នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាគឺលោក ហ៊ុន សែន យល់ថា ជម្លោះដែនសមុទ្រចិនខាងត្បូងនឹងមិនអាចដោះស្រាយបានដោយសមាគមអាស៊ាននោះទេ ប៉ុន្តែលទ្្ធភាពសំខាន់គឺជាការដោះស្រាយដោយប្រទេសភាគីជម្លោះ។
ការបង្ហាញជំហរបែបនេះធ្វើឡើងនៅពេលដែលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅថា សមាគមអាស៊ាននឹងបើកកិច្ចប្រជុំកំពូលនៅខែមេសាខាងមុខនៅប្រទេសម៉ាឡេស៊ី ហើយជំហរនេះហាក់ដូចជាស្របទៅនឹងជំហររបស់ប្រទេសចិន។ ប្រទេសចិនធ្លាប់បានទទូចឲ្យមានការដោះស្រាយជាទ្វេភាគីជាមួយដៃគូជម្លោះនិមួយៗ ហើយចិនគឺជាប្រទេសម្ចាស់ជំនួយធំបំផុតមួយរបស់កម្ពុជា និងជាប្រទេសដែលធ្វើការវិនិយោគដ៏សំខាន់បំផុតនៅកម្ពុជា។
លោកហ៊ុន សែនថ្លែងនៅក្នុងពិធីចែកសញ្ញាប័ត្រមួយក្នុងទីក្រុងភ្នំពេញថា ជម្លោះនេះជាជម្លោះផ្ទាល់នៃភាគីជម្លោះ។
«ទីចុងបំផុត បញ្ហាហ្នឹងមិនមែនជាបញ្ហាអាស៊ានទាំងមូលឯណា។ វាជាបញ្ហាពាក់ព័ន្ធផ្ទាល់នៃប្រទេសដែលជាប់ពាក់ព័ន្ធត្រូវនិយាយគ្នា»។
ប្រទេសចំនួនបួនក្នុងសមាគមអាស៊ានដែលមានសមាជិកចំនួនដប់ប្រទេសមានជម្លោះដែនសមុទ្រជាមួយប្រទេសចិនក្នុងនោះមានប្រទេសហ្វីលីពីន វៀតណាម ព្រុយណេ និងម៉ាឡេស៊ី។
ដែនសមុទ្រចិនខាងត្បូងនេះត្រូវគេជឿថា ជាកន្លែងដែលសម្បូរឧស្ម័នធម្មជាតិ និងប្រេង ហើយក៏ជាចំណុចយុទ្ធសាស្ដ្រយោធាផងដែរ។
សមាគមអាស៊ានបានព្យាយាមជាងដប់ឆ្នាំមកហើយដើម្បីស្វែងរកកិច្ចព្រមព្រៀងពីទីក្រុងប៉េកាំងលើក្រមប្រតិបត្តិស្តីពីជម្លោះសមុទ្រចិនខាងត្បូង។
ប្រទេសចិនបានទាមទារកាន់កាប់ដែនសមុទ្រនេះស្ទើរតែទាំងស្រុង ហើយប្រទេសចិនមិនព្រមផ្តល់កិច្ចព្រមព្រៀងលើក្រមប្រតិបត្តិ(COC)ទេ ដោយសារការផ្តល់កិច្ចព្រមព្រៀងណាមួយអាចនឹងតម្រូវឲ្យមានការធ្វើសម្បទាន និងធ្វើឲ្យទម្ងន់ទាមទារដែនដីគ្រប់គ្រងរបស់ចិនចុះខ្សោយ។
ប្រទេសចិនបានព្យាយាមឲ្យមានការចរចារកដំណោះស្រាយជម្លោះដែនសមុទ្រចិនខាងត្បូងទ្វេភាគីជាមួយប្រទេសគូទំនាស់និមួយៗ ក៏ប៉ុន្តែនាពេលកន្លងមកប្រទេសវៀតណាម និងហ្វីលីពីនបានបង្ហាញជំហរថា ខ្លួនប្រឆាំងជំហរនេះដាច់ខាត។
លោកហ៊ុន សែនបង្ហាញទុទិដ្ឋិនិយមថា ការដោះស្រាយជម្លោះដែនសមុទ្រចិនខាងត្បូងក្នុងរង្វង់សមាគមអាស៊ាននឹងមិនអាចទៅរួចនោះទេ។
«ផុតពីកម្ពុជាទៅសួរថា ព្រុយណេដោះស្រាយបានឬទេ? អត់បាន។ ទៅដល់មីយ៉ានម៉ាដោះស្រាយបានឬទេ? អត់បាន។ ឥឡូវខ្ញុំរង់ចាំមើលនៅម៉ាឡេស៊ីដោះស្រាយបានឬអត់(នៅខែមេសា)។ (ខ្ញុំជឿថា)អត់បាន! ខ្ញុំជឿថាទៅមិនរួច! ហើយមកធ្វើបាបតែកម្ពុជា ខុសតែកម្ពុជា។ ឥឡូវខ្ញុំចាំមើល»។
លោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក និងជាអ្នកតាមដានសភាពការណ៍នយោបាយមួយរូបយល់ស្របនឹងទស្សនៈបែបនេះដែរ ដោយផ្អែកលើវិធានរបស់សមាគមអាស៊ាន និងផ្អែកលើកម្លាំងនយោបាយរបស់ប្រទេសចិន។
«រឿងនេះមិនអាចដោះស្រាយនៅក្នុងអាស៊ានបានទេ ដោយសារតែធម្មនុញ្ញអាស៊ានមិនអនុញ្ញាតឲ្យប្រទេសសមាជិកអាស៊ានលូកលាន់លើកិច្ចការផ្ទៃក្នុងនៃប្រទេសផ្សេង។ មួយទៀតដោយសារតែប្រទេសចិនជាប្រទេសដែលធំជាងប្រទេសនៅអាស៊ាន។ តាមខ្ញុំយល់មិនអាចមានប្រទេសណាមួយទៅដាក់គំនាបលើប្រទេសចិនដើម្បីឲ្យដោះស្រាយបញ្ហានេះបានទេ»។
ប្រទេសកម្ពុជាបានធ្វើជាប្រធានប្តូរវេនអាស៊ាននៅឆ្នាំ២០១២ ហើយកម្ពុជាក៏បានបរាជ័យនៅក្នុងការបង្កើតឲ្យមានសេចក្តីប្រកាសរួមក្រោយពីកិច្ចប្រជុំកំពូលនៃប្រទេសទាំងដប់ដោយសារភាពកកូរកកាយនៃជម្លោះដែនសមុទ្រចិនខាងត្បូងនេះ។ កម្ពុជាបានទទួលរងការរិះគន់យ៉ាងខ្លាំងថា កម្ពុជាបានប្រកាន់យកជំហរខាងប្រទេសចិន៕