ប្រទេសកម្ពុជា និងចិនបានប្រកាសនៅថ្ងៃអង្គារនេះថា នឹងជំរុញការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាលើគ្រប់វិស័យ ខណៈដែលមន្ត្រីដឹកនាំប្រទេសចិនបានទទូចជាអាទិភាពឲ្យមានកិច្ចសហការរវាងចិននិងសមាគមអាស៊ាន។
សេចក្តីប្រកាសនេះធ្វើឡើងក្នុងដំណើរទស្សនកិច្ចរបស់លោកយ៉ាង ជែឈី (Yang Jiechi) ទីប្រឹក្សារដ្ឋចិនមកនៅប្រទេសកម្ពុជានៅថ្ងៃនេះ។
លោកហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានថ្លែងក្នុងសន្និសីទកាសែតរួមជាមួយលោក Yang នៅល្ងាចនេះថា ប្រទេសទាំងពីរបានលើកផែនការកិច្ចសហការ «គ្រប់ជ្រុងជ្រោយនិងលើគ្រប់វិស័យ»សម្រាប់ឆ្នាំ២០១៥។
«ចិនក៏បានសន្យាថា នឹងបង្កើនការវិនិយោគនៅកម្ពុជា បង្កើនទេសចរនិងការហោះត្រង់មកកម្ពុជាដើម្បីនាំទេសចរចិនមកកម្ពុជាកាន់តែច្រើន ហើយប្រទេសចិនក៏បានកំណត់ផ្តល់ជំនួយសម្រាប់កម្ពុជាពីអតីតកាល និងទៅមុខធ្វើយ៉ាងណាលើកកម្ពស់ជីវភាពរបស់ប្រជាជន»។
ការលើកឡើងនេះធ្វើឡើងក្រោយពីកិច្ចប្រជុំអន្តររដ្ឋាភិបាលលើកទី២នៃគណៈកម្មការសហប្រតិបត្តិការកម្ពុជា និងចិននៅរសៀលថ្ងៃនេះ។
នៅក្នុងកិច្ចប្រជុំនេះដែរ កម្ពុជានិងចិនបានសន្យានឹងជំរុញបណ្តូរពាណិជ្ជកម្មឲ្យដល់៥០០ពាន់លានដុល្លារនៅឆ្នាំ២០១៥ខាងមុខ ហើយប្រទេសចិនក៏បានសន្យាទិញផលិតផលកសិកម្មកម្ពុជាផងដែរ។
ក្នុងកិច្ចប្រជុំអន្តររដ្ឋាភិបាលលើកនេះ ប្រទេសទាំងពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួនប្រាំបី ក្នុងនោះ រួមមានកិច្ចព្រមព្រៀងលើកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងបច្ចេកទេស ដែលមានទឹកប្រាក់ជំនួយឥតសំណងពីប្រទេសចិនចំនួន៧០០លានយន់ ឬស្មើនឹងជាង១០០លានដុល្លារអាមេរិក និងកិច្ចព្រមព្រៀងលើកិច្ចសហប្រតិបត្តិការលើវិស័យដដែលនេះតាមរយៈការផ្តល់កម្ចីដោយមិនយកការប្រាក់ចំនួន២០០លានយន់ ឬស្មើនឹងប្រមាណជា៣២លានដុល្លារអាមេរិក។ បន្ថែមពីនោះទៀតក៏មានកិច្ចព្រមព្រៀងលើផ្នែកការពារជាតិ ផ្នែកសន្តិសុខ អប់រំផងដែរ។
ប្រទេសចិន នៅក្នុងនោះដែរ ក៏បានសម្រេចផ្តល់រថយន្តសង្គ្រោះសម្រាប់មន្ទីរពេទ្យនានាចំនួន២០០គ្រឿង និងម៉ាស៊ីនឆ្លុះស្កែនអ្នកជំងឺ២០០គ្រឿងសម្រាប់មន្ទីរពេទ្យនានានៅតាមបណ្តាខេត្តនិងស្រុក។
ថ្លែងក្នុងសន្និសីទកាសែតរួមនេះផងដែរ លោក Yang Jiechi បញ្ជាក់ថា ចិនបានសន្យាផ្តល់ជំនួយដល់កម្ពុជា និងកិច្ចសហការរវាងគណបក្សកាន់អំណាចផងដែរ។
«ភាគីទាំងពីរបានឯកភាពគ្នាពង្រឹងការផ្លាស់ប្តូរបទពិសោធន៍រវាងគណបក្សកាន់អំណាច។ ហើយភាគីចិនបានសន្យាថា នឹងផ្តល់ជំនួយអភិវឌ្ឍដល់ភាគីកម្ពុជាតាមលទ្ធភាព។ ភាគីទាំងពីរបានឯកភាពគ្នាថា ថ្ងៃក្រោយជំនួយរបស់ប្រទេសចិនផ្តោតសំខាន់ទៅលើគម្រោងដែលទាក់ទងទៅនឹងផលប្រយោជន៍របស់ប្រជាជនក្នុងមូលដ្ឋាន»។
សូមបញ្ជាក់ថា រយៈពេលចុងក្រោយនេះ ប្រទេសចិនបានផ្តល់ជំនួយអភិវឌ្ឍដល់កម្ពុជាយ៉ាងច្រើន ហើយបានធ្វើឲ្យប្រទេសចិនបានឈរនៅលំដាប់ទីមួយក្នុងការផ្តល់ជំនួយដល់កម្ពុជា ស្របពេលដែលចិនកំពុងឈានមុខក្នុងការវិនិយោគនៅកម្ពុជាផងដែរ៕