ប្រទេសកម្ពុជា បានសម្រេចលើកពេលកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះនៅខែវិច្ឆិកាខាងមុខ ទៅធ្វើនៅឆ្នាំក្រោយវិញ ដោយលើកហេតុផលអំពីផលប៉ះពាល់នៃការរីករាលដាលជាសាកលនៃជំងឺកូវីដ១៩។
ការសម្រេចនេះ ធ្វើឡើងក្នុងកិច្ចប្រជុំរបស់ឧត្តមមន្ត្រីអាស៊ី-អឺរ៉ុបតាមប្រព័ន្ធវីដេអូកាលពីថ្ងៃទី២ និង៣ ខែកក្កដា ដែលដឹកនាំដោយមន្ត្រីជាន់ខ្ពស់កម្ពុជា។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាចេញផ្សាយកាលពីចុងសប្តាហ៍ បានសរសេរថា៖ «ដោយសារតែផលវិបាកអាក្រក់នៃការរីករាលដាលនៃជំងឺកូវីដ១៩ ឧត្តមមន្ត្រីទទួលបន្ទុកកិច្ចប្រជុំអាស៊ី-អឺរ៉ុបទាំងអស់បានបង្ហាញការឯកភាពប្រកបដោយស្មារតីយោគយល់និងគាំទ្រជាឯកច្ឆ័ន្ទ ចំពោះសំណើរបស់កម្ពុជាសុំលើកពេលរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣នេះ ទៅប្រព្រឹត្តនៅពាក់កណ្តាលឆ្នាំ២០២១វិញ»។
កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប គឺជាវេទិកាពិភាក្សានយោបាយដែលបង្កើតឡើងនៅឆ្នាំ១៩៩៦ ដោយមានដៃគូសន្ទនាចំនួន៥៣ចូលរួម រួមទាំងប្រទេសក្នុងតំបន់អាស៊ីចំនួន២១ និងតំបន់អឺរ៉ុបចំនួន៣០ និងលេខាធិការដ្ឋានអាស៊ានព្រមទាំងគណៈកម្មការអឺរ៉ុបផងដែរ។
កម្ពុជាបានគ្រោងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣នេះក្រោមមូលបទ«ការពង្រឹងពហុនិយមដើម្បីកំណើនរួមគ្នា» នៅរាជធានីភ្នំពេញចាប់ពីថ្ងៃទី១៦ដល់១៧ខែវិច្ឆិកាឆ្នាំ២០២០៕