ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកហ៊ុន សែន​បញ្ជា​ឲ្យ​ស៊ើប​បន្ថែម​លើ​ករណី​​រាលដាល​ជំងឺ​អេដស៍


អាជ្ញាធរ​មាន​​សមត្ថកិច្ច ​និង​ក្រុមគ្រូពេទ្យ​ជំនាញ​បាន​ចុះ​ទៅ​ឆែកឆេ​រលំនៅដ្ឋាន​គ្រូពេទ្យ​ម្នាក់​ដែល​សង្ស័យ​ថា​បាន​ព្យាបាល​ពលរដ្ឋ​ឃុំរកា​ស្រុកសង្កែ​ខេត្តបាត់ដំបង​ហើយ​បាន​នាំឱ្យ​មាន​ការចម្លង​មេរោគ​អេដស៍​ដល់​មនុស្ស​ជាង​១០០​នាក់ នៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៤។ (រូបថតផ្តល់​ឲ្យដោយ ជា ជីវ)
អាជ្ញាធរ​មាន​​សមត្ថកិច្ច ​និង​ក្រុមគ្រូពេទ្យ​ជំនាញ​បាន​ចុះ​ទៅ​ឆែកឆេ​រលំនៅដ្ឋាន​គ្រូពេទ្យ​ម្នាក់​ដែល​សង្ស័យ​ថា​បាន​ព្យាបាល​ពលរដ្ឋ​ឃុំរកា​ស្រុកសង្កែ​ខេត្តបាត់ដំបង​ហើយ​បាន​នាំឱ្យ​មាន​ការចម្លង​មេរោគ​អេដស៍​ដល់​មនុស្ស​ជាង​១០០​នាក់ នៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៤។ (រូបថតផ្តល់​ឲ្យដោយ ជា ជីវ)

មន្ត្រី​អង្គការ​សហប្រជាជាតិ​ មន្ត្រី​សហរដ្ឋ​អាមេរិក​និង​មន្ត្រី​កម្ពុជា​បាន​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​នេះ​ដើម្បី​ស្រាវជ្រាវ​និង​ស្វែង​រក​ដំណោះស្រាយ​លើ​ករណី​ឆ្លង​ជំងឺ​អេដស៍​ដ៏​ច្រើន​នៅ​ក្នុង​ភូមិ​មួយ​ក្នុង​ខេត្ត​បាត់ដំបង។ ដំណាល​គ្នា​នេះ​ លោក​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​បញ្ជា​ឲ្យ​មាន​ការ​ស៊ើបអង្កេត​បន្ថែម​ទៀត។

ទាញ​យក​ពី​តំណភ្ជាប់​ដើម


លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន បាន​បង្ហាញ​ការ​មន្ទិលលើ​ការ​ឆ្លង​រាល​ដាល​នៃមេរោគអេដស៍​នៅ​ក្នុង​ឃុំ​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង ​ហើយ​បាន​ដាក់​បញ្ជា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​មួយ​ច្បាស់​លាស់។

ក្រុម​គ្រូពេទ្យ​កម្ពុជា​បាន​រក​ឃើញ​ថា​ ​អ្នក​ភូមិច្រើន​ជាង​១០០​នាក់​នៅ​ក្នុង​ឃុំ​រកា​ ជា​ពិសេស​នៅ​ក្នុង​ភូមិ​រកា មាន​ផ្ទុក​មេរោគ​ដែល​បញ្ជាក់​សញ្ញាណជា​មេរោគ​ HIV ដែល​ជា​មេរោគ​នៃ​ជំងឺ​អេដស៍។ ​តួលេខ​នេះត្រូវ​រក​ឃើញ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ជាង​៧០០​នាក់​ដែល​បាន​ស្ម័គ្រ​ចិត្ត​ពិនិត្យ​ឈាម​កាល​ពី​ថ្ងៃ​ពុធ។

លោកប្រមុខ​រដ្ឋាភិបាល​បាន​ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​មួយ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ដោយបញ្ជាក់​ថា អត្រា​អ្នក​ឆ្លង​មេរោគ​អេដស៍​ដែល​បាន​រក​ឃើញ​ធ្វើ​ឲ្យ​លោក​ពិបាក​ជឿ។​

«សូម​មេត្តា​កុំ​តក់​ស្លុត​ពេក​ព្រោះ​រឿង​នេះ​សម្រាប់​រូប​ខ្ញុំ​ ខ្ញុំ​នៅ​តែ​មិន​មាន​ជំនឿ​ថា​នេះ​ជា​រឿង​អេដស៍។ រឿង​អី​ការ​កើត​អេដស៍​ (បើ​)​មនុស្ស​មិន​ដល់​១.០០០​នាក់​ផង​ កើត​ជាង​១០០​នាក់។ ​គឺ​ធ្ងន់​ពេក។ ​ហើយ​រឿង​នេះ​តក់​ស្លុត​ណាស់»។

ទោះ​ជា​យ៉ាង​ណា ​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន បានបញ្ជា​ឲ្យ​មាន​ការ​ត្រួត​ពិនិត្យ​ច្បាស់​លាស់បន្ថែម​ទៀត​លើ​ការ​ឆ្លង​រោគ​នេះ។

«វា​អាច​មាន​វីរុស ​ប៉ុន្តែ​មិនមែន​ជំងឺ​អេដស៍។​ អេដស៍​ឯ​ណា​នៅ​អាយុ​៨០​ឆ្នាំ។ ​ហើយ​ក្មេង​មិន​ទាន់​ចេះ​ដឹង​អី​កើត​អេដស៍​ដែរ។ ​ដូច្នេះ​យើង​កុំ​អាល​សន្និដ្ឋាន​រហ័ស​ពេក។ ​ត្រូវ​ប្រើ​ឲ្យ​អស់​លទ្ធភាព​ខាង​បច្ចេកវិទ្យា។ ​នេះ​ជា​ចំណុច​ដែល​ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​មាន​ភាព​ហ្មត់ចត់​ទៅ​លើ​ការ​ពិនិត្យ​បន្ត»។

​មន្ត្រី​សុខាភិបាល​របស់​ប្រទេស​កម្ពុជាមក​ពី​អង្គការ​សុខភាព​ពិភពលោក (WHO) របស់​អង្គការ​សហ​ប្រជាជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ មក​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​នៅ​កម្ពុជា មូលនិធិ​អង្គការ​សហ​ប្រជាជាតិដើម្បី​កុមារ​និង​មជ្ឈមណ្ឌល​បង្ការ​និង​ទប់​ស្កាត់​ជំងឺ​ឆ្លង​សហរដ្ឋ​អាមេរិក ​បាន​ជួប​ប្រជុំ​គ្នា​នៅ​ខេត្ត​បាត់ដំបង​នៅ​ថ្ងៃ​នេះ​ដើម្បី«កំណត់​រក​ប្រភព​ ទំហំ​ និង​ខ្សែ​សង្វាក់​នៃ​ការ​ចម្លង» ​មេរោគ​អេដស៍​នេះ។

​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះស្ថាប័ន​ទាំង​ប្រាំមួយ បាន​បញ្ជាក់​ថា​ខ្លួន​កំពុង ​«ស្រាវជ្រាវ​លើ​ចំនួន​ករណី​អ្នក​ឆ្លង​មេរោគ​អេដស៍​ក្នុង​ចំណោម​ប្រជាពលរដ្ឋ»នៅ​ក្នុង​ភូមិ​រកា ឃុំ​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង​នេះ។

​សេចក្តី​ថ្លែង​ការណ៍​បញ្ជាក់​បន្ថែម​ថា ​ករណី​ឆ្លង​នៅ​ក្នុង​ភូមិ​ត្រូវ​បាន​រក​ឃើញ​ចន្លោះ​ពី​ថ្ងៃ​ទី​៩​ដល់​ថ្ងៃ​ទី​១៦​ខែ​ធ្នូ។​ ហើយ​សំណាក​ឈាម​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ សើ​ស្បែក​និង​វិទ្យាស្ថាន​ប៉ាស្ទ័រ​នៅ​ថ្ងៃ​ទី​១៨​ខែ​ធ្នូ​នេះ។

ដើម​ហេតុ​នៃ​របក​គំហើញ​អ្នក​ឆ្លង​ជំងឺ​អេដស៍​ដ៏​ច្រើន​នៅ​ក្នុង​ភូមិ​រកា តែ​មួយ​នេះ​ក្រោយ​ពី​បុរស​វ័យ​៧៤​ឆ្នាំ​ម្នាក់​ ចៅ​ស្រី​របស់​គាត់​និង​កូន​ប្រសារ​ប្រុស​របស់​គាត់ត្រូវ​បាន​រក​ឃើញ​ថា ​មាន​ផ្ទុក​មេរោគ​អេដស៍​កាល​ពី​ចុង​ខែវិច្ឆិកា។ បុរស​ចំណាស់​នេះ​បាន​ប្រាប់​ទៅ​អ្នក​ភូមិ​ថា ​គាត់​បាន​ទទួល​ការ​ព្យាបាល​ពី​គ្រួ​ពេទ្យ​ឯកជន​ម្នាក់​នៅ​ក្នុង​ភូមិ​ហើយ​គាត់​ក៏​បាន​ផ្តល់​យោបល់​ឲ្យ​អ្នក​ភូមិ​ដទៃ​ទៀត​ដែល​ធ្លាប់​ទទួល​ការ​ព្យាបាល​ជាមួយ​គ្រូ​ពេទ្យ​ដដែល​នេះ​ទៅ​ពិនិត្យ​ឈាម​ដូច​ក្រុម​គ្រួសារ​របស់​លោក​ដែរ។

លោក​វេជ្ជបណ្ឌិត ​ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​នេះ​ថា ​«ការ​ស្រាវជ្រាវ​យ៉ាង​ហ្មត់ចត់​មួយ​លើ​ការ​រាតត្បាត​នេះ​នឹង​ត្រូវ​រៀប​ចំ​ឡើង»។

លោក​វេជ្ជបណ្ឌិត មាន ឈីវុន នាយក​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ សើ​ស្បែក​និង​កាមរោគ​មាន​ប្រសាសន៍​ថា ​ការ​សិក្សា​លើ​ការ​ឆ្លង​មេរោគ​ខាង​លើ​បាន​ចាប់​ផ្តើម​ដំណើរការ។​

«ការ​សិក្សា​កំពុង​ធ្វើ។ ការ​ជូន​ដំណឹង​ច្បាស់​លាស់​មិន​ទាន់​មាន​ទេ។​ ​ពេល​ណា​យើង​មាន​ព័ត៌មាន​គ្រប់​និង​មាន​ព័ត៌មាន​ជាក់​លាក់​យើង​នឹង​ជម្រាប​ជូន​ហើយ»។

សូម​បញ្ជាក់​ថា ​នៅ​ថ្ងៃ​នេះ​គ្រូ​ពេទ្យ​ឯកជន​នៅ​ក្នុង​ភូមិ​រកា​ ដែល​ស្ថិត​ក្រោម​ការ​សង្ស័យ​ថា​ជាប់​ពាក់​ព័ន្ធ​ក្នុង​ការ​ចម្លង​មេរោគ​អេដសន៍​នេះ​ត្រូវ​បាន​កោះ​ហៅទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត។ ​ហើយ​ក្រុម​មន្ត្រី​ជំនាញ​ក៏​បាន​ចុះ​ឆែក​ឆេរ​ផ្ទះ​របស់​លោក​ផង​ដែរ។ ​ប៉ុន្តែ​មិន​មាន​ព័ត៌មាន​លម្អិត​ពី​ក្រុម​អាជ្ញាធរ​ចំពោះ​បញ្ហា​នេះ​នៅ​ឡើយ​ទេ៕

XS
SM
MD
LG