ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​មហាផ្ទៃ​ឲ្យ​​បញ្ឈប់​ការ​ប្រើ​ហិង្សា ខណៈ​កម្លាំង​មួយ​ចំនួន​ប្រើ​រំពាត់​វាយ​ពលរដ្ឋ


រូបឯកសារ៖ លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ផ្តល់សម្ភាសន៍ដល់អ្នកសារព័ត៌មាន ក្រោយបញ្ចប់ពិធីប្រកាសផ្សព្វផ្សាយលទ្ធផលជំរឿនចុងក្រោយ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)
រូបឯកសារ៖ លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ផ្តល់សម្ភាសន៍ដល់អ្នកសារព័ត៌មាន ក្រោយបញ្ចប់ពិធីប្រកាសផ្សព្វផ្សាយលទ្ធផលជំរឿនចុងក្រោយ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស​ ខេង​ បាន​ប្រតិកម្ម​ទៅ​នឹង​មន្ត្រី​អនុវត្ត​ច្បាប់ ​ដែល​បាន​ប្រើ​អំពើ​ហិង្សា​លើ​អ្នក​បំពាន​បម្រាមបិទ​ខ្ទប់​រាជធានី​ភ្នំពេញ ដោយ​លោក​បញ្ជា​កុំ​ឲ្យ​ប្រើ​អំពើ​ហិង្សាត​ទៅ​ទៀត។

លោក ស ខេង បាន​ចេញ​លិខិត​មួយ​ច្បាប់​ចុះ​ថ្ងៃ​ទី​២១ ខែ​មេសា ស្រប​ពេល​ដែល​មាន​ការ​បង្ហោះ​វីដេអូ​និង​រូប ភាព​នៃ​ការ​ប្រើ​រំពាត់​វាយ​លើ​ប្រជា​ពលរដ្ឋ​ដែល​នៅ​បន្ត​ចេញ​ក្រៅ​ផ្ទះ មិន​គោរព​តាម​វិធាន​ការ​បិទ​ខ្ទប់​ក្នុង​ក្រុង​រយៈ​ពេល​ ២ ​សប្តាហ៍ ដែល​នឹង​បន្ត​ដល់​ថ្ងៃ​ទី​ ២៨ ខែ​មេសា។

ក្នុង​លិខិត​នោះ លោក ស ខេង បាន​កោត​សរ​សើរ​កម្លាំង​នគរបាល​និង​កម្លាំង​សន្តិសុខ​ផ្សេង​ទៀតដែល​ខិត​ខំ​អនុវត្ត​វិធាន​ការ​បម្រាម​បិទ​ទី​ក្រុង ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាត​ត្បាត​ជំងឺ​កូវីដ​១៩។ ក៏​ប៉ុន្តែ​លោក​ស្នើ​ឲ្យ​មន្ត្រី​អនុវត្ត​ច្បាប់​ទាំង​នោះ​ប្រកាន់​នូវ «​ការ​អត់ធ្មត់​ខ្ពស់» ​ដោយ​បញ្ចៀស​ការ​ប្រើ​អំពើ​ហិង្សា។

លោក ស ​ខេង លើក​ឡើង​ថា៖ «អាជ្ញាធរ​ពាក់ព័ន្ធនិង​កង​កម្លាំង​អនុវត្ត​ច្បាប់​ទាំង​អស់​ សូម​បន្ត​យក​ចិត្ត​ទុក​ដាក់​បំពេញ​ភារកិច្ច​ប្រកប​ដោយ​ការ​អត់​ធ្មត់​ ដោយ​ប្រកាន់​ខ្ជាប់​នូវ​វិន័យ​អាកប្បកិរិយា​ថ្លៃ​ថ្នូរ​ ម៉ឺង​ម៉ាត់ និង​ត្រូវ​គោរព​គោល​ការណ៍​នៃ​ក្រម​សីលធម៌​វិជ្ជាជីវៈ​របស់​កង​កម្លាំង​ឲ្យ​បាន​ជា​ដាច់​ខាត ​ជា​ពិសេស​ត្រូវ​ចៀស​វាង​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ នៅ​ពេល​អនុវត្ត​រាល់​បទ​បញ្ជា​ឬ​វិធាន​ការ​នានា​របស់​រាជ​រដ្ឋាភិបាល»។

បើ​តាម​ឃ្លីប​វីដេអូ​មាន​រយៈពេល​ជាង ៤ ​នាទី​ដែល​គេ​ចែក​រំលែក​ត​គ្នា​នៅ​តាម​ប្រព័ន្ធ​សង្គម​ហ្វេស​ប៊ុក​ កាល​ពី​ថ្ងៃ​ពុធ​ គេ​ឃើញកម្លាំង​នគរ​បាល​មួយ​ចំនួន​បាន​ប្រើ​រំពាត់​ផ្តៅ​ដេញ​វាយ​ក្រុម​ពលរដ្ឋ​ ដែល​ទំនង​ជា​កម្មករ​នៅ​ពេល​ពួក​គេ​រាប់​សិប​នាក់​ដើរ​តាម​ដង​ផ្លូវ​ នៅ​តំបន់​រោង​ចក្រ​មួយ​ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌ​មាន​ជ័យ។

ក្នុង​វីដេអូ​ដដែល​គេ​ឮ​សំឡេង​អ្នក​ថត​យក​រូបភាព​វីដេអូ​ពណ៌នា​អំពី​ការ​ចែក​អំណោយ​ផង ​និង​ការ​ព្រមាន​ចាប់​ខ្លួន​ជន​ដែល​លើក​ទឹក​ចិត្ត​កម្មករ​ឲ្យ​តវ៉ា​ទាម​ទារ​ការ​ឧបត្ថម្ភ​ថវិកា។ អ្នក​ថត​វីដេអូ​រូប​នោះ​បាន​ថត​យក​រូបភាព​បណ្តើរ​ និង​អធិប្បាយ​បន្ថែមគំរាម​ក្រុម​កម្មករ​បណ្តើរ ដោយ​ប្រើ​ពាក្យ​ «ចាប់​ឲ្យ​ជាប់» មេ​ខ្យល់​នាំ​ឲ្យ​មាន​ការ​តវ៉ា​ដោយ​ថា​ «អំណោយ»​ ត្រូវ​ចែក​ឲ្យ​ហើយ​នៅ​ចង់​បាន​លុយ​ទៀត។

ក្រៅ​ពី​ឃ្លីប​វីដេអូ​នេះ​មាន​ឃ្លីប​វីដេអូ​មួយ​ចំនួន​ទៀត​ត្រូវ​គេ​ចែក​រំលែក​តាម​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក ដោយ​ឃើញ​មន្ត្រី​ប៉ូលិស​ជិះ​ម៉ូតូ​យក​រំពាត់​ផ្តៅវាយ​អ្នក​ដើរ​ចែក​ទំនិញ​ជា​ភេសជ្ជៈ​នៅ​តាម​ផ្ទះ​ពលរដ្ឋ​ និង​លើក​គំរាម​នៅ​ចំពោះ​មុខ​ពលរដ្ឋ​ដែល​កំពុង​ស្ថិត​នៅ​ទី​តាំង​បិទ​ខ្ទប់​ ឬ​មន្ត្រី​សន្តិសុខ​ខ្លះ​យក​ដំបង​មក​វាយ​អ្នក​ដើរ​តាម​ដង​ផ្លូវ​នៅ​ទីតាំង​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ។

អ្នក​នាំ​ពាក្យ​ស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​លោក​ សាន​ សុខសីហា បាន​ច្រាន​ចោល​ថា ​មាន​ការ​ប្រើ​រំពាត់​វាយ​លើ​ប្រជា​ពលរដ្ឋ។ ប៉ុន្តែ​ លោក​ថា​កម្លាំង​នគរ​បាល​គ្រាន់​តែ​បាន​ប្រើ​រំពាត់​នោះ​ជា​ការ​ព្រមាន​តែ​ប៉ុណ្ណោះ។

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា៖ «យើង​ក៏​មិន​ទៅ​យក​ទៅ​ធ្វើ​បាប​ប្រជា​ពលរដ្ឋ​ ដែល​គាត់​ស្លូត​ត្រង់​ដែរ​គ្រាន់​តែ​យក​ទៅ​កំញើញ​ហើយ​គំរាម​ជា​ជំហាន​ដំបូង​ សម្រាប់​អ្នក​ដែល​គាត់​មិន​ស្តាប់​ទេ ​ជា​ពិសេសគឺ​នៅ​ក្នុង​តំបន់​ក្រហម​ ហើយ​និង​តំបន់​ដែល​ងាយ​រង​គ្រោះ​ហ្នឹង។ អ្វី​ដែល​សំខាន់​ បើ​គាត់​មិនស្តាប់​ យើង​មាន​លិខិត​អស់​ហើយ​តើ​ បើ​ថា​គាត់​មិន​ស្តាប់​ទេ យើង​ចាប់​យក​ទៅ​អនុវត្ត​តាម​ផាក​ពិន័យ​អន្តរ​កាល ​ឬ​ក៏​ដាក់​បញ្ជូន​ទៅ​តុលាការ​ទៅ​កសាង​សំណុំ​រឿង​ទៅ។ យើង​មាន​អា​អស់​ហ្នឹង​ហើយ​តើ​យើង​ត្រូវ​មាន​ធ្វើ​អី​ច្រើន​ទៀត»។​

លោក ស៊ឹង សែន​ករុណា ​អ្នកនាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដ​ហុក មាន​ប្រសាសន៍​ថា ​ការ​បក​ស្រាយ​របស់​អ្នក​នាំ​ពាក្យ​ស្នង​ការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​មិន​អាច​ទទួល​យក​បាន​ទេ​ បើ​យោង​ទៅ​លើ​រូបភាព​និង​វីដេអូ​ដែល​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុកបាន​ចែក​តៗ​គ្នា​ កាល​ពី​ពេល​ថ្មីៗ​នោះ។

លោក​បញ្ជាក់​ថា៖ «បើ​យើង​ពិនិត្យ​មើល​ក្នុង​រូបភាព​ដែល​វីដេអូ​វាយ​នោះ ដូច​ជា​មិនមែន​រឿង​ដែល​បង្អើល​ទេ។​ យើង​មើល​ឃើញ​រូបភាព​ហ្នឹង​ គឺ​ប្រើ​ដំបង​វាយ​បើ​សន្តិសុខ​នោះ ​គឺ​ប្រើ​ដំបង​ឈើ​មួយ​ដែល​អ្នក​ខ្លះគេ​ហៅ​ដំបង​ក្ត​គោ។ អី​ចឹង​ទៅ​ ណា​ហ្នឹង​វា​មិន​មែន​ជា​រឿង​បង្អើល​ទេ។ អា​ការ​លើក​ឡើង​ហ្នឹង​វា​ហាក់​ដូច​ជា​អត់​ស្រប​ជាមួយ​នឹង​រូបភាព​ដែល​ក្រុម​សន្តិ​សុខ​ទាំង​អស់​ហ្នឹង​បាន​ប្រើ​ទៅ​លើ​ប្រជា​ពលរដ្ឋ​ទេ»។​

លោក​បន្ថែម​ថា​ ការ​ប្រើ​ហិង្សា​ដោយ​គឃ្លើន​យ៉ាង​ដូច្នេះ អាច​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​ការ​ឆ្លើយ​ដោយ​អំពើ​ហិង្សាវិញ ដូច​ករណី​នៅ​ប្រទេស​ឥណ្ឌា ដែល​ដើម​ឡើយ​កម្លាំង​សន្តិសុខ​បាន​យក​រំពាត់​ឈើ​វាយ​ពលរដ្ឋ​ កុំ​ឲ្យ​ចេញ​ដើរ​ពី​លំនៅ​ដ្ឋាន​តាម​តែ​អំពើ​ចិត្ត តែ​ក្រោយ​មក ពលរដ្ឋ​ឥណ្ឌា​បាន​តប​ត​វិញ​ហើយ​ករណី​ឆ្លង​រឹត​តែ​រីក​រាល​ដាល​ជំងឺ​កូវីដ​១៩​ កាន់​តែខ្លាំង​ឡើង។

ចាប់​តាំង​ពី​ថ្ងៃ​ទី​ ១៥ ខែ​មេសា ដែល​ជា​ថ្ងៃ​អនុវត្ត​វិធានការ​បិទ​ខ្ទប់​ទីក្រុង​ភ្នំពេញ និង​ក្រុង​តាខ្មៅ​នៃ​ខេត្ត​កណ្តាល កម្លាំង​នគរបាល​បាន​ចាប់​ខ្លួន​មនុស្ស​មួយ​ចំនួន​ដែល​បំពាន​បម្រាម​ប្រឆាំង​ជំងឺ​កូវីដ​១៩ ​ក្នុង​នោះ​មាន​ការ​ជួបជុំ​គ្នា​ផឹក​ស៊ី ការ​បន្ត​ធ្វើ​ដំណើរ​ចេញ​ក្រៅ​ផ្ទះ និង​ការ​កាត់​ខ្សែ​ឃាំង​ក្នុង​តំបន់​ការពារ​ជាដើម។ អ្នក​មួយ​ចំនួន​ត្រូវ​បាន​កាត់​ទោស​ជាប់​ពន្ធនាគារ បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​រង់​ចាំ​ការ​កាត់​ទោស និង​ទទួល​ការ​អប់រំ​ជា​ដើម។

លោក សាន សុខសីហា ​អ្នក​នាំ​ពាក្យ​របស់​ស្នង​ការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​ថា​មនុស្ស​ជាង ​១០០ ​នាក់ ទទួល​ការ​ផាក​ពិន័យ​ជា​ប្រាក់ គិត​ត្រឹម​ថ្ងៃ​ពុធ ដោយ​សារ​តែនៅ​បន្ត​ធ្វើ​ដំណើរ​ចេញ​ពី​ផ្ទះ ដោយ​ពុំ​មាន​ការ​ចាំបាច់។

មន្ត្រី​សិទ្ធិ​មនុស្ស​របស់​សមាគម​អាដហុក​លោក​ ស៊ឹង​ សែន​ករុណា យល់​ថា ​រដ្ឋាភិបាល​គួរ​ពិចារណា​បញ្ឈប់​ការ​ចាប់​បញ្ជូន​មនុស្ស​ទៅ​ប្រឈម​នឹង​ការ​កាត់​ទោស​នៅ​តុលាការ ដោយ​សារ​វា​អាច​បង្ក​ហានិ​ភ័យ​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ ​ដល់​អ្នក​ជាប់​ឃុំ​ឯទៀតហើយ​រដ្ឋាភិបាល​នឹង​ចំណាយ​បន្ថែម​នៅ​ពន្ធនាគារ។

លោក​លើក​ទឹក​ចិត្ត​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​បង្កើន​ការ​ផ្សព្វផ្សាយ​អំពី​ការ​វិវឌ្ឍ​នៃ​វិធានការ​ផ្សេងៗ​របស់​រដ្ឋាភិបាល​ឲ្យ​បាន​ដល់​ពលរដ្ឋ​មូលដ្ឋាន ជា​ពិសេស​សម្រាប់​អ្នក​ស្ថិត​ក្នុង​តំបន់រឹត​បន្តឹង​ខ្លាំង​ ឬ​ «តំបន់​ក្រហម» ដើម្បី​បញ្ចៀស​ការ​មិន​យោគ​យល់​គ្នា។​

មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នោះ​បន្ថែម​ថា ​កម្លាំង​អនុវត្ត​ច្បាប់​ក៏​គួរ​ប្រើ​ការ​សួរ​នាំ​ចរចា​និង​អប់រំ​ជាមួយ​ពលរដ្ឋ​ជា​ជាង​ការ​ប្រើ​អំពើ​ហិង្សា ​ឬ​ប្រើ​ផ្លូវ​តុលាការ​មក​ដោះ​ស្រាយ​បញ្ហា​នៅ​ចំពោះ​មុខ​នោះ៕

XS
SM
MD
LG