ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​សុំ​​ថៃ​អនុញ្ញាត​ឱ្យ​ពលករ​អត់​ច្បាប់​ធ្វើការ​ដល់​ដំណាច់​ឆ្នាំ


កម្មករ​ខ្មែរ​រង់​ចាំ​ឯកសារ​នៅ​ប៉ុស្តិ៍​ប៉ូលិស​​ច្រក​ព្រំដែន​​ស្រុក​អារញ្ញ Aranyaprathet ខេត្ត​ស្រះ​កែវ​ប្រទេស​ថៃ​នៅ​មុន​ពេល​ត្រឡប់​ទៅ​កម្ពុជា​វិញ​កាល​ពី​ថ្ងៃ​ទី​១៥ មិថុនា ឆ្នាំ​២០១៤។
កម្មករ​ខ្មែរ​រង់​ចាំ​ឯកសារ​នៅ​ប៉ុស្តិ៍​ប៉ូលិស​​ច្រក​ព្រំដែន​​ស្រុក​អារញ្ញ Aranyaprathet ខេត្ត​ស្រះ​កែវ​ប្រទេស​ថៃ​នៅ​មុន​ពេល​ត្រឡប់​ទៅ​កម្ពុជា​វិញ​កាល​ពី​ថ្ងៃ​ទី​១៥ មិថុនា ឆ្នាំ​២០១៤។

ក្រសួង​ការបរទេស​កម្ពុជា​កំពុង​ស្វះស្វែង​រក​លទ្ធភាព​ដើម្បី​ឱ្យ​ពលរដ្ឋ​ខ្មែរ​រាប់​សែននាក់​ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃ​បាន​បន្ត​នៅ​ធ្វើការ​បន្ទាប់ពី​ឱសានវាទ​នៃ​ការអនុញ្ញាត​ឱ្យ​សុំ​បន្ត​ការ​ស្នាក់​នៅ​និង​ធ្វើការ​បាន​ផុត​កំណត់កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ។​

លោក​ជុំ សុន្ទរី ​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​បាន​បញ្ជាក់​នៅ​ក្នុង​លិខិត​ផ្ញើ​ជូន​បណ្តាញ​សារព័ត៌មាន​នៅថ្ងៃ​ពុធ​នេះ​ថា​លោក​រដ្ឋ​មន្ត្រី​ការបរទេស​ហោ ណាំហុង​បាន​ណែនាំ​ឱ្យ​ឯកអគ្គរដ្ឋ​ទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​ «ជួប​ធ្វើការ​ជាបន្ទាន់​ជាមួយ​ក្រសួងការបរទេស​និង​ក្រសួង​ការងារ​ថៃ​ដើម្បី​ស្នើសុំ​ពន្យាររ​ពេល​អនុញ្ញាត​ឱ្យ​ពលករ​ខ្មែរ​ស្នាក់​នៅ​បណ្តោះ​អាសន្ន​រហូតដល់​ដំណាច់​ឆ្នាំ​២០១៥​នេះ​ដើម្បី​ធ្វើ​លិខិត​ឆ្លង​ដែន​និង​បណ្ណ​ការងារ‍»។​

រដ្ឋាភិបាល​ថៃ​ធ្លាប់​បាន​ពន្យារ​ពេល​ពី​ថ្ងៃ​ទី៣១​ខែ​មិនា​រហូតដល់​ថ្ងៃទី​៣០ខែមិថុនា​ដោយ​ទុក​ពេល​ឱ្យ​ពលករ​មិន​មាន​ឯកសារ​មក​សុំ​ពន្យារ​ពេល​បណ្ណ​ការងារ​ចំនួន​មួយ​ឆ្នាំ​ដែល​ក្នុង​ពេល​នេះ​ពួកគេ​ត្រូវ​ទៅធ្វើ​លិខិត​ឆ្លងដែន​ពី​រដ្ឋាភិបាល​គេ​រៀងៗខ្លួន។​

យ៉ាងហោចណាស់​មាន​ពលករ​ខ្មែរ​ជាង​១៣ម៉ឺននាក់​អាច​ប្រឈម​មុខ​នឹង​បណ្តេញចេញ។ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​បណ្តាញ​សារព័ត៌មាន​នានា​ដោយ​ដកស្រង់​ប្រភព​ពី​ការិយាល័យ​គ្រប់គ្រង​ពលករ​បរទេស។ ការិយាល័យ​នេះ​ទទួល​ចុះ​ឈ្មោះ​ពលករ​ខ្មែរ​និង​ក្រុម​គ្រួសារ​ជាង​៧០ម៉ឺននាក់​ក្នុង​ឆ្នាំ​កន្លងទៅ។

កាលពីឆ្នាំ​មុន​រដ្ឋាភិបាល​យោធា​ថៃ​បាន​ធ្វើការ​បង្ក្រាប​ពលករ​ខុសច្បាប់​ក្នុង​ប្រទេស​របស់​ខ្លួន​ដែល​នាំ​ឱ្យ​ពលករ​ខ្មែរ​ជាង​២២ម៉ឺននាក់​បាន​ចាក​ចេញ​ដោយស្ម័គ្រចិត្ត​និង​ខ្លះ​ទៀត​ត្រូវ​អាជ្ញាធរ​ថៃ​ដឹក​យក​មកទម្លាក់​ចោល​នៅ​តាម​ព្រំដែន៕

XS
SM
MD
LG