រដ្ឋាភិបាលកម្ពុជា នៅថ្ងៃសុក្រនេះ បានសម្រេចអនុម័តសេចក្តីព្រាងច្បាប់មួយស្តីពីការប្រឆាំងការសម្អាតលុយទុច្ចរិត តែជាងមួយសប្តាហ៍ប៉ុណ្ណោះ ក្រោយពីគណៈកម្មការអឺរ៉ុបបានសម្រេចដាក់បញ្ចូលប្រទេសកម្ពុជាទៅក្នុងបញ្ជី «ប្រទេសមានហានិភ័យខ្ពស់» នៃការសម្អាតលុយទុច្ចរិតនេះ។
ការអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពី «ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម» នេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គនៃគណៈរដ្ឋមន្ត្រី ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃសុក្រទី១៥ ខែឧសភានេះ។
នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ គណៈកម្មការអឺរ៉ុបបានដាក់ប្រទេសចំនួន ១២ រួមទាំងកម្ពុជាផងដែរចូលទៅក្នុងបញ្ជីបច្ចុប្បន្នភាពចុងក្រោយនៃប្រទេស ដែលមានហានិភ័យខ្ពស់ក្នុងសកម្មភាពសម្អាតលុយទុច្ចរិតដោយចាត់ទុកថា ប្រទេសទាំងនេះមាន «ភាពទន់ខ្សោយខាងយុទ្ធសាស្ត្រក្នុងរបបដឹកនាំរបស់ពួកគេ»។
គណៈកម្មការនេះនឹងបញ្ជូនបញ្ជីប្រទេសទាំងនេះទៅសភា និងក្រុមប្រឹក្សាអឺរ៉ុប ដើម្បីអនុម័តក្នុងរយៈពេល១ខែទៀត។
កាលពីខែមេសាឆ្នាំមុន អាជ្ញាធរកម្ពុជាបានចាប់ខ្លួនបុរសជនជាតិចិន ៣ នាក់ និងដកហូតលុយចំនួនជាង ៣ លាន ៥ សែនដុល្លារសហរដ្ឋអាមេរិក ដែលបុរសទាំងនេះ បាននាំចូលមកក្នុងប្រទេស ដោយគ្មានប្រភពបញ្ជាក់ច្បាស់លាស់។
លោក ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានសរសេរតាមទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃសុក្រទី ១៥ ខែឧសភានេះថា ការអនុម័តច្បាប់នេះ «គឺមិនមែនបំពេញចិត្តអង្គភាពណានោះទេ» គឺ «កម្ពុជាបានអនុវត្តទៅលើលក្ខខណ្ឌជាសមាជិករបស់ក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកស្តីពីការសម្អាតប្រាក់» តែប៉ុណ្ណោះ៕