ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ត្រៀម​ទទួល​រដ្ឋមន្រ្តី​ការបរទេស​នៃ​​ប្រទេស​មហា​អំណាច​ សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ាន


ទង់ជាតិ​ប្រទេស​នានា​ដែលនឹង​ចូលរួម​កិច្ច​ប្រជុំផ្សេង​ៗក្នុងក្របខណ្ឌ​អាស៊ាន​ ត្រូវ​បាន​បង្ហូត​ឡើង​នៅ តាម​ដង​មហាវិថី​សហព័ន្ធ​រុស្ស៊ី​ ថ្ងៃទី​២៩ ខែកក្កដា​ ឆ្នាំ​ ២០២២។ (ហ៊ុល រស្មី/វីអូអេ)
ទង់ជាតិ​ប្រទេស​នានា​ដែលនឹង​ចូលរួម​កិច្ច​ប្រជុំផ្សេង​ៗក្នុងក្របខណ្ឌ​អាស៊ាន​ ត្រូវ​បាន​បង្ហូត​ឡើង​នៅ តាម​ដង​មហាវិថី​សហព័ន្ធ​រុស្ស៊ី​ ថ្ងៃទី​២៩ ខែកក្កដា​ ឆ្នាំ​ ២០២២។ (ហ៊ុល រស្មី/វីអូអេ)

រដ្ឋាភិបាល​កម្ពុជា​ដែល​ជា​ប្រធាន​ប្តូរវេន​របស់​សមាគម​អាស៊ាន បាន​ប្រកាស​ឱ្យ​ដឹង​អំពី​ការ​ប្រជុំ​នានា​ ពាក់​ព័ន្ធ​ក្នុង​ក្របខណ្ឌ​អាស៊ាន​ ដែល​មាន​រយៈពេល​ជិត​មួយ​សប្តាហ៍ ក្នុង​នោះ​ក៏​មាន​កិច្ចប្រជុំ​កំពូល​ដែល​នឹងមានការ​ចូលរួម​ពី​រដ្ឋមន្រ្តី​ការបរទេស​របស់​ប្រទេស​មហា​អំណាច​មួយ​ចំនួនផងដែរ។

នៅ​ឆ្នាំ​២០២២​នេះ​ កម្ពុជា​គឺជាប្រធាន​អាស៊ាន​ប្តូរវេន​ ហើយ​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ​ នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​។ កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើក​ទី​៥៥​ និង​កិច្ច​ប្រជុំ​ផ្សេងៗ​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​២៩​ ខែកក្កដា​ ដល់​ថ្ងៃទី​៥ ខែ​សីហា​ ឆ្នាំ​២០២២​នៅ​ទីក្រុង​ភ្នំពេញ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍។

បើ​តាម​ក្រសួង​ការបរទេស​កម្ពុជា ​កិច្ចប្រជុំ​ជា​ច្រើន​ដែល​នឹង​ធ្វើ​ឡើង​អំឡុង​ពេល​មាន​ការ​រៀបចំ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន នា​ពេល​ខាង​មុខ​នោះ រួមមាន​ កិច្ចប្រជុំ​គណៈ​កម្មការ​តំបន់​អាស៊ីអាគ្នេយ៍​គ្មាន​អាវុធ​នុយក្លេអ៊ែរ​ ជំនួប​រវាង​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ ជាមួយ​តំណាង​គណៈកម្មការ​អន្តររដ្ឋាភិបាល​អាស៊ាន​ ស្តី​ពី​សិទ្ធិមនុស្ស​ កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​បូក​បី​ លើក​ទី​២៣​ និង​កិច្ច​ប្រជុំ​ជាមួយ​ដៃ​គូ​អាស៊ាន​ផ្សេង​ទៀត​។ រដ្ឋមន្រ្តី​ការបរទេស​រុស្ស៊ី និង​ចិន​ បាន​បញ្ជាក់​ការ​ចូលរួម​របស់​ពួកគេ។ ស្ថានទូត​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា​មិន​ទាន់​អាច​បញ្ជាក់​អំពី​វត្តមាន​របស់​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​ចូលរួម​នៅ​ឡើយទេ​ គិត​ត្រឹម​ថ្ងៃ​សុក្រ​នេះ។

សេចក្តី​ប្រកាស​របស់​ក្រសួង​ការបរទេស​កម្ពុជាឱ្យ​ដឹង​ទៀត​ថា​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​នឹង​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​បើក​ជា​ផ្លូវ​ការនៃ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​លើក​ទី​៥៥ និង​កិច្ច​ប្រជុំ​ពាក់​ព័ន្ធ​ក្នុង​ក្រប​ខណ្ឌ​អាស៊ាន​ ហើយ​នឹង​ទទួល​ការ​ចូល​ជួប​សម្តែង​ការ​គួរសម​រួម​គ្នា​ ដោយ​រដ្ឋមន្ត្រី​ការបរទេស និង​អគ្គលេខាធិការ​អាស៊ាន​។

​នាយក​រង​ទទួល​បន្ទុក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ​ លោក​ អំ សំអាត​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ កិច្ច​ប្រជុំ​អាស៊ាន​ នៅ​ទីក្រុង​ភ្នំពេញ​ ឆ្នាំ​នេះ​នឹង​ផ្តោត​លើ​បញ្ហា​សំខាន់ៗ​ដែល​កំពុង​កើតមាន​ឡើង​ក្នុង​តំបន់​និង​សាកលលោក​ រួមមាន​វិបត្តិ​នយោបាយ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ និង​សង្គ្រាម​នៅ​អ៊ុយក្រែន​ ក៏​ដូច​ជា​ស្ថាន​ភាព​នៃ​ការ​គោរពសិទ្ធិ​មនុស្ស។

លោក​រំពឹង​ថា​កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​នឹង​ធ្វើ​ការ​កែ​លម្អ​ស្ថាន​ភាព​នៃ​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ ដែល​កំពុង​ទទួល​រង​ការ​រិះគន់​ពី​សហគមន៍​អន្តរជាតិ​ប្រកាន់​យក​លទ្ធិប្រជាធិបតេយ្យ។​ លោក​បន្ថែម​ថា​ ស្ថាន​ភាព​មនុស្សមាន​ការ​ផ្សា​ភ្ជាប់​គ្នា​ទៅ​នឹង​បរិបទ​អាស៊ាន​ផង​ដែរ​ ហើយ​ថា​ប្រទេស​មួយ​ចំនួន​ក្នុង​សមាគម​នេះ​ ក៏​កំពុង​ប្រឈម​នឹង​កំណត់​ត្រា​អាក្រក់​នៃ​ការ​គោរព​សិទ្ធិមនុស្ស​ តួយ៉ាង​ដូច​ជាប្រទេស​មីយ៉ាន់ម៉ា។

លោក​និយាយ​ថា៖ «ឥឡូវ​ហ្នឹង​ វា​មាន​សង្គ្រាម​រុស្ស៊ី​អ៊ុយក្រែន​ទៀត។ អីចឹង​ក៏​វា​ជះ​ឥទ្ធិពល​មិន​ល្អ​សម្រាប់​បរិបទ​នយោបាយ​នៅ​ក្នុង​តំបន់​ ជាពិសេស​គឺ​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ ឬ​ក៏​អឺរ៉ុប​ខាង​កើត​ផងដែរ។​ សរុប​មក​វិញ​ ខ្ញុំ​គិត​ថា​កម្ពុជា​យើង​គួរ​តែ​ធ្វើ​យ៉ាង​ណា ​ដើម្បី​កែ​លម្អ​ ទាក់ទង​នឹង​បញ្ហា​សិទ្ធិមនុស្ស​ និង​លទ្ធិប្រជាធិបតេយ្យ​ ឱ្យ​មាន​ភាព​ល្អ​ប្រសើរ​ ដើម្បី​ជា​គំរូ​នៅ​ក្នុង​អាស៊ាន​នេះ។ ហើយ​បើ​និយាយក្នុង​អាស៊ាន​ កម្ពុជា​យើង​ជា​ប្រទេស​ដែល​ផ្តល់​សច្ចាប័ន​ ច្រើន​ជាង​គេ​ទៅ​លើ​បទដ្ឋាន​អន្តរជាតិ​ស្តីពី​សិទ្ធិមនុស្ស»។

បើ​តាម​លោក ​អំ សំអាត​ ជម្លោះ​ប្រដាប់​អាវុធ​នៅ​អ៊ុយក្រែន​នេះ បាន​ជំរុញ​ឱ្យ​មាន​ការ​ប្រជុំ​អំពី​តំបន់​អាស៊ីអាគ្នេយ៍​ ដែល​គ្មាន​អាវុធ​នុយក្លេអ៊ែរ​ ក្រោម​ហេតុផល​ថាក្នុង​ជម្លោះ​នៅ​អ៊ុយក្រែន​ មានការ​គំរាម​កំហែង​នៃ​ប្រើប្រាស់​អាវុធ​ដ៏​ប្រល័យ​នេះ​ពី​ប្រទេស​រុស្ស៊ី។ ​

លោក​ថ្លែង​ថា៖ «សង្គ្រាម​រុស្ស៊ី​នៅ​អ៊ុយក្រែន​នេះ​ ជា​ការ​គំរាមកំហែង​ក្នុង​ការប្រើប្រាស់​ នុយក្លេអ៊ែរ​ហ្នឹង​ហើយ។ អីចឹង​ ការ​ប្រជុំ​នេះ​ វា​ជា​បរិបទ​ពិភពលោក​ គួរ​ឱ្យ​ចាប់​អារម្មណ៍​ ទាក់​ទង​នឹង​ អាស៊ី​បូព៌ា​គ្មាន​នុយក្លេអ៊ែរ​នេះ»។

ទង់ជាតិ​ប្រទេស​នានា​ដែល​នឹង​ចូលរួម​កិច្ច​ប្រជុំ​ផ្សេងៗ​ក្នុង​ក្រប​ខណ្ឌ​អាស៊ាន​ ត្រូវ​បាន​បង្ហូត​ឡើង​នៅ​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ថ្ងៃទី​២៩​ ខែ​កក្កដា​ ឆ្នាំ​២០២២។ (ហ៊ុល រស្មី/វីអូអេ)
ទង់ជាតិ​ប្រទេស​នានា​ដែល​នឹង​ចូលរួម​កិច្ច​ប្រជុំ​ផ្សេងៗ​ក្នុង​ក្រប​ខណ្ឌ​អាស៊ាន​ ត្រូវ​បាន​បង្ហូត​ឡើង​នៅ​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ថ្ងៃទី​២៩​ ខែ​កក្កដា​ ឆ្នាំ​២០២២។ (ហ៊ុល រស្មី/វីអូអេ)

ក្នុងនាម​ប្រទេស​កម្ពុជា​ ដែល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កិច្ច​ប្រជុំ​ផ្សេងៗ​ក្នុងក្រប​ខណ្ឌ​អាស៊ាន កម្ពុជា​កំពុង​រង់ចាំ​ស្វាគមន៍​អគ្គលេខាធិការ​អាស៊ាន​ រដ្ឋមន្ត្រី​ការបរទេស​ តំណាង​ពីប្រទេស​ចំនួន​៣៧ ​ដើម្បី​ចូលរួម​កា​រប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​លើក​ទី​៥៥​ និង​ការ​ប្រជុំពាក់​ព័ន្ធ​ដទៃ​ទៀត។ នេះបើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​ការបរទេសនិង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា។​

ទាក់​ទិន​នឹង​វត្តមាន​របស់​តំណាង​ពី​ប្រទេស​ភូមា​ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​លោក ជុំ សុន្ទរី​ ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​ទំនាក់ទំនង​តេឡេក្រាម​ជា​ភាសា​អង់គ្លេស ​និង​ត្រូវ​ប្រែ​សម្រួល​ជា​ខេមរភាសាតាម​អត្ថ​ន័យ​ដើម​ថា​៖ «រហូត​មក​ដល់ពេល​នេះ​ យើង​ត្រឹម​តែ​ទទួល​បាន​ការ​បញ្ជាក់​ថា​គ្មាន​តំណាង​ដែល​មិន​មែន​ជា​តួអង្គ​នយោបាយ​ពីប្រទេស​មីយ៉ាន់ម៉ា​មក​ចូលរួម​ការ​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ និង​ការ​ប្រជុំ​ពាក់​ព័ន្ធ​ដទៃ​ទៀត»។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​រូប​នេះបញ្ជាក់​ទៀតថា៖ «យើង​រំពឹង​ថា​នឹង​មាន​បញ្ហា​ប្រឈម​ខ្លះៗ​ និង​បញ្ហា​ក្តៅ​ក្នុង​តំបន់ និង​ជា​លក្ខណៈ​អន្តរជាតិ​ដែល​យើង​នឹង​ត្រូវ​ប្រឈម​មុខ​នៅក្នុង​ការ​ប្រជុំ​នានា​ ក៏ប៉ុន្តែ​យើង​សង្ឃឹមថា​ដោយ​មាន​ការ​គាំទ្រ​ កិច្ច​សហប្រតិបត្តិការ​ និង​ការ​យោគ​យល់​គ្នា​ពី​ភាគីចូលរួម​ យើង​នឹង​អាច​សម្រេច​បាន​ការ​ប្តេជ្ញា​យ៉ាង​មុតមាំ​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ប្តូរវេន និង​ជា​ប្រទេស​ម្ចាស់​ផ្ទះ​ចំពោះ​លទ្ធផល​ប្រជុំ​ប្រកប​ដោយ​ផ្លែ​ផ្កា​ និង​ដោយ​រលូន»។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​ចេញផ្សាយ​កាល​ពី​ថ្ងៃទី​២៨ ខែ​កក្កដា​ ឆ្នាំ​២០២២​នេះ​ ក្នុងអំឡុង​ពេល​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ និង​កិច្ច​ប្រជុំ​ពាក់​ព័ន្ធ​ ឧប​នាយករដ្ឋមន្ត្រី​លោក ​ប្រាក់​ សុខុន និង​ជា​រដ្ឋមន្ត្រី​ការបរទេស​ រំពឹង​ថា​នឹង​មាន​ជំនួប​ទេ្វភាគី​មួយ​ចំនួន​ជាមួយ​សមភាគី​បរទេស​របស់​លោក៕ ​

XS
SM
MD
LG