ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមត្ថកិច្ច​បញ្ជូន​មនុស្ស​៦​នាក់​ទៀត​ទៅ​តុលាការ​ រឿង​ផឹក​ស៊ី​ជុំ​គ្នា​បំពាន​វិធាន​ការ​បិទ​ខ្ទប់​រាជ​ធានី​ភ្នំពេញ


មនុស្ស​៦​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​តុលា​ការ​រាជ​ធានី​ភ្នំពេញ ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ថា​ពួក​គេ​ផឹក​ស៊ី​ជុំ​គ្នា ​បំពាន​វិធាន​ការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ ដែល​នឹង​បន្ត​រហូត​ដល់​ថ្ងៃ​ទី​២៨ ខែ​មេសា។ (រូបថត​ពី​គេហទំព័រ​អគ្គស្នង​ការដ្ឋាន​នគរ​បាល​ជាតិ)
មនុស្ស​៦​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​តុលា​ការ​រាជ​ធានី​ភ្នំពេញ ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ថា​ពួក​គេ​ផឹក​ស៊ី​ជុំ​គ្នា ​បំពាន​វិធាន​ការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ ដែល​នឹង​បន្ត​រហូត​ដល់​ថ្ងៃ​ទី​២៨ ខែ​មេសា។ (រូបថត​ពី​គេហទំព័រ​អគ្គស្នង​ការដ្ឋាន​នគរ​បាល​ជាតិ)

មនុស្ស​៦​នាក់​ទៀត​ត្រូវ​បាន​បញ្ជូន​ទៅ​តុលា​ការ​រាជ​ធានី​ភ្នំពេញ ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ថា​ពួក​គេ​ផឹក​ស៊ី​ជុំ​គ្នា ​បំពាន​វិធាន​ការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ ដែល​នឹង​បន្ត​រហូត​ដល់​ថ្ងៃ​ទី​២៨ ខែ​មេសា។

បើ​តាម​ព័ត៌មាន​នៅ​លើ​គេហ​ទំព័រ​របស់​អគ្គស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ បុរស​៦​នាក់​ដែល​ផឹក​ស៊ី​ជា​ក្រុម​ត្រូវ​បាន​នគរបាល​ចាប់​ខ្លួន ដោយ​ចោទ​ថា​ពួកគេ​បានជួប​ជុំ​ផឹក​ស៊ី ល្មើស​នឹង​ច្បាប់​«ហើយ​បង្ក​បញ្ហា​ជាមួយ​សមត្ថកិច្ច​» នៅក្នុង​សង្កាត់​ទួល​សង្កែ១​ ខណ្ឌ​ឬស្សីកែវ។ ពួកគេ​ត្រូវ​បាន​ឃាត់​ខ្លួន​កាល​ពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​១៩ ខែ​មេសា ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ពុធ។

នេះ​ជា​ការ​ឃាត់​ខ្លួន​មនុស្ស​បន្ថែម​ទៀត​បញ្ជូន​ទៅ​តុលា​ការ ក្នុង​ពេល​បិទ​ខ្ទប់​ទីក្រុង​ភ្នំពេញ។ កាល​ពី​ចុង​សប្តាហ៍ តុលា​ការ​រាជ​ធានី​ភ្នំពេញ​បាន​សម្រេច​ចោទ​ប្រកាន់​មនុស្ស​យ៉ាងតិច​៤​នាក់ រួច​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន ពាក់ព័ន្ធ​នឹង​ការ​ផឹក​ស៊ី​ជុំគ្នា និង​ការ​បន្ត​បើក​រថយន្ត​នៅ​លើ​ផ្លូវ ដោយ​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក។

ចំណែក​ករណី​មួយ​ទៀត បុរស​ម្នាក់​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន ដោយ​សារ​យក​កូន​កាំបិត​កាត់​ខ្សែ​របាំង​ការពារ​គោល​ដៅ​របស់​សមត្ថកិច្ច ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ​ខណ្ឌ​ទួល​គោក។ បុរស​ម្នាក់​នេះ​ត្រូវ​បានចៅ​ក្រម​ជំនុំ​ជម្រះ​លោក ឡុង វណ្ណា កាល​ពី​ចុង​សប្តាហ៍ ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ១​ឆ្នាំ តាម​មាត្រា​១១នៃ​ច្បាប់​ស្តី​ពី​កូវីដ​១៩។

VOA​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក គុជ គឹម​ឡុង អ្នក​នាំ​ពាក្យ​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ទេ​នៅ​ថ្ងៃ​ពុធ​នេះ។

មាត្រា​១១​នៃ​ច្បាប់​ស្តីពី​កូវីដ​ដែល​ចែង​ថា​អំពើ​ការ​រារាំង ​ឬ​បង្ក​ឧបសគ្គ​ដោយ​ចេតនា​ដល់​ការ​អនុវត្ត​វិធានការ​ដែល​បាន​ដាក់​ចេញ​ស្រប​តាម​ច្បាប់​នេះ ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​៦​ខែ​ទៅ​៣​ឆ្នាំ។ ប្រសិន​បើ​ត្រូវ​បាន​រក​ឃើញ​ថា​មាន​កំហុស ពួកគេ​ក៏​ត្រូវ​ប្រឈម​នឹង​ការ​ផាក​ពិន័យ​ជា​ប្រាក់​ពី​៥០០​ដុល្លារ​ទៅ​២.៥០០​ដុល្លារ​អាមេរិក។

អ្នក​នាំ​ពាក្យ​របស់​ស្នងការដ្ឋាននគរបាល​រាជធានី​ភ្នំពេញ លោក សាន សុខ​សីហា មាន​ប្រសាសន៍​ថា​គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី​១៥ ខែ​មេសា​មក​ដល់​រសៀល​ថ្ងៃ​ពុធ​នេះ សមត្ថកិច្ចឃាត់​ខ្លួន​មនុស្ស​ប្រមាណ​១៣០​នាក់ ដែល​ក្នុង​នោះ​មាន​៦​នាក់​ត្រូវ​បាន​តុលា​ការ​សម្រេច​ឃុំ​ខ្លួន​កាល​ពី​ចុង​សប្តាហ៍។

លោក​បន្ថែម​ថា​សមត្ថកិច្ច​បាន​បញ្ជូន​មនុស្សចំនួន​១១​នាក់​បន្ថែម​ទៀត​ទៅ​តុលា​ការ ដែល​ក្នុង​នោះ​មាន​៥​នាក់​ទទួល​ការ​អប់រំ និង​ហើយ​៦​នាក់​ទៀត​ដែល​ស្ថិត​ក្នុង​សំណុំ​រឿង​ផឹក​ស៊ី​ជុំ​គ្នា កំពុង​ត្រូវ​បាន​តុលា​ការ​សាក​សួរ។ លោក​ឲ្យ​ដឹង​ទៀត​ថាមនុស្ស​ជាង​១០០​នាក់ ទទួល​ការ​ផាក​ពិន័យ​ជា​ប្រាក់ ​ដោយ​សារ​តែ​ការ​ធ្វើ​ដំណើរ​ចេញ​ពី​ផ្ទះ​ ដោយ​ពុំ​មាន​ការ​ចាំបាច់។ ចំណែក​មនុស្ស​មួយ​ចំនួន​ទៀត ក៏ទទួល​ការ​អប់រំ​ផង​ដែរ ដោយ​មិន​បញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ​នោះ​ទេ។

អ្នក​នាំ​ពាក្យ​រូប​នោះ​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូល​រួម​អនុវត្ត​វិធានការ​នៃ​ការ​បិទ​ខ្ទប់​ទីក្រុង​នេះ ដោយ​ស្នាក់​នៅ​ផ្ទះ បើ​មិន​មាន​ការ​ចាំបាច់​ទៅ​ក្រៅ។

លោក​ប្រាប់​VOA​ថា៖ «អញ្ចឹង​សូម​បងៗ​មេត្តា​យោគ​យល់​ករណី​នេះ ហើយ​មេត្តា​នៅ​ផ្ទះ​តាម​ការ​ណែនាំ​របស់​រាជ​រដ្ឋាភិបាល​ ក៏​ដូច​ជា​សេចក្តី​សម្រេច​របស់​សាលា​រាជធានី។ អញ្ចឹង​សូម​ចូលរួម​សហ​ការ​ឲ្យ​បាន​ច្រើន​បំផុត។ នៅ​ពេល​ដែល​មាន​ការ​ចូលរួម​សហការ​ឲ្យ​បាន​ច្រើន​បំផុត អញ្ចឹង​វិធាន​ការ​នៃ​ការ​ទប់​ស្កាត់ វា​អាច​ថម​ថយពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ»។

លោក អំ សំអាត នាយក​រង​ទទួល​បន្ទុក​ឃ្លាំ​មើល​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ មាន​ប្រសាសន៍​ថា​សង្គម​ស៊ីវិល​មាន​ការ​ព្រួយ​បារម្ភតាំងពី​ដើម​មក​នៃ​ការ​ផ្សព្វផ្សាយ​ច្បាប់​នេះ​មិន​បាន​ទូលំទូលាយ​និង​ការ​អនុវត្ត​លឿន​ពេក ដែល​នាំ​ឲ្យ​ប្រជាពលរដ្ឋ​មិន​បាន​ដឹង​ ហើយ​មិន​បាន​ចូលរួម​អនុវត្ត។ លោក​ជំរុញ​ឲ្យ​មាន​ការ​ផ្សព្វ​ផ្សាយ​បន្ត​ទៀត​ដល់​ប្រជា​ពលរដ្ឋ។​លោក​ក៏​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូល​រួម​ទាំង​អស់​គ្នា ដើម្បី​កាត់​បន្ថយ​ការ​រីករាល​ដាល​ជំងឺ​កូវីដ​១៩​នេះ។

លោក​មាន​ប្រសាសន៍​ថា៖ «ចំណុច​ដែល​ប្រទាំង​ប្រទើស​ដូច​ខ្ញុំ​បាន​លើក​ឡើង​អញ្ចឹង​ថា​តើពលរដ្ឋ​គាត់​បាន​យល់​គ្រប់គ្រាន់​ហើយ​ឬ​នៅ​អំពី​ច្បាប់​កូវីដ​១៩ ហើយ​និង​អនុក្រឹត្យ​? តើ​យើង​បាន​ផ្សព្វផ្សាយ​បាន​ទូលំទូលាយ​ហើយ​ឬ​នៅ?»។

ការ​ចាប់​ខ្លួន ចោទ​ប្រកាន់​និង​កាត់​ទោស​នេះ ក៏​កើត​មាន​នៅ​តាម​ខេត្ត​មួយ​ចំនួន​ផង​ដែរ។ តួ​យ៉ាងក្នុង​ខេត្ត​កំពង់​ចាម បុរស​ម្នាក់​ដែល​មាន​ឈ្មោះ យន់ ស៊ាងហ៊ី ត្រូវ​បាន​ចាប់​ខ្លួន​ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មេសា និង​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​១​ឆ្នាំ កាល​ពី​ថ្ងៃ​ទី​២០ ខែ​មេសា ពាក់​ព័ន្ធ​នឹង​ការ​ផឹក​ស៊ី​ពេល​យប់​និង​ជេរ​ប្រមាថ​សមត្ថកិច្ច។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​តុលាការ​ខេត្ត​កំពង់ចាម៕

XS
SM
MD
LG