ក្រុមអ្នកសង្កេតការណ៍និយាយថានៅឆ្នាំ២០១៩នេះ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានពង្រឹងអំណាចរបស់លោក ដោយការផ្ដោតលើការគំរាមកំហែងបក្សប្រឆាំង និងការធ្វើឱ្យប្រសើរឡើងតិចតួចដល់សិទ្ធិមនុស្ស ក្រោយពីការគំរាមរបស់សហភាពអឺរ៉ុប ក្នុងការដកកិច្ចព្រមព្រៀងពាណិជ្ជកម្ម «សព្វមុខទំនិញលើកលែងសព្វាវុធ» Everything But Arms ឬហៅកាត់ថា EBA ដែលអនុញ្ញាតឱ្យកម្ពុជានាំទំនិញសព្វសារពើលើកលែងតែកាំភ្លើងនិងអាវុធយុទ្ធភណ្ឌ ចូលក្នុងទីផ្សារអឺរ៉ុប។
លោក Phil Robertson នាយករងអង្គការ Human Rights Watch ប្រចាំតំបន់អាស៊ី បានមានប្រសាសន៍ថា៖ «យើងមើលឃើញកម្ពុជាពិតប្រាកដ និងរដ្ឋាភិបាលកម្ពុជាពិតប្រាកដ ដែលរំលោភសិទ្ធិមនុស្ស ពុករលួយនិងគ្មានលក្ខណៈប្រជាធិបតេយ្យ»។
លោកបន្តថា៖ «ស្ថានការណ៍នេះ គ្មានអ្វីប្រែប្រួលទាល់តែសោះ ទាំងទម្រង់ សណ្ឋាន និងរបៀបគឺនៅដដែលក្នុងពេលមួយឆ្នាំមកនេះ»។
មេដឹកនាំស្ដីទីនៃបក្សប្រឆាំង ដែលកំពុងនិរទេសខ្លួន គឺលោក សម រង្ស៊ី ដំបូងឡើយបានប្រកាសកាលពីដើមឆ្នាំ២០១៩ថាលោកនឹងវិលត្រឡប់ចូលកម្ពុជាវិញ ប៉ុន្តែក្រោយមក គឺនៅខែសីហា លោកបានបញ្ជាក់ថា លោកនឹងវិលត្រឡប់នៅថ្ងៃទី៩ខែវិច្ឆិកា ដែលត្រូវជាទិវាបុណ្យឯករាជ្យជាតិរបស់កម្ពុជា។
រដ្ឋាភិបាល ក៏បានឆ្លើយតបដោយការបង្ក្រាបភ្លាមៗទៅលើសកម្មជនបក្សប្រឆាំង ដោយបានចាប់ខ្លួនមនុស្សជាច្រើននាក់ ដោយចោទប្រកាន់ពួកគេពីបទ «សមគំនិត ផ្ដួលរំលំរដ្ឋាភិបាល»។
លោក Phil Robertson និយាយថា ការណ៍នេះ គឺជាសូចនាករដ៏សំខាន់មួយដែលបង្ហាញថាគណបក្សកាន់អំណាច បានពង្រឹងអំណាចរបស់ខ្លួនក្នុងអំឡុងឆ្នាំ២០១៩នេះ។
លោកថ្លែងថា៖ «ការផ្លាស់ប្ដូរធំបំផុតគឺការចាប់ខ្លួនមនុស្សកាន់តែច្រើនជាងមុខឆ្ងាយ និងការឃុំខ្លួនអ្នកទោសនយោបាយមុនពេលកាត់ទោស និងបញ្ជូនពួកគេចូលគុក ដោយសារតែពួកគេបានអនុវត្តសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយរបស់ខ្លួន»៕