូលរួមក្នុងពិធីដង្ហែព្រះបរមសពនេះដែរ បើទោះជាត្រូវអង្គុយនៅលើកៅអីរុញក្តី។
«ជាការសោកស្តាយជាអតិប្បរមា។ រកព្រះអង្គណាឲ្យប្រៀបផ្ទឹមនឹងសម្តេចឪយើងនេះគឺគ្មានទេ តាំងពីខ្ញុំដឹងក្តីរហូតរៀងដរាបមក»។
ព្រះបរមសពរបស់ព្រះករុណានរោត្តមសីហនុត្រូវបានដង្ហែពីព្រះបរមរាជវាំង ឆ្ពោះមកកាន់វាលព្រះមេរុ ដោយឆ្លងកាត់ផ្លូវជាច្រើន។
លោកថោង ថៃគឺជាមន្ត្រីរាជការម្នាក់។
«ខ្ញុំមិនដែលធ្លាប់មានអនុស្សាវរីយ៍អីជាមួយព្រះអង្គទេ ប៉ុន្តែអ្វីដែលព្រះអង្គធ្វើឡើងគឺដើម្បីប្រជារាស្ត្រ។ អញ្ចឹងទឹកចិត្តរបស់ខ្ញុំក្នុងការដង្ហែព្រះសពរបស់ព្រះអង្គគឺដើម្បីជាលើកចុងក្រោយសម្រាប់គាត់»។
ព្រះបរមសពនឹងត្រូវតម្កល់នៅទីព្រះមេរុនេះរយៈពេល៣យប់៣ថ្ងៃ មុននឹងត្រូវធ្វើពិធីថ្វាយព្រះភ្លើងនៅថ្ងៃទី៤ ខែកុម្ភៈខាងមុខនេះ៕
ព័ត៌មានចុងក្រោយជារូបភាពតាម Storify៖