ករណីឆ្លងមេរោគអេដស៍នៅឃុំរកា ខេត្តបាត់ដំបងដែលបានផ្ទុះឡើងកាលពីចុងឆ្នាំ២០១៤បានធ្វើឱ្យមោទនភាពរបស់រដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយអត្រាឆ្លងមេរោគដ៏ប្រល័យនេះស្ថិតនៅក្នុងភាពមិនច្បាស់លាស់។
យ៉ាងហោចណាស់មានពលរដ្ឋក្នុងឃុំរកាចំនួន២៤១នាក់ត្រូវបានរកឃើញថាមានផ្ទុកមេរោគអេដស៍នៅក្នុងការឆ្លងមួយដែលគេចោទថាបង្កឡើងដោយគ្រូពេទ្យឯកជនមិនមានច្បាប់អនុញ្ញាតនៅក្នុងឃុំម្នាក់ដែលប្រើប្រាស់ម្ជុលចាក់ថ្នាំរួមគ្នាក្នុងពេលព្យាបាលអ្នកជំងឺ។
ការកាត់បន្ថយការឆ្លងរាលដាលជំងឺអេដស៍ធ្លាប់ជាចំណុចមោទនភាពមួយរបស់កម្ពុជានៅក្នុងគោលដៅទី៦នៃគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជាដែលសំដៅលើ«ការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍/ជំងឺអេដស៍ ជំងឺគ្រុនចាញ់ និងជំងឺផ្សេងៗទៀត»ដែលកម្ពុជាសន្យាកាលពីឆ្នាំ២០០០ថានឹងសម្រេចឱ្យបាននៅឆ្នាំ២០១៥នេះ។
លោកស្រី ធីតា ឃឹះ នាយិកានៃអង្គការសីលកាដែលតាមដានការវិវត្តន៍នៃគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជាបានសម្តែងការសង្ស័យចំពោះជោគជ័យដែលរដ្ឋាភិបាលបានអះអាងថាទទួលបានក្នុងពេលកន្លងមក៖
«ក្នុងរឿង HIV/AIDS នេះថាសម្រេចបានប៉ុន្តែឥឡូវមានករណីថ្មីៗកើតមានឡើងដែលធ្វើឱ្យករណីនេះទៅ ជាបញ្ហាទៅវិញចំពោះការសម្រេចបានគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍»។
VOA បានព្យាយាមទាក់ទងលោកវេជ្ជបណ្ឌិត តែង គន្ធី អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ចំនួនបីសប្តាហ៍ជាប់ៗគ្នាដោយលើកទីមួយលោកសុំឱ្យរង់ចាំក្រោយពីលោកទៅបំពេញបេសកកម្មដើម្បីយកព័ត៌មានថ្មី ពីស្ថានភាពជំងឺអេដស៍ ប៉ុន្តែនៅពេលដែលព្យាយាមទាក់ទងនៅពេលក្រោយទៀតលោកមិនព្រមលើកទូរស័ព្ទហើយមានពេលខ្លះអ្នកលើកទូរស័ព្ទប្រាប់ថាលោកកំពុងរវល់ប្រជុំ។
អ្នកជំនាញខាងមេរោគអេដស៍មើលឃើញថាករណីនៅ ភូមិរកាជាការអាម៉ាស់មុខមួយសម្រាប់រដ្ឋាភិបាលកម្ពុជាដោយសារតែខេត្តនេះជាខេត្តដែលកម្ពុជាយកធ្វើជាគំរូក្នុងការបង្ហាញពីភាពជោគជ័យនៃរាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធនឹងជំងឺអេដស៍។
លោក ទឹម វរ៉ា នាយកប្រតិបត្តិនៃ គណៈកម្មាធិការសម្របសម្រួលប្រយុទ្ធនឹងជំងឺអេដស៍បានបញ្ជាក់ប្រាប់ VOA ថា៖
«ខ្ញុំមើលទៅ ហាក់ដូចជាទាញថយក្រោយមកវិញព្រោះខេត្តបាត់ដំបងត្រូវចាត់ទុកជាខេត្តគំរូមួយដែលគេយកទៅដាក់ក្នុងការប្រកួតប្រជែងទៅក្នុងប្រទេសអាស៊ានផ្សេងៗ... មានបទអន្តរាគមន៍ច្រើនបានធ្វើនៅខេត្តនោះ ប៉ុន្តែទៅជាឃើញសោកនាដកម្មហ្នឹងវិញ។ ដូច្នេះវាជាការទាញថយក្រោយមួយចំនួននៅខាងឃុំរកានោះ»។
លោកស្រី កែ សុវណ្ណរ័ត្ន ប្រធានគណៈកម្មការសុខាភិបាលនិងកិច្ចការនារីនៃសភាជាតិបានសម្តែង«ក្តីតក់ស្លុត»ចំពោះករណីដែលបានកើតមានឡើងនៅឃុំរកាខេត្តបាត់ដំបង។
«នេះមកពី យ៉ាងម៉េច? មកពីប្រជាពលរដ្ឋគាត់បាត់ជំនឿទៅលើមន្ទីរពេទ្យរដ្ឋដែលបង្កភាពមិនទុកចិត្តភាពយឺតយ៉ាវធ្វើឱ្យគាត់ធុញទ្រាន់ការយកលុយ ការមិនគោរពក្រមវិជ្ជាជីវៈ។ល។ និង។ល។ នេះហើយដែលធ្វើឱ្យប្រជាពលរដ្ឋងាកទៅរកការព្យាបាលដោយឯកជនដោយមិនបានគិតពីសមត្ថភាពនិងគុណភាពនៃអ្នកព្យាបាលទេ»។
កម្ពុជាធ្លាប់ជាប្រទេសដែលមានការឆ្លងរាលដាលមេរោគអេដស៍យ៉ាងខ្លាំងដែលមានអត្រាប្រេវ៉ាឡង់អ្នកផ្ទុកមេរោគអេដស៍រហូតដល់២,៦ភាគរយនៅឆ្នាំ២០០២ប៉ុន្តែបានខិតខំទប់ស្កាត់និងបានទម្លាក់មកដល់០,៧ភាគរយនៅឆ្នាំ២០១០ដែលសម្រេចបានលឿនជាងគោលដៅដែលដាក់នៅក្នុងឆ្នាំ២០០៣ថានឹងទម្លាក់មកត្រឹមតែ១,៨ភាគរយប៉ុណ្ណោះនៅឆ្នាំនេះ។ ជោគជ័យកន្លងមកនេះនាំឱ្យរដ្ឋាភិបាលកម្ពុជាកែសម្រួលគោលដៅថានឹងកាត់ឱ្យបាន០,៤ភាគរយនៅមុនពេលដែលត្រូវរាយការណ៍ទៅអង្គការសហប្រជាជាតិនៅខែកញ្ញាខាងមុខនេះ។
លោកស្រី កែ សុវណ្ណរ័ត្ន បញ្ជាក់ថាលោកស្រីមានជំនឿតិចតួចពីព្រោះសកម្មភាពប្រចាំថ្ងៃក្នុងការអប់រំពលរដ្ឋហាក់នៅ មានកម្រិតនៅឡើយបូកផ្សំនិងជីវភាពលំបាករបស់ប្រជាពលរដ្ឋនិងកង្វះការអប់រំ ផ្សព្វផ្សាយ។
«ពលរដ្ឋខ្មែរអត់មានការងារធ្វើ ភាគច្រើនចំណាកស្រុក ទៅស្រុកគេហើយកម្រិតយល់ដឹងរបស់ពលរដ្ឋខ្មែរយើងនៅ មានកម្រិត។ បទបង្ហាញហើយនឹងសកម្មភាពអត់ស្របគ្នា។ កាលណាប្រទេសមួយដែលធានាបានការការពារហ្នឹងពលរដ្ឋត្រូវមានកម្រិតយល់ដឹងខ្លាំងណាស់។ ហើយប្រព័ន្ធផ្សព្វផ្សាយក៏ខ្លាំងដែរប៉ុន្តែយើងវិទ្យុទូរទស្សន៍គេថាជួលថ្លៃណាស់»។
ប៉ុន្តែមន្ត្រីរដ្ឋាភិបាលកម្ពុជាដែលទទួលបន្ទុកតាមដានការអនុវត្តគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍យល់ថាករណីនៅឃុំរកាខេត្តបាត់ដំបងនឹងមិនប៉ះពាល់ដល់សមិទ្ធផលកន្លងមកដែលកម្ពុជាសម្រេចបានទេ។
លោក ថេង បញ្ហាធន អគ្គនាយកនៃក្រសួងផែនការបានបញ្ជាក់ថា៖
«ជាក់ស្តែងគឺ យើងធ្វើការងារនេះសម្រាប់ប្រទេសទាំងមូលហើយអត្រាដែលយើងសម្រេចបាននេះគឺទូទាំងប្រទេស ក៏ប៉ុន្តែអ្វីដែលបានកើតឡើងនេះគឺនៅក្នុងឃុំមួយក្នុងខេត្តបាត់ដំបង។ តាមការបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល...គឺអ្វី ដែលបានកើតមានឡើងគឺ មិនប៉ះពាល់ដល់អត្រារួមដែលយើងសម្រេចបានទូទាំងប្រទេសទេ»។
លោកថេង បញ្ញាធនបានបន្ថែមថាកម្ពុជាក៏យកចិត្តទុកដាក់ដល់ករណីនេះ ផងដែរ។
«ក៏ប៉ុន្តែវាក៏ជាការព្រួយបារម្ភហើយក៏ជាការយកចិត្តទុកដាក់បន្ថែមទៀតរបស់រដ្ឋាភិបាលដើម្បីជួយប្រជាជនទាំងអស់នោះ»។
សម្រាប់ចំណុចដៅផ្សេងទៀតក្នុងគោលដៅទី៦ នេះ គឺកម្ពុជាបានបរាជ័យក្នុងការកាត់បន្ថយចំនួនពលរដ្ឋដែលស្លាប់ដោយសារជំងឺរបេង។
តួលេខចុងក្រោយរបស់រដ្ឋាភិបាលបញ្ជាក់ថាអ្នកស្លាប់ដោយសារជំងឺរបេងមានចំនួន៦៦នាក់ក្នុងចំណោមពលរដ្ឋ១០០.០០០នាក់ គឺនៅតែខ្ពស់ជាងគោលដៅដែលកម្ពុជាបានដាក់ថានឹងកាត់បន្ថយឱ្យមកនៅត្រឹម៣២នាក់នៅឆ្នាំ២០១៥នេះ។
អង្គការ USAID បញ្ជាក់ថា កម្ពុជានៅតែក្នុងចំណោមប្រទេសដែលមានអត្រាអ្នកជំងឺរបេងច្រើនជាងគេបំផុតលើពិភពលោកដោយមានពលរដ្ឋប្រហែលពីរភាគបីមានផ្ទុកបាក់តេរីរបេងហើយក្នុងមួយឆ្នាំៗមានអ្នកស្លាប់ចំនួន១៣.០០០នាក់។
រីឯជំងឺគ្រុនចាញ់មានការឡើងចុះនិងមានការរាយការណ៍ខុសគ្នារវាងប្រព័ន្ធសុខាភិបាលជាតិនិងរបាយការណ៍របស់ក្រុមអ្នកស្ម័គ្រចិត្តភូមិ។
សម្រាប់ឆ្នាំ២០១៤មានករណីអ្នកឆ្លងជំងឺគ្រុនចាញ់កើនឡើងច្រើនជាងឆ្នាំ២០១៣ដល់ទៅ៩ភាគរយហើយមានអ្នកស្លាប់កើនឡើងចំនួន៥០ភាគរយ។ ពោលគឺក្នុងឆ្នាំ២០១៣មានការឆ្លងជំងឺគ្រុនចាញ់ចំនួន ២៤.១៣៥ករណីហើយក្នុងឆ្នាំ២០១៤ឡើងដល់២៦.២៧៨ករណី។ប៉ុន្តែមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់បែរជាលើកឡើងថានេះជាជោគជ័យរបស់ខ្លួនទៅវិញ។
របាយការណ៍ដែលចេញផ្សាយថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០១៥បានបញ្ជាក់ថា៖
«ការកើនឡើងនេះវាជាការបញ្ជាក់នូវការកើនឡើងចំណេះដឹងរបស់ប្រជាជនដោយសារមានសកម្មភាពអប់រំ សុខាភិបាលរបស់កម្មវិធីនៅតាមសហគមន៍អំពីការស្វែងរកការព្យាបាលនៅតាមសេវាសាធារណៈស្របពេលជាមួយគ្នានឹងការកើនឡើងនូវគុណភាពនិងបរិមាណនៃឧបករណ៍សម្រាប់ធ្វើរោគវិនិច្ឆ័យជំងឺគ្រុនចាញ់នៅតាមមន្ទីរពេទ្យបង្អែកសាធារណៈ»។
ដោយឡែកក្រុមអ្នកស្ម័គ្រចិត្តភូមិបានរកឃើញថាករណីជំងឺគ្រុនចាញ់ក្នុងឆ្នាំ២០១៤មានរហូតដល់២៩.៩៩៣ករណីឯណោះ។
រដ្ឋាភិបាលកម្ពុជាក៏ឱ្យដឹងដែរថាករណីគ្រុនចាញ់កើតមានឡើងច្រើននៅខេត្តព្រះវិហារ រតនគិរី ក្រចេះ ស្ទឹងត្រែង សៀមរាប ត្បូងឃ្មុំ ពោធិ៍សាត់ មណ្ឌលគិរី បាត់ដំបង កំពង់ស្ពឺនិងខេត្តកំពង់ចាម។
យ៉ាងណាក៏ដោយតួលេខអ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់ចុងក្រោយនេះដែលមានចំនួន១៨នាក់ប្រហែលជាអ្វីមួយដែលរដ្ឋាភិបាលអាចថាជាជោគជ័យតាមគោលដៅដែលថានឹងកាត់បន្ថយចំនួនអ្នកស្លាប់មកនៅត្រឹម០,១ភាគរយនៅឆ្នាំ២០១៥នេះក្នុងចំណោមពលរដ្ឋ១០០.០០០នាក់៕