កាលពីថ្ងៃច័ន្ទព្រះមហាក្សត្រីយានី នរោត្តម មុនីនាថ សីហនុ ដែលជាប្រធានកិត្តិយសនៃ «ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី» បានមានបន្ទូលស្នើឲ្យក្រុមប្រឹក្សានេះជួយដល់ស្ត្រីដែលជួបផលវិបាកសេដ្ឋកិច្ច ក្នុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ ដែលធ្វើឲ្យស្ត្រីកម្ពុជាជាច្រើនបាត់បង់ការងារធ្វើ។
ការរីករាលដាលនេះបានធ្វើឲ្យប៉ះពាល់ដល់វិស័យធំៗជាច្រើនរបស់កម្ពុជា ដូចជាវិស័យទេសចរណ៍និងវិស័យកាត់ដេរ ដែលផ្តល់ការងារដល់មនុស្សជិតមួយលាននាក់ ដែលភាគច្រើនជាស្ត្រីមកពីតំបន់ក្រីក្រដាច់ស្រយាល។
ខណៈលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានប្រតិបត្តិក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី និងមន្ត្រីជាច្រើនរូបទៀតចូលសវនាការនៅព្រះបរមរាជវាំង ព្រះមហាក្សត្រីយានីមានព្រះរាជបន្ទូលថា៖
«តែឥឡូវនេះយើងមានអារឿងកូវីដនេះមកទៀត។ កូវីដ១៩ ហ្នឹងនាំឲ្យរំខានការងារយើងច្រើនណាស់។ ម៉្លោះហើយសូមលោកជំទាវទាំងអស់...សូមក្រុមប្រឹក្សាជាតិហ្នឹង មេត្តាខិតខំជួយធ្វើយ៉ាងម៉េចឲ្យនារី ព្រោះដល់ពេលហ្នឹងនារីក៏គ្នាបាត់ការងារក៏ច្រើន បាត់ថវិកាក៏ច្រើនម្លោះ ហើយសូមមេត្តាជួយសម្រាលទុក្ខគ្នាផង»។
ព្រះមហាក្សត្រីយានីមានព្រះបន្ទូលបន្ថែមថា កូវីដ១៩មិនមែនប៉ះពាល់តែសេដ្ឋកិច្ចកម្ពុជានោះទេ។
«ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី» មានតួនាទីជាអ្នកសម្របសម្រួលនិងផ្ដល់យោបល់ជូនរាជរដ្ឋាភិបាល ទាក់ទិននឹងការលើកកម្ពស់ស្ថានភាពតួនាទី និងសុខុមាលភាពស្ត្រីកម្ពុជា៕