រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសន្តិសុខនៃប្រទេសថៃ យល់ព្រមទទួលសំណើរបស់អភិបាលខេត្តស្រះកែវ នៅក្នុងការសាងសង់របងតាមបណ្តោយព្រំដែនកម្ពុជានិងថៃ ប្រវែង ៥៥ គីឡូម៉ែត្រ ដើម្បីទប់ស្កាត់ការរត់ពន្ធឆ្លងដែនខុសច្បាប់។ នេះបើតាមការផ្សាយរបស់សារព័ត៌មានថៃ។
យោងតាមសារព័ត៌មាន Thai PBS ចេញផ្សាយកាលពីថ្ងៃពុធ ឲ្យដឹងថា ការពិចារណាសាងសង់របងតាមព្រំដែននេះ ធ្វើឡើងនៅពេលដែលលោក Phumtham Wechayachai រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសន្តិសុខនៃប្រទេសថៃ និងក្រុមការងារបានចុះទៅខេត្តស្រះកែវ កាលពីថ្ងៃពុធ ដើម្បីដោះស្រាយបញ្ហាសកម្មភាពខុសច្បាប់មួយចំនួន ដូចការឆបោកតាមទូរស័ព្ទនៅក្រុងប៉ោយប៉ែត ព្រំដែនកម្ពុជា និងការជួញដូរមនុស្សជាដើម។
សារព័ត៌មានដដែលបន្ថែមថា អភិបាលខេត្តស្រះកែវ លោកស្រី Parinya Phothisat ក៏បានស្នើឲ្យបំពាក់កាមេរ៉ាសុវត្ថិភាពតាមបណ្តោយព្រំដែនកម្ពុជានិងថៃ ដើម្បីទប់ស្កាត់ការរត់ពន្ធឆ្លងដែន ខណៈប្រជាជនថៃប្រមាណជា ៣០.០០០ នាក់កំពុងធ្វើការក្នុងខេត្តចំនួន ៨ ក្នុងប្រទេសកម្ពុជា។
គេមិនទាន់ឃើញភាគីខាងរដ្ឋាភិបាលកម្ពុជាមានប្រតិកម្មបែបណានៅឡើយ បន្ទាប់ពីមានការផ្សាយថាថៃពិចារណាគ្រោងសាងសង់របងព្រំដែនកម្ពុជានិងថៃ ប្រវែង ៥៥ គីឡូម៉ែត្រ នៅក្នុងខេត្តស្រះកែវដែលជាប់ខេត្តន្ទាយមានជ័យ ដោយចំណាយថវិកាប្រមាណ ៣៨៥ លានបាត។
វីអូអេពុំទាន់អាចសុំការអត្ថាធិប្បាយពីលោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបាននៅឡើយទេ។
លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់ ប្រាប់វីអូអេថា បញ្ហាការជួញដូរមនុស្ស ការជួញដូរកម្លាំងពលកម្ម បញ្ហាល្បែងអនឡាញខុសច្បាប់ ការចាប់ជម្រិតជាដើម គឺជាបញ្ហាស្នូលនិងមានកត្តាគំរាមកំហែងក្នុងតំបន់ និងបណ្តាប្រទេសដែលមានព្រំដែនជាប់គ្នា។
លោកថា ការពិចារណាសាងសង់របងតាមព្រំដែនកម្ពុជានិងថៃរបស់ភាគីថៃ គឺជាបង្ហាញពី «ឆន្ទៈ» មួយដើម្បីឆ្លើយតបនឹងវិបត្តិបញ្ហាដែលកំពុងប្រឈមក្នុងប្រទេសថៃ។
លោកបន្ថែមថា រដ្ឋាភិបាលកម្ពុជាក៏គួរតែចាត់វិធានការក្តៅប្រកបដោយប្រសិទ្ធភាពដើម្បីលុបបំបាត់នូវរាល់បញ្ហាទាំងអស់នោះផងដែរ។
លោកប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍ថា៖ «បញ្ហានេះ វាទាមទារឲ្យមានវិធានការក្តៅជាក់លាក់ពីសំណាក់រាជរដ្ឋាភិបាល ជាពិសេសធ្វើយ៉ាងណាដើម្បីទប់ស្កាត់នូវបញ្ហាបទឧក្រិដ្ឋ ល្បែងអនឡាញខុសច្បាប់ ការបង្ខាំងមនុស្ស ការជួញដូរកម្លាំងពលកម្មនេះ ដែលវាក្លាយទៅជាបញ្ហាប្រព័ន្ធ ហើយត្រូវតែមានវិធានការក្តៅ»។
ថ្មីៗនេះ ការរាយការណ៍ពាក់ព័ន្ធនឹងល្បែងអនឡាញ ឧក្រិដ្ឋកម្ម និងការជួញដូរមនុស្សនៅតាមខេត្តជាប់ព្រំដែនកម្ពុជានិងថៃ កំពុងតែមានការកើនឡើង។ អាជ្ញាធរថៃនៅសប្តាហ៍នេះបានកាត់ផ្ដាច់បណ្ដាញអ៊ីនធឺណិត និងរាំងខ្ទប់សេវាទូរស័ព្ទដែលតភ្ជាប់ចេញចូលទៅក្នុងក្រុងប៉ោយប៉ែត ប្រទេសកម្ពុជា ដែលអាជ្ញាធរថៃចោទថា ជាសម្បុករបស់មេឧក្រិដ្ឋឆបោកតាមអ៊ីនធឺណិត ដែលតែងតែឆបោកប្រជាពលរដ្ឋថៃ៕
វេទិកាបញ្ចេញមតិ