សមាជិកព្រឹទ្ធសភានិងអ្នកតំណាងរាស្ត្រសហរដ្ឋអាមេរិកមួយចំនួនបានស្វាគមន៍សំណើរបស់អង្គការឃ្លាំមើលបរិស្ថានមួយដែលស្នើឱ្យដាក់ទណ្ឌកម្មសេដ្ឋីកម្ពុជាចំនួនបួនរូបនិងថា សហរដ្ឋអាមេរិកមានយន្តការជាច្រើនដែលអាចប្រើប្រាស់ដើម្បីដាក់ទណ្ឌកម្មលើពួកគេបាន។
លោក ផែទ្រិក លៀហ៊ី (Patrick Leahy)អនុប្រធានគណៈកម្មាធិការហិរញ្ញវត្ថុនៃព្រឹទ្ធសភាដែលមកពីគណបក្សប្រជាធិបតេយ្យប្រចាំរដ្ឋ Vermont បានបញ្ជាក់ប្រាប់ VOA តាមសារអេឡិកត្រូនិកថា នៅប្រទេសកម្ពុជាអំពើពុករលួយកើតឡើងជាលក្ខណៈប្រព័ន្ធហើយមិនត្រឹមតែកងកម្លាំងយោធាទេ គឺមានក្រុមអ្នកជំនួញផងដែរកំពុងតែគាំទ្រដល់ «របបខុសច្បាប់» របស់លោក ហ៊ុន សែន។
លោកបានបន្ថែមថា៖
«ការដាក់ទណ្ឌកម្មលើសេដ្ឋីទាំងនេះនិងសមាជិកក្រុមគ្រួសារពួកគេដោយសហរដ្ឋអាមេរិក គឺជាវិធានការដ៏ត្រឹមត្រូវនិងដល់ពេលវេលាហើយ។ រឿងអភ័ព្វដែលមិនសមនឹងកើតមានឡើងគឺថា អ្នកដែលរងគ្រោះគឺអ្នកដែលហ៊ានប្រឆាំងនឹងការកាប់បំផ្លាញព្រៃឈើនិងការរឹបអូសដីធ្លីបែរជាមិនទទួលបានយុត្តិធម៌ ដោយសារអ្នកខ្លះត្រូវបានចាប់ដាក់ពន្ធនាគារនិងហាមឃាត់មិនឱ្យចូលរួមក្នុងការបោះឆ្នោតក្នុងពេលដែលជនល្មើសនៅដើរហើរដោយសេរី។ នេះគឺជាប្រទេសកម្ពុជាក្នុងពេលបច្ចុប្បន្ននេះ»។
កាលពីសប្តាហ៍មុន អង្គការ Global Witness បានបង្ហាញមុខសេដ្ឋីខ្មែរបួនរូប គឺលោកឧកញ៉ា ម៉ុង ឫទ្ធី លោកឧកញ៉ា លី យ៉ុងផាត់ លោកឧកញ៉ា ឡៅ ម៉េងឃីន និង លោកឧកញ៉ា ទ្រី ភាព ថាបានប្រព្រឹត្តទង្វើខុសឆ្គងជាច្រើនរួមមានការរឹបអូសដីធ្លីពលរដ្ឋរាប់ពាន់គ្រួសារ ការកាប់បំផ្លាញព្រៃឈើ ការរត់ពន្ធឈើខុសច្បាប់ ការបូមខ្សាច់ ការរត់ពន្ធកញ្ឆានិងអាជីវកម្មកាស៊ីណូជាដើម។ ក្នុងប្រតិបត្តិការទាំងនោះ ពួកគេប្រើប្រាស់កងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាល។ អង្គការនេះបន្ថែមដោយអំពាវនាវឱ្យសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មអ្នកទាំងនេះផងដែរ។
លោក អាឡាំង ឡូវឹនសល (Alan Lowenthal) អ្នកតំណាងរាស្រ្តសហរដ្ឋអាមេរិកប្រចាំរដ្ឋកាលីហ្វ័រញ៉ានិងជាសហប្រធានក្រុមអ្នកតំណាងរាស្រ្តទទួលបន្ទុកកិច្ចការកម្ពុជាបានបញ្ជាក់ថា លោកជឿជាក់ថា«អ្នកដែលរំលោភសិទ្ធិមនុស្សនិងឧក្រិដ្ឋកម្មនានាគួរតែត្រូវពិន័យហើយត្រូវតែមានភស្តុតាងបង្ហាញពីបទឧក្រិដ្ឋទាំងនោះ»។
លោក ឡូវឹនសល ដែលបានគាំទ្រនិងជំរុញឱ្យរដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឆ្នាំ២០១៨ បានបញ្ជាក់ថា ច្បាប់នេះនឹងដាក់ទណ្ឌកម្មតែលើមន្ត្រីរដ្ឋាភិបាលលោក ហ៊ុន សែន ដែលរំលោភសិទ្ធិមនុស្សទេ ប៉ុន្តែក៏មានច្បាប់មួយទៀតដែលនឹងផ្តល់អំណាចឱ្យសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មពួកគេដែរគឺច្បាប់ Magnitsky។
លោកបានបន្ថែមថា៖
«ប្រសិនបើវាជាការពិតនិងអាចបញ្ជាក់ថា បក្សពួកលោក ហ៊ុន សែន បានរំលោភសិទ្ធិមនុស្ស ខ្ញុំជឿថា យើងគួរតែដាក់ទណ្ឌកម្មពួកគេតាមច្បាប់ Magnitsky»។
រហូតមកដល់ពេលនេះមានតែលោកឧត្តមសេនីយ៍ផ្កាយមាសបួន ហ៊ីង ប៊ុនហៀង ដែលជាមេបញ្ជាការអង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែប៉ុណ្ណោះដែលត្រូវសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិនិងមិនឱ្យចូលក្នុងសហរដ្ឋអាមេរិកក្រោមច្បាប់ Magnitsky នេះ។
រីឯរដ្ឋសភាសហរដ្ឋអាមេរិកបានបង្ហាញបុគ្គលចំនួន១៦រូបដែលសមនឹងទទួលទណ្ឌកម្មទិដ្ឋាការមិនឱ្យចូលសហរដ្ឋអាមេរិកនិងបង្កកទ្រព្យសម្បត្តិក្រោមច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឆ្នាំ២០១៨ដែលរដ្ឋសភាទើបតែបានអនុម័តកាលពីថ្ងៃពុធ។ ក្នុងចំណោមនេះមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសមាជិកក្រុមគ្រួសារខ្លះរបស់លោក លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោកអូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និងលោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយជាដើម។
សហគមន៍អឺរ៉ុបកំពុងតែពិនិត្យមើលឋានៈអនុគ្រោះពន្ធ«រាល់មុខទំនិញលើកលែងតែអាវុធ»ដែលកម្ពុជាកំពុងប្រើប្រាស់ដើម្បីនាំទំនិញចូលទីផ្សាររបស់ខ្លួនដោយសារលក្ខខណ្ឌក្នុងការទទួលបានឋានៈនេះមានភ្ជាប់នឹងការគោរពសិទ្ធិមនុស្ស។ រីឯសហរដ្ឋអាមេរិកទើបតែផ្តល់ឋានៈអនុគ្រោះពន្ធឡើងវិញដល់កម្ពុជាប៉ុន្តែអ្នកតំណាងរាស្រ្តខ្លះក៏បានសម្តែងការមិនពេញចិត្តហើយថា សហរដ្ឋអាមេរិកគួរតែដកយកឋានៈនេះពីកម្ពុជាវិញជាពិសេសក្រោយការបោះឆ្នោតជាតិថ្ងៃទី២៩ខែកក្កដា។
ការិយាល័យព័ត៌មានរបស់លោក ថេត គ្រូស (Ted Cruz) សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកបានបញ្ជាក់ថាការបន្តរំលោភសិទ្ធិមនុស្សដោយរដ្ឋាភិបាលលោក ហ៊ុន សែន សមតែទទួលផលមិនល្អ។
លោកស្រី Maria Jeffrey អ្នកនាំពាក្យរបស់លោក ថេត គ្រូស បានបញ្ជាក់ប្រាប់ VOA ថា៖
«សមាជិកព្រឹទ្ធសភា ថេត គ្រូស បានព្រមានតាំងពីឆ្នាំមុនថា សហរដ្ឋអាមេរិកនឹងធ្វើការវាយតម្លៃឡើងវិញនូវគោលនយោបាយរបស់ខ្លួនចំពោះប្រទេសកម្ពុជា ក្នុងនោះមានគោលនយោបាយទូលំទូលាយគ្របដណ្តប់លើគោលនយោបាយអនុគ្រោះពាណិជ្ជកម្មផងដែរដែលនឹងមានផលប៉ះពាល់លើសពីរដ្ឋាភិបាលកម្ពុជា»។
លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិបានចាត់ទុកថា នេះគឺជាការចាប់ផ្តើមមួយដែលត្រូវផ្តោតលើឧកញ៉ាតែបួននាក់សិនប៉ុន្តែអ្នកដែលធ្វើខុសនៅប្រទេសកម្ពុជាគឺមានច្រើន។
លោកស្រីបានបន្ថែមថា៖
«អ្វីដែលជាការពាក់ព័ន្ធនឹងលុយកខ្វក់ អំពើពុករលួយ លួចធនធានធម្មជាតិ អ្វីដែលជាទ្រព្យសម្បត្តិប្រទេសជាតិអ្នកនោះត្រូវតែមានការទទួលខុសត្រូវ។ យើងមិនអាចអនុញ្ញាតឱ្យមានមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលហើយជាឧកញ៉ាផងហើយនឹងជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ លុយកខ្វក់ឬលួចធនធានធម្មជាតិរបស់ប្រទេសជាតិទេ។ សូមពិចារណាសារឡើងវិញ»។
លោកឧកញ៉ា ម៉ុង ឫទ្ធី ប្រធានក្រុមហ៊ុនម៉ុង ឫទ្ធីគ្រុប និងជាសមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជា បានប្រាប់ VOA កាលពីថ្ងៃច័ន្ទថា លោកមិនបានធ្វើសកម្មភាពបំផ្លិចបំផ្លាញធនធានព្រៃឈើ ដូចការចោទប្រកាន់របស់អង្គការ Global Witness នោះទេ។ លោកក៏មិនខ្វល់ពីការស្នើរបស់អង្គការ Global Witness ដែលសុំឲ្យសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មមកលើរូបលោកផងដែរ។
ប៉ុន្តែលោកស្រី មូរ សុខហួរ បានស្នើឡើងថា ឧកញ៉ាដែលមានឈ្មោះទាំងនោះគួរតែមានសេចក្តីក្លាហានឱ្យមានការស៊ើបអង្កេតលើទ្រព្យសម្បត្តិរបស់ពួកគាត់ ថាបានមកដោយមធ្យោបាយអ្វី។
«បើសិនជាយើងជាអ្នកដែលការពារប្រទេសជាតិយើងត្រូវតែហ៊ានឱ្យគេមើលទ្រព្យសម្បត្តិយើងទៅគឺរួចខ្លួនហើយប៉ុន្តែបើនៅតែមិនហ៊ានហើយទ្រព្យសម្បត្តិមានហូរហៀរហើយមានប្រជាពលរដ្ឋឈឺចាប់នឹងការបាត់បង់ដីធ្លី។ល។និង។ល។ ដោយសារអំពើអមនុស្សធម៌ទាំងឡាយខ្ញុំយល់ឃើញថា ច្បាប់នេះជាការត្រឹមត្រូវ»។
មានពលរដ្ឋកម្ពុជាជាង៨៣០.០០០នាក់បានរងផលប៉ះពាល់ដោយសារការរឹបអូសដីធ្លីដែលធ្វើឱ្យពួកគេធ្លាក់ក្នុងស្ថានភាពក្រីក្រកាន់តែជ្រៅជាងមុននៅផ្នែកខ្លះនៃប្រទេសកម្ពុជាប៉ុន្តែក្រុមជនពុករលួយមួយចំនួនតូចកាន់តែមានទ្រព្យធនច្រើនហូរហៀរ។ នេះបើតាមការបញ្ជាក់របស់អង្គការ Global Witness៕