ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រាក់ខែ​គោល​របស់​កម្មករ​ឡើង​ដល់​១២៨​ដុល្លារ តែ​មិន​ទាន់​គ្រប់​សម្រាប់​កម្មករ​នៅ​ក្នុង​ទីក្រុង


ស៊ីន ដា (ឆ្វេង) ចាកចេញ​ពី​ខេត្តព្រៃវែង​ប្រមាណជា​មួយ​ឆ្នាំ​មុន ដើម្បី​មក​ធ្វើ​ជា​កម្មករ​រោងចក្រ​នៅ​រាជធានី​ភ្នំពេញ​ដូច​បង​ប្អូន​របស់​នាង​ដែរ។
ស៊ីន ដា (ឆ្វេង) ចាកចេញ​ពី​ខេត្តព្រៃវែង​ប្រមាណជា​មួយ​ឆ្នាំ​មុន ដើម្បី​មក​ធ្វើ​ជា​កម្មករ​រោងចក្រ​នៅ​រាជធានី​ភ្នំពេញ​ដូច​បង​ប្អូន​របស់​នាង​ដែរ។

កម្មករ​រោងចក្រ​និយាយ​ថា​ ប្រាក់ខែ​អប្បរមា​ដែល​ចាប់​មាន​ប្រសិទ្ធភាព​ចាប់​ពី​ថ្ងៃ​ទី​១​ខែ​មករា​នេះ ​គ្រាន់​តែ​អាច​ជួយ​សំរាល​ជីវភាព​របស់​ពួក​គាត់​បាន​បន្តិច​បន្តួច​ប៉ុណ្ណោះ។ ប្រាក់​ខែ​អប្បរមា​ដែលឡើង​ដល់​១២៨ ដុល្លារ​ស.រ.អា. ទាប​ជាង​ការ​ទាម​ទារ​របស់​សហជីព​៣០%​ពី​១៧៧​ដុល្លារ​ស.រ.អា. ​បន្ទាប់​ពី​ការ​ចរចា​ឡើង​ប្រាក់​ខែ​កាល​ពី​ឆ្នាំ​មុន។​

អង្គុយ​នៅ​ក្នុង​បន្ទប់​តូច​មួយ​ទំហំប្រហែល​៣​ម៉ែត្រ​ការ៉េ​ អ្នកស្រី​អន​ថន ​អាយុ​៤៥​ ឆ្នាំ​ដែល​ជា​កម្មករ​រោងចក្រ​ បាន​មាន​ប្រសាសន៍​ថា​ គាត់​នៅ​តែ​មាន​ការ​លំបាក​យ៉ាង​ខ្លាំង​ក្នុង​ការ​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ ​បើ​ទោះ​ជា​មាន​ការ​ដំឡើង​ប្រាក់​ខែ​ក៏​ដោយ។

អ្នក​ស្រី​និយាយ​ថា៖​ «នៅ​តែ​ពិបាក​ក្នុង​ការ​រស់​នៅ»។

អ្នកស្រី​បន្ថែម​ថា៖​ «យើង​ត្រូវ​ខ្ចី​លុយ​គ្នា​ទៅ​វិញ​ទៅ​មក​ ហើយ​បង្វិល​សង​វិញ​ នៅ​ពេល​យើង​មាន​លុយ»។​

បន្ថែម​ពី​នោះ​ អ្នក​ស្រី​ក៏​មាន​ការ​បារម្ភ​ផង​ដែរ​អំពី​ការ​ធ្លាក់​ចុះ​នៃ​ការ​បញ្ជា​ទិញ​និង ​ការ​ធ្វើ​ការ​ថែម​ម៉ោង​ ដែល​មាន​ការ​ធ្លាក់​ចុះ​បន្ទាប់​ពី​មាន​ការ​តវ៉ា​កាល​ពី​ឆ្នាំ​មុន។​

ដូច​គ្នា​នឹង​កម្មករ​ផ្សេងៗ​ទៀត​ដែរ​ អ្នកស្រី​អន​ ថន​ចំណាយភាគ​ច្រើន​ទៅ​លើ​ថ្លៃ​ជួល​ផ្ទះ​ ប្រហែល​ជា​៧០​ដុល្លារ​ក្នុង​មួយ​ខែ​ បន្ថែម​ទៅ​លើ​ការ​ចំណាយ​ថ្លៃ​ទឹក​និង​ថ្លៃ​ភ្លើង​ ដែល​ធ្វើឲ្យប្រាក់​ខែ​របស់​គាត់​នៅ​សល់​តិចតួច​សម្រាប់ការ​ចំណាយផ្សេងៗទៀត។​

អ្នក​ស្រី​បាន​ប្រាប់​អំពី​កង្វល់​របស់​អ្នកស្រីយ៉ាង​ដូចច្នេះ​ថា៖​«ខ្ញុំខ្លាច​តែ​ឈ្នួល​ផ្ទះ​ឡើង​ថ្លៃ​ទេ»។​

គាត់​បន្ថែម​ថា៖​ «ខ្ញុំមិន​ដឹង​ថា​ ទៅ​ណា​ទេ»។​

ថ្លៃ​អាហារ​ក៏​ជា​កង្វល់​ដ៏​ធំ​មួយ​ដែរ។​

អ្នកស្រី​អន ​ថន​ចំណាយ​លុយ​១៥០០​រៀល​ទិញ​ស្ពៃ​ និង​៤០០០​រៀល​ទិញ​ឆ្អឹង​ជំនឺ​ជ្រូក​ពី​ខាំ​ ដែល​គ្រប់គ្រាន់​សម្រាប់ធ្វើ​ស៊ុប​សម្រាប់មនុស្ស​ ៤​នាក់។​

អ្នកស្រី​បាន​មាន​ប្រសាសន៍​ថា៖​«ខ្ញុំ​មិន​ដែល​ញ៉ាំ​ចំណី ឬ​បង្អែម»។​

អ្នកស្រី​បន្ថែម​ថា៖​«ខ្ញុំ​ហូប​តែ​បាយ​ថ្ងៃ ​ចំណីអត់​ញ៉ាំ​ទេ​ សន្សំ​លុយ។ប្រាក់​ខែ​អត់​ដែល​គ្រប់។​ ញ៉ាំ​តែ​បាយ​ ចំណី​អត់​ដែល​ញ៉ាំ» ។​

អ្នក​ស្រី​អន ​ថន​មាន​ប្រសាសន៍​ថា​ ការ​កើន​ឡើង​ប្រាក់​អប្បបរមា​អាច​ជួយ​ពួក​គាត់​បាន​បន្តិច​បន្តួច​ ពីព្រោះ​ការងារ​ថែម​ម៉ោង​មាន​តិច​តួច។​ អ្នក​ស្រី​អាច​រក​កម្រៃ​បាន​១៧០​ដុល្លារ​ពី​ការងារ​ថែម​ម៉ោង​ ជា​ចំនួន​ប្រាក់​ដែល​អ្នក​ស្រី​អាច​រស់​នៅ​បាន។ ​ការ​តវ៉ា ​និង​ការ​មិន​ពេញ​ចិត្ត​ផ្សេងៗ​ទៀត​ រួម​ទាំង​ការ​តវ៉ា​នៅ​ក្នុង​ខែ​មករា​ ដែល​បណ្តាល​ឲ្យមនុស្ស​៥​នាក់​ស្លាប់​នៅ​ក្នុង​ការ​បង្ក្រាប​របស់​រដ្ឋាភិ​បាល​ទៅ​លើ​ការ​តវ៉ា​ បាន​បណ្តាល​ ឲ្យការ​បញ្ជា​ទិញ​មាន​ការ​ធ្លាក់​ចុះ។​

អ្នក​ស្រី​មាន​ប្រសាសន៍​ថា៖​«ពី​មុន​ខ្ញុំធ្វើការ​ថែម​ម៉ោង​រហូត​ដល់​ម៉ោង​៨​កន្លះ»។​

អ្នក​ស្រី​អន​ ថន​បាន​បន្ថែម​ថា៖​«ឥឡូវ​អត់​មាន​ខោ​អាវ​ដេរ។ ​ឆ្នាំ​នេះ ​ខ្ញុំ​អត់​បាន​ធ្វើ​ការ​ថែម​ម៉ោង​ទេ»។​

លោក​អាត់ ​ធន​ ប្រធាន​សម្ព័ន្ធ​សជីព​ប្រជា​ធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​បាន​ និយាយ​ថា​ អ្នក​ទិញ​មិន​ដឹង​ច្បាស់​ពី​ស្ថានភាព​កម្លាំងពលកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​ទេ។ ​លោក​មាន ប្រសាសន៍​ថា​ កម្មករ​រោង​ចក្រ​អាច​រស់​នៅ​បាន​ជាមួយ​ប្រាក់​ខែ​អប្បបរមា​១២៨​ដុល្លារ​ លុះត្រា​តែ​តម្លៃ​សាំង​ និង​អាហារ​ធ្លាក់​ចុះ។​

លោក​អាត់​ ធន​មាន​ប្រសាសន៍​ថា៖​«ប្រសិន​បើ​រដ្ឋាភិបាល​អាច​ធ្វើ​ឲ្យ​ តម្លៃ​អាហារ​ធ្លាក់​ចុះ ​ប្រាក់​នេះ​អាច​គ្រប់គ្រាន់»។​

លោក​អាត់​ ធន​បាន​បន្ថែម​ថា៖​«ប្រសិន​បើថ្លៃ​សាំង​ធ្លាក់​ចុះ​នៅ​ក្នុង​តម្លៃ​៣០០០​រៀល​ក្នុង​មួយ​លីត្រ ​ហើយ​តម្លៃ​អង្ករ​ និង​សាច់​ត្រី​ធ្លាក់​ចុះ​៥០% នោះ​វា​អាច​ឲ្យពួក​គាត់​អាច​រស់​នៅ​បាន»។​

វិស័យ​កាត់​ដេរ​គឺ​ជា​វិស័យ​ចម្បង ដែល​ជំរុញ​សេដ្ឋកិច្ច​ប្រទេស​ ហើយ​ផ្តល់​ការងារ​ដល់​កម្មករ​ប្រហែល​៦០០.០០០​នាក់​ ដែល​ភាគ​ច្រើន​ជា​ស្ត្រី​វ័យ​ក្មេង​មក​ពី​តំបន់​ជនបទ​ក្រីក្រ។​

បង​ប្អូន​ស្រី​ស៊ីន​ ដា ​និង​ស៊ីន​ ល័ក្ខ​ឈប់​រៀន​ និង​បាន​ចាក​ចេញ​ពី​ឪពុក​ម្តាយ​របស់​ពួក​គាត់​មក​ធ្វើ​ការ​ជា​មួយ​បង​ប្អូន​ពីរ​នាក់​ទៀត​ក្នុង​រោងចក្រ​នៅ​ក្នុង​ខណ្ឌ​ពោធិសែនជ័យ។ ​ពួក​គាត់​ព្យាយាម​សន្សំ​សំចៃ​ការ​ចំណាយ។​

ស៊ីន​ ដា​ អាយុ​២០​ឆ្នាំ​ បាន​និយាយ​ថា​ គាត់​ចំណាយលុយ​២០០០​រៀល​ទិញលៀស​៤​កំប៉ុង៖ ​«យើង​មាន​លៀស​បួន​កំប៉ុង​ថ្ងៃ​នេះ»។​

ស៊ីន​ ដា​បន្ថែម​ថា៖​«វា​គ្រប់គ្រាន់​សម្រាប់យើង​បួន​នាក់»។​

ស៊ុន ​ល័ក្ខ​ អាយុ​១៨​ឆ្នាំ​ បាន​និយាយ​ថា​ គាត់​មិន​ដែល​ញ៉ាំ​អាហារ​ពេល​ព្រឹកទេ​ ហើយ​គាត់​ចំណាយ​២០០០​រៀល​សម្រាប់អាហារ​ថ្ងៃ​ត្រង់។​

ការ​រស់​នៅ​បែប​នេះ​អាចឲ្យបង​ប្អូន​ទាំង​បួន​នាក់ផ្ញើរ​លុយ​៣០០​ដុល្លារ​ក្នុង​មួយ​ខែ​ទៅ​ឪពុក​ម្តាយ​របស់​ពួក​គាត់។​

ការ​រស់នៅ​របៀប​នេះ​ក៏​បណ្តាល​ឲ្យពួក​គាត់​ជួប​ផល​លំបាក​ដែរ។

កម្មករ​រោងចក្រ​ទិញ​ម្ហូប​អាហារ​នៅ​តាម ផ្លូវ​វេងស្រេង​ក្រោយ​ម៉ោង​ធ្វើការ។
កម្មករ​រោងចក្រ​ទិញ​ម្ហូប​អាហារ​នៅ​តាម ផ្លូវ​វេងស្រេង​ក្រោយ​ម៉ោង​ធ្វើការ។

ការ​សិក្សា​ថ្មីៗ​នេះ​បាន​បង្ហាញ​ថា ​បញ្ហា​សុខភាព​ ​កង្វះ​អាហារ​រូបត្ថម្ភ​ ក្នុង​ចំណោម​កម្មករ​រោង​ចក្រ​បណ្តាល​ឲ្យពួក​គាត់​ត្រូវ​ប្រឈម​នឹង​ការ​ដួល​សន្លប់។​

លោក​ប៉ាវ​ ស៊ុណា​ ប្រធាន​សហជីព​សហព័ន្ធ​ចលករ​ខ្មែរ​ បាន​មាន​ប្រសាសន៍​ថា ​កម្មករ​រោង​ចក្រ​ត្រូវ​ការ​ លុយ​យ៉ាង​ហោច​ណាស់​១៥០​ ដុល្លារ​ក្នុង​មួយ​ខែ​ដើម្បី​រស់​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។ ​ប៉ុន្តែ​ប្រាក់​ខែ​អប្បបរមា​ឡើង​មិន​ដល់​កម្រិត​នោះ​ទេ ​ដែល​ធ្វើឲ្យជីវិត​ពួក​គាត់​ពិបាក។​

លោក​ប៉ាវ​ ស៊ុណា​បាន​មាន​ប្រសាសន៍​ថា៖​ «ក្រុម​ប្រឹក្សា​ការ​ងារ​បាន​រក​ឃើញ​ថា​ គេ​ត្រូវ​ការ​ប្រាក់​ខែ​ពី​១៥៧​ទៅ​១៧៧​ដុល្លារ​សម្រាប់មនុស្ស​ម្នាក់​ដើម្បី​ អាច​រស់​សម​រម្យ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ»។​

លោក​ប៉ាវ ​ស៊ុណា​បាន​បន្ត​ថា៖​«យើង​ចង់​បាន​ប្រាក់​ខែ​គោល​ពី​១៥០​ទៅ​១៦០​ដុល្លារ​ក្នុង​មួយ​ខែ»។​

ទោះបី​ជា​យ៉ាង​នេះ​ក៏​ដោយ​ អ្នក​ធ្វើ​ការ​ក្រៅ​ទីក្រុង​ភ្នំពេញ​ខ្លះ​មាន​ការ​ពេញ​ចិត្ត​នឹង​ប្រាក់​ខែ​អប្បបរមា​នេះ។​

លោក​ពុំ​ សុគន្ធា​ កម្មករ​រោងចក្រ​នៅ​ខេត្ត​ស្វាយរៀង​ គិត​ថា​ រូបលោក​មាន​សំណាង​ដែល​ប្រាក់​ខែ​គោល​របស់​គាត់​កើន​ឡើង។​ គាត់​មិន​បារម្ភ​ពី​ប្រាក់​ត្រូវ​បង់​ថ្លៃ​ឈ្នួល​ផ្ទះ​ទេ ​ព្រោះ​គាត់​អាច​រស់​នៅ​ជាមួយ​គ្រួសារ​របស់​គាត់​បាន​នៅ​ក្នុង​ខេត្ត​ស្វាយ​រៀង។ ​លោក​ពុំ​ សុគន្ធា​អាច​សល់​ប្រាក់​បាន​ប្រហែល​៧៥​ដុល្លារ​ក្នុង​មួយ​ខែ។​

លោក​មាន​ប្រសាសន៍​ថា៖​«ប្រសិន​បើ​យើង​បូក​នឹង​ប្រាក់​អត្ត​ប្រយោជន៍​ផ្សេងៗ​ទៀត ​និង​ប្រាក់​ថែម​ម៉ោង​ ប្រាក់​ខែ​មាន​ភាព​ប្រសើរ​ជាង​ឆ្នាំ​២០១៤»។​

ប្រាក់​ខែ​អប្បបរមា​មិន​គ្រប់គ្រាន់​សម្រាប់កម្មករ​រោង​ចក្រ​ភាគ​ច្រើន​នៅ​ក្នុង ​និង​ជុំវិញ​ទីក្រុង​ភ្នំពេញ​ទេ។​

អ្នកស្រី​អន​ ថន​ ​ជា​កម្មករ​រោងចក្រ​ ដែល​មានកូន​ក្នុង​បន្ទុក​ផងនោះ​ បាន​ខ្ចី​ប្រាក់​បង​ប្អូន​របស់​គាត់​ចំនួន​១.០០០​ដុល្លារ​ ហើយ​កម្រ​នឹង​ផ្ញើរ​ប្រាក់​ទៅ​ផ្ទះ​ដើម្បី​ផ្គត់ផ្គង់​ម្តាយ​ និង​ម្តាយ​មីង​របស់​គាត់​ទេ។​

អ្នក​ស្រី​អន​ ថន​បាន​និយាយ​ថា៖​ «ពិបាក​ណាស់»។

គាត់​បាន​បន្ថែម​ថា៖​«ខ្ញុំត្រូវ​គិត​ពី​ជីវិត​នៅ​ទី​នេះ​ ​និង​នៅ​ទី​នោះ។ ខ្ញុំ​ប្រហែល​ជា​ត្រូវ​ត្រឡប់​ទៅ​ផ្ទះ​រក​ស៊ី​បន្តិច​បន្តួច​ដើម្បី​ចិញ្ចឹម​កូន»៕

ដោយសារប្រាក់​ខែ​កម្មករ​ដែល​ឡើង​ត្រឹម​១២៨​ដុល្លារ​មិន​អាច​ទប់ទល់​នឹង​ចំណាយ​ក្នុង​ទីក្រុង​បាន ​ដូច្នេះ​ការ​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់​កម្មករ​ អាច​នឹងធ្វើ​ឲ្យ​វិស័យ​កាត់​ដេរ​ដែល​ជា​ប្រភព​ប្រាក់​ចំណូល​ធំ​បំផុត​របស់​ប្រទេស​កម្ពុជានេះ​ អាចនឹងស្រុតចុះ៕

XS
SM
MD
LG