អ្នកវិនិយោគទុននៅអាស៊ានមើលឃើញថាជំងឺកូវីដ១៩និងសង្គ្រាមពាណិជ្ជកម្មរវាងចិននិងសហរដ្ឋអាមេរិកគឺជាក្តីព្រួយបារម្ភ ប៉ុន្តែវាបានផ្តល់នូវឱកាសវិនិយោគ«មាស»សម្រាប់តំបន់នេះនិងបានអំពាវនាវឱ្យអ្នកវិនិយោគទុនបរទេសពិចារណាក្តាប់យកឱកាសនេះ។
នៅក្នុងការពិភាក្សាមួយដែលរៀបចំដោយសមាគមសភាពាណិជ្ជកម្មអាស៊ានដើម្បីពន្យល់ពីចំណុចវិជ្ជមាននៃឱកាសធ្វើជំនួញនៅប្រទេសកម្ពុជានិងបណ្តាប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ាន ក្រុមពាណិជ្ជករអះអាងថា ភាពទាក់ទាញរបស់អាស៊ានមានកាន់តែច្រើនបើទោះបីជាកំពុងតែមានវិបត្តិសុខភាពពិភពលោកបង្កឡើងដោយវីរុសកូរ៉ូណាក៏ដោយ។
លោកតាន់ មុន្នីវណ្ណអគ្គនាយករងនៃក្រុមហ៊ុន ម៉ុង ឬទ្ធីគ្រុប បានបញ្ជាក់នៅក្នុងវេទិកាអនឡាញកាលពីថ្ងៃសុក្រសប្តាហ៍មុនថា ឆ្លងតាមរយៈបទពិសោធន៍ពីជំងឺកូវីដ១៩ ដែលបាននាំឱ្យប្រទេសជិតខាងកម្ពុជាក៏ដូចជាប្រទេសមួយចំនួនលើពិភពលោកបិទព្រំដែន ដូច្នេះពេលនេះគឺជាវេលាសមស្របដើម្បីវិនិយោគទុននៅកម្ពុជាដោយសារតែរដ្ឋាភិបាលកំពុងខិតខំប្រឹងប្រែងជំរុញផលិតផលសម្រាប់បំពេញតម្រូវការក្នុងស្រុក។
លោកតាន់ មុន្នីវណ្ណបានបន្ថែមថា៖
«មនុស្សគ្រប់គ្នាមានការព្រួយបារម្ភនៅពេលដែលយើងបិទព្រំដែនបិទជើងយន្តហោះ និងបិទអ្វីៗគ្រប់យ៉ាង គឺយើងមិនមានសម្ភារៈគ្រប់គ្រាន់ដើម្បីគាំទ្រដល់ខាងក្នុងប្រទេសទេ។ រដ្ឋាភិបាលរបស់យើងខិតខំសម្របសម្រួលនិងខិតខំជួយគាំទ្រក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជាដើម្បីដំណើរការផលិតកម្ម។ ដូច្នេះនេះគឺជាឱកាសដ៏ល្អហើយ»។
លោកតាន់ មុន្នីវណ្ណ ដែលមានតួនាទីជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាផងដែរបានបន្ថែមថារដ្ឋាភិបាលកម្ពុជាគាំទ្រសហគ្រាសខ្នាតតូចនិងមធ្យមដោយបានរៀបចំផែនការផ្តល់ហិរញ្ញវត្ថុតាមរយៈការផ្តល់ប្រាក់កម្ចីដែលមានការប្រាក់ទាបត្រឹមកម្រិត៥ភាគរយដើម្បីអាចជួយដល់វិនិយោគិនក៏ដូចជាការធានាផ្តល់ឥណទានជាដើម។
លោកបន្ថែមថា៖
«តាមពិតទៅតាំងពីមុនពេលមានជំងឺកូវីដ១៩គឺរដ្ឋាភិបាលតែងតែគាំទ្រសហគ្រាសខ្នាតតូចនិងមធ្យមក្នុងប្រទេសកម្ពុជា ជាពិសេសគាំទ្រដល់ឧស្សាហកម្មផលិតស្បៀងអាហារពីព្រោះដូចយើងដឹងហើយថាយើងនាំចូលផលិតផលអាហារពី៧០ទៅ៨០ភាគរយពីបរទេស។ ភាគច្រើនយើងនាំលុយចេញទៅបរទេស គឺយើងនាំចូលផលិតផលនិងនាំលុយចេញក្រៅ»។
ប្រទេសកម្ពុជាមានអ្នកឆ្លងវីរុសកូរ៉ូណាចំនួន១២៥នាក់ដែលសុទ្ធតែជាករណីឆ្លងពីក្រៅប្រទេសដោយមិនមានការឆ្លងកម្រិតសហគមន៍ទេក្នុងពេលដែលប្រទេសសមាជិកអាស៊ានដទៃទៀតដូចជាសិង្ហបុរី ឥណ្ឌូនេស៊ី និងហ្វីលីពីនបានឆ្លងនិងស្លាប់ជាច្រើននាក់។ រដ្ឋាភិបាលមិនបានបិទច្រកព្រំដែនទេដោយសារប្រទេសជិតខាងនិងប្រទេសជាច្រើនបានបិទព្រំដែនរបស់ពួកគេស្រាប់ហើយ។ ប៉ុន្តែកម្ពុជាបានហាមឃាត់ពលរដ្ឋខ្លួនមួយចំនួនដែលចង់ធ្វើដំណើរពីប្រទេសដែលមានការឆ្លងច្រើនមិនឲ្យចូលក្នុងនោះមានសហរដ្ឋអាមេរិកហើយបានបិទចរាចរណ៍ឆ្លងខេត្តតែក្នុងរយៈពេលខ្លីនៅពេលបុណ្យចូលឆ្នាំខ្មែរ។
ធនាគារអភិវឌ្ឍន៍អាស៊ីបានព្យាករណ៍ថាសេដ្ឋកិច្ចកម្ពុជានឹងរីកចម្រើនបានតែ២,៣ភាគរយប៉ុណ្ណោះក្នុងឆ្នាំ២០២០ដោយធ្លាក់ចុះពីចំនួន៧,១ភាគរយក្នុងឆ្នាំ២០១៩ ប៉ុន្តែនឹងកើនឡើងវិញដល់៥,៧ភាគរយក្នុងឆ្នាំ២០២១។
លោកដាតូ តូនីឡយ ប្រធានក្រុមហ៊ុនសំណង់បានលីហ៊ីនគ្រុប (Ban Lee Hin Group) នៃប្រទេសម៉ាឡេស៊ីអះអាងថាជំងឺកូវីដ១៩នឹងមិនធ្វើឲ្យសេដ្ឋកិច្ចម៉ាឡេស៊ីប៉ះពាល់ខ្លាំងទេហើយវានឹងងើបឡើងវិញមកដូចដើមវិញយ៉ាងឆាប់រហ័ស។ ទន្ទឹមគ្នានោះដែរប្រទេសសមាជិកចាស់របស់អាស៊ានមួយនេះមានសក្តានុពលកាន់តែប្រសើរសម្រាប់វិនិយោគិន។
លោកដាតូ តូនីឡយបានបន្ថែមថា៖
«ក្នុងអំឡុងពេលសង្គ្រាមពាណិជ្ជកម្មរវាងចិននិងសហរដ្ឋអាមេរិក គឺមានជនជាតិចិនជាច្រើនបានមកបង្កើតក្រុមហ៊ុននិងរោងចក្រនៅម៉ាឡេស៊ីពីព្រោះពួកគេអាចនាំចេញដោយផ្ទាល់មិនបាច់ឆ្លងកាត់ប្រទេសចិនទេ។ ឥឡូវនេះយើងក៏ឃើញក្រុមហ៊ុនសំណង់ជាច្រើនមកប្រទេសម៉ាឡេស៊ី។ ដោយហេតុនេះហើយខ្ញុំគិតថាវាជាឱកាសមាសសម្រាប់មនុស្សគ្រប់គ្នាមកពិនិត្យមើល។ រដ្ឋាភិបាលក៏បានបង្កើតកម្មវិធីជួយទំនុកបំរុងឧបត្ថម្ភទុនដល់វិនិយោគិនផងដែរ»។
ឱកាសវិនិយោគដែលម៉ាឡេស៊ីផ្តល់ឲ្យគឺមានលើវិស័យសំណង់ អចលនទ្រព្យ វិស័យកម្មន្តសាលនិងជាពិសេស ផលិតកម្មស្បៀងអាហារដែលអាចផ្តល់ម្ហូបបួសដល់ពលរដ្ឋឥស្លាមទូទាំងពិភពលោកចំនួនជាង១,៦ពាន់លាននាក់។ នេះបើតាមការលើកឡើងរបស់លោកដាតូ តូនីឡយ។
ប្រទេសម៉ាឡេស៊ីមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួនជិត៨.០០០នាក់ដោយមានអ្នកស្លាប់ចំនួន១១៥នាក់បើប្រៀបធៀបនឹងប្រទេសហ្វីលីពីនដែលមានអ្នកឆ្លងជិត២០.០០០នាក់និងស្លាប់ជិត១.០០០នាក់និងឥណ្ឌូនេស៊ីមានអ្នកឆ្លងជាង២៨.០០០នាក់និងអ្នកស្លាប់ជាង១.៧០០នាក់។ធនាគារជាតិបានវាយតម្លៃថាសេដ្ឋកិច្ចម៉ាឡេស៊ីនឹងធ្លាក់ចុះប្រហែល២ភាគរយក្នុងឆ្នាំ២០២០នេះដែលជាផលប៉ះពាល់ដ៏ធំក្នុងរយៈពេលជាង១ទសវត្សរ៍នេះ។
វាគ្មិនបានបង្ហាញថាវិស័យសំណង់ និងដីធ្លី ក៏មានលក្ខណៈទាក់ទាញវិនិយោគទុនបរទេសឲ្យទៅតំបន់អាស៊ានផងដែរ។
លោកឧកញ៉ាកុយ លីសាន ប្រធានសមាគមសភាពាណិជ្ជកម្មអាស៊ានបានបញ្ជាក់ថាតម្លៃអចលនទ្រព្យនៅកម្ពុជានៅមានឱកាសរកចំណេញបានច្រើនដោយតម្លៃដីធ្លីនៅតំបន់ដែលល្អបំផុតនៅក្រោម៧.០០០ដុល្លារក្នុងមួយម៉ែត្រការ៉េហើយ ក៏កំពុងតែឡើងតាមបណ្តាប្រទេសដទៃទៀតនៅអាស៊ានផងដែរ។ នេះជាតម្លៃថោកបើប្រៀបធៀបនឹងប្រទេសម៉ាឡេស៊ីដែលមានកន្លែងខ្លះតម្លៃខ្ពស់ជាងកម្ពុជាដល់ទៅប្រាំដង។
បើទោះបីជាមើលឃើញឱកាសវិនិយោគដែលជាលទ្ធផលនៃសង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចទី១និងទី២លើពិភពលោក ក៏អ្នកវិនិយោគទុនទាំងនោះសម្តែងការព្រួយបារម្ភខ្លាចទំនាស់នេះរីករាលដាលកាន់តែធំ។
លោកតាន់ មុន្នីវណ្ណបានបន្ថែមថា៖
«អ្វីដែលយើងព្រួយបារម្ភក្រោយពីមានជំងឺកូវីដ១៩គឺប្រហែលជាសង្គ្រាមពាណិជ្ជកម្មរវាងចិននិងសហរដ្ឋអាមេរិកក៏ដូចជានៅសហភាពអឺរ៉ុប។ យើងមិនដឹងថានឹងមានអ្វីកើតមានឡើងនៅពេលនោះទេពីព្រោះឥឡូវនេះពួកគេព្យាយាមប្រើពាក្យសម្តីដាក់គ្នារវាងចិននិងសហរដ្ឋអាមេរិក។ ខ្ញុំគិតថាវាហួសពីអ្វីដែលយើងអាចគ្រប់គ្រងបាន។ វាហួសពីសមត្ថភាពដែលយើងអាចគ្រប់គ្រងបានប៉ុន្តែវាក៏ប្រហែលជានឹងមានផលប៉ះពាល់ដល់បណ្តាប្រទេសអាស៊ានផងដែរ»។
លោកនីកូឡាស តាង ប្រធានក្រុមហ៊ុនស្រាវជ្រាវការវិនិយោគនិងគ្រប់គ្រងអចលនទ្រព្យមកពីហុងកុងបានពន្យល់ថាផលប៉ះពាល់សេដ្ឋកិច្ចគឺមិនអាចស្តារឡើងវិញភ្លាមៗទេបើទោះបីជាស្ថានភាពវីរុសកូរ៉ូណានឹងត្រឡប់ទៅស្ថានភាពធម្មតាវិញដោយសារតែវាអាស្រ័យលើជម្លោះសេដ្ឋកិច្ចរវាងចិននិងសហរដ្ឋអាមេរិក។
លោកនីកូឡាសបន្ថែមថាវីរុសកូរ៉ូណាបានធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែដុនដាប។ ជាពិសេសនៅមុនការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកា ដោយលោកប្រធានាធិបតីដូណាល់ ត្រាំបានស្តីបន្ទោសចិនថាមិនបានផ្តល់ព័ត៌មានឲ្យពិភពលោកបានដឹងគ្រប់គ្រាន់ពីគ្រោះថ្នាក់នៃវីរុសដ៏សាហាវនេះ។
ក៏ប៉ុន្តែលោកនីកូឡាស យល់ថាការវិនិយោគទុនដោយផ្ទាល់នឹងកើនឡើងនៅតំបន់អាស៊ីអាគ្នេយ៍ដោយសារមហាអំណាចទាំងពីរនឹងខិតខំស្វែងរកសម្ព័ន្ធមិត្តនៅថ្នាក់តំបន់ហើយ អ្វីដែលជាគោលដៅដែលគួរយកចិត្តទុកដាក់វិនិយោគគឺលើវិស័យអចលនទ្រព្យ និងគម្រោងអភិវឌ្ឍន៍នានា។
«នៅពេលដែលបញ្ចប់ការបិទប្រទេសពួកគេនឹងបង្កើនប្រាក់លើការវិនិយោគនៅតំបន់អាស៊ីអាគ្នេយ៍និងប្រទេសរបស់ពួកគេដើម្បី បង្កើនអំណាចដល់ថ្នាក់តំបន់។ ដូច្នេះហើយការវិនិយោគទុនដោយផ្ទាល់ប្រហែលជានឹងកើនឡើងក្នុងអំឡុងពេលនោះ»។
ប្លុកអាស៊ានមានកម្ពុជា ឡាវ វៀតណាម ថៃ ភូមា ម៉ាឡេស៊ី ហ្វីលីពីន ឥណ្ឌូនេស៊ី សិង្ហបុរី និងប៊្រុយណេនិងមានពលរដ្ឋ៦៧០លាននាក់។ បណ្តាប្រទេសទាំងនេះមានសក្តានុពលនិងទំហំសេដ្ឋកិច្ចមិនដូចគ្នាទេហើយធនធានមនុស្សក៏មិនដូចគ្នាដែរ។ សិង្ហបុរី ម៉ាឡេស៊ីនិងថៃគឺជាប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់ជាងគេ។
លោក ឆេង គឹមឡុង ប្រធានផ្នែកអភិបាលកិច្ចនវានុវត្តន៍និងប្រជាធិបតេយ្យនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ីបានបញ្ជាក់ប្រាប់វីអូអេថា៖
«ក្នុងតំបន់អាស៊ានទាំងមូលមានលក្ខណៈខ្លាំងគឺការទាក់ទាញការវិនិយោគពីក្រៅស្រុកតាមរយៈកម្លាំងពលកម្មរបស់ខ្លួន។ ទន្ទឹមគ្នានេះដែរយើងមើលលើវិស័យកសិកម្ម តំបន់អាស៊ានទាំងមូលជារោងចក្រផ្គត់ផ្គង់ស្បៀងអាហារទាំងក្នុងតំបន់និងពិភពលោក។ និយាយរួមមានវៀតណាម ថៃនិងវៀតណាមជាប្រទេសបីធំជាងគេក្នុងការផលិតស្រូវអង្កររួមទាំងផលិតផលកសិកម្មមួយចំនួនទៀតដែលបើយើងបូកទៅរួមទាំងស្វាយចន្ទីទៀតគឺច្រើនណាស់»។
អ្នកជំនាញមើលឃើញថាអាស៊ានក៏កំពុងស្រូបទាញការផលិតគ្រឿងអេឡិកត្រូនិកនិងកំពុងពង្រីកខ្លួនបើទោះបីជាមិនទាន់ធំដូចជានៅប្រទេសចិនក៏ដោយ។ រីឯក្រុមហ៊ុនអនឡាញកំពុងផុសឡើងច្រើនផងដែរ។
អ្នកវិភាគនានាបានវាយតម្លៃថាផលប៉ះពាល់ពីជំងឺកូវីដ១៩លើអាស៊ានគឺមានទំហំធំជាងវិបត្តិសេដ្ឋកិច្ចអាស៊ីក្នុងឆ្នាំ១៩៩៧និង១៩៩៨ ហើយដរាបណាសេដ្ឋកិច្ចពិភពលោកមិនទាន់ងើបឡើងវិញទេ លទ្ធភាពនៃការរីកចម្រើនរបស់អាស៊ានក៏ពិបាកផងដែរ៕