ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ប្រកាស​គាំទ្រ​កម្ពុជា​ឲ្យ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កិច្ច​ប្រជុំ​អាស៊ី​អឺរ៉ុប​ឆ្នាំ​២០២០


រូបឯកសារ៖ លោក Li Keqiang នាយករដ្ឋមន្ត្រី​ចិន​ (ឆ្វេង) ពិភាក្សា​ជាមួយ​លោក Wang Yi រដ្ឋមន្ត្រី​ការ​បរទេស​ចិន (កណ្តាល) ខណៈ​ដែល​លោក​និង​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ចូល​រួម​នៅ​ក្នុង​​ពិធី​បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប​នៅ​ទី​ក្រុង​អ៊ូឡង់បាទ័រ (Ulaanbaatar) ប្រទេស​ម៉ុងហ្គោលី កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា​ ឆ្នាំ​២០១៦។
រូបឯកសារ៖ លោក Li Keqiang នាយករដ្ឋមន្ត្រី​ចិន​ (ឆ្វេង) ពិភាក្សា​ជាមួយ​លោក Wang Yi រដ្ឋមន្ត្រី​ការ​បរទេស​ចិន (កណ្តាល) ខណៈ​ដែល​លោក​និង​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ចូល​រួម​នៅ​ក្នុង​​ពិធី​បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប​នៅ​ទី​ក្រុង​អ៊ូឡង់បាទ័រ (Ulaanbaatar) ប្រទេស​ម៉ុងហ្គោលី កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា​ ឆ្នាំ​២០១៦។

នៅ​ថ្ងៃ​សុក្រ​នេះ​ ​នាយក​រដ្ឋ​មន្ត្រី​ចិន​លោក​ ​លី ខឺឈាង​ ​(Li Keqiang)​ ​បាន​ប្រកាស​គាំទ្រ​កម្ពុជា​ ឲ្យ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប​លើក​ទី១៣​ ​ក្នុង​ឆ្នាំ​២០២០​ខាងមុខ​ ​និង​បាន​អបអរ​ដល់​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​លោក​ ​ហ៊ុន សែន​ ​ចំពោះ​ការ​«ជាប់ឆ្នោត​សា​ជា​ថ្មី​ម្ដង​ទៀត»។​ ​នេះ​បើ​យោង​តាម​ព័ត៌មាន​សង្ខេប​មួយ​ដែល​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ​ហ៊ុន សែន។​

លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ប៊ែលហ្ស៊ិក​ ​ជាទី​ដែល​លោក​បាន​ជួប​ជា​លក្ខណៈ​ទ្វេភាគី​ជាមួយ​លោក​ ​លី ខឺឈាង នាយករដ្ឋមន្ត្រី​ចិន​ ​និង​ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​ផ្សេងៗ​ទៀត​ ​នៅ​ក្រៅ​កិច្ច​ប្រជុំ​អាស៊ី-អឺរ៉ុប​លើក​ទី​១២ ដែល​កំពុង​ត្រូវ​បាន​ធ្វើ​ឡើង​ ​រយៈពេល​ពីរ​ថ្ងៃ​នៅ​ក្នុង​ទី​ក្រុង​ប្រ៊ុចសែល។

បើ​តាម​ព័ត៌មាន​បង្ហោះ​លើទំព័រ​ហ្វេសប៊ុក​របស់​លោក​ ​ហ៊ុន សែន​ ​កាលពី​ថ្ងៃ​សុក្រ​ក្នុង​ជំនួប​ទ្វេភាគី​នោះ​ ​លោក​ ​Li Keqiang​ ​បាន​ថ្លែង​អបអរសាទរ​លោក​ ​ហ៊ុន សែន​ ​ដែល​បាន​ជាប់ឆ្នោត​ជា​នាយក​រដ្ឋមន្ត្រី​សារ​ជា​ថ្មី​ម្ដង​ទៀត។

មេ​ដឹកនាំ​ចិនរូប​នេះ​ ​ក៏​បាន​ថ្លែង​បន្ថែម​ថា​ ​លោក​ចង់​ឃើញ​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​នៃ​ប្រ​ទេស​ទាំង​ពីរ​គឺ​កម្ពុជា-ចិន​ ​កាន់​តែ​បោះ​ជំហាន​ទៅ​មុខ​ខ្លាំងក្លា​ឡើង​ថែម​ទៀត។​ ​ចំណែក​លោក​ ​ហ៊ុន​ សែន​ ​បាន​លើក​ឡើង​នៅ​ចំពោះ​មុខលោក​ ​Li Keqiang​ ​«ពី​ការណ៍​ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប​លើក​ទី​១៣​ ក្នុង​ឆ្នាំ​ ​២០២០​ខាងមុខ​ ​ដែល​តាម​រយៈ​នោះ​ ​លោក​សូម​អញ្ជើញ​នាយក​រដ្ឋ​មន្ត្រី​ចិន ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​នោះ​ ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ»។

ទាក់​ទិន​ភាព​ជា​ម្ចាស់​ផ្ទះ​របស់​កម្ពុជា​ក្នុង​ការ​រៀបចំ​កិច្ច​ប្រជុំ​អាស៊ី​អឺរ៉ុប​លើក​ទី​១៣​ដដែល​នោះ​ នាយក​រដ្ឋ​មន្ត្រី​ចិន​លោក​ ​Li Keqiang​ ​បាន​ថ្លែង​ថា៖

«ចិនតែងតែ​គាំទ្រ​ប្រទេស​កម្ពុជា​ ពិសេស​ការ​គាំទ្រ​ដល់​កិច្ច​ប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប​លើក​ទី១៣​ក្នុង​ឆ្នាំ​២០២០​ ​ខាងមុខ​ ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ»។

លោក​ ​Li Keqiang​ ​បានបន្ត​ថា​ចិន​នឹង​បន្ត​គាំទ្រ​ដល់​ការនាំចូល​ផលិតផល​ពី​ប្រទេស​កម្ពុជា​ ​ទៅ​កាន់​ប្រទេស​ចិន​ជា​បន្ត​បន្ទាប់​ទៀត។

​ក្រៅ​ពី​នេះ​ ​ភាគី​ទាំងពីរ​ បាន​ឯកភាព​គ្នា​ក្នុង​ការ​ផ្លាស់ប្ដូរ​មតិ​ជុំវិញ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​និង​ពហុភាគី​ ​បញ្ហា​តំបន់​និង​អន្តរជាតិ​ ​ពិសេស​លើ​ទំនាក់​ទំនង​ចិន-អាស៊ាន​ ​ក្នុង​នោះ​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ ​បាន​ធ្វើ​ការ​ពិភាក្សា​ពី​ការ​នាំ​អង្ករ​ពី​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន​ ​ដែល​កន្លង​មក​ចិន​បាន​ផ្ដល់​កូតា​នាំ​ចេញ​អង្ករ​ពី​កម្ពុជា​ ​ទៅ​កាន់​ប្រទេស​ចិន​ចំនួន​៣០​ម៉ឺន​តោន។​ ​នេះ​បើ​យោង​តាម​ការ​រៀបរាប់​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ​ហ៊ុន សែន។

លោក​បណ្ឌិត​ ​ឈាង វណ្ណារិទ្ធិ​ ​អ្នកវិភាគ​និង​អ្នក​ស្រាវជ្រាវ​កិច្ចការ​តំបន់​ ប្រាប់​ ​VOA​ ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​របស់​កម្ពុជា​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប​ ​នៅ​ឆ្នាំ​២០២០​នោះ​ ​មាន​សារៈសំខាន់​ដល់​ប្រទេសកម្ពុជា​ ​ដែល​អាច​បើក​ផ្លូវ​ឲ្យ​ប្រទេស​នេះ​ មានលទ្ធភាព​ទប់​សម្ពាធ​របស់​សហភាព​អឺរ៉ុប​ និង​សហរដ្ឋ​អាមេរិក។​ ​

លោក​ថា​ការ​ប្រកាស​គាំទ្រ​របស់​ចិន​ ​ឲ្យ​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កិច្ច​ប្រជុំ​កំពូល​នោះ​ បញ្ជាក់​យ៉ាង​ច្បាស់​ថា​ ចិន​ត្រៀម​ខ្លួន​រួចរាល់​នៅ​ជាមួយ​កម្ពុជា​គ្រប់​កាលៈទេសៈ។

«ធ្វើ​ជា​ប្រធាន​ក្នុង​កិច្ចប្រជុំ​ ​ASEM​ ​ហ្នឹង​គឺ​មាន​សារៈសំខាន់​ណាស់​ដើម្បី​ផ្ដល់​នូវ​តួនាទី​ក៏​ដូច​ជា​ឱកាស​ដល់​កម្ពុជា​ ​ក្នុង​បរិបទ​ដែល​កម្ពុជា​កំពុង​តែ​ប្រឈម​នូវ​ហៅ​ថា​ការ​ដាក់​សម្ពាធ​ពី​សហរដ្ឋ​អាមេរិក​ និង​សហគមន៍​អឺរ៉ុប​ហ្នឹង។ អ៊ីចឹង ​ចិន​ចង់​បង្ហាញ​ថា​ ចិន​នៅ​ជាមួយ​កម្ពុជា​ជានិច្ច​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ​ បាទ»។

អ្នកវិភាគ​និង​ស្រាវជ្រាវ​កិច្ចការ​តំបន់​ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​សិង្ហបុរី​រូប​នេះ​ ​បាន​កត់​សម្គាល់​ឃើញ​ផង​ដែរ​ថា​ ​នឹង​មាន​ប្រទេស​នៅ​តំបន់​អាស៊ី​និង​អឺរ៉ុប​មួយ​ចំនួន​ក្នុង​នោះ​មាន​ប្រទេស​ជប៉ុន​ជាដើម​ ក៏​ផ្ដល់​ការ​គាំទ្រ​កម្ពុជា​ឲ្យ​រៀបចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប​នោះ​ ដែល​នឹង​ជួយ​លើក​មុខមាត់​ប្រទេស​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ផង​ដែរ។

​លោក​អះអាង​ថា​ ភាព​រកាំរកូស​រវាង​សហភាពអឺរ៉ុប​និង​កម្ពុជា​នឹង​មិន​អាច​បង្អាក់​ដំណើរ​កម្ពុជា ឲ្យ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​នេះ​បាន​ទេ ដោយសារ​តែ​ការ​ប្រជុំ​នោះ​ គឺ​ធ្វើ​ឡើង​ក្នុង​ការ​រក្សា​ទំនាក់​ទំនង​ពហុភាគី។

ពាក់ព័ន្ធ​នឹង​ការ​ទាមទារ​របស់​សហភាព​អឺរ៉ុប​ដែល​ចង់​ឲ្យ​មាន​ការ​កែលំអ​ស្ថានភាព​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ លោក​ ​ឈាង វណ្ណារិទ្ធ លើក​ឡើង​ថា​ ​រដ្ឋាភិបាលក្រុង​ភ្នំពេញ​ នឹង​មិនបន្ទន់​ជំហរ ធ្វើ​ទៅ​តាម​ការ​ចង់​បានរបស់​សហគមន៍​អឺរ៉ុប​នោះ​ឡើយ។

«ទំនាក់​ទំនង​កម្ពុជា​អឺរ៉ុប​នៅ​តានតឹង​ ប្រហែល​ជាត្រូវការ​រយៈពេល​យូរ​ដើម្បី​ ដោះស្រាយ​នូវ​បញ្ហា​តាន​តឹង​ហ្នឹង។​ ​ខ្ញុំ​គិត​ថា​ ​កម្ពុជា​នឹង​មិន​បោះ​ជំហាន​ ថយក្រោយ​ទេ​ ទាក់​ទង​ទៅ​នឹង​បញ្ហា​ដែល​សហគមន៍​អឺរ៉ុប​ទាមទារ​ហ្នឹង។​ ​ខ្ញុំ​គិត​ថា​កម្ពុជា​នឹង​មិន​ឆ្លើយ​តប​ទៅ​នឹង​អ្វី​ដែល​សហគមន៍​អឺរ៉ុប​ទាម​ទារ​នោះ​ទេ​ ពីព្រោះ​ថា​យើង​ឃើញ​ថា​ជំហរ​របស់​ថ្នាក់​ដឹកនាំ ​គឺ​មាន​ភាព​ម៉ឺងម៉ាត់​ច្រើន​ពី​បញ្ហា​ហ្នឹង»។​

រូបឯកសារ៖ លោក ឈាង វណ្ណារិទ្ធ​ អ្នកស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ ISEAS-Yusof Ishak ក្នុង​ប្រទេស​សិង្ហបុរី​ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​យោបល់​នៃ​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​យុទ្ធសាស្ត្រ​ ផ្តល់​បទសម្ភាសន៍​ជាមួយ VOA នៅក្នុងបន្ទប់ផ្សាយ​ ក្នុងរាជធានី​ភ្នំពេញ​។
រូបឯកសារ៖ លោក ឈាង វណ្ណារិទ្ធ​ អ្នកស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ ISEAS-Yusof Ishak ក្នុង​ប្រទេស​សិង្ហបុរី​ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​យោបល់​នៃ​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​យុទ្ធសាស្ត្រ​ ផ្តល់​បទសម្ភាសន៍​ជាមួយ VOA នៅក្នុងបន្ទប់ផ្សាយ​ ក្នុងរាជធានី​ភ្នំពេញ​។

នៅ​ពេល​ ​VOA​ ​សួរ​លោក​ថា​ ​អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​នយោបាយមួយ​ចំនួន​តែងតែ​បាន​បង្ហាញ​ពី​ការ​បារម្ភ​ អំពី​ហានិភ័យ​របស់​កម្ពុជា​ ដែល​កំពុង​ទោរទន់ខ្លាំង​ទៅ​រក​ប្រទេស​ចិន​នោះ​ លោក ​ឈាង វណ្ណារិទ្ធ​ បាន​កត់​សម្គាល់​ថា ការ​ខាត​ប្រយោជន៍​ឬ​យ៉ាង​ណា​ពី​ការ​រឹតចំណង​ជាមួយ​ចិន​នោះ​ គឺ​អាស្រ័យ​លើ​អភិបាលកិច្ច​ក្នុង​ប្រទេស។​

លោក​ថា​រដ្ឋាភិបាល​កម្ពុជា​ មិន​បាន​ពឹងផ្អែក​ទាំងស្រុង​លើ​ប្រទេស​ចិន​នោះ​ឡើយ។

លោក​មាន​ប្រសាសន៍​ថា៖​

«កន្លង​ទៅ​ហ្នឹង​វា​មាន​បញ្ហា​ច្រើន​ ទាក់ទង​ទៅ​នឹង​ភ្ញៀវ​ទេសចរ​ចិន​ អ្នក​វិនិយោគ​ចិន​ ជាដើម​នៅ​កម្ពុជា​ ហើយ​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​យើង​មាន​ការ​ថ្នាំងថ្នាក់ ហើយ​មិន​ពេញចិត្ត​នឹង​ចិន​ច្រើន។​ ក៏ប៉ុន្តែ​បើ​យើង​មើល​ជា​ទិដ្ឋភាព​នៃ​គោលនយោបាយ​ការបរទេស​ គឺ​កម្ពុជា​ មិនមែន​ដាក់​ពង​ទា​ទាំង​អស់​នៅ​ក្នុង​កន្ត្រក​តែ​មួយ​នៅ​ក្នុង​ប្រទេស​ចិន​ហ្នឹង​ទេ គឺ​កន្លង​ទៅ​ឃើញ​ថា​ ខំ​ប្រឹង​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​នឹង​ប្រទេស​ជប៉ុន​ និង​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត​នៅ​ក្នុង​អាស៊ី​ហ្នឹង។ អ៊ីចឹង​ទេ​ អា​ហ្នឹង​គឺ​ជាយុទ្ធសាស្ត្រ​ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​កម្ពុជា​មាន​ ហៅថា​ឯករាជ្យ​ ក៏​ដូច​ជា​ ​Balances​ ​ដើម្បី​ឲ្យ​មាន​តុល្យភាព​នៃ​ទំនាក់​ទំនង​ការបរទេស​របស់​ខ្លួន​ ជាពិសេស​រវាង​ចិន​ និង​ជប៉ុន​ហ្នឹង ​បាទ»។

ក្រៅពី​ជំនួប​ទ្វេភាគី​ជាមួយ​នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​ចិន​ លោក​ ​ហ៊ុន សែន​ ក៏បាន​ជួប​ជាមួយ​ឥស្សរជន​នៃ​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត។​ ​នៅ​ថ្ងៃ​សុក្រ​នេះ​ដែរ​ ​លោក​ក៏​បាន​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​លោក​ ​ដិមិទ្រី មីតដ្វេដែវ​ ​(Dmitry Medvedev)​ ​នាយក​រដ្ឋ​មន្ត្រី​រុស្ស៊ី​ ​ដែល​បាន​សន្យា​ថា​ ​រុស្ស៊ី​ នឹង​ប្រើប្រាស់​បំណុល​ដែល​កម្ពុជា​ជំពាក់​ខ្លួនសម្រាប់​ជា​ការ​វិនិយោគ​នៅ​កម្ពុជា​ ​ដែល​នោះ​គឺជា​អាទិភាព​ដ៏​ល្អ​សម្រាប់​កម្ពុជា​ដែល​រុស្ស៊ី​ចង់​ជួយ។​ ​

លោក​ ​ហ៊ុន សែន​ ​ក៏បាន​ជួប​ពិភាក្សា​ជាមួយ​អ្នកស្រី​ ​ហ្វែដឺរីកា មូហ្គេរីនី​ ​(Federica Mogherini)​ ​អនុប្រធាន​គណៈកម្មការ​អឺរ៉ុប​ ​ទទួល​បន្ទុក​ការ​បរទេស​ ​និង​គោល​នយោបាយ​សន្តិសុខ។​ ​នេះ​បើ​តាម​ព័ត៌មាន​សង្ខេប​ដែល​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ​ហ៊ុន សែន។

​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ​ហ៊ុន សែន​ ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ក្នុង​ជំនួប​ជាមួយលោក​ហ៊ុន សែន​ អ្នក​ស្រី​ហ្វែដឺរីកា​ ​បាន​ធ្វើ​ការ​ផ្លាស់ប្ដូរ​មតិ​ ​ក្នុង​ការ​ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ​គ្នា​លើ​គ្រប់​វិស័យ​រវាង​កម្ពុជា និង​សហភាព​អឺរ៉ុប។​

​លោក ហ៊ុន​ សែន​បាន​កត់​សម្គាល់​នូវ​ការ​ពេញ​ចិត្ត​អំពី​វឌ្ឍនភាព​ដែល​កម្ពុជា​ និង​សហភាព​អឺរ៉ុប​ ​សម្រេច​បាន​ក្នុង​រយ:ពេល​កន្លង​មក​ ​បើ​ទោះ​បី​ជា​មាន​បញ្ហា​កើត​ឡើង​ក្នុង​ពេល​ថ្មីៗ​នេះ​ក៏​ពិតមែន។​

​នៅ​ពេល​ប្រទេស​កម្ពុជា​ កំពុង​មាន​ទំនាក់ទំនង​ស្អិតល្មួត​ជាមួយ​ចិន​ ​និង​មានភាព​ប្រទាំង​ប្រទើស​រវាង​គ្នា​និង​គ្នា​ ​ក្នុង​បញ្ហា​សិទ្ធិ​មនុស្ស​ ​និង​ប្រជាធិបតេយ្យ​ជាមួយ​សហគមន៍​អឺរ៉ុបនោះ​ ​ការិយាល័យ​ធនាគារ​ពិភព​លោក​ កាល​ពី​ដើម​ខែ​តុលា​នេះ​ ​បាន​ព្រមាន​ថា​ ​ការ​សើរើ​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​លើ​ទំនិញ​កម្ពុជា​ចូល​ទៅ​កាន់​ទីផ្សារ​ប្រទេស​ជឿនលឿន​ នឹង​បង្ក​ហានិភ័យ​ជា​ចម្បង​ដល់​កំណើន​សេដ្ឋកិច្ច​ប្រទេស​នេះ។

​ធនាគារ​ពិភព​លោក​ ក៏​បាន​សង្កត់​ធ្ងន់​ថា​ការ​ចុះ​ថមថយ​នៃ​សន្ទុះ​កំណើន​សេដ្ឋកិច្ចចិន ក៏​អាច​នឹង​បង្ក​ហានិភ័យ​ធំ​មួយ​ដល់​សេដ្ឋកិច្ច​កម្ពុជា​ផង​ដែរ។

ធនាគារ​ពិភពលោក​បាន​លើកឡើង​ថា​ ការ​ស្រុត​ចុះ​គំហុក​ណាមួយ​ក្នុង​សេដ្ឋកិច្ច​នៃ​ប្រទេស​ចិន​ អាច​ធ្វើ​ឲ្យ​ធ្លាក់​ទឹកចិត្ត​ខ្លាំង​ ​ក្នុង​ទស្សនវិស័យ​ ​ស្ដីពី​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា។​ ​ធនាគារ​នេះ​ បាន​បន្ថែម​ថា​ក្នុង​សេណារីយោ​ ​ដែល​សេដ្ឋកិច្ច​ចិន​ធ្លាក់​ចុះ​គំហុក​ខ្លាំង​ កម្ពុជា​នឹង​រង​នូវ​ការ​ធ្លាក់​ចុះ​នៃ​ចំនួន​មក​ដល់​របស់​ភ្ញៀវ​ទេសចរ​ និង​ការ​ធ្លាក់​ចុះ​វិនិយោគ​បរទេស​ដោយ​ផ្ទាល់​ ដោយ​ធ្វើ​ឲ្យ​មាន​ឧបសគ្គ​ដល់​កំណើន​សេដ្ឋកិច្ច៕​

អត្ថបទ​ទាក់ទង

XS
SM
MD
LG