ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ជាថ្មីនៅថ្ងៃព្រហស្បតិ៍នេះថា កម្ពុជាមិនព្រមឱ្យប្រើប្រាស់យន្តការអាស៊ានដើម្បីដោះស្រាយទំនាស់នៅសមុទ្រចិនខាងត្បូងជាមួយនឹងប្រទេសចិនដូចដែលសមាជិកនៃសមាគមនេះមួយចំនួនចង់បានទេ។ អ្វីដែលកម្ពុជាចង់ឃើញគឺការដោះស្រាយដោយទ្វេភាគីឬពហុភាគីអាស្រ័យទៅលើភាគីនានាដែលមានផលប្រយោជន៍ក្នុងទំនាស់នោះ។
លោកស្រី សឿង រដ្ឋចាវី រដ្ឋលេខាធិការនៃក្រសួងការបរទេសកម្ពុជាបានប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្រោយជំនួបរវាងលោករដ្ឋមន្ត្រីការបរទេស ហោ ណាំហុង ជាមួយនឹងអង្គទូតនានាប្រចាំនៅកម្ពុជាថា អាស៊ានមិនមែនជាអង្គការច្បាប់ឬតុលាការទេ ហើយអ្វីដែលត្រូវយកមកប្រើដើម្បីដោះស្រាយគឺឈរលើសេចក្តីថ្លែងការណ៍ DOC ឬ សេចក្តីថ្លែងការណ៍នៃក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង។
លោកស្រីបានបន្ថែមថា៖ «កម្ពុជាមិនមានជំហរថាជម្លោះនេះត្រូវដោះស្រាយដោយទ្វេភាគីឬត្រីភាគីនោះទេគឺត្រូវដោះស្រាយដោយភាគីពាក់ព័ន្ធតែមិនអនុញ្ញាតឱ្យយកយន្តការអាស៊ានទៅដោះស្រាយបញ្ហាទឹកដីនោះទេ»។
បណ្តាប្រទេសអាស៊ានដែលមានជម្លោះទឹកដីជាមួយនឹងចិនមានប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីននិងវៀតណាម៕