នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ដែលកាន់អំណាចជានាយក រដ្ឋមន្រ្តីបានជិត៤ខែ កាលពីព្រឹកថ្ងៃសុក្រ បានដឹកនាំគណៈប្រតិភូកម្ពុជាទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍៥០ឆ្នាំនៃមិត្តភាពអាស៊ាន-ជប៉ុន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។
អ្នកតាមដានមើលឃើញថាកិច្ចប្រជុំនេះជាវេទិកាមួយដែលជប៉ុនរៀបចំឡើង ដើម្បីខ្ទប់ឥទ្ធិពលរបស់ចិននៅក្នុងតំបន់។ កម្ពុជាត្រូវបានគេមើលឃើញថាកាន់តែខិតខ្លាំងទៅរកចិន។
ក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា៖ «កិច្ចប្រជុំកំពូលនេះនឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយទៀតសម្រាប់អាស៊ាន និងជប៉ុន ដើម្បីសម្រេចបានគោលដៅរួមក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់ និងជំរុញនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាន-ជប៉ុន»។
នៅក្នុងទីក្រុងតូក្យូ រហូតដល់ថ្ងៃទី១៩ ខែធ្នូ លោក ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា ហ៊្វូមីអូ (Kishida Fumio)នឹងមានជំនួបដាច់ដោយឡែក ដើម្បីពិភាក្សាអំពីការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងជប៉ុន ដើម្បីផលប្រយោជន៍ ជាក់ស្តែងនៃប្រទេសទាំងពីរផងដែរ។
លោក Jeff Kingston សាស្ត្រាចារ្យប្រវត្តិសាស្ត្រនិងការសិក្សាអាស៊ាននៃTemple University ក្នុងប្រទេសជប៉ុន ប្រាប់វីអូអេតាមសារអ៊ីម៉ែលថាជប៉ុនចាត់ទុកមហិច្ឆិតាតំបន់របស់ចិន ជាការគំរាមកំហែងយ៉ាងខ្លាំងទៅលើសន្តិសុខរបស់ខ្លួន ដោយប្រឹងប្រែងយ៉ាងសកម្ម ដើម្បីលើកតម្កើងដៃគូសន្តិសុខ ដើម្បីខ្ទប់ឥទ្ធិពលចិនឱ្យស្របជាមួយយុទ្ធសាស្ត្របើកចំហ និងសេរីឥណ្ឌូប៉ាស៊ីហ្វិក ដែលគាំទ្រដោយសហរដ្ឋអាមេរិក។
អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិនិងភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី ប្រាប់វីអូអេថាទំនាក់ទំនងកម្ពុជា និងជប៉ុន ជាទំនាក់ទំនងដ៏គួរឱ្យទុកចិត្ត ប្រពៃណី និងស្មោះត្រង់ ខណៈថាទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរនេះកម្រឃើញមានភាពរអាក់រអួលណាស់ បើទោះកម្ពុជាមានបញ្ហាពាក់ព័ន្ធនឹងលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សក៏ដោយ។
លោកថ្លែងថា៖ «ខ្ញុំមើលឃើញថាជប៉ុន ជាដៃគូដ៏សំខាន់បំផុតសម្រាប់កម្ពុជា ថ្វីត្បិតតែបើយើងមើលពីទំហំពាណិជ្ជកម្មរវាងកម្ពុជានិងជប៉ុន នៅទាបជាងប្រទេសមួយចំនួនដូចជាចិន ក៏ប៉ុន្តែសម្រាប់អ្នកនយោបាយ មិនថាruling(គណបក្សកាន់អំណាច) គណបក្សប្រឆាំងឬក៏ប្រជាពលរដ្ឋទូទៅទេ មើលឃើញទំនាក់ទំនងរវាងប្រទេសទាំងពីរជាទំនាក់ទំនងដែលល្អ ដែលអាចទុកចិត្តបាន ហើយជាទំនាក់ទំនងដែលកើតចេញពីការគោរពគ្នាទៅវិញទៅមក»។
បើតាមអ្នកវិភាគរូបនេះ កម្ពុជាមិនអាចជ្រើសរើសរវាងចិននិងជប៉ុនទេ ប៉ុន្តែលោកថាកម្ពុជាមិនអាចនៅក្នុងការគេចផុតពីឥទ្ធិពលរបស់ចិនឡើយ ដោយសារតែកម្ពុជាត្រូវការការគាំទ្រផ្នែកសេដ្ឋកិច្ចពីចិន។ លោកបន្តថាជប៉ុនជាដៃគូដ៏សំខាន់សម្រាប់កម្ពុជា ជាពិសេសការសម្របសម្រួល ដើម្បីឱ្យកម្ពុជាមានទំនាក់ទំនងជាមួយប្រទេសលោកខាងលិច។
អ្នកវិភាគនយោបាយ លោក សេង សារី ប្រាប់វីអូអេថាទំនាក់ទំនងកម្ពុជានិងជប៉ុនល្អ និងមានលក្ខណៈជាប្រពៃណី និងប្រវត្តិសាស្ត្រ និងថាជប៉ុនដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍនៅកម្ពុជា។
លោកថ្លែងថា៖ «ក៏ប៉ុន្តែជារួមគឺខ្ញុំមើលឃើញថានៅក្នុងកម្រិតទ្វេភាគី កម្ពុជានិងជប៉ុនគឺមានទំនាក់ទំនងល្អ ហើយក៏ជាប្រទេសដែលមានអនុស្សាវរីយ៍ជួយគ្នាទៅវិញទៅមកច្រើនដែរ»។
បើតាមអ្នកវិភាគរូបនេះ ទំនាក់ទំនងល្អនេះដោយសារតែឥរិយាបថការទូតរបស់ជប៉ុនមានភាពកណ្តាលនិយម ទន់ភ្លន់ជាងប្រទេសផ្សេងទៀត។
អ្នកនយោបាយគណបក្សប្រឆាំងខ្មែរចង់ឃើញជប៉ុនបន្តជំរុញកម្ពុជាឱ្យងាកមកដើរលើគន្លងលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយវីអូអេ លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ និងជាអតីតអនុប្រធានគណបក្សភ្លើងទៀន លើកឡើងថា៖ «យើងចង់ឃើញជប៉ុនក្នុងនាមប្រទេសមួយដែលបានជួយជ្រោមជ្រែង តាំងពីមានកិច្ចព្រមព្រៀងស្តីពីបញ្ហាកម្ពុជា ២៣តុលា ហើយជាប្រទេសម្ចាស់ហត្ថលេខីមួយដែរ ត្រូវតែទាញធ្វើម៉េចឱ្យរដ្ឋាភិបាលកម្ពុជា ដើរមកលើគន្លងលទ្ធិប្រជាធិបតេយ្យឱ្យបានត្រឹមត្រូវទៅតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសថ្ងៃ២៣ តុលា»។
លោក រ៉ុង ឈុន បញ្ជាក់ថាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដើរថយក្រោយ គឺក្រោយការរំលាយគណបក្សសង្គ្រោះជាតិ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧៕
ភ្នំពេញ —