ភ្នំពេញ៖ នៅម៉ោងប្រហែល២រសៀល មនុស្សម្នារចាប់ផ្តើមកកកុញ។ អ្នកខ្លះឈរនៅតាមចញ្ចើមផ្លូវ និងអ្នកខ្លះសំចតយានយន្តរបស់ខ្លួននៅពីមុខខ្លោងទ្វារដើម្បីមើលព្រះមេរុព្រះបាទនរោត្តមសីហនុ។
ក្រុមមនុស្សដែលមានទាំងចាស់ ក្មេង និងជនបរទេសមួយចំនួនផងដែរនោះ ហាក់ដូចជាចាប់អារម្មណ៍ខ្លាំងនឹងការសាងសង់នេះ។ ម្នាក់ៗបានចំណាយពេលប្រហែល១០នាទីសម្លឹងមើលយ៉ាងយកចិត្តទុកដាក់។
នៅចំពីមុខទីលានបូជាព្រះរាជសព គេអាចមើលឃើញរបងនិងខ្លោងទ្វារធំកម្ពស់ប្រហែល៤ទៅ៥ម៉ែត្រ និងមានកំពូលស្រួចចំនួន៩ ពណ៌លឿងរំលេចដោយផ្កាពណ៌សរាប់រយ។ មើលពីខាងក្រៅទៅ ការសាងសាងហាក់ស្ទើរតែរួចរាល់ទាំងស្រុងទៅហើយ។ មានតែកម្មករ៥ទៅ៦នាក់ប៉ុណ្ណោះ។
ឈរក្នុងកន្រ្តកយួរនៃដងសន្ទូចរបស់រថយន្តពណ៌ខៀវ កម្មករពីរនាក់មើលទៅហាក់ដូចជាមមារញឹកខ្លាំងជាងគេក្នុងការពិនិត្យមើលក្បូរក្បាច់តុបតែងនៅជាប់នឹងប្រាសាទ ខណៈដែលកម្មករដទៃទៀតកំពុងបង្ហើយការងារដែលនៅសេសសល់របស់នៅជាប់ផ្តាល់នឹងដី។
ព្រះមេរុ កន្លែងសម្រាប់បូជាព្រះរាជសពព្រះបាទនរោត្តមសីហនុ មានសណ្ឋានដូចជាប្រាសាទមួយដែលមានភ្ជាប់ដោយក្បូរក្បាច់ភ្ញីភ្លើងពណ៌ លាបពណ៌មាសនៅគែមនៃប្រាសាទ។ តួប្រាសាទទាំងមូលមានរំលេចដោយពណ៌ចំនួនបួនផ្សេងគ្នាគឺពណ៌មាស ក្រហម ក្រហមក្រម៉ៅ និងវាំងននពណ៌ស។
ទល់មុខជណ្តើរចុះ មានដាក់រូបចម្លាក់យក្ស២កាន់ដំបងពណ៌ក្រហមក្រម៉ៅ២។
បង្គោលពណ៌មាស៤ដាក់នៅអមបួនទិសនៃប្រាសាទ។ ខាងចុងនៃកំពូលបង្គោល គេសង្កេតឃើញមានហង្សផងដែរ។ ក្រៅពីនេះ នៅតាមបរិវេណជិតប្រាសាទ គេឃើញមានការដាក់តាំងនូវផ្កាពណ៌សជាច្រើនផើង។
មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវព្រះសុធារស ទីព្រះមេរុសម្តេចព្រះបាទនរោត្តមសីហនុសាងសង់នៅលើវាលព្រះមេរុ ដែលនៅចំពីមុខសារមន្ទីរជាតិ។
អ្នកធ្វើដំណើរដែលឆ្លងកាត់តាមបណ្តោយផ្លូវត្រង់ម្តុំបរិវេណព្រះបរមរាជវាំង ប្រាកដជាអាចមើលឃើញយ៉ាងច្បាស់នូវកំពូលដែលរំលេចដោយពណ៌មាស និងក្បាច់រចនាយ៉ាងប្រណិត ពីចម្ងាយ។
មនុស្សម្នារកាន់តែច្រើនឡើងនៅពេលល្ងាច។ ការឈរសំចតរបស់អ្នកដំណើរ ពេលខ្លះបានធ្វើឲ្យចរាចរកកស្ទះម្តងម្កាលដែរ។
ស្ត្រីវ័យចំណាស់មួយក្រុមមកពីខេត្តតាកែវកំពុងអង្គុយជជែកគ្នាពីគម្រោងចូលរួមដង្ហែព្រះរាជសពព្រះបាទនរោត្តមសីហនុដែលនឹងចាប់ផ្តើមនៅប៉ុន្មានថ្ងៃខាងមុខទៀត។
ពាក់អាវប៉ាក់ពណ៌ស អ្នកស្រីងួន មួយគា អាយុ៦៣ឆ្នាំមកពីស្រុកបាទី។ អ្នកស្រីនិយាយថា គាត់និងអ្នកដទៃទៀតមកទីក្រុងភ្នំពេញឲ្យបានមុខដើម្បីឆ្លៀតឱកាសអាចមកមើលកន្លែងបូជាព្រះរាជសពរបស់ព្រះបាទនរោត្តមសីហនុ។
គាត់បន្តថា ការសាងសង់និងតុបតែងកន្លែងបូជាព្រះរាជសពរបស់សម្តេចតាស្អាតខ្លាំងណាស់។
«មកជាមួយបងប្អូន៧នាក់ មកមើលកន្លែងរបស់ព្រះអង្គ។ ចាប់អារម្មណ៍ជាងគេ។មានចិត្តថា វាសមរម្យនឹងកិត្តិយសរបស់ព្រះអង្គ។ ចាប់អារម្មណ៍ជាងគេកន្លែងវាលមេរុហ្នឹងតែម្តង។ ក្បាច់ស្អាតមែនទែន សាកសម»។
ជឹម ផារ៉ែម អាយុ៥៣ឆ្នាំជាអ្នករត់ម៉ូតូឌុបនៅផ្សារកណ្តាល។ កំពុងអង្គុយលើម៉ូតូដែលគាត់ចតនៅពីមុខខ្លោងទ្វារនៃព្រះមេរុ គាត់ប្រាប់ថា គាត់មានការសោកស្តាយចំពោះការសោជទិវង្គតរបស់ព្រះតា។ អ្នករត់ម៉ូតូឌុបដដែលបានសម្តែងការពេញចិត្តនឹងការសាងសង់ព្រះមេរុសម្រាប់បូជាព្រះរាជសពសម្តេចតា។ គាត់និយាយដូច្នេះថា៖
«គឺខ្ញុំមើលទៅគឺថាស្អាត។ ស្អាតរកអ្វីប្រៀបមិនបានទេ។ ប្រទេសណាក៏មិនអាចធ្វើបានដូចប្រទេសយើងដែរ។ បាទ គឺសក្តិសម ហើយមើលទៅអស្ចារ្យណាស់សមទៅនឹងព្រះបរមកោដ្ឋរបស់សម្តេចតាយើងនេះ។ ចាប់អារម្មណ៍ក្បាច់ក្បូរហ្នឹងស្អាតតែម្តង ពណ៌ហ្នឹងក៏សមដែរ»។
ឈរនៅខ្លោងទ្វារចូលព្រះមេរុ អ្នកស្រីអ៊ុយ យេន អាយុ៦៥ឆ្នាំ ជាអ្នកស្រុកមកពីខេត្តកំពង់ចាម។ អ្នកស្រីនិងអ្នកភូមិផ្សេងទៀតធ្វើដំណើរមកទីក្រុងភ្នំពេញ ដោយមានគម្រោងចូលរួមពិធីដង្ហែព្រះរាជសពព្រះបាទនរោត្តមសីហនុ។ គាត់និយាយថា ការសាងសង់ព្រះមេរុរបស់សម្តេចឪស្អាត។
លោកញ៉ឹក ប៊ុនឆៃ អនុប្រធានគណៈកម្មការព្រះបរមសព បានឲ្យដឹងថា ការសាងសង់ព្រះមេរុបានបញ្ចប់ហើយ ហើយគិតជាទឹកប្រាក់សរុបមានប្រហែល១,២លានដុល្លារអាមេរិក។
លោកញ៉ឹក ប៊ុនឆៃបន្តថា រចនាបទនៃការសាងសង់ព្រះមេរុគឺយកលំនាំតាមព្រះមេរុរបស់ស្តេចពីមុន។
«តាមពីមុនៗហ្នឹង ដែលយើងមានឯកសារអញ្ចឹងគឺដូចពេលព្រះករុណានរោត្តម ព្រះករុណាសុរាម្រឹតអញ្ចឹង។ យើងចង់ធ្វើឲ្យដូចអញ្ចឹង។ យើងចង់ធ្វើឲ្យដូចពីមុនដើម្បីចៀសវាងការទិតៀន»។
មន្ត្រីដដែលបន្តថា ដោយសារពេលវេលាខ្លី ការជ្រើសរើសក្រុមហ៊ុនសម្រាប់សាងសង់មានការចូលរួមពីក្រុមហ៊ុនច្រើន។ ប៉ុន្តែក្រុមហ៊ុនដែលទទួលបន្ទុកធំជាងគឺកូនស្រីរបស់លោកគង់ សំអុល រដ្ឋមន្ត្រីទទួលបន្ទុកព្រះបរមរាជវាំង។
វីអូអេបានព្យាតាមទាក់ទងតំណាងក្រុមហ៊ុនដែលទទួលសិទ្ធិក្នុងការសាងសង់ព្រះមេរុដើម្បីសុំសេចក្តីពន្យល់ តែមិនអាចធ្វើទំនាក់ទំនងបានឡើយ។
ព្រះបាទនរោត្តមសីហនុបានចូលព្រះទិវង្គតនៃថ្ងៃ១៥ ខែតុលាឆ្នាំ២០១២នៅទីក្រុងប៉េកាំង ប្រទេសចិន។ ក្នុងជន្មាយុ៨៩ឆ្នាំ ដោយសារជំងឺគាំងបេះដូង។
កេរតំណែលរបស់ព្រះអង្គគឺបានទាមទារឯករាជ្យឲ្យប្រទេសកម្ពុជាពីប្រទេសបារាំងក្នុងឆ្នាំ១៩៥៤។ ហើយក៏បានទទួលជ័យជំនះទាមទារមកវិញនូវប្រាសាទព្រះវិហារពីប្រទេសថៃក្នុងឆ្នាំ១៩៦២៕
ព័ត៌មានចុងក្រោយជារូបភាពតាម Storify៖