ក្រសួងសុខាភិបាលបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា មនុស្ស ៥៨ នាក់ទៀត បានឆ្លងវីរុសជំងឺកូវីដ១៩ នៅក្នុងព្រឹត្តិការណ៍ឆ្លងសហគមន៍ទ្រង់ទ្រាយធំ ដែលកំពុងរាលដាលទៅតាមបណ្តាខេត្ត ដែលនាំឲ្យមានការព្រួយបារម្ភបន្ថែមទៀត ដោយសារចំនួនអ្នកឆ្លងបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
កាលពីថ្ងៃពុធ ក្រសួងសុខាភិបាលបានរកឃើញមនុស្សជិត ៤០ នាក់ បានឆ្លងវីរុសជំងឺកូវីដ១៩។ បើតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ ក្រសួងសុខាភិបាលបញ្ជាក់ថា មានអ្នកឆ្លងថ្មីចំនួន ៥៨ នាក់ទៀត ក្នុងចង្កោមឆ្លងសហគមន៍ដែលភាគច្រើនជាជនជាតិចិន និងមានខ្មែរ ៥នាក់។ ករណីឆ្លងសរុបក្នុងព្រឹត្តិការណ៍ «២០កុម្ភៈ» កើនឡើងជាង ១៩០ នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ។
ក្រៅពីការឆ្លងពាក់ព័ន្ធនឹងចង្កោមសហគមន៍នេះ ក្រសួងសុខាភិបាលបានឲ្យដឹងថា មនុស្ស ៧ នាក់ទៀត ដែលមានជនជាតិចិន ៦ នាក់ រស់នៅក្នុងខេត្តព្រះសីហនុ បានឆ្លងជំងឺកូវីដ១៩នេះ។
ក្រសួងសុខាភិបាលបញ្ជាក់ថា ពួកគេមានបំណងទៅប្រទេសចិនវិញ ដូច្នេះពួកគេបានទៅធ្វើតេស្តដើម្បីសុំវិញ្ញាបនបត្របញ្ជាក់សុខភាព កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ហើយលទ្ធផលតេស្តវិជ្ជមាន។
ប៉ុន្តែក្រសួងចាត់ទុកពួកគេជាករណីនាំចូលពីក្រៅ ដោយសារមិនទាន់មានព័ត៌មានថា តើពួកគេពាក់ព័ន្ធនឹងអ្នកឆ្លងក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ឬយ៉ាងណា។
អង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជាបានព្រមានអំពី «ហានិភ័យ» ដែលថា ទំហំនៃចង្កោមការឆ្លងរាតត្បាតវីរុសកូវីដ១៩ ក្នុងសហគមន៍លើកទី ៣ លើកទី ២ និងទី ១ ក្នុងរយៈពេល ៤ ខែចុងក្រោយនៅប្រទេសកម្ពុជានេះ អាចរាលដាលទៅដល់ «ទ្រង់ទ្រាយធំជាងនេះ»៕