ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​គង់ វិបុល​​អះអាង​ថា​ជំនួយ​អាមេរិកាំង​បាន​ចប់​មុន​ទណ្ឌកម្ម​


រូប​ឯកសារ៖ កាសែត​ The Cambodia Daily ចុះផ្សាយ​អត្ថបទ​ «លោក ហ៊ុន សៃន​​ ព្រមាន​ឲ្យ​ [កាសែត​ The Cambodia Daily] វេចបង្វិច​ បើសិន​មិន​បង់ពន្ធ» ដាក់​លក់​នៅតូប​កាសែត​មួយ​ ក្នុង​រាជធានី​ភ្នំពេញ​ នៅថ្ងៃទី២៣​ ខែសីហា​ ឆ្នាំ២០១៧។ នាពេលថ្មីៗ​នេះ​ រដ្ឋាភិបាល​តម្រូវ​ឲ្យ​កាសែត​ The Cambodia Daily បង់ពន្ធ​ចំនួន​ជាង​៦លាន​ដុល្លារ​អាមេរិក​ ដែល​កាសែត​នេះ​ខកខាន​មិនបាន​បង់ជូន​រដ្ឋ​តាំងពី​ឆ្នាំ២០០៧។ (ហ៊ាន សុជាតា/VOA)
រូប​ឯកសារ៖ កាសែត​ The Cambodia Daily ចុះផ្សាយ​អត្ថបទ​ «លោក ហ៊ុន សៃន​​ ព្រមាន​ឲ្យ​ [កាសែត​ The Cambodia Daily] វេចបង្វិច​ បើសិន​មិន​បង់ពន្ធ» ដាក់​លក់​នៅតូប​កាសែត​មួយ​ ក្នុង​រាជធានី​ភ្នំពេញ​ នៅថ្ងៃទី២៣​ ខែសីហា​ ឆ្នាំ២០១៧។ នាពេលថ្មីៗ​នេះ​ រដ្ឋាភិបាល​តម្រូវ​ឲ្យ​កាសែត​ The Cambodia Daily បង់ពន្ធ​ចំនួន​ជាង​៦លាន​ដុល្លារ​អាមេរិក​ ដែល​កាសែត​នេះ​ខកខាន​មិនបាន​បង់ជូន​រដ្ឋ​តាំងពី​ឆ្នាំ២០០៧។ (ហ៊ាន សុជាតា/VOA)

កាល​ពី​ថ្ងៃ​អង្គារ ​សេតវិមាន​បាន​ប្រកាស​កាត់​បន្ថយ​ឬ​ព្យួរ​ជំនួយ​ទៅ​ប្រទេស​កម្ពុជា​ក្នុង​នោះ​មាន​ជំនួយ​យោធា​ រដ្ឋបាល​មូលដ្ឋាន និង​អគ្គនាយកដ្ឋាន​ពន្ធដារ​ដោយ​លើក​ឡើង​ថា ​ស្ថាប័ន​ទាំង​នេះ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ធ្វើ​ឱ្យ​ធ្លាក់​ចុះ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។

អគ្គនាយក​រដ្ឋ​ពន្ធដារ​កម្ពុជា​បាន​លើក​ឡើង​ថា ​ខ្លួន​មិន​បានធ្វើ​ទុក្ខបុកម្នេញ​អង្គការ​សង្គមស៊ីវិល​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា​ទេ​ ហើយ​ការពារ​សកម្មភាព​កន្លង​មក​របស់​ខ្លួន​ថា​ គឺ​ជា​ការ​ប្រមូល​ពន្ធ​តាម​ច្បាប់​ប៉ុណ្ណោះ។

នៅ​ក្នុង​សេចក្តី​បំភ្លឺ​ជា​សាធារណៈ​មួយ​កាល​ពី​ថ្ងៃ​សុក្រ​ ស្ថាប័ន​ប្រមូល​ពន្ធ​មួយ​នេះ​បាន​បញ្ជាក់​ថា​ការ​កាត់​ផ្តាច់​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​មក​កម្ពុជា​មិន​ប៉ះពាល់​នឹង​សកម្មភាព​របស់​ខ្លួន​ទេ​ដោយ​សារ​តែ​គម្រោង​ដែល​ក្រសួង​រតនាគារ​អាមេរិកាំង​បាន​ឧបត្ថម្ភ​បាន​ចប់​សព្វគ្រប់​តាំងពី​ដំណាច់​ឆ្នាំ​២០១៦​ម្ល៉េះ។

សេចក្តី​បំភ្លឺ​នោះ​បាន​បន្ថែម​ថា៖

«ការ​លើក​ឡើង​ថា ​អគ្គនាយកដ្ឋាន​ពន្ធដារ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ទៅលើ​អង្គការ​សង្គម​ស៊ីវិល​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា​គឺ​ជា​ការ​ចោទប្រកាន់​បង្ខូច​មក​លើ​ស្ថាប័ន​រដ្ឋ​មួយ​នេះ​ក៏ដូចជា​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា​ដោយ​មិន​ឈរ​លើ​មូលដ្ឋាន​ការពិត​នោះ​ឡើយ‍»។​

កាល​ពី​ថ្ងៃ​អង្គារ ​សេតវិមាន​បាន​ប្រកាស​កាត់​បន្ថយ​ឬ​ព្យួរ​ជំនួយ​ទៅ​ប្រទេស​កម្ពុជា​ក្នុង​នោះ​មាន​ជំនួយ​យោធា​ រដ្ឋបាល​មូលដ្ឋាន និង​អគ្គនាយកដ្ឋាន​ពន្ធដារ​ដោយ​លើក​ឡើង​ថា ​ស្ថាប័ន​ទាំង​នេះ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ធ្វើ​ឱ្យ​ធ្លាក់​ចុះ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ការ​សម្រេច​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ហ៊ុន សែន​ បាន​ឈ្នះ​អាសនៈ​ព្រឹទ្ធសភា​ទាំង​៥៨​ ហើយ​សហរដ្ឋ​អាមេរិក​ចាត់​ទុក​ថា​«មិន​បាន​តំណាង​ឱ្យ​ឆន្ទៈ​ពិត​ប្រាកដ​របស់​ពលរដ្ឋ​កម្ពុជា‍» ពី​ព្រោះ​គណបក្ស​កាន់អំណាច​បាន​រំលាយ​គណបក្ស​សង្គ្រោះជាតិ​នៅ​មុន​ពេល​បោះឆ្នោត។​

លិខិត​របស់​លោក ​William Heidt ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ជម្រាប​ទៅ​អគ្គនាយកដ្ឋាន​ពន្ធដារ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ពី​ការ​ផ្អាកជំនួយ​នេះ​ ក៏​សម្តែង​ការ​ព្រួយ​បារម្ភ​ដែរ៖

«មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​អំពី​សកម្មភាព​ថ្មីៗ​នេះ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ដែល​សំដៅ​លើ​បុគ្គល​និង​ស្ថាប័ន​មួយ​ចំនួន​នៅ​កម្ពុជា​ដែល​អាច​មើល​ឃើញ​ថា​ ត្រូវ​បាន​ជំរុញ​ដោយ​ហេតុ​ផលនយោបាយ។ ជា​លទ្ធផល​ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​ព្យួរ​ការ​គាំទ្រ​ដល់​ការ​កសាង​សមត្ថភាព​អគ្គនាយកដ្ឋាន​ពន្ធដារ​និង​មន្ត្រី​នានា‍»។​

​សារព័ត៌មាន​ជា​ភាសា​អង់គ្លេស​ The Cambodia Daily ​បាន​បិទទ្វារ​ដោយសារ​តែ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ចោទ​ថា​ ជំពាក់​ប្រាក់ពន្ធ​ជាង​៦,៣​លានដុល្លារ។ រដ្ឋាភិបាល​ក៏​បាន​ហាមឃាត់​ស្ថានីយ​វិទ្យុ​ក្នុង​ស្រុក​មួយ​ចំនួន​មិន​ឱ្យ​ផ្សាយ​កម្មវិធី​របស់​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក វិទ្យុ​អាស៊ីសេរី និង​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​ផងដែរ។ ការណ៍​នេះ​បង្ខំ​ឱ្យ​វិទ្យុអាស៊ី​សេរី​ដែល​ផ្តល់​ថវិកា​ដោយ​សហរដ្ឋ​អាមេរិក​ត្រូវ​បិទ​ការិយាល័យ​ក្នុង​ប្រទេស​កម្ពុជា។

លោក ​គង់ វិបុល អគ្គនាយក​នៃ​ស្ថាប័ន​ពន្ធដារ​នេះ​បាន​បញ្ជាក់​ថា ​លោក​«តក់ស្លុក​និង​ខកចិត្ត‍»​និង​ចោទ​ថា​ស្ថានទូត​សហរដ្ឋ​អាមេរិក​បាន​ផ្តល់​«ព័ត៌មាន​លម្អៀង​និង​ខុស​ទៅ​ក្រសួងការបរទេស​និង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក»​អំពី​ស្ថានការណ៍​នៅ​កម្ពុជា។

លិខិត​របស់​លោក​ គង់ វិបុល​ កាល​ពី​ថ្ងៃ​សុក្រ​ដែល​បាន​បង្ហោះ​លើ​គេហទំព័រ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ចោទ​សួរ​ថា៖

«ខ្ញុំ​ក៏​សូម​សួរ​លោក​ឯកអគ្គរដ្ឋទូត​ថា ​តើ​ព័ត៌មាន​ដែល​លោក​ផ្តល់​ទៅ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ជា​ព័ត៌មាន​ខុស​ឬ​វា​ជា​ចេតនា​របស់​លោក​ក្នុង​ការ​បង្កើត​ការពិត​ខុស​អំពី​ប្រទេស​កម្ពុជា‍»។​

ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​មិន​ទាន់​ឆ្លើយតប​យ៉ាង​ណា​ទេ​ចំពោះ​លិខិត​របស់​លោក​ គង់ ​វិបុល៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG