ភ្នំពេញ៖ កត្តាផលិតភាពនិងផលិតកម្មសរសៃសូត្រទាប ការកែច្នៃនៅអន់ថយ កង្វះខាតបចេ្ចកទេស ការវិនិយោគ ទីផ្សារ និងការយកចិត្តទុកដាក់ពីសំណាក់រដ្ឋាភិបាល ជាឧបសគ្គចម្បងសម្រាប់ការអភិវឌ្ឍនិងការរក្សានិរន្តរភាពសិប្បកម្មសូត្រនៅកម្ពុជា។
លោក គង់ សំអឿន នាយករងនៃនាយកដ្ឋានដំណាំឧស្សាហកម្មរបស់ក្រសួងកសិកម្មបានឱ្យដឹងថា កម្ពុជាកំពុងប្រឈមនឹងបញ្ហាជាច្រើនក្នុងផលិតកម្មសូត្រនេះ។
«សូត្រមាសខ្មែរគឺដាំតគ្នា។ ដូច្នេះជំងឺចេះតែបន្តតាមការឱ្យដឹងពីប្រជាកសិករដង្កូវនាងយ៉ាងហោចណាស់ក៏៣០ភាគរយដែរស្លាប់ដោយសារជំងឺ។ ដូច្នេះងាប់ច្រើនអញ្ចឹង អត់មានអ្នកណាទទួលខុសត្រូវ។ គាត់ខ្លាចណាស់។ ហ្នឹងទី១។ ទី២ការស្រាវរបស់យើងអត់មានលក្ខណៈបច្ចេកទេស។ ដូច្នេះសរសៃសូត្ររបស់យើងអត់មានបែបផែនដែលគេត្រូវការ។ មួយទៀតគឺផលិតភាពសរសៃសូត្រគឺទាបណាស់ អត់មានពូជ ប្រពលវប្បកម្ម និងការចិញ្ចឹមច្បាស់លាស់។ កាលណាផលិតភាពទាបធ្វើឱ្យទិន្នផលសម្បុកដង្កូវនាងក៏ទាបដែរ។ ដូច្នេះពួកគាត់ក៏រកចំណូលបានទាបតាមហ្នឹងដែរ។ ហើយទី៤យើងអត់មានស្ថាប័ននិងការស្រាវជ្រាវច្បាស់លាស់»។
កម្ពុជាសព្វថ្ងៃ មានផ្ទៃដីដាំមនសរុបមិនដល់៣០ហិកតាផង និងមាននៅក្នុងស្រុកចំនួនពីរប៉ុណ្ណោះ គឺស្រុកភ្នំស្រុក និងស្រីស្នំ ខេត្តសៀមរាប។ នេះបើតាមប្រសាសន៍របស់លោកកែ មុន្នី ដែលជាអគ្គលេខាធិការរងនៃសមាគមភូមិសូត្រខ្មែរ។
តាមកំណត់ត្រារបស់លោកជីវ តាក្វាន់ កម្ពុជាជាប្រទេសមួយដែលល្បីល្បាញខាងតម្បាញសូត្រតាំងពីសម័យអង្គរ។ នៅត្រឹមទសវត្សរ៍ឆ្នាំ១៩៦០កម្ពុជាអាចផលិតសរសៃសូត្របានរហូតដល់១៥០តោនក្នុងមួយឆ្នាំនិងមានប្រជាពលរដ្ឋជាច្រើនប្រកបរបរនេះ។ ប៉ុន្តែឧស្សាហកម្មសូត្រត្រូវបានបំផ្លាញចោលទាំងស្រុងក្នុងរបបខ្មែរក្រហម។
ទិន្នផលសូត្របានធ្លាក់ពី២០តោនក្នុងមួយឆ្នាំនៅឆ្នាំ២០០០ មកត្រឹមជាងពីរតោនប៉ុណ្ណោះនាពេលបច្ចុប្បន្ននេះខណៈដែល តម្រូវការមានរហូតដល់ជាង៤០០តោនក្នុងមួយឆ្នាំឯណោះ។ នេះបើតាមរបាយការណ៍របស់មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ (International Trade Center)។
របាយការណ៍នេះក៏បង្ហាញដែរថា ជំនួសឲ្យការផលិតក្នុងស្រុក កម្ពុជាបាននាំចូលសរសៃសូត្រជាង៩៩ភាគរយពីបរទេសពិសេសវៀតណាមនិងចិនដែលធ្វើឱ្យកញ្ចប់ទឹកប្រាក់ជាង២៥លានដុល្លារអាមេរិកឬស្មើនឹងពាក់កណ្តាលនៃចំនូលសរុបដែលបានមកពីវិស័យនេះហូរទៅក្រៅប្រទេសជារៀងរាល់ឆ្នាំ។ ការពឹងផ្អែកលើការនាំចូលស្ទើរតែទាំងស្រុងធ្វើឱ្យតម្លៃសូត្រឡើងថ្លៃជាលំដាប់ និងក៏ជាការលំបាកដល់អ្នកតម្បាញសូត្រក្នុងការរកប្រាក់ចំណេញដែរកត្តានេះបានបង្ខំចិត្តឱ្យសិប្បករសូត្រកម្ពុជាផ្លាស់ប្តូរមុខរបរ។
លោកកែ មុន្នី អគ្គលេខាធិការរងនៃសមាគមភូមិសូត្រខ្មែរមានប្រសាសន៍ថា កាលពីពីរបីឆ្នាំមុនអ្នកធ្វើការទាក់ទងនឹងវិស័យសូត្រនេះមានប្រហែល២៥.០០០នាក់ ប៉ុន្តែដោយសារចំណូលធ្លាក់ចុះអ្នកទាំងនោះមួយចំនួនធំបានសម្រេចចិត្តបោះបង់មុខរបរនេះ។
ប៉ុន្តែលោក ម៉ែន ស៊ីនឿន នាយកប្រតិបត្តិនៃសមាគមសិប្បករកម្ពុជា និយាយថា មូលហេតុនៃការបោះបង់ចោលការតម្បាញនេះគឺមកពីការកេងចំណេញហួសហេតុពីសំណាក់ឈ្មួញកណ្តាលលើសិប្បករតម្បាញក្រីក្រ។ ជាងនេះទៀតប្រជាកសិករខ្មែរខ្វះការច្នៃម៉ូតផលិតផលសូត្រ។
ក៏ប៉ុន្តែសិប្បករតម្បាញខ្មែរខ្វះដើមទុនហើយត្រូវការពឹងលើឈ្មួញកណ្តាល។ ជាអាថ៌អ្នកស្រី ច្រឹក ភី អាយុ៥៦ឆ្នាំ ដែលជាអតីតអ្នកត្បាញសូត្រម្នាក់នៅកោះឧកញ៉ាតីបាននិយាយថា កង្វះខាតដើមទុនបង្ខំឱ្យគាត់ទិញបណ្តាក់សរសៃសូត្រពីឈ្មួញកណ្តាលហើយលក់សំពត់សូត្រឱ្យទៅឈ្មួញទាំងនោះវិញ ជាលទ្ធផលគាត់ពុំបានទទួលផលចំណេញអ្វីទាល់តែសោះ ទើបគាត់សម្រេចចិត្តឈប់ត្បាញសូត្រ។
«សូត្រឡើងថ្លៃម៉ាកាលី៥០ទៅ៦០ដុល្លារហើយនឹងបើសិនយើងអត់ដើមទុនទៅអត់រួច។ គេហ្នឹងត្បាញចុះឡើងអស់តែកម្លាំងទូទាត់ចុះឡើងគឺអត់មានសល់លុយសោះ»។
សូមបញ្ជាក់ថា ការនាំចេញសូត្រកម្ពុជាមានតម្លៃពីចន្លោះ៣,៥លានទៅ៤លានដុល្លារក្នុងមួយឆ្នាំ។ ចំណែកទឹកប្រាក់ជាង៤០លានដុល្លារទៀតទទួលបានពីការផ្គត់ផ្គង់នៅក្នុងស្រុកនិងទេសចរបរទេស។
មានគម្រោងជាច្រើនបានធ្វើឡើងពីសំណាក់អង្គការជាតិ និងអន្តរជាតិទាំងឯកតោភាគី និងសហការជាមួយរដ្ឋាភិបាលដើម្បីជួយទ្រទ្រងផលិតកម្មសូត្រនៅកម្ពុជា ប៉ុន្តែគម្រោងទាំងនោះនៅមិនទាន់មានប្រសិទ្ធិភាពនៅឡើយទេដោយសារគម្រោងភាគច្រើនដោះស្រាយបញ្ហាជាផ្នែកៗ ពុំដោះស្រាយជាប្រព័ន្ធ ឬភ្ជាប់ចង្វាក់ផលិតកម្មឱ្យមានភាពស៊ីសង្វាក់គ្នា។
រដ្ឋាភិបាលបានលើកលែងពន្ធដារជាបណ្តោះអាសន្នលើការនាំចូលអំបោះសូត្រដើម្បីសម្រាលបន្ទុកសិប្បករតម្បាញ និងបានដាក់វិស័យសូត្រជាវិស័យអទិភាពមួយក្នុងចំណោមវិស័យអទិភាពសំខាន់១៩ដែលមានសក្តានុពលសម្រាប់នាំចេញ។
ទោះបីជាយ៉ាងនេះក្តីភាពជាអ្នកដឹកនាំរបស់រដ្ឋាភិបាលលើវិស័យនេះ នៅមានកម្រិតនៅឡើយហើយការប្រឹងប្រែងត្រូវគេមើលឃើញចេញពីភាគីម្ចាស់ជំនួយនិងដៃគូអភិវឌ្ឍឯកជនតែប៉ុណ្ណោះ។ នេះបើយោងតាមរបាយការណ៍មួយរបស់មជ្ឍមណ្ឌលពាណិជ្ជកម្មអន្តរជាតិ។
លោក គង់ សំអឿន មានប្រសាសន៍ថា មកទល់ពេលនេះ ពុំទាន់មានស្ថាប័នរដ្ឋាភិបាលជាក់លាក់ណាមួយបង្កើតឡើងដើម្បីជួយជ្រុំជ្រែងវិស័យសូត្រខ្មែរនៅឡើយទេ។
«យើងអត់មានការលើកទឹកចិត្តពីស្ថាប័នណាមួយច្បាស់លាស់ សព្វថ្ងៃហ្នឹងអត់មានទេ វិស័យសូត្រអត់ដឹងនៅក្នុងវិស័យណាមួយច្បាស់លាស់ទេ។ ដូច្នេះប្រសិនបើរដ្ឋយើងមានស្ថាប័នមួយពិតប្រាកដ ស្ថាប័ននោះនឹងធ្វើការស៊ីជម្រៅតាំងពីការស្រាវជ្រាវ ការអភិវឌ្ឍ និងការរកទីផ្សារពោលគឺជាខ្សែចង្វាក់ផលិកម្ម។ ខ្ញុំជឿជាក់ថា វិស័យសូត្រនេះនឹងឮទៅដល់ប្រជារាស្ត្រ។ យើងមួយកន្លែងធំគឺមានសក្តានុពលខាងចិញ្ចឹមដង្កូវនាងដូចជាមណ្ឌលគិរី រតនគិរី។ សព្វថ្ងៃនេះមិនមានការផ្សព្វផ្សាយខ្លាំងក្លាដូចជាស្រូវទេ។ បើសិនបើយើងធ្វើឱ្យខ្លាំងដូចស្រូវនោះវាក៏ខ្លាំងដូចស្រូវដែរ។»
ក្រៅពីអវត្តមានស្ថាប័នដ៏រឹងមាំមួយ កម្ពុជាក៏ពុំទាន់មានមហាវិទ្យាល័យ ការស្រាវជ្រាវ និងអ្នកឯកទេសខាងសូត្រនេះឱ្យបានច្បាស់លាស់នៅឡើយទេ។ នេះបើតាមការលើកឡើងរបស់លោក គង់ ថុង ព្រឹទ្ធបុរសមហាវិទ្យាល័យកសិឧស្សាហកម្មនៃសកលវិទ្យាល័យភូមិន្ទកសិកម្ម។
ដើម្បីឆ្លើយតបទៅហ្នឹងកង្វល់នេះ រដ្ឋាភិបាលគ្រោងបង្កើតឱ្យមានគណៈកម្មការសូត្រមួយដែលមានសមាសភាពមកពីក្រសួងស្ថាប័នពាក់ព័ន្ធ ភាគីឯកជន អង្គការ និងម្ចាស់គម្រោងនានា ដើម្បីធ្វើការស្រាវជ្រាវ និងជំរុញផលិតកម្មសូត្រខ្មែរ ប៉ុន្តែមកទល់ពេលនេះ គណៈកម្មការនេះនៅពុំទាន់លេចចេញជារូបរាងនៅឡើយទេ៕