ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ត្រៀម​ចាក់​វ៉ាក់សាំង​ក្មេង​អាយុ​ក្រោម​១៨​ឆ្នាំ​ជិត​២​លាន​នាក់ ខណៈ​មេដឹកនាំ​បក្ស​ប្រឆាំង​អះអាង​ពី​អំពើ​ពុករលួយ


រូបឯកសារ៖ វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​ចំនួន ៦ សែន​ដូស​ដែល​ផ្ដល់​ឲ្យ​កម្ពុជា​ដោយ​រដ្ឋាភិបាល​ចិន​ត្រូវ​បាន​បញ្ជូន​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ កាល​ពី​ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១។
រូបឯកសារ៖ វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​ចំនួន ៦ សែន​ដូស​ដែល​ផ្ដល់​ឲ្យ​កម្ពុជា​ដោយ​រដ្ឋាភិបាល​ចិន​ត្រូវ​បាន​បញ្ជូន​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ កាល​ពី​ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១។

ប្រទេស​កម្ពុជា​ត្រៀម​ចាក់​វ៉ាក់សាំងដល់​ពលរដ្ឋ​របស់​ខ្លួន​ដែល​មាន​អាយុ​ពី​១២ដល់​១៧​ឆ្នាំ​ ចំនួន​ជិត​២​លាន​នាក់ បន្ថែម​ទៀត ខណៈ​បក្ស​ប្រឆាំង​អះអាង​អំពី​អំពើ​ពុករលួយ​ក្នុង​ការ​ទិញ​វ៉ាក់សាំង​ចិន។​

នៅ​ក្នុង​សារ​ជា​សំឡេង​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សន​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ លោក ហ៊ុន សែន​បាន​បង្គាប់មន្ត្រី​ឲ្យ​ត្រៀម​ទិញ​វ៉ាក់សាំង​ចំនួន​៤​លាន​ដូស​ថែម​ទៀត​សម្រាប់​ចាក់​ក្រុម​ក្មេង​ជំទង់​អាយុ​ក្រោម​១៨​ឆ្នាំ​ទាំង​នោះ។

លោក ហ៊ុន សែន លើកឡើង​ថា​ការចាក់​វ៉ាក់សាំង​ដល់​កុមារ​និង​យុវជន​ទាំង​នេះ គឺ​ដើម្បី​បង្កើន​ភាព​ស៊ាំ​ក្នុង​សហគមន៍ ដែល​នឹង​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល អាច​បើក​ដំណើរការ​សេដ្ឋកិច្ច​សង្គម​រួម​ទាំង​សាលារៀន​ឡើង​វិញ​បាន។

រហូត​មក​ដល់​ពេល​នេះ កម្ពុជា បាន​ចាក់​វ៉ាក់សាំង​ភាគ​ច្រើន​ជា​វ៉ាក់សាំង​ដែល​បាន​ទិញ​មក​ពី​ប្រទេស​ចិន​ដល់​ពលរដ្ឋ​បាន​ជាង​៥​លាន​នាក់​ហើយ​ ក្នុង​ចំណោម​ពលរដ្ឋ​ចំនួន​យ៉ាង​តិច​១០​លាន​នាក់​ដែល​មាន​អាយុ​ចាប់​ពី​១៨​ឆ្នាំ​ឡើង​ទៅ​ដែល​រដ្ឋាភិបាល​គ្រោង​នឹង​ចាក់​ឲ្យ​បាន​គ្រប់​នៅ​ត្រឹម​ដំណាច់​ឆ្នាំ​២០២១​នេះ​ឬ​ត្រឹម​ដើម​ឆ្នាំ​ក្រោយ។ នេះ​បើ​យោង​តាម​តួលេខ​របស់​គណៈកម្មការ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស​របស់​កម្ពុជា។

​ប៉ុន្តែ មេដឹកនាំ​បក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​ បាន​ចាត់​ទុក​យុទ្ធនាការ​ទប់ស្កាត់​ជំងឺ​កូវីដ​១៩​របស់​រដ្ឋាភិបាល​ថា​«បរាជ័យ»​និង​ថា​មាន​«អំពើ​ពុករលួយ»។

លោក សម រង្ស៊ី ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន​ក្នុង​ប្រទេស​បារាំង បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​សុក្រ​នេះ​ថា៖ «មាន​អំពើ​ពុករលួយ​ដ៏​ធ្ងន់ធ្ងរ​ក្នុង​ការ​ទិញ​វ៉ាក់សាំង​ចិន(Sinovac) ដោយ​សារ​តែ​ប្រទេស​ចិន បាន​ឃុបឃិត​ជាមួយ​របប​ ហ៊ុន សែន ហើយ​បាន​កំណត់​ថ្លៃ​វ៉ាក់សាំង​នោះ ខ្ពស់​ជាង​តម្លៃ​វ៉ាក់សាំង​នានា​ផ្សេង​ទៀត»។

វ៉ាក់សាំង​ Sinovac ​មាន​តម្លៃ​១៣,៦០​ដុល្លារ​ក្នុង​មួយ​ដូស​នៅ​ឥណ្ឌូណេស៊ី​និង​ឥណ្ឌា។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ។ ក្នុងខណៈ​វ៉ាក់សាំង​ AstraZeneca​ របស់​អង់គ្លេស​មាន​តម្លៃ​ពី៤ទៅ៥ដុល្លារ​ក្នុង​១ដូស។

យ៉ាង​ណា​ក៏ដោយ មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ មិន​បាន​ផ្តល់​ភស្តុតាង​នៃ​ការ​ចោទ​ប្រកាន់​របស់​លោក​អំពី​អំពើ​ពុករលួយ​នេះ​ទេ ហើយ​វីអូអេ ក៏​មិន​អាច​បញ្ជាក់​អំពី​ការ​អះអាង​នេះ​បាន​នៅ​ឡើយ​ដែរ៕

XS
SM
MD
LG