ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យុវជន​ស្នើ​ឲ្យ​មាន​ការ​ផ្សព្វផ្សាយ​ទូលំទូលាយ​អំពី​បញ្ហា​ចំណាក​ស្រុក​ប្រកប​ដោយ​សុវត្ថិភាព


ជន​រងគ្រោះ​នៃ​ការជួញ​ដូរ​មនុស្ស​​​​ត្រូវបាន​សង្គ្រោះ​​នៅ​​ដោយ​​អាជ្ញាធរ​​ឥណ្ឌូនេស៊ី​​ពីទូក​នេសាទ​ថៃ។​​
ជន​រងគ្រោះ​នៃ​ការជួញ​ដូរ​មនុស្ស​​​​ត្រូវបាន​សង្គ្រោះ​​នៅ​​ដោយ​​អាជ្ញាធរ​​ឥណ្ឌូនេស៊ី​​ពីទូក​នេសាទ​ថៃ។​​

ការ​ធ្វើ​ចំណាក​ស្រុក​ប្រកប​ដោយ​សុវត្ថិភាព​គឺ​ជា​ប្រធានបទ​ដែល​កំពុង​ត្រូវ​បាន​យក​មក​ពិភាក្សា​នៅ​ក្នុង​ប្រទេស​កម្ពុជា។​ ក្រុម​យុវជន​បាន​ស្នើ​ឲ្យ​មាន​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ឲ្យ​បានទូលំទូលាយ​អំពី​បញ្ហា​នេះ។​

ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ឲ្យ​ទូលំទូលាយ​អំពី​បញ្ហា​ចំណាក​ស្រុក​ប្រកប​ដោយ​សុវត្ថិភាព​ និង​ការ​បង្ការ​អំពើ​ជួញ​ដូរ​មនុស្សត្រូវ​បាន​ស្នើ​ឡើង​ជា​ដំណោះស្រាយ​តាម​រយៈ​ក្រុម​បណ្តាញ​យុវជន​សហគមន៍​ ​នៅ​ក្នុង​សិក្ខា​សាលា​មួយ​ក្នុង​រាជធានី​ភ្នំពេញ ​កាលពី​ថ្ងៃ​សុក្រ​ ទី​១២​កន្លង​ទៅ។​

យុវជន​ស្ម័គ្រ​ចិត្ត​ចំនួន​៥០​នាក់​មក​ពី​ខេត្ត-ក្រុង​ចំនួន​៦​ ដែល​ជា​កន្លែង​ដែល​មាន​ពល​រដ្ឋជាច្រើនធ្វើ​ចំណាក​ស្រុក​នោះ បាន​មក​ជួប​ជុំ​គ្នា​ក្នុង​សិក្ខា​សិលា​ប្រចាំ​ឆ្នាំ ដែល​មាន​រយៈ​ពេល​៣​ថ្ងៃដើម្បី​ធ្វើ​ការ​ឆ្លុះ​បញ្ចាំង​ពី​សកម្មភាព​របស់​ពួកគេ​ក្នុង​សហគមន៍​អស់​រយៈពេល​មួយ​ឆ្នាំ​កន្លង​ទៅ ​ក៏​ដូច​ជា​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​នានា​ពាក់ព័ន្ធ​នឹង​បញ្ហា​ចំណាក​ស្រុក​នេះ។​

យុវនារី​យ៉ាន​ រំដួល តំណាង​បណ្តាញ​យុវជន​សហគមន៍មក​ពី​ខេត្ត​ព្រៃវែង​បាន​និយាយ​ថា​ ជាង​៧០​ភាគ​រយ​នៃ​ពលរដ្ឋក្នុង​សហគមន៍​របស់​នាង​បាន​ធ្វើ​ចំណាក​ស្រុក។ ​នាង​ចង់​ឲ្យ​មាន​ការ​អប់រំ​ផ្សព្វផ្សាយ​អំពី​ចំណាក​ស្រុក​ស្រប​ច្បាប់​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ បន្ថែម​លើ​ការងារ​ស្ម័គ្រចិត្តរបស់​ខ្លួន​ ព្រោះពល​រដ្ឋ​បាន​ពឹង​ផ្អែក​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន។

ក្រុម​បណ្តាញ​យុវជន​សហគមន៍​បង្ហាញ​ស្នាដៃ​អំពី​ការធ្វើចំណាកស្រុក​ដោយ​សុវត្ថិភាព​ ក្នុង​អំឡុង​ពេល​ទទួល​ការបណ្តុះបណ្តាលមួយ​ នៅ​ក្នុងសិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំរបស់បណ្ដាញយុវជនកម្ពុជា ទៅលើលទ្ធផល និងតួនាទីរបស់ពួកគេក្នុងការលើកកម្ពស់ចំណេះដឹងលើបញ្ហាការចំណាកស្រុកដោយសុវត្ថិភាព និងការការពារពីអំពើជួញដូរមនុស្សក្នុងប្រទេសកម្ពុជា នៅ​ថ្ងៃ​ទី​១១​ ខែ​មិថុនា ឆ្នាំ​២០១៥។ (រូបភាព​ផ្តល់ដោយ USAID-CTIP)
ក្រុម​បណ្តាញ​យុវជន​សហគមន៍​បង្ហាញ​ស្នាដៃ​អំពី​ការធ្វើចំណាកស្រុក​ដោយ​សុវត្ថិភាព​ ក្នុង​អំឡុង​ពេល​ទទួល​ការបណ្តុះបណ្តាលមួយ​ នៅ​ក្នុងសិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំរបស់បណ្ដាញយុវជនកម្ពុជា ទៅលើលទ្ធផល និងតួនាទីរបស់ពួកគេក្នុងការលើកកម្ពស់ចំណេះដឹងលើបញ្ហាការចំណាកស្រុកដោយសុវត្ថិភាព និងការការពារពីអំពើជួញដូរមនុស្សក្នុងប្រទេសកម្ពុជា នៅ​ថ្ងៃ​ទី​១១​ ខែ​មិថុនា ឆ្នាំ​២០១៥។ (រូបភាព​ផ្តល់ដោយ USAID-CTIP)

«មិន​ត្រឹម​តែ​ថា ​ប្អូន​ផ្សព្វផ្សាយ​នៅ​ក្នុង​សហគមន៍​ទេ ​ប៉ុន្តែ​ចង់​ឲ្យ​បណ្តាញ​ទូរទស្សន៍​ ឬ​ក៏​វិទ្យុ​អី​ហ្នឹង​គឺ​គាត់​ផ្សព្វផ្សាយ​បន្ថែម​ទៀត​ដើម្បីឲ្យ​កាន់​តែ​ទូលំ​ទូលាយ»។​

​លោក​ស្រី​យិត​ សុខា ​អ្នក​គ្រប់​គ្រង​កម្មវិធី​នៃសមាគម​យុវជន​ខ្មែរ​ ដែល​បាន​ធ្វើ​ការ​បណ្តុះ​បណ្តាល​បណ្តាញ​យុវជន​សហគមន៍នោះ​ បាន​ឲ្យ​ដឹង​ថា៖​

«តាម​រយៈ​ការឆ្លុះ​បញ្ចាំង៣​ថ្ងៃ​អំពី​សកម្មភាព​មួយ​ឆ្នាំ​ យើង​ឃើញ​មាន​លទ្ធផល​ធំ​មែន​ទែន​នៅ​ក្នុង​សហគមន៍​របស់​គាត់​។ ​ក្មេង​ទាំង​អស់​ហ្នឹង​នៅ​ពេល​ដែល​គាត់​ឃើញ​ព័ត៌មាន​ទាំង​អស់​ហ្នឹង ​គាត់​ចេះ​ជួយ​ផ្តល់​ជា​ប្រឹក្សា​ដល់​អ្នក​ដែល​មាន​បញ្ហា​ទាំង​អស់​ហ្នឹង»។​

លោកស្រី​បាន​បន្ថែម​ថា​ មាន​យុវជន​មួយ​ចំនួន​បានយក​ករណី​សិក្សា​ដ៏​ជោគ​ជ័យ​ដែល​ខ្លួន​បាន​ជួយ​ឲ្យ​អ្នក​ភូមិ​ក្នុង​សហគមន៍​សម្រេច​ចិត្ត​មិន​ធ្វើ​ចំណាក​ស្រុកមិន​ស្រប​ច្បាប់នោះ។ ពួក​បាន​ចែក​រំលែក​បទ​ពិសោធន៍​របស់គេ​ជាមួយសមាជិក​ដទៃ​ទៀត​ផង​ដែរ។​

គម្រោង​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស​នេះ​ត្រូវ​បាន​ឧបត្ថម្ភ​ដោយ​ទីភ្នាក់ងារ​សហ​រដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​ តាម​រយៈ​អង្គការ Winrock International​ ដែល​ធ្វើ​ការ​ជាមួយ​ដៃ​គូ​សហការ​ក្នុង​ស្រុក​គឺ​ សមាគម​យុវជន​ខ្មែរ​ក្នុង​ការ​បណ្តុះ​បណ្តាល​បច្ចេកទេស​ ក៏​ដូច​ជា​ចំណេះ​ដឹង​ដល់​យុវជន​ស្ម័គ្រ​ចិត្ត​ទាំង​នោះ។​

​បណ្តាញ​យុវជន​សហគមន៍​ថត​រូប​ក្រុម​នៅ​ក្នុងពិធីបិទសិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំរបស់បណ្ដាញយុវជនកម្ពុជាទៅលើលទ្ធផល​និងតួនាទីរបស់ពួកគេក្នុងការលើកកម្ពស់ចំណេះដឹងលើ បញ្ហាការចំណាកស្រុកដោយសុវត្ថិភាព និងការការពារពីអំពើជួញដូរមនុស្សក្នុងប្រទេសកម្ពុជា នៅ​ថ្ងៃ​ទី​១១​ ខែ​មិថុនា ឆ្នាំ​២០១៥។ (នូវ​ ពៅលក្ខិណា/VOA)
​បណ្តាញ​យុវជន​សហគមន៍​ថត​រូប​ក្រុម​នៅ​ក្នុងពិធីបិទសិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំរបស់បណ្ដាញយុវជនកម្ពុជាទៅលើលទ្ធផល​និងតួនាទីរបស់ពួកគេក្នុងការលើកកម្ពស់ចំណេះដឹងលើ បញ្ហាការចំណាកស្រុកដោយសុវត្ថិភាព និងការការពារពីអំពើជួញដូរមនុស្សក្នុងប្រទេសកម្ពុជា នៅ​ថ្ងៃ​ទី​១១​ ខែ​មិថុនា ឆ្នាំ​២០១៥។ (នូវ​ ពៅលក្ខិណា/VOA)

​កាល​ពី​ប៉ុន្មាន​សបា្តហ៍​មុននេះ​ មាន​ពលករ​ចំណាក​ស្រុក​ជាង​២០០​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​អាជ្ញាធរ​ឥណ្ឌូនេស៊ី​ និង​ត្រូវ​បាន​បញ្ចូន​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ។​ ប៉ុន្តែ​ការ​ជួប​សម្ភាស​ជាមួយ​ពលករ​ទាំង​នោះ​មិន​ត្រូវ​បាន​បើក​ទូលាយ​ជាមួយ​អ្នក​សារ​ព័ត៌មាន​ឡើយ។​

ប៉ុន្តែ​លោក​ស្រី​ជូ​ ប៊ុន​អេង​ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ និង​ជា​អនុ​ប្រធាន​អចិន្រ្តៃយ៍​នៃ​គណៈ​កម្មាធិការ​ជាតិ​បង្ក្រាប​ការ​ជួញដូរ​មនុស្ស ​ដែល​បាន​ចូលរួម​បិទ​សិក្ខាសិលា​នោះ​ បាន​បដិសេធ​ថា​ មិន​មាន​ការ​ហាម​ឃាត់​ពលករ​មិន​ឲ្យ​និយាយ​ជាមួយ​ក្រុម​សារ​ព័ត៌មាន​ឡើយ ​ប៉ុន្តែ​គឺ​ដោយ​សារ​ពលករ​ផ្ទាល់​ខ្លួន។​

«ប៉ុន្តែ​យើង​ត្រូវ​យល់​ថា​ ពលករ​ដែល​គាត់​ត្រឡប់​មក​វិញនៅ​ក្នុង​ស្ថានភាព​បែប​នេះ​ គាត់​កំពុង​តែ​មាន​ភាព​អៀន​ខ្មាស់។​ គាត់​អត់​ចង់​ឲ្យ​មាន​ការ​បក​ស្រាយ​ច្រើន​អំពី​ស្ថាន​ភាព​ជីវិត​គាត់​ទេ»។​

លោក​ស្រី​បាន​បន្ថែម​ថា​ ការ​សាក​សួរ​ភ្លាមៗ​អាច​នាំ​ឲ្យ​ពលករ​បំផ្លែង​ចម្លើយ ​ដែល​មិន​អាច​យក​ជា​ការ​បាន ​ហើយ​គួរ​តែ​រង់​ចាំ​ដល់ពេល​ពួក​គាត់​ស្ងប់​អារម្មណ៍។​

ចំពោះ​យុវជន​ផល​ ចំរើន​ ដែល​មក​ពី​ខេត្ត​កោះកុង​ គិត​ថា​ ការ​ចែក​រំលែក​បទ​ពិសោធន៍​ទាំង​នោះ​គឺ​សំខាន់​ខ្លាំង​ណាស់ ​ពីព្រោះ​វា​ជា​ការណ៍​ពិត​ដែល​មនុស្ស​គ្រប់​គ្នា​ត្រូវ​ដឹង។​

«អញ្ចឹង​បើ​សិន​ណា​ជា​គាត់​ផ្តល់​ព័ត៌មាន​ទាំង​អស់​នេះ​គឺ​ស្មើ​នឹង​គាត់​ជួយ​មនុស្ស​ក្នុង​សង្គម។​ បើ​សិន​ណា​ក្នុង​មួយ​ថ្ងៃ​មាន​មនុស្ស​ចំណាក​ស្រុក​៥០០០​នាក់ ​អញ្ចឹង​គាត់​ជួយ​មនុស្ស​ទាំង​៥០០០​នាក់​នោះ​ឲ្យ​រួច​ផុត​ពី​ការជួញ​ដូរ​ ពី​ការ​រំលោភ​បំពាន​បាន»។​

លោក​ចំរើន​បាន​ស្នើ​បន្ថែម​ទៀត​ថា​ គាត់​ចង់​ឲ្យ​ពលករ​ដែល​ត្រឡប់​មក​វិញ​នោះ​ មាន​ការតាំង​ស្មារតី​ឲ្យ​មាំ​ឡើង​វិញ​ ហើយ​នឹង​ចូលរួម​លើក​ទឹក​ចិត្ត​ពួក​គេ។​

លោក​ស្រី​ជូ​ ប៊ុន​អេង​បាន​និយាយ​ថា​ ការ​ធ្វើ​ចំណាក​ស្រុក​គឺ​ជា​ជម្រើស​ផ្ទាល់​ខ្លួន ប៉ុន្តែ​លោក​ស្រី​បាន​អំពាវនាវ​ឲ្យ​មាន​ធ្វើ​ចំណាក​ស្រុក​ដោយ​សុវត្ថិភាព​គឺ​តាម​រយៈ​ទំនាក់​ទំនង​រដ្ឋាភិបាល​ប្រទេស​កម្ពុជា​ និង​ប្រទេស​ដែល​មាន​តម្រូវ​ការ​កម្លាំង​ពលកម្ម​ ក៏​ដូចជា​ទៅ​តាម​រយៈ​ក្រុមហ៊ុន​ដែល​មាន​ចុះ​កិច្ច​សន្យា​ត្រឹម​ត្រូវ។

មាន​អនុសាសន៍​ចំនួន​១១​ត្រូវ​បាន​លើក​ឡើង​ដើម្បី​ដាក់​ជូន​រដ្ឋាភិបាល​និង​អង្គការ​ដៃ​គូ​ពាក់ព័ន្ធ។​ អនុសាសន៍​ទាំង​នោះ​រួម​មាន​ជំរុញ​ឲ្យ​មានការ​ផ្សព្វផ្សាយ​ព័ត៌មាន​ទូលំ​ទូលាយ​ ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ស្តីពី​ការ​បង្ក្រាប​ការជួញ​ដូរ​មនុស្ស​ ការ​បង្កើត​ឲ្យ​មាន​ការងារ​ធ្វើ​ក្នុង​ស្រុក​ជាដើម៕

XS
SM
MD
LG