ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលាដំបូង​ក្រុង​ភ្នំពេញ​នឹង​បើក​សវនាការ​រឿង​ក្តី​លោក​ម៉ម សុណង់ដូ​នៅ​ដើម​ខែកញ្ញា


លោក សុខ សំអឿន មេធាវី​ការពារក្តី​លោក​ម៉ម សុណង់ដូ
លោក សុខ សំអឿន មេធាវី​ការពារក្តី​លោក​ម៉ម សុណង់ដូ

លោក សុខ សំអឿន បាន​សង្ឃឹម​ថា​តុលាការ​អាច​នឹង​ផ្តល់​យុត្តិធម៌​ដល់​កូនក្តី​របស់​លោក។

សាលា​ដំបូង​ក្រុង​ភ្នំពេញ​គ្រោង​នឹង​បើក​សវនាការ​ជំនុំ​ជម្រះ​ទោស​លោក ម៉ម សុណង់ដូ នាយក​ស្ថានីយ៍​វិទ្យុ​សំបុកឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​ទី​១១ ខែ​កញ្ញា ខាង​មុខ​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មេធាវី​ការពារក្តី។
លោក សុខ សំអឿន មេធាវី​ការពារក្តី​លោក​ម៉ម សុណង់ដូ បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា លោក​បាន​ទទួល​ដីកា​កោះអញ្ជើញ​ពី​តុលាការ​ឲ្យ​ចូល​រួម​នៅ​ក្នុង​សវនាការ​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន។ លោក​បាន​មានប្រសាសន៍​ថា​កូនក្តី​របស់​លោក​បានដឹង​អំពី​ថ្ងៃ​បើក​សវនាការ​នេះ​ផងដែរ ហើយ​លោក​សង្ឃឹម​ថា លោកម៉ម សុណង់ដូ នឹង​មាន​វត្តមាន​នៅ​ក្នុង​ថ្ងៃ​សវនាការ​នោះ។ លោក សុខ សំអឿន បាន​សង្ឃឹម​ថា​តុលាការ​អាច​នឹង​ផ្តល់​យុត្តិធម៌​ដល់​កូនក្តី​របស់​លោក។
«យើង​សង្ឃឹម​តុលាការ​កាត់ក្តី​ដោយ​យុត្តិធម៌ ផ្នែក​ទៅ​លើ​ភស្តុតាង។ ទី១ ផ្នែក​ទៅ​លើ​ភស្តុតាង​។ ទី២ ផ្នែក​ទៅ​លើ​តើ​គួរ​តែ​មាន​របៀប​ថ្លឹងថ្លែង​លើ​ភស្តុងតាង​បែបណា ដែល​អាច​ទទួលយក​ជា​ភស្តុតាង​បាន»។
លោក ម៉ម សុណង់ដូ អាយុ​៧២​ឆ្នាំ ត្រូវ​បាន​អាជ្ញាធរ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​បាន​ចាប់​ខ្លួន​កាល​ពីពាក់​កណ្តាល​ខែ​កក្កដា នៅ​គេហដ្ឋាន​របស់​លោក ដែល​មាន​ទីតាំង​នៅ​ស្ថានីយ៍​វិទ្យុ​សំបុក​ឃ្មុំ។ បន្ទាប់​មក​លោក​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ ចេញ​ដីកា​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ក្រោម​បទចោទ​ប្រកាន់​ចំនួន​បួន​ចំណុច​ធំៗ​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ការ​បង្កើត​តំបន់​អបគមន៍​ខុស​ច្បាប់​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដែល​គ្រប់គ្រង​ដោយ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន។
លោកស្រី ឌីន ផាន់ណារ៉ា ភរិយា​របស់​លោក​ម៉ម សុណង់ដូ នៅ​តែ​បង្ហាញ​ជំនឿ​ថា ស្វាមី​របស់​លោកស្រី​មិន​បាន​ពាក់ព័ន្ធ​នឹង​ការ​បង្កើត​តំបន់​អបគមន៍​ទេ។ លោកស្រី​បាន​មាន​ប្រសាសន៍​ទៀត​ថា ការ​ចាប់​ខ្លួន​លោក​ម៉ម សុណង់ដូ គឺ​ជា​រឿង​មួល​បង្កាច់។
«ពីព្រោះ​លោក​ម៉ម សុណង់ដូ គាត់​ឥតមាន​ធ្វើ​ខុស។ នេះជារឿង​មូលបង្កាច់។ គាត់​ឥតមាន​ពាក់ព័ន្ធ​អ្វី​ទាំង​អស់ ក្នុង​រឿង​ដែល​ធ្វើ​អបគមន៍​ហ្នឹង គឺ​ឥត​ទាល់​តែ​សោះ ហើយ​នៅ​ឯខេត្ត​ក្រចេះ​ហ្នឹង គាត់​ឥត​ដែល​ស្គាល់ មិន​ដែល​ស្គាល់​ខេត្ត​ក្រចេះ មិន​ដែល​ទៅ​ទាល់​តែ​សោះ ឥត​ដែល​ស្គាល់​ទាល់​តែ​សោះ»។
លោក ផៃ ស៊ីផាន រដ្ឋ​លេខាធិការ និង​ជា​អ្នក​នាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​ចាត់​ទុក​ថា​ករណី​របស់​លោក​ម៉ម សុណង់ដូ គឺ​ជា​រឿង​តុលាការ​ដែល​មាន​ឆន្ទានុសិទ្ធិ​សម្រេច​ថា​មាន​ទោស ឬ​គ្មាន​ទោស។
«អ្វី​ដែល​ខ្ញុំ​យល់​ឃើញ​ថា​គឺ​គួរ​តែ​ទុក​ភារកិច្ច​នេះ​សម្រាប់​តុលាការ​ធ្វើ​អ្វី​ដែល​ជា​ដែន​អំណាច​របស់​ខ្លួន ឬ​នីតិវិធី​របស់ខ្លួន​ក្នុង​កិច្ចការ​ផ្តល់​ផលប្រយោជន៍​ដល់​ភាគី​ជាប់ចោទ​នេះ​ឯង»។
ការ​ចាប់ខ្លួន​លោកម៉ម សុណង់ដូ បាន​កើត​មាន​ឡើង​ក្រោយ​ពី​មាន​ការ​បង្រ្កាប​ដោយ​អំពើ​ហិង្សា​មួយ ពាក់ព័ន្ធ​ទៅនឹង​ការចាប់​ទន្រ្ទាន​យក​ដីធ្លី​នៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ កាល​ពី​ខែ​ឧសភា​កន្លងទៅនេះ។
អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុជា បាន​ប្រើ​ប្រាស់​កម្លាំង​ប្រដាប់​អាវុធ​ដោយ​ស្វ័យ​ប្រវត្តិ​ជា​ច្រើន​រាប់រយ​នាក់ ដោយ​បូករួម​ទាំង​ឧទ្ធម្ភាចក្រ​ចំនួន​ពីរ​គ្រឿង​ហើយ​នៅ​ក្នុង​ប្រតិបត្តិការណ៍​នោះ​បាន​បណ្តាល​ឲ្យ​កុមារី​ម្នាក់​ឈ្មោះ​ហេង ចន្ថា អាយុ​១៤​ឆ្នាំ សម្លាប់​ដោយ​ការ​បាញ់​សម្លាប់​ដោយ​កង​អាជ្ញាធរ។
អាជ្ញាធរ​កម្ពុជា​កំពុង​ស្វែង​រក​ចាប់​ខ្លួន​លោកប៊ុន រដ្ឋា ដែល​សង្ស័យ​ថា ជា​មេគំនិត​ដែល​បណ្តាល​ឲ្យ​មាន​ជម្លោះ​កើតឡើង​រវាង​ប្រជាជន និង​រដ្ឋាភិបាល។ លោក ប៊ុន រដ្ឋា ដែល​បច្ចុប្បន្ន​នេះ​កំពុង​តែ​លាក់​ខ្លួន​នៅ​កន្លែង​សុវត្ថិភាព ធ្លាប់​បាន​មាន​ប្រសាសន៍​ថា​សកម្មភាព​របស់​លោក​មិនជាប់ពាក់ព័ន្ធ​ជាមួយ​នឹង​លោក​ម៉ម សុណង់ដូ និង​មិន​មាន​គោលបំណង ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​ដូច​មាន​ការចោទ​ប្រកាន់​ទេ។
ជម្លោះ​ដីធ្លី​នៅ​ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង​ ខេត្ត​ក្រចេះ បាន​រាល​ដាល​ដល់​លោក ចាន់ សាវ៉េត មន្ត្រី​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិមនុស្ស​ដ៏​លេចធ្លោ​មួយ​របស់​សមាគម​សិទ្ធិមនុស្ស​អាដហុក។
លោក ចាន់ សាវ៉េត ពេល​នេះ​កំពុង​មាន​បេសក្ខកម្ម​នៅ​ក្រៅ​ប្រទេស​បន្ទាប់​ពី​តុលាការ​ក្រុង​ភ្នំពេញ​ចេញ​ដីកា​បង្គាប់​ឲ្យ​ចូល​បំភ្លឺ កាល​ពី​ថ្ងៃ​ទី​២៤ កន្លង​ទៅ​នេះ​ពី​បទផ្តល់​ជំនួយ​ដល់​ចារី។ ក៏ប៉ុន្តែ​ក្រោយ​មក​តុលាការ​បាន​លើក​ពេល​ដោយ​គ្មាន​ការ​កំណត់​បន្ទាប់​ពី​គ្មាន​វត្តមាន​លោក​ចាន់ សាវ៉េត នៅ​ក្នុង​ប្រទេស៕
XS
SM
MD
LG