របាយការណ៍ប្រចាំឆ្នាំស្ដីពីសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយឆ្នាំ២០១៩ បានបង្ហាញថា ក្នុងប្រទេសភាគច្រើនលើសកលលោក រួមទាំងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនជាងគេបង្អស់ផង អំពើពុករលួយបានរាលដាលកាន់តែខ្លាំងឡើង ដោយសារកិច្ចប្រឹងប្រែងប្រឆាំងអំពើពុករលួយក្នុងប្រទេសទាំងអស់នេះ នៅទ្រឹងឬថែមទាំងមានសញ្ញាធ្លាក់ចុះថែមទៀតផង។
ការវិភាគរបាយការណ៍នេះ បានរកឃើញថា អំពើពុករលួយនេះ បានរាតត្បាតកាន់តែខ្លាំងឡើងនៅតាមបណ្ដាប្រទេសដែលទឹកលុយមានឥទ្ធិពលលើអំណាចនយោបាយ។
ប្រទេសច្រើនជាង២ភាគ៣នៅលើពិភពលោក ទទួលបានពិន្ទុក្រោម៥០លើ១០០ ដោយពិន្ទុជាមធ្យម គឺបានតែ៤៣ប៉ុណ្ណោះក្នុងឆ្នាំ២០១៩។ នេះបើផ្អែកតាមរបាយការណ៍របស់អង្គការតម្លាភាពអន្តរជាតិ (Transparency International) ដែលបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី២៣ ខែមករានេះ ឆ្នាំ២០២០។
អង្គការអន្តរជាតិនេះ ដាក់ចំណាត់ថ្នាក់ខាងអំពើពុករលួយលើប្រទេសនិងដែនដីចំនួន១៨០នៅជុំវិញពិភពលោក ដោយផ្ដល់ពិន្ទុពី០ ដែលមានន័យថា «ពុករលួយបំផុត» ដល់១០០ ដែលមានន័យថា «ស្អាតស្អំបំផុត»។
ចាប់តាំងពីឆ្នាំ២០១២មក មានប្រទេសតែ២២ប៉ុណ្ណោះ ដែលបានកើនពិន្ទុច្រើន ក្នុងនោះរួមទាំងប្រទេស អេស្តូនី(Estonia) ក្រិក(Greece) and ហ្គីយ៉ាន(Guyana)។ ចំណែកប្រទេស២១ទៀត បានធ្លាក់ពិន្ទុយ៉ាងច្រើន រួមទាំងប្រទេសអូស្ត្រាលី កាណាដា និង នីការ៉ាហ្គា (Nicaragua) ផងដែរ។
អ្នកស្រី Delia Ferreira Rubio នាយិកាអង្គការតម្លាភាពអន្តរជាតិ បាននិយាយក្នុងសេចក្ដីប្រកាស ស្របពេលចេញផ្សាយរបាយការណ៍ថ្មីនេះថា៖ «ការខកចិត្តនឹងអំពើពុករលួយរដ្ឋាភិបាលនិងកង្វះការជឿទុកចិត្តលើស្ថាប័ន ធ្វើឱ្យមានតម្រូវការសុចរិតនយោបាយធំធេងជាងនេះ។ រដ្ឋាភិបាលត្រូវតែដោះស្រាយជាបន្ទាន់ចំពោះអំពើពុករលួយដែលប្រើលុយច្រើនសន្ធឹកសន្ធាប់ជាមូលនិធិគាំពារគណបក្សនយោបាយនិងឥទ្ធិពលជ្រុលដែលទឹកលុយនេះមានលើប្រព័ន្ធនយោបាយរបស់យើង»។
របាយការណ៍ក៏បង្ហាញថា ប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនមួយចំនួនក៏ទទួលបានពិន្ទុទាបជាងឆ្នាំមុនដែរ រួមទាំងប្រទេសកាណាដា បារាំង ចក្រភពអង់គ្លេសនិងសហរដ្ឋអាមេរិក។ ចំណែកពិន្ទុរបស់ប្រទេសអាល្លឺម៉ង់និងជប៉ុន នៅទ្រឹង ទោះបីជាប្រទេសអ៊ីតាលី បានកើនមួយពិន្ទុក៏ដោយ។
ការវិភាគលទ្ធផលនៃរបាយការណ៍ដដែលនេះ រកឃើញថា ប្រទេសដែលមានប្រព័ន្ធបោះឆ្នោតនិងគណបក្សនយោបាយ បើកទូលាយឱ្យមានឥទ្ធិពលហួសហេតុនៃទឹកលុយពីក្រុមដែលចង់បានប្រយោជន៍ជាក់លាក់ណាមួយនោះ រឹតតែពិបាកប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនេះថែមទៀត។
របាយការណ៍នេះក៏បង្ហាញថា ប្រទេសដែលប្រយុទ្ធប្រឆាំងអំពើពុករលួយបានល្អប្រសើរ មានការអនុវត្តបទបញ្ញត្តិស្ដីពីហិរញ្ញវត្ថុសម្រាប់យុទ្ធនាការបោះឆ្នោត បានម៉ឺងម៉ាត់ជាងប្រទេសដែលខ្វះការអនុវត្តច្បាប់ ឬប្រទេសដែលគ្មានបទបញ្ញត្តិចែងអំពីហិរញ្ញវត្ថុសម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតតែម្ដង។
ដើម្បីកាត់បន្ថយអំពើពុករលួយនិងដើម្បីស្តាជំនឿទុកចិត្តខាងនយោបាយ របាយការណ៍របស់អង្គការតម្លាភាពអន្តរជាតិនេះ បានផ្ដល់អនុសាសន៍មួយចំនួនដល់រដ្ឋាភិបាលទាំងឡាយក្នុងពិភពលោក ដូចជាការផ្ដល់អំណាចដល់ពលរដ្ឋនិងការពារសកម្មជន អ្នកកាសែតនិងអ្នកលួចរាយការណ៍អំពីអំពើពុករលួយ (whistleblowers)ផងដែរ៕