អំពើពុករលួយ នៅតែបន្តយាយីស្ថាប័នសំខាន់ៗនៃរាជរដ្ឋាភិបាលកម្ពុជា បើទោះជាប្រជាពលរដ្ឋខ្មែរមួយចំនួនផ្តល់ការយល់ឃើញថា មានការថយចុះការប្រព្រឹត្តអំពើពុករលួយនៅកម្ពុជា។ នេះបើតាមរបាយការណ៍ស្តីពីការវាស់វែងអំពើពុករលួយជាសាកលឆ្នាំ២០២០ របស់អង្គការតម្លាភាពអន្តរជាតិ ដែលបានចេញផ្សាយនៅថ្ងៃអង្គារនេះ។
របាយការណ៍ដែលធ្វើឡើងដោយអង្គការតម្លាភាពអន្តរជាតិនេះ គឺជាការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រស្ថិតិ ដោយស្ទង់មតិសាធារណៈជនដើម្បីឆ្លុះបញ្ចាំងអំពីទស្សនៈនិងបទពិសោធន៍របស់ប្រជាពលរដ្ឋនៅទូទាំងពិភពលោកទាក់ទងនឹងអំពើពុករលួយ។
សម្រាប់ប្រទេសកម្ពុជា អ្នកចូលរួមក្នុងបទសម្ភាសន៍សម្រាប់ការចងក្រងរបាយការណ៍ស្តីពីការវាស់វែងអំពើពុករលួយជាសកលឆ្នាំ២០២០នេះ មានចំនួន១០០០នាក់ ដោយ៣៣ភាគរយនៃអ្នកដែលបានចូលរួមផ្តល់យោបល់នោះយល់ថា អំពើពុករលួយនៅតែជាបញ្ហាធំមួយរបស់រដ្ឋាភិបាលកម្ពុជា។
របាយការណ៍ឲ្យដឹងអំពីការថយចុះនៃការប្រព្រឹត្តអំពើពុករលួយនៅកម្ពុជា ធៀបនឹងឆ្នាំ២០១៦ ក៏ប៉ុន្តែស្ថាប័នសំខាន់ៗ រួមមានតុលាការ បូលិស និងរដ្ឋាភិបាល នៅតែត្រូវពលរដ្ឋជឿថា នៅតែពុករលួយជាងគេដដែល។
របាយការណ៍បានពណ៌នាថា កាលពីឆ្នាំ២០១៦ មានប្រជាពលរដ្ឋខ្មែរត្រឹមតែ«២៨ភាគរយ យល់ថាអំពើពុករលួយមានការថយចុះ» ហើយប្រមាណ ៦៦ភាគរយយល់ថា អំពើពុករលួយនៅតែមាន និងបន្តកើនឡើង។
ចំណែកឯនៅឆ្នាំ២០២០វិញលទ្ធផលបង្ហាញថា «ប្រជាពលដ្ឋ៥៥ភាគរយ យល់ឃើញថា អំពើពុករលួយនៅប្រទេសកម្ពុជាមានការថយចុះ» ហើយ៤១ភាគរយផ្សេងទៀត យល់ថា អំពើពុករលួយនៅតែមាន និងបន្តកើនឡើងដដែល។
របាយការណ៍កត់សម្គាល់ទៀតថា៖ «ទោះជាការយល់ឃើញជារួមរបស់ប្រជាពលរដ្ឋទៅលើទិដ្ឋភាពអំពើពុករលួយនៅកម្ពុជាមានភាពប្រសើរក្តី លទ្ធផលនៃការស្ទង់មតិនេះបានបង្ហាញថា ស្ថាប័នតុលាការ ប៉ូលិស និងរដ្ឋាភិបាលនៅតែជាស្ថាប័ន ដែលពលរដ្ឋជឿថាពុករលួយជាងគេ»។
របាយការណ៍លើកជាឧទាហរណ៍ថា «៨៩ភាគរយនៃអ្នកផ្តល់បទសម្ភាសន៍គិតថា អំពើពុករលួយ មាននៅក្នុងចំណោមមន្ត្រីប៉ូលិស ៧២ភាគរយយល់ថា មានអំពើពុករលួយនៅក្នុងចំណោមមន្ត្រីរដ្ឋាភិបាល ហើយ៧២ភាគរយ គិតថា មានអំពើពុករលួយនៅក្នុងវិស័យតុលាការ»។
ថ្លែងនៅក្នុងសន្និសីទព័ត៌មាន តាមប្រព័ន្ឋវីដេអូអនឡាញ លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា មានប្រសាសន៍ថា លទ្ធផលនៃការស្ទង់មតិនេះអាចបញ្ជាក់ថា អំពើពុករលួយនៅតែជាឧបសគ្គចម្បងមួយ ក្នុងការពង្រឹងនីតិរដ្ឋ និងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច។
«លទ្ធផលដែលចេញពីការសិក្សាស្រាវជ្រាវនេះ សម្រាប់ប្រទេសកម្ពុជាគឺមានន័យថា អំពើពុករលួយនៅតែបន្តយាយីទៅដល់ការគ្រប់គ្រងរដ្ឋាភិបាល អភិបាលកិច្ច ប្រកបដោយនីតិរដ្ឋហ្នឹង គឺបន្តយាយីដល់នីតិរដ្ឋ រារាំងដល់ការទទួលបានយុត្តិធម៌សង្គម ហើយអំពើពុករលួយនៅតែជាឧបសគ្គរារាំងដល់ការរកស៊ី ការប្រតិបត្តិការអាជីវកម្ម នៅក្នុងប្រទេសកម្ពុជាហ្នឹង គឺនៅតែធ្វើឲ្យអាជីវកម្មនៅមានបញ្ហា ដោយសារគាត់អាចចំណាយខ្ពស់ ទៅប្រតិបត្តិការអាជីវកម្មរបស់គាត់»។
លោក ប៉ិច ពិសី ឲ្យដឹងបន្ថែមថា លទ្ធផលនេះ ក៏ស្រដៀងគ្នានឹងការវាយតម្លៃរបស់អង្គការអន្តរជាតិធំៗផ្សេងទៀត ដូចជាធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី (Asian Development Bank) ដែលថា អំពើពុករលួយនៅតែជាឧបសគ្គសំខាន់មួយសម្រាប់ទាក់ទាញវិនិយោគិនធំៗដែលផ្តល់តម្លៃដល់ តម្លាភាព និងការគោរពសិទ្ធិមនុស្សជាធំ។
បើតាមសេចក្តីប្រកាសដាច់ដោយឡែកមួយទៀតរបស់អង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី បានលើកឡើងថា នៅអំឡុងពេលដែលកម្ពុជាកំពុងប្រឈមមុខនឹងវិបត្តិផ្ទួនៗ ដែលកើតចេញពីផលប៉ះពាល់ជាអវិជ្ជមានដែលបង្កដោយការរីករាលដាលនៃជំងឺកូវីដ១៩ ការដកប្រព័ន្ធអនុគ្រោះពន្ធមួយផ្នែកពីសំណាក់សហភាពអឺរ៉ុប និងការធ្លាក់ចុះសេដ្ឋកិច្ចនោះ«ការកាត់បន្ថយអំពើពុករលួយនៅក្នុងវិស័យសាធារណៈ គឺជាការចាំបាច់បំផុតដើម្បីឲ្យកម្ពុជាអាចបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាដល់ពលរដ្ឋវិស័យឯកជន និងរក្សាស្ថិរភាពសេដ្ឋកិច្ច និងការទទួលបានយុត្តិធម៌សង្គម»។
របាយការណ៍ស្តីពីការវាស់វែងអំពើពុករលួយជាសកលឆ្នាំ២០២០ សម្រាប់ទ្វីបអាស៊ី បានធ្វើការសិក្សាស្ទង់មតិប្រជាពលរដ្ឋប្រមាណ២ម៉ឺននាក់នៅបណ្តាប្រទេសចំនួន១៧ ចាប់ពីខែមីនាឆ្នាំ២០១៩ ដល់ខែកញ្ញាឆ្នាំ២០២០។
ក្នុងចំណោមប្រទេសទាំង១៧នោះក៏មានប្រទេសចិន និងឥណ្ឌា និងប្រទេសជាច្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ហើយប្រជាពលរដ្ឋប្រមាណ៣៨ភាគរយដែលចូលរួមធ្វើការស្ទង់មតិ យល់ឃើញថា អំពើពុករលួយមានការកើនឡើងក្នុងរយៈពេល១២ខែចុងក្រោយនេះ ដែលធ្វើឲ្យប៉ះពាល់ដល់ការទទួលបានសេវាសាធារណៈប្រកបដោយប្រសិទ្ធិភាព និងការជឿទុកចិត្តលើរដ្ឋាភិបាល។
នៅប្រទេសកម្ពុជានេះ ការធ្វើបទសម្ភាសន៍តាមទូរស័ព្ទជាមួយមនុស្សទាំង១០០០នាក់ ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី១៩ ខែមិថុនា ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០។ អ្នកដែលរួមការស្ទង់មតិនេះ គឺមានអាយុ១៨ឆ្នាំឡើងទៅ និងមានកម្រិតសិក្សាចាប់ពីបឋមសិក្សា ដល់បរិញ្ញាបត្រជាន់ខ្ពស់។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា យល់ថារបាយការណ៍ថ្មីនេះ ធ្វើឡើងដោយមានភ្ជាប់និន្នាការនយោបាយ និងមិនបានឆ្លុះបញ្ចាំងតថភាពពិតនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការឆ្លើយតបទៅនឹងអំពើពុករលួយនោះទេ។
«គាត់និយាយនេះ គឺមាននិន្នាការជាសកម្មជនឬក៏មាននិន្នាការនយោបាយរួចស្រេចទៅហើយ។ ហើយយើងមើលការកាត់បន្ថយអំពើពុករលួយ យើងឃើញមានកំណែទម្រង់ច្រើន ជាពិសេសការបង់លុយ ដែលឈប់បង់លុយទៅតាមដៃហើយ កាន់តាមដៃយកទៅបង់លុយ»។
លោក ផៃ ស៊ីផាន បន្ថែមថាការប្រព្រឹត្តអំពើពុករលួយត្រូវបានកម្ចាត់ច្រើនតាមរយៈការផ្លាស់ប្ដូររបៀបធ្វើការតាមរបៀបឌីជីថល និងកុំព្យូទ័រដែលមានការកត់ត្រាទិន្នន័យត្រឹមត្រូវ។ មន្ត្រីនាំពាក្យរូបនេះ អះអាងថា បើកម្ពុជាមានការប្រព្រឹត្តអំពើពុករលួយច្រើនមែននោះ កម្ពុជានឹងមិនឃើញការកើនឡើងនៃប្រាក់សន្សំច្រើន«សន្ធឹកសន្ធាប់» នោះទេ។
យ៉ាងណាក៏ដោយ របាយការណ៍ដដែលរបស់អង្គការតម្លាភាពអន្តរជាតិ បានឲ្យដឹងថាប្រជាពលរដ្ឋនៅតែប្រឈមនឹងអំពើពុករលួយ នៅក្នុងការប្រើប្រាស់សេវាសាធារណៈមួយចំនួន។
តួយ៉ាង ៣៧ភាគរយនៃអ្នកចូលរួមផ្តល់បទសម្ភាសន៍ ឆ្លើយថា ពួកគេធ្លាប់បានសូកប៉ាន់ដើម្បីទទួលបានសេវាសាធារណៈក្នុងរយៈពេល១២ខែកន្លងមកនេះ។ ក្នុងចំណោមអ្នកបានឆ្លើយថាបានសូកប៉ាន់ ៤០ភាគរយបញ្ជាក់ថា ពួកគេធ្លាប់សូកប៉ាន់ដើម្បីទទួលបានឯកសារបញ្ជាក់អត្តសញ្ញាណ និង៣៨ភាគរយបានសូកប៉ាន់ប៉ូលិស៕