ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជន​បរទេស​នឹង​ត្រូវ​បណ្តេញ​ចេញ​ពី​កម្ពុជា បើ​«មិន​សហការ»ក្នុង​​ប្រតិបត្តិការ​​ប្រឆាំង​ជំងឺ​កូវីដ​១៩


ពលរដ្ឋនាំ​គ្នា​ឈរ​តម្រង់ជួរដើម្បីរង់ចាំធ្វើតេស្តរកវីរុសកូរ៉ូណាដែលបង្កជាជំងឺកូវីដ១៩ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ថ្ងៃអង្គារ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។
ពលរដ្ឋនាំ​គ្នា​ឈរ​តម្រង់ជួរដើម្បីរង់ចាំធ្វើតេស្តរកវីរុសកូរ៉ូណាដែលបង្កជាជំងឺកូវីដ១៩ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ថ្ងៃអង្គារ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។

រដ្ឋាភិបាលកម្ពុជា​បាន​សម្រេចវិធាន​ការ​ថ្មី​មួយ ដោយ​នឹងបណ្តេញ​ជន​បរទេស​ណា​ដែល​គេច​វេះ​ពីការ​ធ្វើ​ចត្តាឡីស័ក ឬ​«មិន​សហការ» ចេញ​ពីប្រទេស​កម្ពុជា ហើយ​មិន​អនុញ្ញាត​ឲ្យ​ចូល​មក​វិញ​ឡើយ។

ចំណែក​ទីតាំង​អាជីវកម្ម​ណា​ក៏​ដោយ នឹងត្រូវ​បិទ បើ​មិន​ព្រម​សហការ​ជាមួយ​អាជ្ញាធរ​ក្នុង​ប្រតិបត្តិ​ការ​ប្រឆាំង​ជំងឺ​កូវីដ​១៩។ នេះ​បើ​យោង​តាម​លិខិត​ស្នើ​សុំ​មួយ​ច្បាប់​របស់​គណៈកម្មការ​អន្តរ​ក្រសួង​ប្រឆាំង​កូវីដ១៩ ចុះ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២១ ដែល​ត្រូវ​បាន​យល់​ព្រម​ដោយ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន។

នៅ​ក្នុង​លិខិត​សំណើ​នោះ គណៈ​កម្មការ​បាន​លើក​បញ្ហា​ប្រឈម​មួយ​ចំនួន ​ដូច​ជាការមិន​ព្រម​សហការ​ផ្តល់​ការ​សម្ភាស ផ្តាច់​ទំនាក់​ទំនង ​រត់​គេច​វេះ​មិន​ព្រម​ធ្វើ​ចត្តាឡីស័ក និង​ករណី​ទីតាំង​អាជីវកម្មមិន​សហការចំពោះ​កិច្ច​ប្រតិបត្តិ​ការ​ស្រាវ​ជ្រាវ និង​តាម​ដាន​បុគ្គល​ផ្ទុក​ជំងឺ​កូវីដ​១៩។ គណៈ​កម្មការ​បាន​បញ្ជាក់​ថា​ការណ៍​នេះ​ធ្វើ​ឲ្យ​មាន​«ភាព​យឺត​យ៉ាវ​និង​ខ្វះ​ចន្លោះ» សម្រាប់​ការងារ​ទប់​ស្កាត់​ជំងឺ​កូវីដ​១៩។

បើ​តាម​សំណើ​នោះ ចំពោះ​ជន​បរទេសដែល​ប្រព្រឹត្ត​សកម្មភាព​ខាង​លើ នឹង​ត្រូវ​បណ្តេញ​ចេញ​ពី​ប្រទេស​កម្ពុជា និង​ហាម​ចូល​ប្រទេសសា​ជា​ថ្មី។ ចំពោះ​ជន​ជាតិ​ខ្មែរ​ ត្រូវ​ចាត់​តាម​វិធាន​ការ​តាមផ្លូវ​ច្បាប់។ ចំណែក​ទីតាំង​អាជីវកម្ម​នឹង​ត្រូវដក​ហូត​អាជ្ញាបណ្ណ និង​បិទ​អាជីវកម្មក្នុង​ទីតាំង។

គណៈកម្មការ​ប្រឆាំង​កូវីដ​១៩​បញ្ជាក់​ថា​វិធាន​ការ​នេះ ធ្វើ​ឡើង​ដើម្បី«ពង្រឹង​ប្រសិទ្ធភាពការ​ងារ​ទប់​ស្កាត់​ការ​រាត​ត្បាត​នៃ​ជំងឺ​កូវីដ​១៩​ក្នុង​សហគមន៍»។

វិធាន​ការ​ថ្មី​នេះ​ធ្វើ​ឡើង ខណៈ​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​ឆ្លង​សហគមន៍​ទ្រង់​ទ្រាយ​ធំ ដែល​មនុស្ស​ជិត​១០០​នាក់​ហើយ ភាគ​ច្រើន​ជា​ជន​ជាតិ​ចិន​នៅរាជធានី​ភ្នំពេញ ​បាន​ឆ្លង​ជំងឺ​នេះ។

កាល​ពី​ថ្ងៃ​សៅរ៍​នៅ​ពេល​រដ្ឋាភិបាល​ប្រកាសអំពីការឆ្លង​សហគមន៍​ទ្រង់ទ្រាយ​ធំ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែង​ថា​មាន​ករណី​ស្រ្តី​៤​នាក់​ បាន​លួច​ចេញ​ពី​កន្លែង​ធ្វើ​ចត្តាឡីស័ក ដោយ​មាន​ការ​ជួយ​ពី​សន្តិសុខ​ម្នាក់។ លោក​នាយក​រដ្ឋមន្រ្តី​មិន​បាន​បញ្ជាក់​ថា​តើ​ស្រ្តី​ទាំង​នោះ​ជា​ជន​ជាតិ​អ្វី​នោះ​ទេ ដោយ​គ្រាន់​តែ​ថា​២​នាក់​មាន​ជំងឺ​កូវីដ​១៩។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ព្រឹក​ថ្ងៃ​អង្គារ លោក​ស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យក្រសួង​សុខាភិបាល​ ថ្លែង​ថា​ក្រសួង​នឹង​អនុវត្ត​វិធានការ​នេះ​ឲ្យ​បាន​ម៉ឺង​ម៉ាត់​ចំពោះ​ជន​បរទេស​ដែល​រត់​គេច​ពី​ការ​ធ្វើ​ចត្តាឡី​ស័ក ប៉ុន្តែ​លោកស្រី​មិន​ទាន់​អាច​បញ្ជាក់​ថា​តើ​ស្រ្តី​៤​នាក់​ដែល​រត់​គេចចេញ​ពី​កន្លែង​ចត្តាឡីស័ក​ក្នុង​ពេល​រាត​ត្បាត​សហគមន៍​ទ្រង់​ទ្រាយ​ធំ​នេះ នឹង​ត្រូវ​បណ្តេញ​ចេញ​ពី​កម្ពុជា ​ឬ​យ៉ាងណា​នោះ​ទេ។

លោកស្រី​មាន​ប្រសាសន៍​ថា៖ «យើង​កំពុង​តែ​ធ្វើ​កិច្ច​ការ​នេះ ចាំ​បាន​លទ្ធផល​ ចាំ​ខ្ញុំ​ជម្រាប។ ប៉ុន្តែ​យើង​មិន​អនុ​គ្រោះ​ចំពោះ​បុគ្គល​ណា​ដែលប្រឆាំងទៅ​នឹង​វិធានការ​សុខាភិបាល»។

លោកស្រី​បន្ថែម​ថា៖ «ក្រសួង​សុខាភិបាល ជាមួយ​នឹង​អាជ្ញាធរ​និង​កង​កម្លាំង​សមត្ថ​កិច្ច​របស់​យើង នឹង​ធ្វើ​ការ​សហការ​គ្នា​យ៉ាង​ជិត​ស្និទ្ធ ដើម្បី​ចាត់​ចែង​នៅ​ក្នុង​ការ​អនុវត្ត​នីតិវិធី​ច្បាប់​នេះ គឺ​ឲ្យ​បាន​ហ្មត់​ចត់​ជា​ទី​បំផុត»។

ជន​បរទេស​ដែល​ចូល​មក​កម្ពុជា​តម្រូវ​ឲ្យ​ធ្វើ​ចត្តាឡីស័ក​១៤​ថ្ងៃ នៅ​តាម​សណ្ឋាគារ ឬ​កន្លែង​ដែល​រដ្ឋាភិបាល​បាន​រៀប​ចំ​ឲ្យ។ ពួក​គេ​ត្រូវ​យក​សំណាក​យ៉ាង​តិច​២​ដង​ក្នុង​ពេល​ធ្វើ​ចត្តាឡីស័ក។ ការ​ធ្វើ​ចត្តាឡីស័ក​សម្រាប់​ជន​បរទេស​តម្រូវ​ឲ្យ​ចំណាយ​លើ​ការ​ស្នាក់​នៅ ម្ហូប​អាហារ ការ​យក​សំណាក​ដើម្បី​ធ្វើ​តេស្ត និង​ការ​ចំណាយ​ផ្សេងៗ​ទៀត។

លោក​ អំ សំអាត​ នាយក​រង​ទទួល​បន្ទុក​ឃ្លាំ​មើល​របស់​អង្គការ​ការ​ពារ​សិទ្ធិ​មនុស្ស​លីកាដូ មាន​ប្រសាសន៍ថារដ្ឋាភិបាល​កម្ពុជាកំពុង​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​និង​ដាក់​ចេញវិធាន​ការ​ផ្លូវ​ច្បាប់​នានា ក្នុង​ពេល​កម្ពុជា​ប្រឈមការ​ឆ្លង​ជំងឺ​កូវីដ​១៩ ទ្រង់ទ្រាយ​ធំ​នេះ។ លោក​អំពាវនាវ​ឲ្យ​ជន​បរទេស​និង​ប្រជាពលរដ្ឋខ្មែរ​ទាំង​អស់​ចូល​រួម​អនុវត្ត​តាមវិធាន​ការ​របស់​រដ្ឋាភិបាល។

លោក អំ សំអាត ក៏​ជំរុញ​ឲ្យ​ចាត់​វិធាន​ការ​តឹង​រ៉ឹងចំពោះ​អ្នក​រំលោភវិធាន​ការ​ទាំង​នេះ។

លោក​ប្រាប់​VOA​ថា៖ «អាហ្នឹង​ត្រូវតែ​មាន​វិធាន​ការ ​ដើម្បី​ធ្វើ​ការ​ចាត់​វិធានការ​ ដើម្បី​កុំ​ឲ្យ​មាន​គំរូ​នេះ​ត​ទៅ​ទៀត​»។

កាល​ពី​សប្តាហ៍​មុន រដ្ឋាភិបាល​បាន​អនុម័ត​អនុក្រឹត្យ​មួយ ដោយ​ដាក់​ពិន័យ​ជា​ប្រាក់​លើ​អ្នក​គេច​វេះ​ពី​ការ​ធ្វើ​ចត្តាឡីស័ក ឬ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក ដើម្បី​បង្ការ​ជំងឺ​កូវីដ​១៩ ដែល​ជា​ធម្មតា​មាន​រយៈ​ពេល​១៤​ថ្ងៃ។ អនុក្រឹត្យ​ចែង​ថាត្រូវ​ពិន័យ​ជា​ប្រាក់​ពី​១លាន​រៀល​ទៅ​៥​លាន​រៀល​ចំពោះ​បុគ្គល​ដែល​គេច​វេះ​មិន​ចង់​ធ្វើ​ចត្តា​ឡីស័ក ឬ​បុគ្គល​ដែល​គេ​ច​ចេញ​ពី​ទីកន្លែង​ធ្វើ​ចត្តា​ឡីស័ក។ ចំណែក​បុគ្គល​ដែល​មិន​សហ​ការ​ជាមួយ​មន្រ្តី​សុខាភិបាល ដើម្បី​យក​សំណាក​ទៅ​វិភាគ​រក​មេរោគ ក៏​ត្រូវ​ពិន័យ​ពី​១​លាន​រៀល​ទៅ​៥​លាន​រៀល​ដែរ។

ក្នុង​សន្និសីទ​សារព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​នៅ​ព្រឹក​ថ្ងៃ​អង្គារ លោកស្រី​វេជ្ជបណ្ឌិត Li Ailan តំណាង​អង្គការ​សុខ​ភាព​ពិភព​លោក​ប្រចាំ​នៅ​កម្ពុជា ក៏​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​អនុវត្ត​វិធានការ​ចត្តាឡីស័ក​ឲ្យ​បាន​ត្រឹម​ត្រូវ ដើម្បី​ធានា​ថា​មិន​មាន​ការ​ឆ្លង​រាល​ដាលទ្រង់​ទ្រាយ​ធំ។

លោកស្រី​ក៏​ជំរុញ​ឲ្យពង្រឹង​បន្ថែម​ទៀត​ទៅ​លើ​ប្រព័ន្ធ​តាម​ដាន​និង​ស្វែង​រកចំពោះ​ករណី​ថ្មី ពីព្រោះថា​បើកម្ពុជា​អាច​រក​ឃើញ​ករណី​ថ្មី​បាន​ទាន់​ពេល​វេលា និង​អាច​ឆ្លើយ​តប​បាន​លឿន និង​មាន​ប្រសិទ្ធភាព​ នោះ​នឹង​មិន​មាន​ការ​រាល​ដាល​ទ្រង់​ទ្រាយ​ធំ​ក្នុង​សហគមន៍នោះ​ទេ៕

XS
SM
MD
LG