ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កំណើន​បន្ថែម​នៃ​និកម្មភាព​នៅ​លើ​ពិភពលោក​ត្រូវ​បាន​រំពឹង​ទុក


លោក​ Guy Ryder អគ្គនាយក​​អង្គការ​ពលកម្ម​អន្តរជាតិ​និយាយ​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ឯ​ទីស្នាក់ការ​កណ្តាល​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ​ កាលពី​ថ្ងៃទី២៦ ខែ​ឧសភា ឆ្នាំ២០១៤។
លោក​ Guy Ryder អគ្គនាយក​​អង្គការ​ពលកម្ម​អន្តរជាតិ​និយាយ​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ឯ​ទីស្នាក់ការ​កណ្តាល​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ​ កាលពី​ថ្ងៃទី២៦ ខែ​ឧសភា ឆ្នាំ២០១៤។

របាយការណ៍​ថ្មី​មួយ​ដែល​ចេញ​ដោយ​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) ​បាន​ព្រមាន​ថា​មនុស្ស​ច្រើន​ជាង​២១២លាន​នាក់​នៅ​លើ​ពិភពលោក​នឹង​មិន​មាន​ការងារ​ធ្វើ​នៅ​ត្រឹម​ឆ្នាំ២០១៩។ នេះ​ គឺ​រាប់​ចាប់​ពី​អ្នកគ្មាន​ការងារ​ធ្វើ​នា​ពេល​បច្ចុប្បន្នចំនួន​២០១លាន​នាក់។​ អង្គការ​ពលកម្ម​ពិភពលោក​បានចេញ​របាយការណ៍មួយ​ដែល​មាន​ចំណង​ជើង​ថា «​ការ​ផ្តល់​ការងារ​លើ​ពិភពលោក​ និង​និន្នាការ​សង្គម​ឆ្នាំ២០១៥» នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ​។

អង្គការ​ពលកម្ម​អន្តរជាតិបាន​រាយការណ៍​ថា​ការងារ​ចំនួន​ច្រើន​ជាង​៦១លាន​ត្រូវ​បាន​បាត់បង់​ចាប់​តាំង​ពី​មាន​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​នៅ​ក្នុង​ឆ្នាំ២០០៨​ ហើយ​ដោយសារ​តែ​ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​មាន​លក្ខណៈ​យឺត​យ៉ាវ​ អត្រា​និកម្មភាព​នឹង​បន្ត​កើន​ឡើង​រហូត​ដល់​ចុងទស្សវត្សរ៍​នេះ។

អង្គការ​ពលកម្ម​អន្តរជាតិ ​បាន​ព្រមាន​ថា​ និកម្មភាព​បូក​ផ្សំ​ជាមួយ​អសមភាព​ដែល​មាន​កាន់​តែ​ធំ​ ​អាច​បណ្តាល​ឲ្យ​មាន​ភាព​វឹកវរ​ក្នុង​ប្រទេស​ជាច្រើន។ អង្គការ​នេះ​និយាយ​ថា​ចំណុច​ចាប់​ផ្តើម​នៃ​ភាព​ចលាចល​សង្គម​ដែល​អាច​កើត​ឡើង​ចេញ​ពី​ក្រុម​មនុស្ស​វ័យ​ក្មេង​ដែល​មាន​អាយុ​ចន្លោះ​ពី​១៥​ទៅ២៤​ឆ្នាំ ដែល​ពួកគេ​មាន​ទំនោរ​មិន​អាច​រក​ការងារ​ធ្វើ​បានមាន​ច្រើន​ជាង​មនុស្ស​ពេញ​វ័យ​ដល់​ទៅ​៣ដង​ឯ​ណោះ។

នៅ​ក្នុង​ឆ្នាំ​២០១៤ និកម្មភាព​ក្នុង​ចំណោម​យុវជន​មាន​ចំនួន​ស្ទើរ​តែ​១៣​ភាគរយ។ Raymond Torres ​ប្រធាន​ផ្នែក​ស្រាវជ្រាវ​អង្គការ​ពលកម្ម​អន្តរជាតិ​ និយាយ​ថា​មាន​ទំនាក់ទំនង​ដែល​មិន​អាច​បដិសេធ​បាន​រវាង​ភាព​ចលាចល​សង្គម​និង​ទីផ្សារ​ការងារ។

«យើង​បាន​ធ្វើ​ការ​វិភាគ​ដែល​មាន​លក្ខណៈ​ស្រដៀង​ទៅ​នឹង​ការ​វិភាគ​របស់​អង្គការ​ផ្សេងៗ​ទៀត​ ដូចជា​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (IMF)។ ការ​វិភាគ​នេះ ​បង្ហាញ​ថា​មាន​ការ​ជាប់​ពាក់​ព័ន្ធ​គ្នា​រវាង​អសមភាព​និង​លទ្ធភាព​ក្នុង​ការ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ។ នៅ​ក្នុង​ប្រទេស​ដែល​មាន​អសមភាព​ខ្ពស់​ វា​រឹត​តែ​មាន​ការ​ពិបាក​ក្នុង​ការ​ស្តារ​សេដ្ឋកិច្ច​ជាង​ក្នុង​ប្រទេស​ដែល​មាន​អសមភាព​ទាប»។

របាយការណ៍​មួយ​នេះ​បង្ហាញ​ពី​កំណើន​ការងារ​នៅ​ក្នុង​សហរដ្ឋអាមេរិក​និង​ប្រទេស​ជប៉ុន​ ប៉ុន្តែ​បាន​បង្ហាញ​ថា​និកម្មភាព​នៅ​តែ​មាន​ខ្ពស់​នៅ​ក្នុង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿន​លឿន​មួយចំនួន​ ជា​ពិសេស​នៅ​ក្នុង​ទ្វីប​អឺរ៉ុប។

របាយការណ៍​ក៏​បាន​កត់​សម្គាល់​នូវ​ការងារ​ចំនួន​៣ភាគ៤ ​ដែល​ងាយ​រង​ការ​ប៉ះ​ពាល់​នៅ​លើ​ពិភពលោកផងដែរ​។ ការងារ​ទាំង​នោះ​មាន​ដូចជា​ការ​ធ្វើ​ការ​ឲ្យ​ខ្លួន​ឯង និង​ការងារ​នៅ​តាម​គ្រួសារ​ដែល​មិន​បាន​ប្រាក់​បៀវត្សន៍នៅអាស៊ី​ខាង​ត្បូង​ និង​តំបន់​ Sub-Saharan នៅ​អាហ្រ្វិក។ អង្គការ​ពលកម្ម​អន្តរជាតិបាន​និយាយ​ថា​តំបន់​ Sub-Saharan មាន​អត្រា​ការងារ​ដែល​ងាយ​រង​ការ​ប៉ះពាល់​និង​ភាព​ក្រីក្រ​ច្រើន​ជាង​គេ​នៅ​ក្នុង​តំបន់​ទាំងអស់។

អង្គការ​នេះ​ និយាយ​ថា​មេរោគ​អ៊ីបូឡា​នៅ​ក្នុង​អាហ្វ្រិក​ខាង​លិច​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​មក​លើ​ប្រទេស​ហ្គីណេ​ ​លីបេរីយ៉ា និង​សៀរ៉ាឡេអូន។​

អគ្គនាយកអង្គការ​ពលកម្ម​អន្តរជាតិ​ លោក Guy Ryder និយាយ​ថា​ក្នុង​ចំណោម​កម្មករ​៣១៩លាន​នាក់​ គេ​រក​ឃើញ​ថា​កម្មករ​ម្នាក់​ក្នុង​ចំណោម​១០​នាក់​ស្ថិត​នៅ​ក្នុង​ភាព​ក្រីក្រ​ធ្ងន់ធ្ងរ​ដោយ​រក​ប្រាក់​បាន​តិច​ជាង​១.២៥ដុល្លារ​ក្នុង​មួយ​ថ្ងៃ។

«ទោះបីជា​តួ​លេខ​ទាំងនោះ​បាន​ធា្លក់​ចុះ​នា​ពេល​ថ្មីៗ​នេះ​ក៏​ដោយ ក៏​អត្រា​នៃ​ការ​ធ្លាក់​ចុះ​នេះ​មាន​ភាព​យឺត​យ៉ាវ​នៅ​ក្នុង​អំឡុង​ពេល​មាន​វិបតិ្ត។ ទោះបីជាយ៉ាងណា​ក៏​ដោយ​ គួរ​តែកត់​សម្គាល់​ផង​ថា​ប្រជាជន​ថា្នក់​កណ្តាល​នៅ​បន្ត​រីកចម្រើន​ ហើយ​យើង​បាន​ឲ្យ​និយមន័យ​ប្រជាជន​ថា្នក់​កណ្តាល​លើ​ពិភពលោក​ ជា​ក្រុម​មនុស្ស​ដែលមាន​កម្រិត​ចាយ​វាយ​នៅ​ចន្លោះ​ពី​៤​ទៅ​១៣​ដុលា្លរក្នុង​មួយ​នាក់​ក្នុង​មួយ​ថ្ងៃ។ ប្រជាជន​ថ្នាក់​នេះ​រួម​ចំណែកការងារ​៣៤​ភាគរយ​នៃ​ការងារ​ទាំង​អស់​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍»។

របាយការណ៍​ក៏​បាន​និយាយ​ផង​ដែរ​ថា ​ទស្សនវិស័យការងារ​នា​ពេល​អនាគត​បាន​ថមថយ​នៅ​ក្នុង​តំបន់​អារ៉ាប់ និង​ផ្នែក​ផ្សេងៗ​ទៀត​ក្នុង​តំបន់​អាមេរិក​ឡាទីន (Latin America) និង​នៅ​តំបន់​ការ៉ាអ៊ីព (Caribbean)។ របាយការណ៍​នេះបាន​រៀបរាប់​ទៀត​ថា​ ទស្សនវិស័យ​ការងារ​អាច​មាន​ភាព​ប្រសើរ​ឡើង​នៅ​ក្នុង​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន និង​ប្រទេស​មួយ​ចំនួន​ក្នុង​ទ្វីប​អាស៊ី ប្រសិន​បើ​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ប្រេង​និង​ឧស្ម័ននៅ​តែ​បន្ត។

ប៉ុន្តែ​របាយការណ៍​ក៏​បាន​កត់​សម្គាល់​ថា​ ទីផ្សារ​ការងារ​នឹង​ទទួល​រង​ការ​ប៉ះពាល់​នៅ​ក្នុង​ប្រទេស​ផលិត​ប្រេង​និង​សាំង​ ជាពិសេស​នៅ​ក្នុង​តំបន់​អាមេរិកឡាទីន អាហ្រ្វិក និងអារ៉ាប់៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ

XS
SM
MD
LG