ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ដាក់​ឲ្យ​ដំណើរការ​សេវា​ចុះ​បញ្ជី​ក្រុមហ៊ុន​ថ្មី​«ជា​កញ្ចប់»​តាម​អនឡាញ


គេហទំព័រ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ដែល​អនុញ្ញាត​ឲ្យ​ម្ចាស់​អាជីវកម្ម​អាច​ចុះបញ្ជី​ក្រុមហ៊ុន​ថ្មី​របស់ខ្លួន​តាម​អ៊ីនធើណិត​បាន។ (រូបថត​ដក​ស្រង់​ពី​គេហទំព័រ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា)
គេហទំព័រ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ដែល​អនុញ្ញាត​ឲ្យ​ម្ចាស់​អាជីវកម្ម​អាច​ចុះបញ្ជី​ក្រុមហ៊ុន​ថ្មី​របស់ខ្លួន​តាម​អ៊ីនធើណិត​បាន។ (រូបថត​ដក​ស្រង់​ពី​គេហទំព័រ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា)

ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ច័ន្ទ​នេះ បាន​ប្រកាសដាក់​ឲ្យ​ដំណើរ​ការ​ជា​ផ្លូវការ​នូវ​សេវា​កម្ម​ចុះ​បញ្ជី​អាជីវកម្ម​តាម​បណ្តាញ​អ៊ីនធឺណិត​ ​ឬ​អនឡាញ ដោយ​អះអាង​ថា​ នីតិវិធី​ថ្មី​នេះ​នឹង​ចំណាយ​ពេល​តិច​ជាង​មុន​ហើយ​ងាយស្រួល​ជាង​មុន​សម្រាប់​វិនិយោគិន។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ចេញ​ផ្សាយ​នៅថ្ងៃ​ទី​១៥​ខែ​មិថុនា​ឆ្នាំ​២០២០​នេះ បាន​បញ្ជាក់​ថា​ ​ចាប់​ពី​ថ្ងៃ​ច័ន្ទ​នេះ​ទៅ ​អ្នក​ប្រកប​របរ​រកស៊ី​អាច​ចុះ​បញ្ជី​អាជីវកម្ម​ថ្មី​របស់​ខ្លួន​បាន​«ជា​កញ្ចប់»តាម​អនឡាញ​នេះ ដែល​អាច​ធ្វើ​បាន​ក្នុង​ពេល​តែ​មួយ​ និង​ចំណាយ​ពេល​យ៉ាង​យូរ​បំផុត​ត្រឹម​៨​ថ្ងៃ​នៃ​ថ្ងៃ​ធ្វើ​ការ។​

វិធាន​ការ​ថ្មី​នេះ​ធ្វើ​ឡើង ខណៈ​ក្រុមហ៊ុន​អាជីវកម្ម​និង​អ្នក​រកស៊ី​មួយ​ចំនួន​បាន​រអ៊ូរទាំ​អំពី​នីតិវិធី​ស្មុគស្មាញ និង​ប្រើ​រយៈ​ពេលយូរ​ ​ហើយ​ត្រូវ​ចំណាយ​ថវិកា​អស់​ច្រើន​ក្នុង​ការ​ចុះ​បញ្ជី​ក្រុមហ៊ុន ​ឬ​អាជីវ​កម្ម​របស់​ខ្លួន។​

កន្លង​មក ម្ចាស់​អាជីវកម្ម​ថ្មី​ត្រូវ​តម្រូវ​ឲ្យ​ចុះ​បញ្ជី​ក្រុម​ហ៊ុន​ និងផ្តល់​ដំណឹង​ស្តីពី​ការ​បើក​សហ​គ្រាស​របស់​ខ្លួននៅ​តាម​ស្ថាប័ន​រដ្ឋាភិបាល​ផ្សេងៗ​គ្នា​ ដូចជា​នៅ​ក្រសួង​ពាណិជ្ជ​កម្ម​ផង ក្រសួង​សេដ្ឋកិច្ច​ផង​និង​នៅ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ជាដើម​ផង។​

ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញ​វត្ថុ​បាន​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​របស់​ខ្លួន​ថា ប្រព័ន្ធ​ចុះ​បញ្ជី​អាជីវកម្ម​ថ្មី​នេះ​មាន​តភ្ជាប់​ទិន្នន័យ​រវាង​ក្រសួង​ និង​ស្ថាប័ន​ពាក់ព័ន្ធ ហើយ​ទិន្នន័យ​ទាំងអស់នឹង​ត្រូវ​ចែក​រំលែក​ដោយ​ស្វ័យប្រវត្តិទៅ​ក្រសួង ​និង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ដើម្បី​ពិនិត្យ​និង​អនុម័ត៕

XS
SM
MD
LG