អ្នកនាំពាក្យផ្លូវការរបស់រដ្ឋាភិបាលបានឲ្យដឹងនៅថ្ងៃសុក្រនេះថា ប្រទេសកម្ពុជាទទួលបានការគាំទ្រពីសហគមអន្តរជាតិឲ្យរៀបចំកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក នៅខែវិច្ឆិកាឆ្នាំ ២០១៩នេះ ក្នុងទីក្រុងភ្នំពេញ។
លោក ឯក ថា អនុប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលនិងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបាននិយាយក្នុងសេចក្តីប្រកាសព័ត៌មាននៅរសៀលថ្ងៃសុក្រនេះថាកិច្ចប្រជុំកំពូលអាស៊ី ប៉ាស៊ីហ្វិកនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៨ដល់ថ្ងៃទី ២១ ខែវិច្ឆិកា ខាងមុខ។
លោក ឯក ថា បញ្ជាក់ថា ប្រធានាធិបតី នាយករដ្ឋមន្ត្រី ប្រធានសភា ប្រធានព្រឹទ្ធសភា អតីតនាយករដ្ឋមន្ត្រី អតីតប្រធានាធិបតីមកពីប្រទេសចំនួន៥០ នឹងចូលរួមព្រឹត្តិការអន្តរជាតិនេះ។ ក្រៅពីនោះក៏មានក្រុមមន្ត្រីអ្នកមុខអ្នកការ សិល្បករ ក្រុមយុវជននិងវិស័យឯកជន មកពីប្រទេសចំនួន១៥០ ក៏នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប នេះដែរ។
កាលពីពេលថ្មីៗនេះ ប្រទេសកម្ពុជាបានស្នើសុំជំនួយពីប្រទេសចិនដើម្បីធានាដល់ការការពារសុវត្ថិភាពនិងសន្តិសុខ ក្នុងកិច្ចប្រជុំអន្តរជាតិធំៗនៅក្នុងប្រទេសដែលនឹងប្រព្រឹត្តិទៅនៅឆ្នាំ២០១៩ ឆ្នាំ២០២០ និងឆ្នាំ២០២៣៕