ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ILO​ គាំទ្រ​គោលនយោបាយ​ការងារ​របស់​កម្ពុជា​


ក្រុម​កម្មករ​រោង​ចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​​​ស្រែក​ពាក្យស​ស្លោក​ក​និង​កាន់​​​បដា​នៅ​ក្នុង​​ការ​​​ចាប់​ផ្តើម​ដំបូង​​នៃ​​​យុទ្ធនាការ​ដំឡើង​​ប្រាក់​ឈ្នួល​ដល់​ក្រុម​កម្មករ​ឲ្យ​​បាន​ដល់​១៧៧​ដុល្លារ​ក្នុង​មួយ​ខែ កាល​ពី​ថ្ងៃ​​ពុធ ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៤។​ (Reuters)
ក្រុម​កម្មករ​រោង​ចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​​​ស្រែក​ពាក្យស​ស្លោក​ក​និង​កាន់​​​បដា​នៅ​ក្នុង​​ការ​​​ចាប់​ផ្តើម​ដំបូង​​នៃ​​​យុទ្ធនាការ​ដំឡើង​​ប្រាក់​ឈ្នួល​ដល់​ក្រុម​កម្មករ​ឲ្យ​​បាន​ដល់​១៧៧​ដុល្លារ​ក្នុង​មួយ​ខែ កាល​ពី​ថ្ងៃ​​ពុធ ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៤។​ (Reuters)

ការប្រកាស​របស់​អង្គការ ​ILO ​នេះ​គឺ​កើតឡើង​ក្រោយ​ពេល​ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​បាន​ប្រកាស​ដាក់ឲ្យ​អនុវត្ត​គោល​នយោបាយ​ស្តី​ពី​មុខរបរ​ និង​ការងារ​ឆ្នាំ​២០១៥-២០២៥ ​នា​ថ្ងៃ​ទី២២​ ខែ​តុលា​កន្លង​ទៅ។​

អង្គការ​ពលកម្ម​អន្តរជាតិ (ILO) ​បាន​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ដាក់​ចេញ​ឲ្យ​មានការ​អនុវត្ត​គោល​នយោបាយ​ស្តីពី​មុខរបរ ​និង​ការងារ​សម្រាប់​រយៈ​ពេល​១០ឆ្នាំ​ ចាប់​ពី​ឆ្នាំ​២០១៥​ ដែល​គេ​អះអាង​ថា​ មាន​គោលបំណង​បង្កើត​ឱកាស​ការងារ​សមរម្យ​ប្រកប​ដោយ​ផលិតភាព ​ពង្រីក​មុខជំនាញ​នានា​និង​ការ​អភិវឌ្ឍ​ធនធាន ​មនុស្ស ​ហើយ​នឹង​ការ​ពង្រឹង​ទីផ្សារ​ពលកម្ម។​ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ ​ILO។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃនេះ​បាន​បញ្ជាក់​ថា៖

«គោល​នយោបាយ​បាន​បញ្ជាក់​ពី​យុទ្ធសាស្ត្រ​ដើម្បី​ដោះស្រាយ​ការ​ប្រឈម​ចំពោះ​ការ​បង្កើត​ការងារ​គ្រប់គ្រាន់​ដើម្បីឲ្យ​ស្របតាម​តម្រូវការ​យុវជន​ក្មេងៗ​កម្ពុជា​និង​កំណើន​ពលរដ្ឋ»។

ការប្រកាស​របស់​អង្គការ ​ILO ​នេះ​គឺ​កើតឡើង​ក្រោយ​ពេល​ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​បាន​ប្រកាស​ដាក់ឲ្យ​អនុវត្ត​គោល​នយោបាយ​ស្តី​ពី​មុខរបរ​ និង​ការងារ​ឆ្នាំ​២០១៥-២០២៥ ​នា​ថ្ងៃ​ទី២២​ ខែ​តុលា​កន្លង​ទៅ។​ លោក​ចាត់ទុកថា​ជា​គោល​នយោបាយ​នេះ​មាន​សារៈសំខាន់​និង​សម​ស្រប​ជាមួយ​នឹង​ស្ថានការណ៍​វិវត្តន៍​របស់​កម្ពុជា។

«ជា​រួម​ខ្ញុំ​ពិតជា​មាន​ការ​ពេញចិត្ត​ដែល​ឯកសារ​គោល​នយោបាយ​ជាតិ​ស្តី​ពី​មុខរបរ​និង​ការងារ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​ភាពជា​ម្ចាស់​និង​ការ​ទទួល​ខុសត្រូវ​ខ្ពស់​ពី​សំណាក់​កូន​ខ្មែរ​យើង​ដែល​មាន​សមាសភាព​គ្រប​វ័យ​ ទាំង​វ័យ​ចំណាស់ ​ទាំង​វ័យ​កណ្តាល​និង​វ័យ​ក្មេង​ដែល​ពោរពេញ​ដោយ​សមត្ថភាព​ខ្ពស់​ ថាមពល​ និង​ភាព​ច្នៃប្រឌិត»។

អ្នក​ចូល​រួម​ស្តាប់វាយគ្មិន​និយាយ​អំពី​ជំនាញមួយ​ក្នុង​ពិធី​ពិព័រណ៍​ជំនាញ​សិក្សា​និង​ការងារ​ នៅ​វិទ្យាស្ថាន​បចេ្ចកវិទ្យា​កម្ពុជា ថ្ងៃ​ទី​៣ ខែ​ឧសភា​ ឆ្នាំ​២០១៥។ (នូវ​ ពៅ​លក្ខិណា/VOA)
អ្នក​ចូល​រួម​ស្តាប់វាយគ្មិន​និយាយ​អំពី​ជំនាញមួយ​ក្នុង​ពិធី​ពិព័រណ៍​ជំនាញ​សិក្សា​និង​ការងារ​ នៅ​វិទ្យាស្ថាន​បចេ្ចកវិទ្យា​កម្ពុជា ថ្ងៃ​ទី​៣ ខែ​ឧសភា​ ឆ្នាំ​២០១៥។ (នូវ​ ពៅ​លក្ខិណា/VOA)

លោក​នាយករដ្ឋមន្ត្រី​ដ៏​មាន​ឥទ្ធិពល​បាន​ថ្លែង​អំណរគុណ​ដល់​ប្រទេស​ស៊ុយអែត​ ក្រសួង​ពាក់ព័ន្ធ​និង​បណ្តា​ដៃគូ​នានា​ដែល​បាន​រៀបចំ​ឯកសារ​នេះ​ឡើង។

ការ​ដាក់​ចេញ​យុទ្ធសាស្ត្រ​នេះ ​ស្រប​នឹង​ការដំឡើង​ប្រាក់ខែ​គ្រូ​បង្រៀន​អាច​ដល់​៨០​ម៉ឺន​រៀល ​ឬ ​២០០​ដុល្លារ​នៅ​ឆ្នាំ២០១៦ ​និង​ ប្រាក់ឈ្នួល​កម្មករ​ ពលករ​ពី​១២៨ ​ដល់​១៤០​ដុល្លារ​ឬ​លើស​នោះ​ទៀត​ គឺ​កើត​ឡើង​ក្រោយពី​ពលរដ្ឋ​កម្ពុជា​ជាច្រើន​លាន​នាក់​បាន​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ​ដែល​អាច​ទទួល​បាន​ប្រាក់ខែ​យ៉ាងតិច​៣០០​ដុល្លារ​ក្នុង​មួយ​ខែ​ ឬ​ទៅ​ធ្វើ​ការ​នៅ​កូរ៉េ​ខាង​ត្បួង​យ៉ាងតិច​១.២០០ដុល្លារ​ក្នុង​១ខែ។

ការ​ធ្វើ​ចំណាក​ស្រុក​ដែល​ជា​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​នេះ​ បាន​ធ្វើ​ឲ្យ​កម្ពុជា​បាត់បង់​ឱកាស ​កសាង​ប្រទេស​ អភិវឌ្ឍ​ធនធាន​មនុស្សក្នុង​ប្រទេស​ដើម្បី​ប្រកួតប្រជែង​ក្នុង​ការ​ទាក់ ទាញ​វិនិយោគទុន​ និង ​ត្រៀមខ្លួន​សម្រាប់​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​នៅ​ចុង​ឆ្នាំ​នេះ។

លោក ​ម័ររីស្សូ ប៊ូស្ស៉ី ​(Maurizio Bussi) មន្ត្រី​ទទួល​បន្ទុក​ការិយាល័យ​អង្គការ​ ILO ប្រចាំ​ប្រទេស​ថៃ​ កម្ពុជា​ និង​ឡាវ ​បាន​ថ្លែង​ថា​គោល​នយោបាយ​ដែល​កំពុង​ដំណើរការ​តាម​ទម្រង់​សាកល​ថ្មី​នេះ​ បាន​បញ្ជាក់​ពី​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចិរភាព ​ផ្តោត​លើ​កំណើន​សេដ្ឋកិច្ច​និង​ការងារ​សមរម្យ​ និង​ការ​បង្កើត​ការងារ​ចំ​គោល​នយោបាយ​សេដ្ឋកិច្ច​ ដែល​បាន​ដាក់​ចេញ​សម្រាប់​កម្មវិធី​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ឆ្នាំ ២០៣០។

លោក ​មឿន តុលា ​ប្រធាន​ កម្មវិធី​ការងារ​ នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​ សម្រាប់​សហគមន៍​ បាន​និយាយ​ថាការងារ​សម្រាប់​ពលរដ្ឋ​កម្ពុជា​ភាគច្រើន​មានតែ​ការងារ​តាម​រោងចក្រ​ ហើយ​គ្មាន​ការ​គោរព​ច្បាប់​ការងារ​ទៅទៀត ​ហើយ​ឱកាស​ការងារ​ក៏​មិន​បាន​ទូលំទូលាយ​ដល់​ថ្នាក់​ខេត្ត​ដែរ​ ដែល​ជា​មូលហេតុ​ចម្បង​ធ្វើ​ឲ្យ​ពលរដ្ឋ​ធ្វើ​ចំណាក​ស្រុក។

«ជាក់​ស្តែង​ខ្ញុំ​មក​ខេត្ត​បន្ទាយ​មានជ័យ​នេះ​គឺ​ប្រជាពលរដ្ឋ​គាត់​អត់​សំឡឹង​មើល​ការងារ ក្នុងស្រុក​ទេ​ គាត់សំឡឹង​មើល​ការងារ​ក្រៅ​ស្រុក​ច្រើនជាង ​ដោយសារ​ការងារ​ក្រៅ​ស្រុក​ហ្នឹង​ ទី១​គាត់​អត់​ទទួល​បាន​ព័ត៌មាន​គ្រប់គ្រាន់​ទី២គឺ​ប្រាក់ខែ​វា​ទាប​មិន​អាច​ឲ្យ​គាត់ ​ទ្រទ្រង់​ជីវភាព​បាន​ប្រសើរ។​ អញ្ចឹង​គាត់​សំឡឹង​ការងារ​នៅ​ប្រទេស​ថៃ​ច្រើន​ជាង»។

លោក​ថា​ អ្វី​ដែល​រដ្ឋាភិបាល​គួរ​គិតគូរ​គឺ​ការ​អប់រំ​ជំនាញ ​វិជ្ជាជីវៈ​ដើម្បី​ឲ្យ​គាត់​បង្កើត​ការងារ ​និង​បញ្ឈប់​ឲ្យ​គាត់​ចេញទៅ​ធ្វើការ​នៅ​ប្រទេស​គេ​ដោយ​គ្មាន​ជំនាញ​ ដែល​ជា​ការ​រងគ្រោះ​នៅ​ពេល​កម្ពុជា​ចូល​សមាហរណកម្ម​ក្នុង​ទីផ្សារ​សេដ្ឋកិច្ច​អាស៊ាន​ដែល​មាន​ការ​បើក​ទូលាយ​ផ្នែក​ពលកម្ម ​ទុន ​សេវាកម្ម​ ការ​នាំ​ចេញ​នាំ​ចូល​និង​ការ​វិនិយោគ​ជាដើម៕

XS
SM
MD
LG