ភ្នំពេញ៖ វិចិត្រករដ៏ល្បីមា្នក់ បានដាក់តាំងបង្ហាញរូបគំនូរចំនួន៤ផ្ទាំងដែលជាស្នាដៃថ្មីបំផុតរបស់ខ្លួន ដើម្បីគោរពនិងចងចាំអតីតព្រះករុណាព្រះបាទនរោត្តមសីហនុ មុនពិធីថ្វាយព្រះភ្លើងដល់ព្រះបរមសពរបស់ព្រះអង្គនៅដើមខែក្រោយនេះ។
ព្រះឆាយាល័ក្ខណ៍របស់សម្តេចព្រះបាទនរោត្តមសីហនុបានលេចរូបរាងជាថ្មីទៀតហើយនៅសប្តាហ៍នេះ ដោយលើកនេះគឺនៅលើផ្ទាំងក្រណាត់ដែលគេព្យួរនៅលើជញ្ជាំងនៃវិចិត្រសាលផ្ទាល់ខ្លួនមួយក្នុងទីក្រុងភ្នំពេញ។
ផ្ទាំងគំនូរនេះប្រមូលផ្តុំទៅដោយបំណែកធូប និងកម្ទិចកម្ទីក្រដាស ដែលវិចិត្រករនិយាយថា គាត់បានរើសប្រមូលទុក នៅពេលដែលគាត់បានចូលរួមជាមួយប្រជាពលរដ្ឋខ្មែរផ្សេងទៀតនៅក្នុងពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមសពរបស់អតីតព្រះមហាក្សត្រដែលបានចូលទិវង្គតនៅក្នុងទីក្រុងប៉េកាំងកាលពីខែតុលានោះ។
លោក លាង ស៊ីកនគឺជាវិចិត្រករនៃផ្ទាំងគំនូរនេះ។
«ខ្ញុំច្នៃប្រឌិតបង្កើតថ្មីនេះឡើង ដើម្បីរួមចំណែករំលែកទុក្ខផង និងដើម្បីស្រាយបញ្ហាផ្លូវចិត្តរបស់ខ្ញុំដែលមានការសោកស្តាយចំពោះព្រះអង្គផង»។
ប្រជាពលរដ្ឋកម្ពុជាបានកាន់ព្រះរាជមរណទុក្ខចំពោះអតីតព្រះមហាក្សត្រនរោត្តមសីហនុ ចាប់តាំងពីថ្ងៃចូលទិវង្គតរបស់ព្រះអង្គ។ ហើយព្រះបរមសពរបស់ព្រះអង្គគ្រោងនឹងត្រូវធ្វើពិធីថ្វាយព្រះភ្លើង នៅដើមខែកុម្ភៈខាងមុខនេះ។
ប៉ុន្តែសម្រាប់វិចិត្រករដ៏ល្បីរបស់កម្ពុជានេះវិញ ត្រឹមតែការថ្វាយបង្គំ និងអុជធូបគោរពវិញ្ញាណក្ខន្ធចំពោះព្រះអង្គ ហាក់ដូចជាមិនទាន់គ្រប់គ្រាន់ឡើយ។
លោកនិយាយថា លោកចង់ធ្វើសកម្មភាពច្រើនថែមទៀតតាមរយៈការបង្កើតស្នាដៃសិល្បៈទាំងនេះដើម្បីគោរពនិងចងចាំព្រះអង្គ។
«គុណបំណាច់របស់ព្រះអង្គហើយនិងវីរភាពរបស់ព្រះអង្គដែលជាស្តេចមួយអង្គដែលមានចិត្តថ្លើមល្អ ហើយឲ្យពិភពលោកបានឆ្លុះបញ្ចាំងតាមរយៈស្នាដៃរបស់ខ្ញុំនេះ ឲ្យឃើញពីទឹកចិត្តរបស់ព្រះអង្គដែរ»។
វិចិត្រករបានចំណាយពេលអស់៥សប្តាហ៍ដើម្បីបង្កើតបានស្នាដៃគំនូរទាំងបួនផ្ទាំងដែលកំពុងដាក់តាំងបង្ហាញនេះ។ ការតាំងពិព័រណ៍នេះត្រូវបានហៅឈ្មោះថា លាហើយកម្ពុជា ដែលដូចគ្នាទៅនឹងចំណងជើងបទចម្រៀងដ៏ពេញនិយមមួយរបស់អតីតព្រះមហាវីរក្សត្រនរោត្តមសីហនុ។
ផ្ទាំងគំនូរមួយក្នុងចំណោមផ្ទាំងគំនូរទាំងនេះលាតត្រដាងអំពីភាពក្រៀមក្រំរបស់មេដឹកនាំជាតិនិងពិភពលោក ព្រមទាំងពពួកសត្វនានា ចំពោះព្រះរាជមរណភាពរបស់អតីតព្រះមហាក្សត្រ។
ហើយផ្ទាំងមួយទៀត មានរូបព្រះឆាយាល័ក្ខណ៍ផ្សេងៗរបស់ព្រះអង្គគង់នៅលើលំហវេហាដែលមានដុំពពករសាត់ដណ្តែតដេរដាសជាទីដែលវិចិត្រករតំណាងឲ្យឋានសួគ៌។
លោកនាង កាវ៉ិចគឺជានិស្សិតសាកលវិទ្យាល័យមួយក្នុងទីក្រុងភ្នំពេញ ដែលមកមើលស្នាដៃទាំងនេះ ជាមួយមិត្តភក្តិ។ នាង កាវ៉ិចនិយាយថា៖
«វាពិសេសម្យ៉ាងត្រង់ថា គាត់ជាសិល្បករ គាត់មានគំនិត។ គាត់មិនចាំបាច់និយាយចេញទេ តែគាត់និយាយតាមរយៈការងារសិល្បៈរបស់គាត់។ ម៉្យាងវិញទៀត ដើម្បីឲ្យខ្មែរទាំងអស់យល់កាន់តែច្បាស់អំពីស្តេចរបស់ពួកយើង»។
លោកលាង ស៊ីកននិយាយថា ស្នាដៃទាំងនេះនឹងត្រូវយកទៅដាក់តាំងបង្ហាញក្នុងពិរព័រណ៍សិល្បៈមួយក្នុងទីក្រុងសាំងហ្គាព័រនៅសប្តាហ៍ក្រោយ។
លោកថត់ ស្មីត (Todd Smith) គឺជានាយកក្រុមហ៊ុនប្រឹក្សាយោបល់មួយក្នុងទីក្រុងភ្នំពេញ។ លោកនិយាយថា៖
«ដើម្បីបន្តកេរតំណែលរបស់ព្រះអង្គ ដោយការឧទ្ទិសផ្ទាំងគំនូរទាំងនេះដល់ទ្រង់ និងអប់រំប្រជាជននៅសាំងហ្គាពួរដែលមកពីជុំវិញពិភពលោកអំពីព្រះអង្គនិងអំពីកម្ពុជា ខ្ញុំគិតថា វាពិតជាគួរឲ្យរំភើបខ្លាំងមែនទែន»។
ប៉ុន្តែរហូតមកពេលនេះ គេនៅមិនទាន់ដឹងប្រាកដទេ ថាតើផ្ទាំងគំនូរទាំងនេះនឹងអាចវិលត្រឡប់មកកម្ពុជាវិញ ឬអត់ បន្ទាប់ពីត្រូវយកទៅដាក់បង្ហាញនៅប្រទេសសាំងហ្គាព័រនៅសប្តាហ៍ក្រោយនេះ៕