ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភូមិ​សង្កាត់​មួយ​ចំនួន​ត្រូវ​កំណត់​ជា​«តំបន់​ក្រហម»នៃ​ការ​រាំង​ខ្ទប់​រាជ​ធានី​ភ្នំពេញ


អាជ្ញាធររឹតបន្តឹងការធ្វើដំណើរ ក្នុងអំឡុងពេលដាក់បំរាមគោចរ ដើម្បីទប់ស្កាត់ការរីរាលដាល នៃជំងឺកូវីដ១៩ រាជធានីភ្នំពេញថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)
អាជ្ញាធររឹតបន្តឹងការធ្វើដំណើរ ក្នុងអំឡុងពេលដាក់បំរាមគោចរ ដើម្បីទប់ស្កាត់ការរីរាលដាល នៃជំងឺកូវីដ១៩ រាជធានីភ្នំពេញថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)

រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ដាក់​សង្កាត់​យ៉ាង​តិច​៤ក្នុង​ភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ជា​«តំបន់​ក្រហម​» ដែល​ហាម​ប្រជា​ពលរដ្ឋ​ក្នុង​តំបន់​ចេញ​ពី​ផ្ទះ​ដាច់​ខាត​និង​បិទ​សកម្មភាព​លក់​ម្ហូប​អាហារ​ក្នុង​តំបន់​នោះ។

នៅ​ក្នុង​សេចក្តី​សម្រេច​៣​ផ្សេង​គ្នា រដ្ឋបាល​រាជធានី​ភ្នំពេញ​ឲ្យ​ដឹង​ថា​ភូមិ​១៤ ភូមិ​១៦​និង​១៧​នៃសង្កាត់​បឹង​សាឡាង ខណ្ឌ​ទួល​គោក សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍សែនជ័យ និង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ទី​២ និង​ទី​៣ ក្នុង​ខណ្ឌ​មាន​ជ័យ ដែល​មាន​ការ​ឆ្លង​រាល​ដាល​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូវីដ​១៩ ត្រូវ​កំណត់​ជា​«តំបន់​ក្រហម»។

បើ​តាម​សេចក្តី​សម្រេច​របស់​សាលា​រាជ​ធានី​ភ្នំពេញ​ចុះ​ថ្ងៃ​ទី​១៩ ខែ​មេសា នៅ​ក្នុង«តំបន់​ក្រហម» បុគ្គល​គ្រប់​រូប​ត្រូវ​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​ដំណើរ​ចេញ​ពី​លំនៅឋាន ដោយ​រួម​ទាំង​ការ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​សកម្ម​ភាព​កីឡា​នៅ​ខាង​ក្រៅ​ទី​លំនៅឋាន លើក​លែង​តែ​ការ​ធ្វើ​ដំណើរ​ដោយ​មាន​មូល​ហេតុ​សុខ​ភាព​បន្ទាន់​និង​ការ​ធ្វើ​ដំណើរ​ទៅ​ជួប​មន្ត្រី​សុខាភិបាល​ ដើម្បី​យក​សំណាក​ទៅ​វិភាគ​រក​មេ​រោគ​កូវីដ​១៩​ ឬ​ទៅ​ចាក់​វ៉ាក់សាំង​ការ​ពារ​ដូស​ទី២ នៅ​ទីតាំង​ជិត​បំផុត​ក្នុង«​តំបន់​ក្រហម» តាម​ការ​កំណត់​និង​អនុ​ញ្ញាត​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច។

សេចក្តី​សម្រេច​ឲ្យ​ដឹង​ទៀត​ថា​ផ្សារ​និង​ទីកន្លែង​លក់​ម្ហូប​អាហារ​និង​គ្រឿង​ឧបភោគ​បរិភោគ រួម​ទាំង​សកម្ម​ភាព​ការងារ​ មុខ​របរ​និង​អាជីវ​កម្ម​ទាំង​អស់​ ត្រូវ​ផ្អាក​ជា​បណ្តោះ​អាសន្ន លើក​លែង​សកម្ម​ភាព​ការ​ងារ​ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ដំណើរ​ការ​ជា​ធម្មតា ដូច​ជា​ទីតាំង​ផលិត​និង​ផ្គត់ផ្គង់​មី សេវា​ផ្គត់​ផ្គង់​ឱសថ សម្ភារៈ​បរិក្ខា​ពេទ្យ និង​សេវា​ប្រមូល​និង​ដឹក​ជញ្ជូន​សំរាម សំណង់​រឹង សេវា​អគ្គិសនី​និង​ទឹក​ស្អាត​ជាដើម។

សេចក្តី​សម្រេច​បញ្ជាក់ដែរ​ថា​ហាម​ឃាត់​ដាច់​ខាត​រាល់​ការ​ធ្វើ​ដំណើរ​ចេញ​ចូល ​ឬ​ឆ្លង​កាត់​«តំបន់​ក្រហម»។

បើ​តាម​សេចក្តី​សម្រេច បុគ្គល​ដែល​ល្មើស​នឹង​ការ​ហាម​ឃាត់​នេះ នឹងត្រូវ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលា​ការ ដើម្បី​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ និង​ទោស​ពិន័យ​ជា​ប្រាក់​ ស្រប​តាម​មាត្រា​១០​នៃច្បាប់​កូវីដ​១៩​ថ្មី។

មាត្រា​១០​ចែង​អំពី​បទ​មិន​គោរព​វិធាន​ការ​ដ្ឋបាល ដែល​នឹង​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី​១​លាន​រៀល​ទៅ​៥​លាន​រៀល​។ ហើយ​បើអំពើ​ខាង​លើ​នាំ​ឲ្យ​ឆ្លង​ជំងឺ​កូវីដ​១៩​ដល់​អ្នក​ដទៃ នឹង​ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​៦​ខែ​ទៅ​៣​ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ពី​២​លាន​រៀល​ទៅ១០​លាន​រៀល។

ផ្សារ​កណ្តាល​ក្នុង​ខណ្ឌ​ដូនពេញ​ត្រូវ​បាន​បិទ​ទាំង​ស្រុង​កាល​ពី​ថ្ងៃ​ទី១៩ ខែមេសា ឆ្នាំ២០២១។ (ស៊ុន ណារិន/វីអូអេ)
ផ្សារ​កណ្តាល​ក្នុង​ខណ្ឌ​ដូនពេញ​ត្រូវ​បាន​បិទ​ទាំង​ស្រុង​កាល​ពី​ថ្ងៃ​ទី១៩ ខែមេសា ឆ្នាំ២០២១។ (ស៊ុន ណារិន/វីអូអេ)

បើ​តាម​សេចក្តី​ណែនាំ​មួយ​របស់​រដ្ឋា​ភិបាល ចុះ​ហត្ថលេខា​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មេសា ក្រសួង​ពាណិជ្ជ​កម្ម​ត្រូវ​រៀប​ចំ​សម្រប​សម្រួលជា​បន្ទាន់​ឲ្យ​មាន​ការ​ផ្គត់​ផ្គង់​ ដឹក​ជញ្ជូន​និង​ចែក​ចាយ​ស្បៀង​រួម​មាន​អង្ករ មី ត្រី​ខ​កំប៉ុង​ ទឹក​ស៊ីអ៊ីវ ទឹក​ត្រី​និង​ទឹក​សុទ្ធ ព្រម​ទាំង​គ្រឿង​ឧបភោគ​ដែល​ចាំ​បាច់​ផ្សេងៗ ដើម្បី​លក់​ឲ្យ​ប្រជា​ពលរដ្ឋ​រស់​នៅ​ក្នុង​«តំបន់​ក្រហម» ដោយ​អនុវត្ត​សេវា​លក់​តាម​ប្រព័ន្ធ​ទូរស័ព្ទ ឬ​អនឡាញ និង​ដឹក​ជញ្ជូន​ចែក​ចាយ​ដល់ខាង​មុខ​ផ្ទះ។

ចំណែក​អាជ្ញាធរ​តាម​មូលដ្ឋាន​ត្រូវ​ចាត់​ចែង​ជា​បន្ទាន់ ដើម្បី​ចែក​នូវ​ជំនួ​យ​សង្គ្រោះ​បន្ទាន់​ដល់​ប្រជា​ពលរដ្ឋ​រង​គ្រោះ ប្រជា​ពលរដ្ឋ​ក្រីក្រ​និង​មាន​ការ​លំបាក​ក្នុង​ជីវភាព​ក្នុង​«តំបន់​ក្រហម»។ នេះ​បើ​យោង​តាម​សេចក្តី​ណែនាំ​របស់​រដ្ឋាភិបាល។

ក្នុង​ការ​បិទ​ខ្ទប់​ទីក្រុង​ដែល​មាន​ដែល​មាន​រយៈ​ពេល​ជិត​មួយ​សប្តាហ៍​មក​ហើយ តំបន់​មួយ​ចំនួន​ដូច​ជា​ផ្សារ​ធំៗ រួម​មាន​ផ្សារ​ដើម​គ និង​ផ្សារ​កណ្តាល ក៏​ត្រូវ​បាន​បិទ​ជា​បណ្តោះ​អាសន្ន។ ការ​បិទ​នេះ​នាំ​ឲ្យ​ប្រជាពលរដ្ឋរស់​នៅ​តំបន់​នោះ​ពិបាក​ក្នុង​ការ​ទិញ​បន្លែ​ត្រី​សាច់​ផ្សេងៗ។

នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង បាន​យក​អំណោច​មួយ​ចំនួន ក្នុង​នោះ​មាន​អង្ករ​២៥​គីឡូ ទឹក​ស៊ីអ៊ីវ​មួយ​យួរ ទឹក​ត្រី​មួយ​យួរ និង​មី​មួយ​កេស ​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋមួយ​ចំនួន​នៅ​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ដែល​ជា​«តំបន់​ក្រហម»។

លោក​អភិបាលរាជធានី​ភ្នំពេញ​បាន​ថ្លែង​ថាអំណោច​នេះ​មាន​កម្រិត ដូច្នេះ​លោក​សំណូម​ពរ​ប្រជាពលរដ្ឋ​ដែល​មាន​លទ្ធភាព​ក្នុង​ការ​ផ្គត់​ផ្គង់​ជីវភាព​របស់​ពួក​គេក្នុង​រយៈ​ពេល​រាំង​ខ្ទប់​នេះ ផ្តល់​ឱកាស​ទទួល​អំណោយ​នេះ​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត។

លោក ប៉ែន សុវិជាតិ អនុ​រដ្ឋ​លេខាធិការ​និង​ជា​អ្នកនាំពាក្យ​របស់​ក្រសួង​ពាណិជ្ជកម្ម មាន​ប្រសាសន៍​ថា​នៅ​ថ្ងៃ​អង្គារ​នេះ ​ក្រុមហ៊ុន Green Trade​របស់​ក្រសួងពាណិជ្ជកម្ម​បាន​រៀបចំ​រថយន្ត​ចល័ត​៥​គ្រឿង ដោយ​ដឹក​ទំនិញ​មួយ​ចំនួន​ដូច​ជា​អង្ករ ត្រី​ខ​កំប៉ុង ទឹក​ត្រី ទឹក​ស៊ីអ៊ីវ និង​ទឹក​សុទ្ធ ដែលមាន​តម្លៃ​ទាប​ជាង​ទីផ្សារ ទៅ​លក់​នៅ​ទីតាំង​ទាំង​៧​កន្លែង​នៃ​«តំបន់​ក្រហម​»ក្នុង​ខណ្ឌ​មាន​ជ័យ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌ​ទួល​គោក។

លោក​បន្ត​ថា​ក្រសួង​កំពុង​រៀបចំ​ឲ្យ​មាន​ទំនិញ​ផ្សេង​ទៀត ដូច​ជាត្រី​ងៀត ត្រីឆ្អើរ ឆៃប៉ូវ និង​អាហារទុក​បាន​យូរ​ផ្សេង​ទៀត។ ប៉ុន្តែ​លោក​ថា​វា​លំបាក​បន្តិច​ក្នុង​ការ​រៀបចំ​លក់បន្លែ ​ដោយ​សារ​វា​ឆាប់​ខូច។

បើ​តាម​អ្នក​នាំ​ពាក្យ​រូប​នោះ រថយន្ត​នឹង​ឈប់​នៅ​ត្រឹម​មុខ​រនាំង​នៃ​ការ​បិទ​ខ្ទប់ ហើយ​ទទួល​ការ​បញ្ជា​ទិញ​តាម​ទូរស័ព្ទ តាម​រយៈ​កិច្ច​សហការ​របស់​អាជ្ញាធរ។ លោក​បន្ថែម​ថា​នឹង​មានត្រី​ចក្រ​យាន​យន្ត​ ឬ​ទោចក្រ​យាន​យន្ត​ដឹក​ទំនិញ​ដែល​ទទួល​ការ​បញ្ជា​ទិញ​ទៅ​ដល់​ខាង​មុខ​ទ្វារ​ផ្ទះ​របស់​ប្រជា​ពលរដ្ឋ​តែ​ម្តង។

លោក​ប្រាប់​VOAនៅ​ថ្ងៃ​អង្គារ​ថា៖ «គឺ​អត់​ឲ្យ​ប្រជាជន គាត់​ចេញ​មក​ទិញរហេតរហូត​ដល់​ឡាន​របស់​យើង​ទេ ព្រោះ​យើងត្រូវ​ចូលរួម​អនុវត្ត​វិធានការ​បិទ​ខ្ទប់​នៅ​ក្នុង​តំបន់ក្រហម ដែល​យើង​មិន​អនុញ្ញាត​ឲ្យ​ប្រជាជន​ចេញ​ពី​ផ្ទះ»។

លោក សន ជ័យ នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណ​នេយ្យភាព​សង្គម​កម្ពុជា មាន​ប្រសាសន៍​ថាការ​បិទ​ខ្ទប់​ទីក្រុង​នេះ​ ជួយ​ដល់​ការ​កាត់​បន្ថយ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ ប៉ុន្តែ​កម្រិត​នៃ​ការ​ខ្វះ​ស្បៀង​អាហារ ក៏​កំពុង​ចាប់​ផ្តើម​មាន​ផង​ដែរ ជា​ពិសេស​អ្នក​រស់​នៅក្នុង​«តំបន់​ក្រហម»។

លោក​មាន​ប្រសាសន៍​ថា៖ «អភិ​បាល​កិច្ច​នៃ​ស្បៀង​អាហារ​នេះ គឺ​ជា​ចំណុច​មួយដែល​ត្រូវ​មានការ​ដាក់​ផែន​ការឲ្យ​បាន​ស៊ី​ជម្រៅ ហើយ​និង​របៀបនៃ​ការ​ឆ្លើយ​តប​ជាមួយ​នឹង​តម្រូវ​ការ​ដ៏​ច្រើន​របស់​ប្រជា​ពលរដ្ឋ។ នៅ​ពេល​ដែល​ទីផ្សារ​នៅ​ក្នុង​តំបន់​ក្រហម​ត្រូវ​បាន​បិទ ការ​ប្រឈម​និង​ការ​ខ្វះ​ខាត​ម្ហូប​អាហារ​ ក៏​បាន​ចាប់​ផ្តើម​ដែរ»។

នៅ​ថ្ងៃ​អង្គារ​នេះ ក្រសួង​សុខា​ភិបាល​បាន​ប្រកាស​ថា​មនុស្ស​ប្រមាណ​៤៣០​នាក់ ត្រូវ​បាន​រក​ឃើញ​ថា​ឆ្លង​ជំងឺ​កូវីដ​១៩ ដែល​នាំ​ឲ្យករណី​ឆ្លង​សរុប​ចាប់​ពី​ថ្ងៃ​ទី​២០ ខែកុម្ភៈ មាន​ចំនួន​ប្រមាណ​៦.៩០០​នាក់។ ចំណែក​ករណី​ស្លាប់​មាន​ចំនួន​៤៩​នាក់។

គួរ​បញ្ជាក់​ថា​ការ​បន្ត​ឆ្ល​ង​ជំងឺ​កូវីដ​១៩ រាប់​រយ​នាក់​ ស្រប​ពេល​ដែល​ទីក្រុង​ភ្នំពេញនិង​ក្រុង​តាខ្មៅ​ ខេត្ត​កណ្តាល ត្រូវ​បាន​បិទ​ខ្ទប់​ទាំង​ស្រុង ក្នុង​រយៈ​ពេល​២​សប្តាហ៍ គឺ​រហូត​ដល់​ថ្ងៃ​ទី​២៨ ខែ​មេសា។ រដ្ឋាភិបាល​ប្រកាស​ថា​អាច​នឹង​បន្ត​រយៈ​ពេល​នៃ​ការ​រាំង​ខ្ទប់​ទៀត ប្រសិន​បើ​ករណី​ឆ្លង​មិន​ថម​ថយ៕

XS
SM
MD
LG