ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជានិងជប៉ុនប្តេជ្ញាពង្រឹងទំនាក់ទំនងនិងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ


នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Fumio Kishida និង​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត ចាប់ដៃ​គ្នា​ក្នុងកិច្ច​ពិភាក្សា​ទ្វេភាគី​មួយ​ នៅទីក្រុង​តូក្យូ ប្រទេស​ជប៉ុន កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។
នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Fumio Kishida និង​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត ចាប់ដៃ​គ្នា​ក្នុងកិច្ច​ពិភាក្សា​ទ្វេភាគី​មួយ​ នៅទីក្រុង​តូក្យូ ប្រទេស​ជប៉ុន កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។

នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​លើក​ដំបូង​របស់​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន ម៉ាណែត​ ទៅ​កាន់​ទីក្រុង​តូក្យូ​ កម្ពុជា​និង​ជប៉ុន​បាន​ប្តេជ្ញា​ពង្រឹង​ទំនាក់​ទំនង​និង​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់​តែ​ស៊ី​ជម្រៅ​និង​គ្រប់​ជ្រុង​ជ្រោយ។ ​នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​ ចុះ​ថ្ងៃទី​ ១៨​ ខែ​ធ្នូ​ ឆ្នាំ​ ២០២៣។​

រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា ​លោក​ សុខ ចិន្តាសោភា ​និង​ប្រមុខ​ការទូត​ជប៉ុន ​អ្នក​ស្រី​ កាមិកាវ៉ា យ៉ូកុ ​(Kamikawa Yoko)​ បាន​ជួប​គ្នា ​កាល​ពី​ថ្ងៃទី​ ១៧ ខែ​ធ្នូ​ ឆ្នាំ ​២០២៣​ នៅ​អំឡុង​ពេល​ដែល​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​រំឭក​ខួប​អនុវស្សាវរីយ៍​អាស៊ាន-ជប៉ុន​ ដើម្បី​អបអរ​ខួប​ ៥០​ ឆ្នាំ​នៃ​មិត្ត​ភាពនិង​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាងអាស៊ាន-ជប៉ុន។​

ក្រសួង​ការ​បរទេស​កម្ពុជា​បញ្ជាក់​ថា៖​ «រដ្ឋមន្ត្រី​ការ​បរទេស​ទាំង​ពីរ​បាន​បញ្ជាក់​សា​ជាថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​បន្ត​ពង្រឹង​ និង​ពង្រីក​បន្ថែម​នូវ​ទំនាក់​ទំនង​ទ្វេភាគី​ និង​កិច្ច​សហ​ប្រតិបត្តិ​ការ​ពហុវិស័យ​ដែល​កំពុង​រីក​ចម្រើន​រវាង​ប្រទេស​ទាំង​ពីរ​រួម​មាន​វិស័យ​នយោបាយ​ សេដ្ឋកិច្ច​ ហេដ្ឋា​រចនា​សម្ព័ន្ធ​ ការពារ​ជាតិ ​និង​សន្តិសុខ​ ការ​បោស​សម្អាត​មីន​ ប្រតិ​បត្តិ​ការ​រក្សា​សន្តិភាព​ ការ​ផ្លាស់​ប្តូរ​រវាង​ប្រជាជន​និង​ប្រជាជន ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស ​ការ​អភិវវឌ្ឍ​ឌីជីថល ​និង​សន្តិសុខ​អ៊ីនធឺណិត»។

បើ​និយាយ​ពី​ក្រប​ខណ្ឌ​អន្តរ​ជាតិ​វិញ​ ភាគី​ទាំង​ពីរ​បាន​ឯកភាព​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​ប្រទេស​ទាំង​ពីរ​បន្ថែម​ទៀត​ នៅ​ក្នុង​ក្រប​ខណ្ឌ​តំបន់​និង​អន្តរជាតិ​ រួម​មាន​អង្គការ​សហ​ប្រជាជាតិ​ និង​អាស៊ាន​-ជប៉ុន។​

យោង​តាម​លទ្ធផល​នៃ​កិច្ច​ប្រជុំ​កំពូល​រំឭក​ខួប​អនុស្សាវរីយ៍​ ដើម្បី​អបអរ​សារទរ​ឆ្នាំ​ទី​ ៥០​ នៃ​មិត្ត​ភាព​និង​កិច្ច​សហ​ប្រតិ​បត្តិការ​អាស៊ាន-ជប៉ុន ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ លោក ហ៊ុន ម៉ាណែត​ វាយ​តម្លៃ​ខ្ពស់​ចំពោះ​ទំនាក់​ទំនង​កម្ពុជា-ជប៉ុន​ ដែល​ជា​សក្ខីភាព​បង្ហាញ​ពី​ភាព​រឹងមាំ​ផ្អែក​លើ​សាមគ្គី​ភាព​ក្នុង​ភាព​ចម្រុះ​ និង​បាន​បញ្ជាក់​ពី​ភាព​ចាំបាច់​ក្នុង​ការ​រួម​គ្នា​បង្ហាញ​នូវ​កម្លាំង​នៃ​សន្តិភាព​ ដើម្បី​ធានា​ថា​ ​តំបន់​អាស៊ីប៉ា​ស៊ីហ្វិក​នឹង​មិន​ក្លាយ​ជា​វេទិកា​ថ្មី​មួយ​ទៀត​នៃ​ជម្លោះ​ប្រដាប់​អាវុធ។​

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល ​លោក ​ហ៊ុន ម៉ាណែត ​បាន​ស្នើ​ឱ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត​លើ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ ជាពិសេស​តាម​រយៈ​កម្មវិធី​អប់រំ ​និង​ការ​បង្កើត​នូវ​ការ​យល់​ដឹង​ទូលំទូលាយ​រួម​ទាំង​ការ​គាំទ្រ​ដល់​វិស័យ​វប្បធម៌ ​សិល្បៈ ​និង​កម្ម​វិធី​ផ្លាស់​ប្តូរ​ទំនាក់​ទំនង​យុវជន​អាស៊ី​បូព៌ា​ ដើម្បី​ពង្រឹង​សមត្ថភាព​និង​ភាព​ធន់​របស់​យុវជន។​

នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត និងភរិយាគឺលោកស្រី ពេជ្រ ច័ន្ទមុន្នី ថតរូប​ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Fumio Kishida និងភរិយាគឺ​លោកស្រី Yuko Kishida នៅទីក្រុង​តូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣។
នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត និងភរិយាគឺលោកស្រី ពេជ្រ ច័ន្ទមុន្នី ថតរូប​ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Fumio Kishida និងភរិយាគឺ​លោកស្រី Yuko Kishida នៅទីក្រុង​តូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣។

នាយក​រដ្ឋមន្ត្រី​កម្ពុជា​ក៏​បាន​គាំទ្រ​គំនិត​ផ្តួច​ផ្តើម​សហ​បង្កើត​ឧស្សាហ​កម្ម​យានយន្ត​ជំនាន់​ថ្មី​អាស៊ាន-ជប៉ុន​ និង​គម្រោង​របស់​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ ក្នុង​ការ​កៀរ​គរ​មូលនិធិ​ ៣៥ ​ពាន់​លាន​ដុល្លារ​អាមេរិក​ សម្រាប់​រយៈ​ពេល ​៥ ឆ្នាំ​ តាម​រយៈ​ភាព​ជាដៃ​គូ​រវាង​រដ្ឋ​និង​ឯក​ជន​ក្នុង​តំបន់​អាស៊ាន។​

ក្រសួង​ការ​បរទេស​កម្ពុជា​បញ្ជាក់​ថា៖​ «ការ​គាំទ្រ​គំនិត​ផ្តួម​ផ្តើម​ទាំង​នេះ​នឹង​រួម​ចំណែក​ដល់​ការ​អនុវត្ត​កម្មវិធី​នយោបាយ​អាទិភាព​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ផង​ដែរ​ ជាពិសេស​ការ​លើក​កម្ពស់​ជីវភាព​របស់​ប្រជា​ពលរដ្ឋ​ តាម​រយៈ​ការ​នាំ​មក​នូវ​កាលានុវត្ត​ភាព​ថ្មីៗ ​និង​ការ​បង្កើត​ឱកាស​ការងារ»។​

បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួង​ការ​បរទេស​ជប៉ុន​ ចុះ​ថ្ងៃ​ទី ​១៧ ​ខែ​ធ្នូ​ កម្ពុជា​និង​ជប៉ុន​ក៏​បាន​យល់​ព្រម​ធ្វើ​ការ​ជាមួយ​គ្នា ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទាំង​ឡាយ​ដែល​កំពុង​ប្រឈម​នៅ​ក្នុង​តំបន់​និង​សហគមន៍​អន្តរជាតិ ​រួម​មាន​ការ​លើក​កម្ពស់​ស្ត្រី​ សន្តិភាព​ និង​សន្តិសុខ​ ស្ថានភាព​នៅ​មីយ៉ាន់ម៉ា​ ស្ថាន​ភាព​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​និង​ខាង​កើត ​ការ​ឆ្លើយ​តប​ទៅ​នឹង​កូរ៉េ​ខាង​ជើង​លើ​បញ្ហា​នុយក្លេអ៊ែរ ​និង​មីស៊ីល ​បញ្ហា​ការ​ចាប់​ពង្រាត់​ ការ​ឈ្លាន​ឈាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​ និង​ស្ថានភាព​ជុំវិញ​អ៊ីស្រាអែល​ និង​ប៉ាឡេស្ទីន។​

បើ​តាម​ក្រសួង​ការ​បរទេស​ជប៉ុន ​ភាគី​ទាំង​ពីរ​ក៏​បាន​បញ្ជាក់​អំពី​ការ​ធ្វើ​ការ​ជាមួយ​គ្នា ​ដើម្បី​ពង្រឹង​ភាព​ជា​ដៃ​គូ​យុទ្ធសាស្រ្ត​គ្រប់​ជ្រុង​ជ្រោយ ​ហើយ​រក្សា​និង​ពង្រឹង​សណ្តាប់​ធ្នាប់​អន្តរ​ជាតិ ​ដែល​សេរី ​និង​ចំហ ​ដោយ​ផ្អែក​លើ​មូលដ្ឋាន​ច្បាប់។​

ប្រធាន​វិទ្យា​ស្ថាន​ទំនាក់​ទំនង​អន្តរ​ជាតិ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ លោក ​គិន ភា​ ប្រាប់​វីអូអេ​ថា​ ​ទំនាក់​ទំនង​កម្ពុជា​និង​ជប៉ុន​មាន​លក្ខណៈ​ល្អ​ប្រសើរ​ មិន​មាន​ភាព​រកាំ​រកូស​ជា​មួយ​គ្នា​ឡើយ​ ជាពិសេស​ទំនាក់​ទំនង​រវាង​រដ្ឋាភិបាល​និង​រដ្ឋាភិបាល​ ប្រជាជន ​និង​ប្រជាជន​ ខណៈ​ក្នុង​ក្រសែ​ភ្នែក​របស់​ប្រជាជន​កម្ពុជា ​ជប៉ុន​ជា​មិត្ត​ដ៏​ល្អ​ ដែល​បាន​ជួយ​កសាង ​ក៏​ដូច​ជា​អភិវឌ្ឍ​ប្រទេស​កម្ពុជា​គ្រប់​វិស័យ។​

លោក​ថ្លែង​ថា៖ ​«បង្ហាញ​ឱ្យ​ឃើញ​ថា​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​កាន់​តែ​មាន​លក្ខណៈ​ស៊ី​ជម្រៅ​គ្រប់​ជ្រុង​ជ្រោយ​ គ្រប់​វិស័យ​ គ្រប់​កម្រិត​ ហើយ​វា​ក៏​បង្ហាញ​ឱ្យ​ឃើញ​អំពី​តុល្យ​ភាព​នៃ​ទំនាក់​ទំនង​ការ​បរទេស​របស់​កម្ពុជា​ជាមួយ​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​ និង​ពិភព​លោក​ផង​ដែរ»។​

បើ​តាម​លោក​ គិន ភា​ ការ​ប្រកួត​ប្រជែង​របស់​មហា​អំណាច​ជា​រឿង​ធម្មតា​ ហើយ​ការ​រឹត​ចំណង​ភាព​ជា​ដៃគូ​ជាមួយ​ពួកគេ​ គឺ​ដើម្បី​រក្សា​តុល្យ​ភាព​ ហើយ​ចៀស​ពី​របៀប​វារៈ​នៃ​ការ​ប្រកួត​ប្រជែង​ឥទ្ធិពល។ ​លោក​ជំរុញ​ឱ្យ​កម្ពុជា​កាន់​តែ​ពង្រឹង​ភាព​ជា​ដៃគូ​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​ជាមួយ​បណ្តា​ប្រទេស​មហា​អំណាច​ផ្សេងៗ​បន្ថែម​ទៀត។​

កាល​ពី​ចុង​ឆ្នាំ​ ២០២២​ មេ​ដឹកនាំ​កម្ពុជា​ និង​ជប៉ុន​បាន​ព្រម​ព្រៀង​គ្នា​ដំឡើង​ភាព​ជា​ដៃគូ​ទៅ​ជា​«ដៃគូ​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ» ​នៅ​ឆ្នាំ​ ២០២៣​ នេះ នៅ​ពេល​ខួប​លើក​ទី​ ៧០​ ឆ្នាំ​នៃ​ចំណង​ការ​ទូត​រវាង​ប្រទេស​ទាំង​ពីរ។​

អតីត​នាយក​រដ្ឋមន្ត្រី​កម្ពុជា ​លោក ​ហ៊ុន សែន​ ធ្លាប់​បាន​លើក​ឡើង​ថា​ ទំនាក់​ទំនង​កម្ពុជា​និង​ជប៉ុន​បាន​ឈាន​ដល់​ដំណាក់​កាល​ល្អ​បំផុត​ដែល​មិន​ធ្លាប់​មាន​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ ​ហើយ​ថា​ ​លោក​និង​ប្រជាជន​កម្ពុជា​រង់​ចាំ​ពេល​វេលា​នេះ​ជា​យូរ​មក​ហើយ៕

XS
SM
MD
LG