ភ្នំពេញ — រាជធានីភ្នំពេញដែលធ្លាប់តែអ៊ូអរ ប្រែក្លាយជាទីក្រុងដែលស្ងប់ស្ងាត់ បន្ទាប់ពីរដ្ឋាភិបាលបិទខ្ទប់ទីក្រុង មិនឲ្យប្រជាពលរដ្ឋចេញក្រៅផ្ទះដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងឆ្លងក្នុងប្រទេសធ្ងន់ធ្ងរ ចាប់តាំងពីថ្ងៃទី ២០ ខែកុម្ភៈ។
ទីក្រុងដែលមានមនុស្សកកកុញ ចរាចរណ៍ស្ទះស្ទើរតែរាល់ថ្ងៃ ប្រែក្លាយជាស្ងប់ស្ងាត់ ជំនួសដោយសំឡេងរថយន្តពេទ្យដឹកអ្នកជំងឺ។
កាលពីយប់ឈានចូលថ្ងៃ ១៥ ខែមេសា ការបិទខ្ទប់ទីក្រុងភ្នំពេញនិងក្រុងតាខ្មៅខេត្តកណ្តាលរយៈពេល២សប្តាហ៍ បានចាប់ផ្តើម។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់ថា ការបិទនេះមិនប៉ះពាល់ដល់ការទិញស្បៀងអាហាររបស់ពលរដ្ឋនោះទេ បើទោះមានការកម្រិតមិនឲ្យចេញពីផ្ទះទៅខាងក្រៅដោយសេរីដូចមុន។
មុនពេលបិទទីក្រុងជាផ្លូវការ សារជាសំឡេងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានផ្សព្វផ្សាយទៅតាមបណ្តាញសង្គមហ្វេសប៊ុក ដែលនាំឲ្យប្រជាពលរដ្ឋមួយចំនួនសម្រុកទិញម្ហូបអាហារនៅតាមទីផ្សារ កាលពីល្ងាចថ្ងៃពុធ ទី ១៤ ខែមេសា។ ការប្រជៀតដណ្តើមគ្នាទិញស្បៀងទុកនោះធ្វើឲ្យទំនិញមួយចំនួនឡើងថ្លៃទ្វេដង។ ប្រជាពលរដ្ឋក៏ភ្លេចការរក្សាគម្លាតសុវត្ថិភាព។
អ្នកស្រី គុណ សោភ័ណ អាយុ ៦៣ ឆ្នាំ ជាអ្នកលក់មាន់នៅផ្សារទួលទំពូង ឲ្យដឹងថា កាលពីល្ងាចថ្ងៃពុធ អ្នកស្រីលក់មាន់អស់ប្រហែល ១៥ គីឡូក្រាម ក្នុងរយៈពេលយ៉ាងខ្លី ដែលជាការលក់អស់លឿនបំផុត ចាប់តាំងពីអ្នកស្រីប្រកបរបរនេះជាង ៣០ ឆ្នាំមកហើយ។
អ្នកស្រីប្រាប់ VOA ថា៖ «ជ្រួលច្របល់ឡើងចង់ខ្លាចមនុស្ស។ មនុស្សច្រើនហើយៗ មនុស្សប្រជៀតគ្នា មនុស្សណែនតែម្តងតម្រៀបគ្នាដូចម្រាមដៃចឹង។ ម្សិលមិញមកទិញគ្រប់គ្នា ហើយយើងមានដឹងអីមានប៉ុន្មានលក់ប៉ុណ្ណឹង លក់ធម្មតាចឹង ស្រាប់តែមួយសន្ទុះមកដូចឃ្មុំ ហើយចេះឆ្ងល់លក់ដាច់ម្លេះ លក់២ម៉ឺន[រៀល] គេយកហើយអត់ឲ្យធ្វើទៀតអ៊ូអរមែនទែនដាច់ណាស់ ស្អីក៏ដាច់ៗ មិនមែនត្រឹមតែមាន់ទេ បន្លែអីដាច់អើយៗ»។
សេចក្តីសម្រេចបិទទីក្រុងឲ្យដឹងថា អាជីវកម្មដែលជាតម្រូវការចំបាច់ប្រចាំថ្ងៃ ដូចជាការលក់ម្ហូបអាហារ នៅបន្តដំណើរការជាធម្មតា។ សមាជិកក្នុងគ្រួសារមួយអាចចេញពីផ្ទះបាន មិនឲ្យលើសពី ២ នាក់ និងមិនឲ្យលើស៣ដងក្នុង ១ សប្តាហ៍ ដើម្បីទិញម្ហូបអាហារនិងសម្ភារៈប្រើប្រាស់ចំបាច់ ក្នុងទីតាំងជិតបំផុតដែលខ្លួនរស់នៅ។
នៅថ្ងៃទី ១៥ និង ១៦ ខែមេសា ផ្សារបន្លែមួយចំនួនក្នុងទីក្រុងភ្នំពេញបានបើកដំណើរការជាធម្មតា។ បន្លែ ត្រី សាច់ គ្រឿងសមុទ្រនៅតែមានលក់មិនខ្វះ ក៏ប៉ុន្តែឡើងថ្លៃខ្លះ។ នេះបើតាមការអះអាងរបស់ប្រជាពលរដ្ឋ។ ចំណែកការដើរទិញម្ហូបអាហារ ក៏មានការថមថយ។
អ្នកស្រី កៃ ទីវ៉ា អាយុ ៣៨ ឆ្នាំ ជាអាជីវករលក់សាច់គោនៅផ្សារដើមគ និយាយថា សាច់គោដែលអ្នកស្រីទិញមកលក់ ឡើង ២ ពាន់រៀលក្នុង ១ គីឡូក្រាម ដោយសារចូលឆ្នាំខ្មែរ ដូច្នេះអ្នកស្រីក៏លក់ដំឡើងថ្លៃតាមនោះដែរ។ អ្នកស្រីបន្តថា ការសម្រុកមកទិញសាច់បន្លែ គឺមានកាលពីល្ងាចថ្ងៃពុធ។
«ពួកគាត់សម្រុកមកផ្សារទិញហ្នឹង ហើយនៅផ្សារយើងប្រជ្រៀតខ្លាំង ឃើញគាត់បុកមកទិញចឹង បុកមកទិញប្រហែលម៉ោង ៥កន្លះ ម៉ោង៦។ ព្រឹកមិញធម្មតា មានភ្ញៀវលើកយកមកលក់នៅផ្សារផ្សេងៗ ហើយបើអ្នកទិញធម្មតា ទិញតិចៗទេ ១គីឡូ ២គីឡូកន្លះគីឡូប៉ុណ្ណោះ។ ចាស នៅតែមានអត់ខ្វះទេ ប្រជាពលរដ្ឋមិនបាច់ភ័យថា ខ្លាចអត់ម្ហូបអីទេ ឲ្យតែផ្សារយើងនៅតែបើកយើងនៅមានលក់»។
ជាមួយគ្នានេះដែរ កញ្ញា សុខ ស្រីរ័ត្ន អាយុ ២១ ឆ្នាំ ជាអ្នកលក់បន្លែនៅផ្សារដើមគដែរ បានឲ្យដឹងថា បន្លែភាគច្រើនឡើងថ្លៃទ្វេគុណពីម្ចាស់ដើមបោះឲ្យលក់ ដោយសារការដឹកជញ្ជូនតាមផ្លូវពិបាក។
«គេថាឡានពិបាកចូល ការនាំចូលពិបាកតាមផ្លូវចង់និយាយថា យើងទៅយកពីកន្លែងគេមក ក៏រៀងដណ្តើមគេយកមកលក់ដែរ មិនមែនស្រួលដូចមុនទេ តែបើចំណេញធំបំផុត ២ ទៅ ៣ ពាន់ច្រើនបំផុត អត់ដល់ ៤ ទៅ ៥ ពាន់ ដូចការគេគិតលើយើងទេ»។
ដោយឃើញពីការសម្រុកទិញស្បៀងអាហារ អាជ្ញាធររាជធានីភ្នំពេញបានអំពាវនាវកុំឲ្យមានការលក់ទំនិញឡើងថ្លៃនៅពេលនេះ។
យុវជន លាង សារ៉ាត់ អាយុ ២២ ឆ្នាំ ជាអ្នកដឹកជញ្ជូនអាហារខ្ចប់ ដែលបានមកទិញម្ហូបនៅក្នុងផ្សារច្បារអំពៅ និយាយថា ទំនិញមួយចំនួនក្នុងផ្សារ ឡើងបន្តិចបន្តួច។ លោកនិយាយថា លោកគាំទ្រចំណាត់ការបិទខ្ទប់ទីក្រុងជាបណ្តោះអាសន្ន ដើម្បីកុំឲ្យមានការឆ្លងជំងឺកូវីដ១៩។
«ខ្ញុំយល់ឃើញថា បើយើងធ្វើដូច្នេះ វាល្អ ដោយសារកុំឲ្យវារីករាលដាលជំងឺកូវីដ ដោយសារវ៉ាក់សាំងក៏វាចេញមកដែរ។ តែប្រហែលជាប៉ុន្មានទៀត តែយើងចាក់អស់ គឺវាលែងនឹងឆ្លងទៀតហើយ។ ដូចថាមី ត្រីខវាឡើង បើអីវ៉ាន់ខ្លះវាអត់ឡើងទេ តែបើម្សិលឮថាបិទក្រុងថ្ងៃហ្នឹង គឺឡើងតែម្តងឡើង ហើយរកទិញអត់បានទៀត»។
ក្រៅពីការចរាចររបស់ប្រជាពលរដ្ឋក្នុងការទិញម្ហូបអាហារ រថយន្តរបស់កងកម្លាំងមានសមត្ថកិច្ច ដែលបំពេញការងារនៅតាមផ្លូវ និងរថយន្តពេទ្យដឹកអ្នកជំងឺកូវីដ១៩ ក៏មានភាពសកម្មផងដែរ។ ចំណែកផ្ទះរបស់ប្រជាពលរដ្ឋនិងហាងប្រកបរបរដែលមិនមែនជាតម្រូវការចំបាច់ប្រចាំថ្ងៃ ក៏បានបិទទ្វារ។
ការប្រកាសបិទរាជធានីភ្នំពេញនេះធ្វើឡើងនៅយប់ទីមួយនៃថ្ងៃចូលឆ្នាំប្រពៃណីខ្មែរ ដែលជាទូទៅប្រជាពលរដ្ឋកាន់ព្រះពុទ្ធសាសនាតែងតែទៅវត្ត ដើម្បីប្រគេនចង្ហាន់ដល់ព្រះសង្ឈ និងឧទ្ទិសទៅអ្នកដែលបានចែកឋាន។ ក៏ប៉ុន្តែទីវត្តអារាមក៏ប្រែជាស្ងប់ស្ងាត់ផងដែរ។
ផ្លូវធំសំខាន់ៗ នៅក្នុងរាជធានីភ្នំពេញនៅមានបើកដំណើរការខ្លះ ក៏ប៉ុន្តែផ្លូវតូចៗភាគច្រើនបានបិទដំណើរការ ដោយមានចងខ្សែឃាំងនិងដាក់រនាំងដែកជាដើម។ កម្លាំងសមត្ថកិច្ចជាច្រើនបានយាមកាមនៅតាមដងផ្លូវសំខាន់ៗមួយចំនួន។ ប៉ុន្តែពួកគេបានអនុញ្ញាតឲ្យប្រជាពលរដ្ឋមួយចំនួនឆ្លងកាត់កន្លែងហាមឃាត់ ប្រសិនបើពួកគេមានលិខិតបញ្ជាក់ពីកន្លែងការងារ។
លោក ស ថេត ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់ VOA នៅថ្ងៃសុក្រនេះថា រយៈពេល ២ ថ្ងៃកន្លងមកនេះ ប្រជាពលរដ្ឋបានចូលរួមអនុវត្តបានយ៉ាងល្អ តាមវិធានការរបស់រដ្ឋាភិបាល។ លោកបង្ហាញក្តីសង្ឃឹមថា ការចូលរួមរបស់ប្រជាពលរដ្ឋ អាចធ្វើឲ្យការឆ្លងជំងឺកូវីដធ្លាក់ចុះ។
លោកថ្លែងថា៖ «ច្រកទាំងប្រាំបីប្រាំបួនច្រកដែលចូលរាជធានីភ្នំពេញ យើងត្រូវបិទទាំងអស់ហើយខាងក្នុងមួយចំនួនធំទៀត រវាងខណ្ឌទៅខណ្ឌ ក៏យើងត្រូវបិទដែរ។ ក៏ប៉ុន្តែវាបិទហ្នឹងមិនមែនទាំងស្រុង ១០០% នោះទេ។ វាអាចមានករណី ដែលយើងអនុញ្ញាតឲ្យគាត់ចេញចូលបាន។ យល់គាត់យល់ ភាគច្រើនៗភាគរយខ្ពស់ មិនមានអ្នកណាទៅប្រឆាំង ឬក៏ទៅអុកឡុកអីទេ គ្រាន់តែគាត់សុំទៅនេះទៅនោះអញ្ចឹង ដោយមានលិខិតបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន»។
លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គមថ្លែងថា ការបិទខ្ទប់រាជធានីភ្នំពេញមួយរយៈ ជាការប្រសើរ ហើយការទប់ស្កាត់ជំងឺកូវីដ១៩ គឺជាកាតព្វកិច្ចរបស់ពលរដ្ឋទាំងអស់គ្នា។ ក៏ប៉ុន្តែលោកចាត់ទុកការផ្សព្វផ្សាយសំឡេងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មុនការប្រកាសបិទក្រុងជាផ្លូវការ បង្កឲ្យមានភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ។
លោកប្រាប់ VOA ថា៖ «នៅពេលសារបែកធ្លាយជាសំឡេងរបស់សម្តេច គ្រាន់តែឲ្យត្រូវបិទទីក្រុងភ្នំពេញពីយប់នេះទៅរហូតដល់រយៈពេល ២ អាទិត្យ ហើយអ្នកទទួលបាន គឺទទួលបានតែប៉ុណ្ណឹងទេ ដែលធ្វើឲ្យមនុស្សហ្នឹងតក់ក្រហល់ ដើម្បីស្ទុះទៅរកខ្លាចក្រែងគេអត់ឲ្យលក់ដូរ អីអញ្ចឹងក្រោយមកក៏ឃើញមានការផ្សាយអំពីលក្ខខណ្ឌមួយចំនួន ដែលអាចធ្វើទៅបាននៅក្នុងអំឡុងពេលបិទទៅបាន មនុស្សហ្នឹងនាំគ្នាស្ងាត់ស្ងៀមមកវិញ។ នេះគឺជាមេរៀនដែលរដ្ឋាភិបាលត្រូវមានការប្រុងប្រយ័ត្នតិចពេលក្រោយ»។
គួរបញ្ជាក់ថា នៅថ្ងៃសុក្រនេះ ក្រសួងសុខាភិបាលបានប្រកាសថា មនុស្ស ២៦២ បានឆ្លងជំងឺកូវីដ១៩ ដែលនាំឲ្យករណីឆ្លងសរុបក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ បានកើនដល់ ៤.៩៣៨ នាក់។ ក្រសួងបញ្ជាក់ថា ករណីស្លាប់នៅទូទាំងប្រទេស មានចំនួន ៣៨ នាក់៕