ប្រទេសកម្ពុជាដែលស្ថិតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកបានដើរផ្ទុយពីបណ្តាប្រទេសជាច្រើនក្នុងតំបន់ដដែលនេះ លើសកម្មភាពប្រឆាំងអំពើពុករលួយ ដោយសារតែការមិនបើកទូលាយឲ្យមានការតាមដានលើការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងកិច្ចការបម្រើសាធារណជនទូទៅ។ នេះជាការរកឃើញរបស់អង្គការតម្លាភាពអន្តរជាតិ (Transparency International) របស់អាល្លឺម៉ង់មួយដែលមានទីតាំងនៅទីក្រុងប៊ែកឡាំងហើយ ដែលបានចេញផ្សាយរបាយការណ៍ចុងក្រោយស្តីពីសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយឆ្នាំ២០១៩។
របាយការណ៍កម្រាស់ជិត៣០ទំព័រស្តីពីសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយឆ្នាំ២០១៩ ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ បានពណ៌នាអំពីការវិវត្តន៍ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកថា ទោះបីជាប្រទេសជាច្រើននៅតំបន់អាស៊ីប៉ាស៊ីហ្វិក ធ្វើការបានល្អលើកិច្ចការប្រឆាំងអំពើពុករលួយក៏ដោយ ក៏តំបន់នេះមិនទាន់មានការវិវត្តន៍ដែលគួរឲ្យកត់សម្គាល់ក្នុងកិច្ចខិតខំប្រឆាំងអំពើពុករលួយ ឬក៏លទ្ធផលដែលបានមកពីការប្រឆាំងអំពើពុករលួយ។
របាយការណ៍បានសរសេរក្នុងន័យដើមថា៖ «ជាងនេះទៅទៀត ប្រទេសដែលធ្វើមិនបានល្អមួយចំនួន ដូចជាប្រទេសអាហ្វហ្គានីស្ថានដែលទទួលបាន១៦ ពិន្ទុ ប្រទេសកូរ៉េខាងជើងដែលទទួលបាន១៧ពិន្ទុ និងកម្ពុជាដែលទទួលបាន២០ពិន្ទុ នៅបន្តបង្ហាញឲ្យឃើញការប្រឈមធ្ងន់ធ្ងរនៅក្នុងតំបន់»។
របាយការណ៍បានបន្ថែមថា៖ «ប្រទេសជាច្រើនបានមើលឃើញការបើកចំហរខាងសេដ្ឋកិច្ចជាមធ្យោបាយដែលអាចបោះជំហានទៅមុខបាន។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលជាច្រើននៅក្នុងតំបន់ រាប់ពីប្រទេសចិន ដល់កម្ពុជា និងវៀតណាម បានបន្តរឹតត្បិតលើការចូលរួមកិច្ចការសាធារណៈ បំបិទសំឡេងជំទាស់ និងដាក់ឲ្យការសម្រេចចិត្តនៅក្រៅការពិនិត្យពិច័យជាសាធារណៈ»។
យោងតាមសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយឆ្នាំ២០១៩ កម្ពុជាស្ថិតនៅលេខរៀងទី១៦២ក្នុងពិភពលោក គឺធ្លាក់ចុះមួយកម្រិតថែមទៀត បើធៀបនឹងចំណាត់ថ្នាក់កាលពីឆ្នាំ២០១៨។ ចំណាត់ថ្នាក់ថ្មីនៃកម្រិតពុករលួយឆ្នាំ២០១៩ ធ្វើឱ្យកម្ពុជា ស្ថិតនៅលំដាប់ស្មើគ្នាជាមួយនឹងប្រទេសឆាដ និងប្រទេសអ៊ីរ៉ាក់។
ប្រទេសដែលធ្វើបានល្អក្នុងកិច្ចការប្រឆាំងអំពើពុករលួយក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក រួមមានប្រទេស នូវែលសេឡង់ ទទួលបាន៨៧ពិន្ទុ ប្រទេសសិង្ហបុរីទទួលបាន៨៥ពិន្ទុ ប្រទេសអូស្ត្រាលីទទួលបាន៧៧ពិន្ទុ ក្រុងហុងកុងទទួលបាន៧៦ពិន្ទុ និងប្រទេសជប៉ុនទទួលបាន៧៣ពិន្ទុ។
សន្ទស្សន៍ស្ដីពីការយល់ឃើញពីអំពើពុករលួយរបស់អង្គការតម្លាភាពអន្តរជាតិនេះ ផ្អែកលើការស្ទង់មតិ និងការវាយតម្លៃពីអ្នកជំនួញនិងអ្នកជំនាញ ដើម្បីវាស់វែងកម្រិតនៃអំពើពុករលួយក្នុងវិស័យសាធារណៈ។
ពិន្ទុពី០មានន័យថា «ពុករលួយបំផុត» និង១០០ មានន័យថា «ស្អាតស្អំបំផុត»។ ការវាយតម្លៃនេះធ្វើឡើងទៅលើប្រទេសចំនួន១៨០នៅក្នុងពិភពលោក។
លោក មាស នី អ្នកសិក្សាស្រាវជ្រាវខាងការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយនៅប្រទេសកម្ពុជា បានប្រាប់ VOA នៅថ្ងៃសុក្រនេះថា អំពើពុករលួយដែលបន្តញាំញីប្រទេសកម្ពុជា នឹងធ្វើឲ្យអ្នកវិនិយោគល្អៗ មើលរំលងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះសម្រាប់ទីកន្លែងធ្វើជំនួញ។
លោកបន្ថែមថា ប្រសិនបើប្រទេសមួយមិនអាចធានាបានប្រព័ន្ធតុលាការឯករាជ្យ និងការអនុវត្តច្បាប់មានប្រសិទ្ធភាពទេ នោះប្រទេសមួយនោះ នឹងក្លាយជាឋានសួគ៌របស់ពួកឧក្រិដ្ឋជន។
«យើងត្រូវដឹងថា សព្វថ្ងៃនេះ ប្រទេសណាក៏ដោយ នៅក្នុងពិភពលោក តែកាលណាប្រព័ន្ធពីរហ្នឹង វាមិនមានដំណើរការ មានប្រសិទ្ធភាពហើយ គឺពួកជនឧក្រិដ្ឋ ហើយនិងអ្នករកស៊ីលាងលុយអីផ្សេងៗហ្នឹង គឺគេសំដៅមកកន្លែងហ្នឹងហើយ។ ប៉ុន្តែសម្រាប់អ្នកវិនិយោគទុនដែលរយៈពេល ហើយគេមានលុយថវិកាច្រើនមកសម្រាប់វិនិយោគនោះ គឺគេត្រូវគិតច្រើនលើកច្រើនសារណាស់មុន មកក្នុង នៅក្នុងប្រទេសមួយហ្នឹងបាទ។ លើកលែងតែអ្នករកស៊ីកាប់ដាវទេ ដែលគេចូលចិត្តមកនៅក្នុងប្រទេសដែលមានការអនុវត្តន៍ ច្បាប់ទន់ខ្សោយ»។
VOA មិនអាចសុំការអធិប្បាយពីលោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានទេនៅថ្ងៃសុក្រនេះ។ VOA ក៏មិនអាចទាក់ទងសុំការអធិប្បាយអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន និងអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន បានដែរ។
របាយការណ៍ប្រចាំឆ្នាំស្ដីពីសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយឆ្នាំ២០១៩ ក៏បានបង្ហាញផងដែរថា ក្នុងប្រទេសភាគច្រើនលើសកលលោក រួមទាំងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនជាងគេបង្អស់ផងនោះ អំពើពុករលួយបានរាលដាលកាន់តែខ្លាំងឡើង ដោយសារកិច្ចប្រឹងប្រែងប្រឆាំងអំពើពុករលួយក្នុងប្រទេសទាំងអស់នេះ នៅទ្រឹង ឬថែមទាំងមានសញ្ញាធ្លាក់ចុះថែមទៀតផង។
ការវិភាគរបាយការណ៍នេះ បានរកឃើញថា អំពើពុករលួយនេះ បានរាតត្បាតកាន់តែខ្លាំងឡើងនៅតាមបណ្ដាប្រទេសដែលទឹកលុយមានឥទ្ធិពលលើអំណាចនយោបាយ។ចាប់តាំងពីឆ្នាំ២០១២មក មានប្រទេសតែ២២ប៉ុណ្ណោះ ដែលបានកើនពិន្ទុ ក្នុងនោះរួមទាំងប្រទេស អេស្តូនី (Estonia) ក្រិក (Greece) និង ហ្គីយ៉ាន (Guyana)។ ចំណែកប្រទេស២១ទៀត បានធ្លាក់ពិន្ទុ រួមទាំងប្រទេសអូស្ត្រាលី កាណាដា និង នីការ៉ាហ្គា (Nicaragua)៕