ក្រសួងសុខាភិបាលកម្ពុជាឲ្យដឹងថា មនុស្ស ៤០ នាក់ទៀត ដែលភាគច្រើនជាជនជាតិចិន បានឆ្លងវីរុសជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ឆ្លងសហគមន៍ ដែលនាំឲ្យមានការព្រួយបារម្ភបន្ថែមទៀត។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួង ចេញផ្សាយនៅថ្ងៃសុក្រនេះ ឲ្យដឹងថា មនុស្ស ៤០ នាក់បន្ថែមទៀតបានឆ្លងជំងឺកូវីដ១៩ ដែលនាំឲ្យករណីឆ្លងសរុបក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ កើនទៅដល់ ២៣៤ នាក់ ដែលភាគច្រើនជាជនជាតិចិន។
ក្នុងចំណោមមនុស្ស ៤០ នាក់នោះ ជនជាតិចិន ៧ នាក់រស់នៅក្នុងខេត្តព្រះសីហនុ ដែលបានសុំវិញ្ញាបនបត្របញ្ជាក់សុខភាពដើម្បីទៅប្រទេសចិនវិញ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ហើយលទ្ធផលតេស្តវិជ្ជមានកូវីដ១៩។ ក្នុងចំណោមមនុស្ស ៤០ នាក់នោះ ក៏មានជនជាតិខ្មែរ ២ នាក់ផងដែរ។
អង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា បានព្រមានអំពី «ហានិភ័យ» ដែលថា ទំហំនៃចង្កោមការឆ្លងរាតត្បាតវីរុសកូវីដ១៩ ក្នុងសហគមន៍លើកទី ៣ លើកទី ២ និងទី ១ ក្នុងរយៈពេល ៤ ខែចុងក្រោយនៅប្រទេសកម្ពុជានេះ អាចរាលដាលទៅដល់ «ទ្រង់ទ្រាយធំជាងនេះ»។
គួរបញ្ជាក់ថា ករណីឆ្លងជំងឺកូវីដ១៩ សរុបក្នុងប្រទេសកម្ពុជា ចាប់តាំងពីផ្ទុះជំងឺនេះ មានចំនួន ៧៤១ នាក់ គិតត្រឹមថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១៕