ភ្នំពេញ៖ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានប្រកាសថានឹងទៅឆ្លើយបំភ្លឺដោយផ្ទាល់មាត់អំពីរឿងព្រំដែនរវាងកម្ពុជា និងវៀតណាម អគ្គលេខាធិការដ្ឋានរដ្ឋសភាបានជូនដំណឹងថា នៅថ្ងៃព្រហស្បតិ៍ខាងមុខនេះរដ្ឋសភានឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៨របស់ខ្លួនដោយមានរបៀបវារះធំៗចំនួនបួនចំណុច ក៏ប៉ុន្តែរបៀបវារៈរឿងព្រំដែនរវាងកម្ពុជានិងវៀតណាមត្រូវបានចាត់ទុកថាជារបៀបវារៈយ៉ាងសំខាន់នៅក្នុងកិច្ចប្រជុំនោះ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនកាលពីសប្តាហ៍បានបញ្ជាក់ថា លោកនឹងទៅបំភ្លឺរឿងព្រំដែនរយៈពេលបួនម៉ោងនៅរដ្ឋសភាជាតិដើម្បីជម្រះមន្ទិលសង្ស័យដែលថា រដ្ឋាភិបាលរបស់លោកធ្វើឲ្យបាត់បង់ទឹកដី។
អ្នកជំនាញការព្រំដែនក្នុងប្រទេសបារាំងគឺលោកស៊ាន ប៉េងសែបានអះអាងថា លោកចង់បានចម្លើយពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែនលើបញ្ហាបីយ៉ាងគឺការមិនលុបសន្ធិសញ្ញាដែលមិនស្របនឹងសន្ធិសញ្ញា ទីក្រុងបារីស សន្ធិសញ្ញាដែលធ្វើឲ្យបាត់ព្រំដែនទឹក និងសន្ធិសញ្ញាដែលធ្វើឲ្យជនអន្តោប្រវេសន៍ចូលមកកម្ពុជា។ សន្ធិសញ្ញាទាំងនេះត្រូវគេដឹងថា ត្រូវបានរដ្ឋាភិបាលលោកហ៊ុន សែនចុះហត្ថលេខាក្នុងទសវត្សរ៍ឆ្នាំ១៩៨០។
លោកជាម យៀប សមាជិកសភាតំណាងរាស្ត្រខាងគណបក្សគ្រប់គ្រងអំណាចបាននិយាយថា នៅក្នុងរបៀបវារៈបួនចំណុច បញ្ហាការបោះបង្គោលព្រំដែនរវាងកម្ពុជានិងរៀតណាមត្រូវបានចាត់ទុកថាជាបញ្ហាចំបងនៅក្នុងកិច្ចប្រជុំនោះ។
«Public declaration គាត់បានធ្វើពីរបីដងហើយដែលលោកនឹងអញ្ជើញទៅសុំសភាមួយពេល។ មួយពេលហ្នឹងបួនម៉ោងយ៉ាងតិចដើម្បីឆ្លើយបំភ្លឺបីបួនបញ្ហា»។
ស្របពេលនឹងលោកនាយករដ្ឋមន្ត្រីហ៊ុន សែនដាក់គម្រោងទៅឆ្លើយបំភ្លឺនៅក្នុងរដ្ឋសភា ក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងបានសរសេរលិខិតមួយជួនលោកហេង សំរិនកាលពីថ្ងៃចន្ទដើម្បីស្នើសុំឲ្យមានការជជែកពិភាក្សាគ្នារវាងអ្នកតំណាងរាស្ត្រនិងតំណាងរដ្ឋាភិបាលលើការបោះបង្គោលព្រំដែនរវាងកម្ពុជានិងវៀតណាម។
លោកយឹម សុវណ្ណ អ្នកតំណាងរាស្ត្រគណបក្សប្រឆាំងបានបញ្ជាក់ថាពេលអនុវត្តកន្លងមកនៅក្នុងរដ្ឋសភាពេលតំណាងរដ្ឋាភិបាលមកឆ្លើយបំភ្លឺពាក់ព័ន្ឋនឹងបញ្ហាជាតិគឺគ្រាន់តែមកអានរបាយការណ៍តែប៉ុណ្ណោះដោយមិនបានបើកការពិភាក្សាដេញដោលគ្នាទេ។
លោកចង់ឲ្យមានរបៀបធ្វើការថ្មីពេលដែលតំណាងរដ្ឋាភិបាលមកឆ្លើយក្នុងរដ្ឋសភាអ្នកតំណាងរាស្ត្រត្រូវតែមានសិទ្ឋិសួរនាំ។
«នៅបញ្ហាមួយចំនួនដែលខ្លួនយល់ថាការឆ្លើយមិនទាន់ច្បាស់លាស់ដែលយល់ថាប្រជាពលរដ្ឋមិនទាន់ច្បាស់ក៏ដូចជាការបង្ហាញការពិតបន្ថែមទៀតរវាងស្ថាប័ននិតិបញ្ញត្តិនិងស្ថាប័ននិត្តិប្រតិបត្តិ»។
លោកឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាមិនអាចស្នើសុំការបំភ្នឺបានទេ។ ចំណែកឯលោកងួន ញិល អនុប្រធានរដ្ឋសភាត្រូវបានអ្នកលើកទូរសព្ទនិយាយថា លោកកំពុងជាប់រវល់។
«ឯកឧត្តមប្រធានលោកជាប់រវល់ហើយ ចុះមកមូលដ្ឋាននៅខេត្ត»។
លោកយឹម សុវណ្ណបានបញ្ជាក់ថា រដ្ឋសភាមិនទាន់បានឆ្លើយតបទៅនឹងលិខិតរបស់លោកនៅឡើយទេ។
លោកស៊ាន ប៉េងសែ ប្រធានគណៈកម្មាការព្រំដែនកម្ពុជានៅស្រុកបារាំង បានអះអាងថា លោកនឹងតាមឃ្លាំមើល ថាតើលោក ហ៊ុន សែននឹងបញ្ជាក់យ៉ាងណាពីបញ្ហាដែលរដ្ឋាភិបាលលោកមិនបានលុបចោលកិច្ច ព្រមព្រៀង ឬសន្ធិសញ្ញា ហើយមិនគោរពទៅតាមកិច្ចព្រមព្រៀងទីក្រុងបារីសឆ្នាំ១៩៩១ ដែលសរសេរច្បាស់លាស់ឲ្យធ្វើមោឃភាពរាល់សន្ធិសញ្ញាណាដែលប៉ះពាល់ដល់ បូរណភាពទឹកដីកម្ពុជា៕