ប្រជាពលរដ្ឋមកពីខេត្តចំនួន៨ គឺខេត្តសៀមរាប ស្វាយរៀង កំពង់ធំ កំពង់ស្ពឺ ក្រចេះ ព្រះវិហារកំពង់ឆ្នាំងនិងពោធិ៍សាត់សរុបប្រមាណជាង៣០០នាក់បានមកដល់ខេត្តកោះកុងនៅក្នុងគោលបំណងគោរពវិញ្ញាណក្ខន្ធលោកឈុត វុទ្ធីនិងដើរល្បាតមើលការកាប់បំផ្លាញព្រៃឈើនៅលើជួរភ្នំក្រវ៉ាញ។
លោកឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិ ដែលជាសកម្មជនការពារព្រៃឈើយ៉ាងសកម្ម ត្រូវបានជនប្រដាប់អាវុធបានបាញ់សម្លាប់កាលពីថ្ងៃទី២៦ ខែមេសា នៅចំណុចវាល៣ នៃស្រុកមណ្ឌលសីមា ចម្ងាយប្រមាណជាង ៦០គីឡូម៉ែតពីខេត្តកោះកុង។
រដ្ឋាភិបាលបានទទួលស្គាល់ថាកងរាជអាវុធហត្ថម្នាក់ឈ្មោះអ៊ិន រតនា បានបាញ់សម្លាប់លោកឈុត វុទ្ធី រួចបន្ទាប់មកបានរាលកៃកាំភ្លើងបាញ់សម្លាប់ខ្លួនឯង។ ក៏ប៉ុន្តែក្រុមគ្រួសារលោកអ៊ិន រតនា គ្រួសារលោកឈុត វុទ្ធី និងអង្គការសង្គមស៊ីវិលបានច្រានចោលអំណះអំណាងនោះប្រកបទៅដោយការរិះគន់។
ប្រជាពលរដ្ឋទាំង៣០០នាក់ នៅក្នុងនោះមានព្រះសង្ឃចំនួន ៥០អង្គផងមួយចំនួនគឺជាអ្នកដែលរងគ្រោះនៅក្នុងជម្លោះដីធ្លីនិងមួយចំនួនទៀតគឺជាប្រជាពលរដ្ឋមកពីសហគមន៍ការពារព្រៃឡង់ ដែលធ្លាប់ធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងលោកឈុត វុទ្ធី។
លោក អ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដែលបានជួយរៀបចំការប្រមូលផ្តុំរបស់ប្រជាពលរដ្ឋនេះមានប្រសាសន៍ថាក្រៅពីការគោរពវិញ្ញាណក្ខន្ធសពលោកឈុត វុទ្ធី ការប្រមូលផ្តុំប្រជាពលរដ្ឋនេះក៏ជាសារមួយទាមទារឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់ទប់ស្កាត់ការបំផ្លាញព្រៃធម្មជាតិផងដែរ។
លោកវីរៈបញ្ជាក់ថា៖
«គឺយើងចង់រំលឹកវិញ្ញាណក្ខន្ធលោកឈុត វុទ្ធី។ ចំណុចទី២ គឺជាការផ្ងើសារមួយទៅដល់អ្នកដែលបំផ្លាញជាតិ អ្នកដែលកំពុងតែបំផ្លាញព្រៃឈើនៅក្នុងប្រទេសកម្ពុជាយើងថាការសម្លាប់លោកឈុត វុទ្ធី នេះមិនអាចបិទមាត់យើងជិតទេ។ មិនអាចបញ្ឈប់សកម្មភាពប្រជាពលរដ្ឋ ហើយនឹងសកម្មជនសិទ្ធិមនុស្សទេ»។
ជាមួយគ្នានេះលោកស្វាយ ភឿន សមាជិកបណ្តាញកសាងសន្តិភាពសហគមន៍ដែលមានសកម្មភាពខ្លាំងក្លានៅក្នុងការទប់ស្កាត់ការកាប់បំផ្លាញព្រៃឡង់បានលើកឡើងថាក្រុមប្រជាពលរដ្ឋនឹងសិក្សាទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើខុសច្បាប់នៅកន្លែងដែលលោកឈុត វុទ្ធី ទទួលរងគ្រោះនោះ។
«យើងចង់ឃើញនូវស្ថានភាពមួយទាក់ទងនឹងខាងកោះកុង ដែលកន្លែងគេធ្វើឃាតដល់លោកឈុត វុទ្ធី ហ្នឹង។ ហើយម្យ៉ាងទៀត យើងចង់ឃើញនូវសកម្មភាពព្រៃឈើ វាខុសប្លែកយ៉ាងម៉េច ហើយបទល្មើសវាខុសគ្នានៅខេត្តនានាយ៉ាងម៉េច។ បើសិនជាដើរល្បាតព្រៃនៅក្នុងរយៈពេលពីរថ្ងៃខាងមុខនេះនៅចំណុចភូមិសាស្ត្រកោះកុងនេះ។ បើឃើញសកម្មភាពណាដែលខុសប្លែក ហើយអនាធិបតេយ្យកាន់តែខ្លាំង។ ចិត្តគំនិតរបស់សហគមន៍មានការទប់ស្កាត់ហើយ»។
គេមិនទាន់ឃើញមានក្រុមអាជ្ញាធរខេត្តកោះកុងមករារាំងប្រជាពលរដ្ឋទាំងនេះនៅឡើយទេ។ ក៏ប៉ុន្តែលោកប៊ុន ឡឺត អភិបាលខេត្តកោះកុងបានព្រមានថាអាជ្ញាធរអនុញ្ញាតឲ្យប្រជាពលរដ្ឋទាំងនេះធ្វើសកម្មភាពណាមួយដែលស្របច្បាប់ និងមិនមានអំពើហិង្សាតែប៉ុណ្ណោះ៕