ប្រាក់ឈ្នួលរបស់កម្មករក្នុងវិស័យកាត់ដេរនិងវាយនភណ្ឌត្រូវបានដំឡើងចំនួន ៤ ដុល្លារអាមេរិក ដែលកម្មករនឹងទទួលបានប្រាក់ឈ្នួល ២០៤ ដុល្លារក្នុងមួយខែ ចាប់ពីដើមឆ្នាំ ២០២៤។ នេះបើយោងតាមព័ត៌មានដែលបង្ហោះលើហ្វេសប៊ុករបស់នាយករដ្ឋមន្ត្រី។
បើតាមការ បង្ហោះនេះ តួលេខ ២០២ ដុល្លារជាលទ្ធផលបោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលទទួលបានសំឡេងបោះឆ្នោតខ្ពស់ជាងគេ។
លោក ហ៊ុន ម៉ាណែត បានបន្ថែម ២ ដុល្លារលើតួលេខនេះ ដើម្បីប្រាក់ឈ្នួលឡើងដល់ ២០៤ដុល្លារ។
លោក ហ៊ុន ម៉ាណែត បន្ថែមថា៖ «ការជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រួមទាំងបងប្អូនកម្មករនិយោជិត គឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។ ឈរលើមូលដ្ឋាននៃលទ្ធភាពជាក់ស្តែង ដែលរាជរដ្ឋាភិបាលអាចសម្រួលជូនទៅភាគីនិយោជក ខ្ញុំបានសម្រេចបន្ថែម ២ ដុល្លារទៅលើតួលេខ ២០២ ដុល្លារ ដែលជាលទ្ធផលបោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាខាងលើ»។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ទៀតថា រដ្ឋាភិបាលរបស់លោកនឹងបន្តជំរុញដល់ក្រសួងស្ថាប័ន អាជ្ញាធរពាក់ព័ន្ធពិនិត្យតាមដាន និងដាក់វិធានការបន្ថែម ដើម្បីពិនិត្យលទ្ធភាពកាត់បន្ថយបន្ទុកចំណាយរបស់កម្មករ។
គួរបញ្ជាក់ថា កាលពីឆ្នាំ ២០២៣ ប្រាក់ឈ្នួលរបស់កម្មករត្រូវបានដំឡើងចំនួន ៦ ដុល្លារ ដែលស្មើនឹង ២០០ ដុល្លារសហរដ្ឋអាមេរិកក្នុងមួយខែ គឺជាប្រាក់ឈ្នួលរបស់កម្មករបច្ចុប្បន្ននេះ៕