ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សវនាការ​កាត់ទោស​លោក ម៉ម សុណង់ដូ ចាប់ផ្តើម


លោក ម៉ម សុណង់​ដូ នាយក​ស្ថានី​វិទ្យុ​សំបុក​ឃ្មុំ
លោក ម៉ម សុណង់​ដូ នាយក​ស្ថានី​វិទ្យុ​សំបុក​ឃ្មុំ
ភ្នំពេញ៖ តុលាការ​ក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​អង្គារ​នេះ​បាន​ចាប់​ផ្តើម​បើក​សវនាការ​ជំនុំជម្រះ​ទោស​លោក ម៉ម សុណង់​ដូ ដែល​ជា​នាយក​ស្ថានី​វិទ្យុ​សំបុក​ឃ្មុំ ក្រោម​ការ​រឹត​បន្តឹង​សន្តិសុខ​យ៉ាង​មាំ​ពី​កម្លាំង​សមត្ថកិច្ច។ ក្រុម​អ្នក​យក​ព័ត៌​មាន​មិន​ត្រូវ​បាន​អនុញ្ញាតឲ្យ​ចូល​ក្នុង​បន្ទប់​សវនាការ​ឡើយ​លើក​លែង​តែ​មន្ត្រី​ស្ថានទូត​បស្ចឹម​ប្រទេស និង​អ្នក​តំណាងរាស្រ្ត​មក​ពី​គណ​បក្ស​ប្រឆាំង​មួយ​ចំនួន​តែ​ប៉ុណ្ណោះ។​
លោក ម៉ម សុណង់ដូ ត្រូវ​បាន​កម្លាំង​អនុរក្ស​ពន្ឋនាគារ​ដឹក​តាម​រថយន្ត​មក​កាន់​តុលាការ​ក្រុងភ្នំពេញ​នៅ​ព្រឹក​ព្រលឹម​បំផុត​ដោយ​ដៃទាំង​ពីរ​របស់​លោក​ជាប់​ខ្នោះ​ជាមួយ​អ្នក​ទោស​ផ្សេង​ទៀត។

លោក​ម៉ម សុណង់ដូ​ ក្នុង​សំលៀកបំពាក់អាវ​ស​ដៃ​ខ្លី​ ខោ​ពណ៌​ខ្មៅ​មាន​ចង​ក្រវាត់​ក
លោក​ម៉ម សុណង់ដូ​ ក្នុង​សំលៀកបំពាក់អាវ​ស​ដៃ​ខ្លី​ ខោ​ពណ៌​ខ្មៅ​មាន​ចង​ក្រវាត់​ក
ស្ថិត​ក្នុង​សម្លៀក​បំពាក់​អាវ​ស​ដៃ​ខ្លី​ ខោ​ពណ៌​ខ្មៅ​មាន​ចង​ក្រវាត់​ក លោក​ម៉ម សុណង់ដូ​បាន​ប្រាប់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​មុន​ពេល​បើក​សវនាការ​ថា លោក​មិន​បាន​តក់​ស្លុត ហើយ​លោក​នឹង​និយាយ​អ្វី​ដែល​ជា​ការ​ពិត។​
យ៉ាង​តិច​មាន​កម្លាំង​សមត្ថកិច្ច​ប្រដាប់​ដោយ​អាវុធ​ ខែល និង​ដំបង​ឆក់​ ជា​ច្រើន​រាប់​រយ​នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ជុំវិញ​បរិវេណ​តុលាការ​ដើម្បី​រាំង​ខ្ទប់​ដល់​ចលនា​ប្រជាពលរដ្ឋ​ដែល​ភាគ​ច្រើន​ជាសមាជិ​ក​នៃ​សមាគម​អ្នក​ប្រជាធិបតេយ្យ អ្នក​បាត់​បង់​ដីធ្លី​នៅ​តំបន់​បឹងកក់ និង​បូរី​កីឡា។​
ការរាំង​ខ្ទប់​នេះ​មិន​មាន​ការ​ប៉ះ​ទង្គិច​ដោយ​អំពើ​ហឹង្សា​ទេ​ដោយ​សារ​តែ​សមត្ថកិច្ច​និង​ក្រុម​ប្រជា​ពល​រដ្ឋ​បាន​នៅ​ឃ្លាត​ពី​គ្នា​ប្រមាណ​ពីរ​ម៉ែត្រ។
ក្រុម​អ្នក​គាំ​ទ្រលោក​ម៉ម សុណង់ដូ ដោយ​រាប់​បញ្ចូល​ទាំង​លោក​ស្រី​មួរ សុខហួរ ដែល​ជា​អ្នក​តំណាង​រាស្រ្ត​នៃ​គណ​បក្ស​ប្រឆាំង​បាន​មក​ចូល​រួម​ជាមួយ​ក្រុម​ប្រជាពល​រដ្ឋ​មក​ពី​សមាគម​អ្នក​ប្រជា​ធិ​បតេយ្យ។ ចំណែកឯ​ប្រជា​ពលរដ្ឋ​មួយ​ក្រុម​ទៀត​ដែល​ដឹក​នាំ​ដោយ​ក្រុម​សហជីព​កម្មករ​បា​ន​ឈរ​ស្រែក​ទាម​ទារ​ឲ្យ​ដោះ​លែង​លោក ម៉ម សូណង់​ដូ។
«សូម​បញ្ឈប់​អំពើ​ហិង្សា​គ្រប់​រូបភាព។ សូម​ដោះ​លែង​លោក​តា ម៉ម សុណង់ដូ​ ឲ្យ​មាន​សេរីភាព​វិញ​មក។ លោក​តា ម៉ម សុណង់ដូ ជាមនុស្ស​ស្អាត​ស្អំ»។​
លោក​ឡុង​ សារឿន​អាយុ​៥០​ឆ្នាំ​សមាជិក​សមាគមអ្នក​ប្រជា​ធិ​បតេយ្យ​មក​ពី​ខេត្ត​កណ្តាល​បាន​និយាយ​ថា លោក​គាំទ្រ​លោក ម៉ម សុណង់ដូ មិន​ជាប់​ពាក់​ព័ន្ឋ​នឹង​ការ​បង្កើត​តំបន់​អបគមន៍​ប្រឆាំង​រដ្ឋា​ភិបាល​ទេ។ លោក ឡុង សារឿន ក៏​ដូចជា​ពលរដ្ឋ​ដទៃ​ផ្សេង​ទៀត​ដែរ​មិន​ត្រូវ​បាន​អាជ្ញាធ​អនុញ្ញត​ឲ្យចូល​ក្នុង​បរិវេណ​តុលាការ​ទេ។ ពួក​គេ​បាន​ត្រឹម​តែ​ឈរ​ស្រែក​ទាម​ទារ​ពីចម្ងាយ​ប្រមាណ​ជាង​២០០​ម៉ែត្រ​ពី​បរិវេណ​តុលាការតែ​ប៉ុណ្ណោះ។​
«​សុំ​ឲ្យ​លើក​លែង​លោក​ ម៉ម សុណង់​ដូ​។ ខ្ញុំអាណិត​គាត់​ណាស់។ ខ្ញុំ​ទប់​ចិត្ត​មិន​បាន​ទេ​ បង​អើយ។ អយុត្តិ​ធម៌​ចំពោះ​គាត់ណាស់​»។​
លោក ម៉ម សុណង់ដូ ដែល​មាន​អាយុ​៧១​ឆ្នាំ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ចំនួន​បួន​ចំណុច​ធំៗ​ដែល​ពាក់ព័ន្ឋ​នឹង​ការ​ញុះញង់​ប្រជាពលរដ្ឋ​ឲ្យ​ប្រើប្រាស់​អាវុធ​ខុសច្បាប់។​ការ​ចោទ​នេះ​ជាប់ពាក់ព័ន្ឋ​នឹង​ការ​ប្រឆាំងនឹង​អាជ្ញាធរ​ស្របច្បាប់ និង​ការផ្តួចផ្តើម​ គំនិត​ប្រឆាំង​នឹង​រាជការ​សាធារណៈ ​បន្ទាប់​ពី​រដ្ឋាភិបាល​បាន​បង្ក្រាប​យ៉ាង​ហិង្សា​លើ​ជម្លោះ​ដី​ធ្លី​មួយ​ក្នុង​ខេត្តក្រចេះ​កាលពី​ខែឧសភា ​ដែល​ក្នុង​ការ​បង្ក្រាប​នោះ​ ក្រុម​សមត្ថកិច្ច​រដ្ឋាភិបាល​បាន​បាញ់សម្លាប់​ក្មេងស្រីម្នាក់​ឈ្មោះ​ហេង ចាន់ថាអាយុ ១៤ឆ្នាំ។
សវនាការ​នៅ​ថ្ងៃ​នេះ​មាន​លោក​ស្រី ចាំង ស៊ីណាត​ ដែល​ជា​ប្រធាន​ចៅ​ក្រម​ជំនុំ​ជម្រះ​ លោក​ មាស ចន្ទ​ពិសិដ្ឋ ដែល​ជា​តំណាង​អយ្យការ។
​យ៉ាង​តិច​មាន​សាក្សី​ចំនួន​៨៦​នាក់​ត្រូវ​បាន​តុលាការ​កោះ​ហៅ​ឲ្យ​ចូល​ឆ្លើយ​បំភ្លឺ​ក្នុង​សវានាការ ក៏ប៉ុន្តែ​ក្នុង​ចំណោម​សាក្សី​ទាំង​នោះ​មាន​សាក្សី​ដោះ​បន្ទុក​តែ​ប្រាំពីរ​នាក់​ប៉ុណ្ណោះ។ ក្រៅ​ពី​នោះ​ជា​សាក្សី​ដាក់​បន្ទុក​លោក​ម៉ម សុណង់ដូ។​
ជន​ជាប់​ចោទ​ដែល​ត្រូវ​បាន​នាំ​យក​មក​ជំនុំ​ជម្រះ​ជាមួយ​លោក​ម៉​ម​ សូណង់​ដូ​មាន​ចំនួន​ប្រាំបួន​នាក់​ដែល​រួម​មាន​លោក​កាន់ សុវណ្ណ ទូច រៀម ភន សឿន ហង្ស ផល ហេង កឿន​ ម៉ៅ វាសនា​ ផាត់ សារឿន​ និង​ ម៉ា ឆាង។ ពូកគេ​ត្រូវ​តុលាការ​ចោទ​ប្រកាន់​ដូច​លោក​ម៉ម សូណង់​ដូ ដែរ។​
សវនាការ​នៅ​ថ្ងៃ​អង្គារ​នេះ​បាន​ចាប់​ផ្តើម​សួរ​សាក្សី​តែ​២២​នាក់​តែ​ប៉ុណ្ណោះ​ក្នុង​ចំណោម​សាក្សី​សរុប​៨៦​នាក់។​
លោក​ស្រី ឌីន ផាន់ណារ៉ា ដែល​ជា​ភរិយា​របស់​លោក ម៉ម សុណង់ដូ បាន​ស្រង់​សម្តី​ក្នុង​សវនាការ​មក​ប្រាប់​ថា លោក​ម៉ម សុណង់ដូ បាន​ប្រាប់​តុលាការ​ថា លោក​បាន​ស្គាល់​លោក​ប៊ុន រដ្ឋា​តែ​ឈ្មោះ​ប៉ុណ្ណោះ ហើយ​ថា លោក​ប៊ុន រដ្ឋា ​បាន​មក​ធ្វើ​ការ​ងារ​ជា​បុគ្គលិក​ធម្មតា​នៃ​សមាគម​ប្រជាធិបតេយ្យ​រយៈពេល​ប្រាំបី​ខែ ហើយ​លោក​បាន​ផ្តល់​ប្រាក់​ឧបត្តម្ភ​ប្រមាណ​២៥​ម៉ឺន​រៀល​នៅ​ក្នុង​មួយ​ខែ។ លោក​ប៊ុន រដ្ឋា ធ្វើ​ការ​ងារ​ខាង​រដ្ឋបាល ហើយ​លោក​ជា​អ្នក​ធ្វើ​បណ្ណ​សមាជិក​ផ្តល់ជូន​សមាជិក​សមាគម​អ្នក​ប្រជាធិបតេយ្យ។
លោក​ម៉ម សូណង់ដូ បាន​និយាយ​ថា សមាជិក​សមាគម​អ្នក​ប្រជា​ធិ​បតេយ្យ​ចែក​ចេញ​ជា​បី​គឺ សមាជិក​កិត្តិយស សមាជិក​គាំទ្រ​ និង​សមាជិក​សកម្ម។ ​សមាជិក​សកម្ម​ចែក​ចេញ​ជា​ពីរ​គឺ ​បម្រើ​ការ​ងារ​នៅ​ក្នុង​ការិយា​ល័យ និង​អ្នក​ធ្វើ​ការ​ងារ​តាម​បណ្តា​ខេត្ត។​
លោក​ម៉ម សូណង់​ដូ​បាន​បញ្ជាក់​ទៀត​ថា​សមាគម​របស់​លោក​មិន​មាន​បំណង​បង្កើត​ឡើង​ដើម្បី​បង្កើត​តំបន់​អបគមន៍​ប្រឆាំង​នឹង​រដ្ឋា​ភិបាល​ទេ តែ​ក្នុង​គោល​បំណង​បម្រើ​ការ​ងារ​ផ្នែក​មនុស្ស​ធម៌​តែ​ប៉ុណ្ណោះ។​
បើតាម​មន្ត្រី​សង្គម​ស៊ីវិល​របស់​មជ្ឃមណ្ឌល​សិទ្ឋិ​មនុស្ស​កម្ពុជា​ដែល​បាន​ចូល​រួម​ក្នុង​សវនាការ​បាន​និយាយ​ថា តុលាការ​បាន​បង្ហាញ​ភស្តុតាង​មួយ​ចំនួន​ដែល​រូម​មាន​ព្រួញ​ ស្នា និង​ឧបការណ៍​កសិកម្ម​ក្នុង​សវនាការ​ដែល​ឧបករណ៍​ទាំង​នេះ​ត្រូវ​បាន​តុលាការ​ចាត់​ទុក​ជា​អាវុធ​សម្រាប់​បង្កើត​តំបន់​អបគមន៍​ដើម្បី​ផ្តួល​រំលំ​រដ្ឋា​ភិបាល​ដែល​គ្រប់​គ្រង​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ដែល​បាន​កាន់​អំណាច​អស់​រយៈ​ពេល​ជិត​៣០​ឆ្នាំ។​
លោក​សុក សំអឿន ដែល​ជា​មេធាវី​ការពារ​ក្តី​លោក ម៉ម សុណង់ដូ បាន​ប្រាប់​វីអូអេ ថា​ក្នុង​សវការ​មួយ​ថ្ងៃ​នេះ​មិន​ទាន់​រកឃើញ​ថា​កូន​ក្តី​របស់​លោក​មាន​បំណង​ផ្តួល​រំលំ​រដ្ឋា​ភិបាល​ទេ។​
«ឥឡូវ​ដូច​អត់​ទាន់​មាន​ (អាវុធ)។ មាន​តែ​ស្នា។ តាម​ស្តាប់​សម្ដី​ប្រជា​ពលរដ្ឋ​ ជន​ជាប់​ចោទ​បី​នាក់​ព្រឹក​ម៉ិញ​និយាយ​ថា ឧបករណ៍​នេះ​ជា​រឿង​ធម្មតា​នៅ​ស្រុក​គេ​ ផ្ទះ​អ្នក​ណា​ក៏​គេ​មាន​ដែរ​ពី​ព្រោះ​អ្នក​ស្រុក​ចាស់។ ប៉ុន្តែ​ខាត់ សារឿន​និយាយ​ផ្សេង​ទៅ​វិញ​ថា ទើប​នឹង​ធ្វើ​ថ្មី»។​
តុលាការ​បាន​បញ្ចប់​សវនាការ​សួរ​ដេញ​ដោល​នៅ​ថ្ងៃ​នេះ​ហើយ​គ្រោង​នឹង​បន្ត​ការ​ពិភាក្សា​ដេញ​ដោល​នៅ​ថ្ងៃ​ពុធ​ស្អែក​ទៀត៕
XS
SM
MD
LG