ជាព័ត៌មានដែលគួរឲ្យភ្ញាក់ផ្អើលមួយ មានអ្នកភូមិចំនួន៨២នាក់ក្នុងចំណោមអ្នកភូមិសរុបចំនួនជាង២០០០នាក់នៃភូមិរការ ស្រុកសង្កែ ខេត្តបាត់ដំបងបានឆ្លងមេរោគអេដស៍។
នេះគឺជាតួលេខឆ្លងជំងឺអេដស៍ដ៏ច្រើនបំផុតដែលមិនធ្លាប់មាននៅក្នុងភូមិតែមួយបែបនេះ។ មន្ត្រីសុខាភិបាលខ្មែរសង្ស័យថា ការចម្លងមេរោគនេះទំនងជាបណ្តាលមកពីការប្រើប្រាស់ម្ជុលចាក់ថ្នាំរួមគ្នា។ នេះបើយោងតាមភ្នាក់ងារសុខាភិបាលកម្ពុជា ដែលបានចុះទៅដល់ភូមិក្រីក្រមួយនេះនៅថ្ងៃអង្គារនេះ។
លោកវេជ្ជបណ្ឌិតតែង គន្ធី អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍ ដែលកំពុងស្ថិតនៅក្នុងខេត្តបាត់ដំបង មានប្រសាសន៍ថា ក្នុងចំណោមអ្នកភូមិសរុបចំនួន២៧០៦នាក់ ប្រជាជនចំនួន៦៦៣នាក់បានមកធ្វើតេស្តឈាមនៅមន្ទីរពេទ្យខេត្តរហូតមកដល់ល្ងាចម៉ោង៥កន្លះថ្ងៃអង្គារនេះ។
«ក្នុងចំណោម៦៦៣នាក់ដែលបានធ្វើតេស្ត។ លទ្ធផលដែលបានទទួលមានវិជ្ជមាន៨២នាក់។ នេះជាលទ្ធផលដ៏គួរឲ្យសោកស្តាយ គឺមិនមែនឆ្លង៣០០នាក់ដូចប្រព័ន្ធផ្សព្វផ្សាយថានោះទេ»។
ការរកឃើញនេះកើតមានក្រោយពីមន្ត្រីសុខាភិបាលមូលដ្ឋានបានរកឃើញមេរោគអេដស៍លើបុរសអាយុ៧៨ឆ្នាំម្នាក់ និងស្ត្រី៧០ឆ្នាំម្នាក់កាលពីដើមខែធ្នូនេះ។ អ្នកជំងឺទាំងពីរបានអះអាងថា ខ្លួនមិនបានប្រព្រឹត្តទង្វើដែលជាដើមហេតុនាំឲ្យឆ្លងមេរោគនោះទេ។
លោកវេជ្ជបណ្ឌិតតែង គន្ធីបញ្ជាក់ថា ក្រុមវេជ្ជបណ្ឌិតកំពុងស្រាវជា្រវលើការចម្លងមេរោគតាមការប្រើប្រាស់សារ៉ាំងចាក់ថ្នាំ។
«គឺផ្តោតទៅការចម្លងបែបការចាក់បញ្ចូលឈាម ឬការចាក់ថ្នាំ រួមទាំងបញ្ហាគ្រឿងញៀនផងដែរ។ គឺមានពីរករណីនេះដែលយើងកំពុងបន្តដើម្បីរកភស្តុងនិងទឡ្ហីករគ្រប់គ្រាន់ដើម្បីមានវិធានការ»។
ប្រទេសកម្ពុជាបានដាក់ផែនការថា នឹងកំចាត់ការឆ្លងមេរោគអេដស៍ឲ្យអស់នៅឆ្នាំ២០២០។ អត្រាផ្ទុកមេរោគអេដសន៍ក្នុងចំណោមមនុស្សពេញវ័យអាយុពី១៥ទៅ៤៩ឆ្នាំមាន០,៦ភាគរយ ឬស្មើនឹងប្រមាណ៧១០០០នាក់។
ភូមិរការ ឃុំរការ ស្រុកសង្កែ ដែលសម្បូរដោយព្រៃរនាមស្ថិតនៅចម្ងាយប្រមាណជា៨គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង។ ប្រជាពលរដ្ឋនៅទីនេះភាគច្រើនជាអ្នកប្រកបមុខរបរកសិកម្ម និងនេសាទតាមរដូវ។
ការឆ្លងមេរោគអេដស៍ក្នុងភូមិនេះទំនងទើបឆ្លងពី៦ទៅ៨ខែតែប៉ុណ្ណោះ។ នេះបើផ្អែកតាមលោកវេជ្ជបណ្ឌិត តែង គន្ធី។
លោកចាន់ សុផល អភិបាលខេត្តបាត់ដំបង មានប្រសាសន៍ថា អ្នកផ្ទុកមេរោគអេដស៍ដែលបានរកឃើញនៅក្នុងភូមិរការអាចកើនដល់ចំនួន៩០នាក់។ លោកបញ្ជាក់ថា មូលហេតុនៃការឆ្លងមេរោគនេះកំពុងស្ថិតក្រោមការស្រាវជ្រាវនៅឡើយ។
លោកអភិបាលខេត្តចាន់ សុផលចាត់ទុកថា នេះគឺជាដំណឹងដ៏រន្ធត់មួយ។
«គ្រាន់តែឮលទ្ធផលបែបនេះ ពួកខ្ញុំមានការតក់ស្លុត និងមានការបារម្ភ។ មិនសមនឹងមានបញ្ហាដូច្នេះទេ។ ហើយយើងកំពុងស្រាវជ្រាវថា ហេតុអីបានជាមានបញ្ហានេះកើតឡើង»។
លោកវេជ្ជបណ្ឌិតតែង គន្ធីអះអាងថា ប្រជាពលរដ្ឋដែលត្រូវបានរកឃើញថា មានផ្ទុកមេរោគអេដស៍នឹងទទួលបានការព្យាបាលដោយការយកចិត្តទុកដាក់ដោយមន្ទីរពេទ្យខេត្ត៕