ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​សារ​ព័ត៌មាន​នៅ​អាស៊ី​ស្វែងរក​ការ​សហការ​ឆ្លង​ប្រទេស​


 បណ្តាញ​អ្នក​យក​ព័ត៌មាន​ស៊ើប​អង្កេត​ក្នុង​ពិភពលោក​ Global Investigative Journalism Network ដែល​មាន​ទីស្នាក់ការ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ បាន​នាំ​យក​អ្នក​យក​ព័ត៌មាន​ស៊ើប​អង្កេត​ប្រហែល​៩០០​នាក់​ពី​១២០​ប្រទេស​​​ទៅ​រៀន​​ជំនាញ​ថ្មី​ចែក​រំលែក​បទ​ពិសោធន៍​​ការងារ​ ផ្លាស់​ប្តូរ​ព័ត៌មាន​ និង​ពង្រឹង​ និង​បង្កើត​បណ្តាញ​សហការ​ឆ្លង​ប្រទេស នៅទី​ក្រុង​ Lillehammer ​ប្រទេស​ន័រវែស​កាល​ពី​ថ្ងៃ​ទី​៨ ខែ​តុលា ឆ្នាំ​២០១៥។ (ផន បុប្ឆា/VOA)
បណ្តាញ​អ្នក​យក​ព័ត៌មាន​ស៊ើប​អង្កេត​ក្នុង​ពិភពលោក​ Global Investigative Journalism Network ដែល​មាន​ទីស្នាក់ការ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ បាន​នាំ​យក​អ្នក​យក​ព័ត៌មាន​ស៊ើប​អង្កេត​ប្រហែល​៩០០​នាក់​ពី​១២០​ប្រទេស​​​ទៅ​រៀន​​ជំនាញ​ថ្មី​ចែក​រំលែក​បទ​ពិសោធន៍​​ការងារ​ ផ្លាស់​ប្តូរ​ព័ត៌មាន​ និង​ពង្រឹង​ និង​បង្កើត​បណ្តាញ​សហការ​ឆ្លង​ប្រទេស នៅទី​ក្រុង​ Lillehammer ​ប្រទេស​ន័រវែស​កាល​ពី​ថ្ងៃ​ទី​៨ ខែ​តុលា ឆ្នាំ​២០១៥។ (ផន បុប្ឆា/VOA)

កាល​ពី​សប្តាហ៍​មុន​ ​​អ្នក​យក​ព័ត៌មាន​ស៊ើប​អង្កេត​ប្រហែល​៩០០​នាក់​មក​ពី​​ប្រទេស​ជាង​១២០​នៅ​ជុំវិញ​ពិភព​លោក​ចូល​រួម​សន្និសីទ​​នៅ​​ប្រទេស​ន័រវែស​ដើម្បី​រៀន​ជំនាញ​ថ្មី​ចែក​រំលែក​បទ​ពិសោធន៍​ការងារ​ ផ្លាស់​ប្តូរ​ព័ត៌មាន​និង​ពង្រឹង​ និង​បង្កើត​បណ្តាញ។​

បណ្តាញ​អ្នក​យក​ព័ត៌មាន​ស៊ើប​អង្កេត​ក្នុង​ពិភពលោក​ ដែល​មាន​ទីស្តីការ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ បាន​នាំ​យក​អ្នក​យក​ព័ត៌មាន​ស៊ើប​អង្កេត​ប្រហែល​៩០០​នាក់​ ទៅ​រៀនជំនាញ​ថ្មី​ចែក​រំលែក​បទ​ពិសោធន៍ការងារ​ ផ្លាស់​ប្តូរ​ព័ត៌មាន​ និង​ពង្រឹង​ និង​បង្កើត​បណ្តាញ​សហការ​ឆ្លង​ប្រទេស។​

បន្ទាប់​ពីបាន​ចូលរួម​ក្នុង​សន្និសីទ​ថ្មី​អំពី​បទ​ពិសោធន៍​ក្នុង​កិច្ច​សហការ​បែង​ចែក​ព័ត៌មាន អ្នក​សារ​ព័ត៌មាន​នៅ​ក្នុង​ប្រទេស​នៅ​ក្នុង​ទ្វីប​អាស៊ី​កំពុង​ស្វែង​រក​ការ​សហការ​រវាង​អ្នក​យក​ព័ត៌មាន​នៅ​ក្នុង​ប្រទេស​នៅ​ក្នុងទ្វីប​អាស៊ី។​

ក្រុម​អ្នក​យក​ព័ត៌មាន​ស៊ើប​អង្កេត​មក​ពី​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី​កំពុង​ស្វែង​រក​ដៃ​គូ​ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​ទៅ​លើ​បញ្ហា​ផ្សេងៗ​នៅ​តាម​ទល់​ដែន​ដែល​រួម​មាន​ការ​រត់​ពន្ធ​មនុស្ស​ បញ្ហា​ដី​ធ្លី​ ការ​ធ្វើ​អាជីវកម្ម​មិន​ស្រប​ច្បាប់​អំពើ​ពុក​រលួយ​ និង​បញ្ហា​បរិស្ថាន​ជាដើម។​

កាល​ពី​សប្តាហ៍​មុន​ បណ្តាញ​អ្នក​យក​ព័ត៌មាន​ស៊ើប​អង្កេត​ក្នុង​ពិភព​លោក​ ​ដែល​មាន​ទីស្តីការ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ​បាន​នាំ​យក​អ្នក​យក​ព័ត៌មាន​ស៊ើប​អង្កេត​ប្រហែល​៩០០​នាក់​មក​ពីប្រទេស​ជាង​១២០​នៅ​ជុំវិញ​ពិភព​លោក ​ទៅ​ទី​ក្រុង​ Lillehammer ​នៃ​ប្រទេស​ន័រវែស​ដើម្បី​រៀន​ជំនាញ​ថ្មី​ចែក​រំលែក​បទ​ពិសោធន៍​ការងារ​ ផ្លាស់​ប្តូរ​ព័ត៌មាន​និង​ពង្រឹង​ និង​បង្កើត​បណ្តាញ។​

អ្នក​យក​ព័ត៌មាន​ចូល​រួម​កម្មវិធី​ជួប​ជុំ​គ្នា​រវាង​អ្នក​យក​ព័ត៌មាន​ពី​អាស៊ី​នៅ​ក្នុង​ក្រុង​ Lillehammer ប្រទេស​ន័រវែស​កាល​ពី​ថ្ងៃ​ទី​៨ ខែ​តុលា ឆ្នាំ​២០១៥។ (ផន បុប្ឆា/VOA)
អ្នក​យក​ព័ត៌មាន​ចូល​រួម​កម្មវិធី​ជួប​ជុំ​គ្នា​រវាង​អ្នក​យក​ព័ត៌មាន​ពី​អាស៊ី​នៅ​ក្នុង​ក្រុង​ Lillehammer ប្រទេស​ន័រវែស​កាល​ពី​ថ្ងៃ​ទី​៨ ខែ​តុលា ឆ្នាំ​២០១៥។ (ផន បុប្ឆា/VOA)

លោក​ Swe Win ​ជា​អ្នក​យក​ព័ត៌មាន​ស៊ើប​អង្កេត​ឲ្យ​កាសែត​ Myanmar Now​ មក​ពី​ប្រទេស​ភូមា​ បាន​និយាយ​ថា ​អ្នក​កាសែត​នៅ​ក្នុង​ប្រទេស​របស់​លោក​ជួប​ប្រទះ​ការ​លំបាក​ខ្លាំង​ នៅ​ពេល​ពួកគេ​សរសេរ​អំពី​បញ្ហា​ឆ្លង​ដែន។​ ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ឬ ​ភូមា ត្រូវ​បាន​ត្រួត​ពិនិត្រ​ដោយ​រដ្ឋាភិបាល​រហូត​ដល់​ឆ្នាំ​២០១២។

ហើយ​ការ​រឹត​បន្តឹង​ទៅ​លើ​សេរីភាព​ព័ត៌មាន​នៅ​តែ​មាន​ ដែល​មាន​ន័យ​ថា អ្នក​យក​ព័ត៌មាន​នៅ​ក្នុង​ប្រទេស​នេះត្រូវ​តែ​ខិតខំ​ព្យាយាម​ខ្លាំង​ដើម្បីយក​ព័ត៌មាន​ស៊ើប​អង្កេត។​

លោក​បាន​និយាយ​ថា ​ជំនាញ​ និង​ចំណេះ​ដឹង​របស់​អ្នក​យក​ព័ត៌មាន​ស៊ើប​អង្កេត​នៅ​ក្នុង​ប្រទេស​របស់​លោក​គឺនៅ​មាន​កម្រិត នៅ​ខណៈ​ពេល​ប្រទេសនៅ​ក្នុង​សហគមន៍​អាស៊ាន​កំពុង​ធ្វើ​សមាហរណកម្ម​នៅ​ដំណាច់​ឆ្នាំ​នេះ។ ការយកព័ត៌មាន​អំពី​ការជួញដូរ​មនុស្ស​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ទៀត​ ​មាន​ការ​លំបាក ​ជាពិសេស​ក្នុង​ការ​រាយ​ការណ៍​ពី​ប្រទេសតែ​មួយ។​ ឧទាហរណ៍ការ​យកព័ត៌មាន​អំពីជន​ភៀស​ខ្លួន​រាប់ពាន់​នាក់​ភៀសខ្លួន​ពី​ប្រទេស​មីយ៉ាន់ម៉ា ឬ​ភូមា​ និង​បង់ក្លាដែស ​ហើយដែល​ជាប់គាំង​នៅ​សមុទ្រ​ Andaman​ នៅ​ដើម​ឆ្នាំ​នេះគឺ​មាន​លំបាន​ជា​ពិសេស​ ដោយ​សារ​តែ​ប្រទេស​មីយ៉ាន់ម៉ា ឬ​ភូមា​មាន​ព្រំប្រទល់​វែង​ជាប់​ប្រទេស​ចំនួន​៥​ រួមមាន​ប្រទេស​ចិន និង​ប្រទេស​ឥណ្ឌា​នោះ។​ ព័ត៌មាន​ប្រភេទ​នេះ​មានលក្ខណៈ​ជា​រឿង​អន្តរជាតិ។​

លោក​បាន​និយាយ​ថា៖ «ការងារ​របស់​យើង​នៅ​មាន​បញ្ហា​ប្រឈម​ជាច្រើន។​ ខ្ញុំ​ពិត​ជា​ចង់​រាយការណ៍ ​ដូច​ជា​ព័ត៌មាន​អំពី​អំពើ​ពុក​រលួយ​ឆ្លង​កាត់​ព្រំដែន​នៅ​ក្នុង​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ រួម​មាន​ប្រទេស​ឥណ្ឌា​និង​ប្រទេស​ចិន»។​

លោក​បាន​និយាយ​ថា​ លោក​និង​សហការី​របស់​លោក​ដទៃៗ​ទៀតនៅ​ក្នុងប្រទេស​ភូមា ​មិន​ដឹង​ច្រើន​អីពី​អ្វី​ដែល​កើត​ឡើង​នៅ​ក្នុង​ប្រទេស​អាស៊ី​អាគ្នេយ៍​ផ្សេងទៀត​ទេ។​ លោកបាន​និយាយ​ថា ​អំពើ​ពុក​រលួយ​ឆ្លង​ប្រទេស​គឺ​ជា​រឿង​សំខាន់​សម្រាប់គាត់។​

«យើង​មិន​ទាន់​មាន​លទ្ធភាព​សរសេរ​បញ្ហា​ទាំង​នេះ​នៅ​ឡើយ​ ប៉ុន្តែ​ខ្ញុំ​គិត​ថា ​ប្រសិនបើ​យើង​មាន​ការ​សហការណ៍​ពី​ប្រទេស​នៅ​ក្នុងតំបន់​អាស៊ី​ ជា​ពិសេស​ប្រទេស​នៅ​ក្នុង​សមាគម​អាស៊ាន​នោះ​ យើង​នឹង​នៅ​ក្នុងស្ថានភាពសមរម្យ​ ​ដែល​ជួយឲ្យ​យើង​អាច​សរសេរ​រឿង​ទាំង​នេះ​បាន»។​

លោក​បាន​បន្ថែម​ថា​ លោក​មិន​ដែល​បាន​សហការ​ជាមួយ​អ្នក​យក​ព័ត៌មាន​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់​នោះ​ទេ ​ហើយ​លោក​ក៏​អំពាវនាវ​ឲ្យមាន​ការ​សហការនៅ​ក្នុង​តំបន់​អាស៊ី។​

«វា​មាន​ការ​លំបាក​ដោយ​សារតែការិយាល័យធិបតេយ្យ។ ​នៅ​ក្នុង​ប្រទេស​អាស៊ី​អាគ្នេយ៍​ ការិយាល័យធិបតេយ្យរឹងមាំ​ខ្លាំង​ណាស់។ ​អ្នក​យក​ព័ត៌មានមាន​ការ​លំបាក​ខ្លាំង​ណាស់​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន។​ ហើយ​អ្នក​កាសែត​មក​ពី​ប្រទេស​ផ្សេង​ទៀត​កាន់​តែមាន​ការលំបាក​ថែម​ទៀត។​ ដូច្នេះ​ខ្ញុំ​គិត​ថា​នៅ​ក្នុង​ស្ថានភាព​នេះ ​ប្រសិន​បើ​យើង​អាច​ទទួល​បាន​ជំនួយ ​ឬ​កិច្ច​សហ​ប្រតិបត្តិ​ការ​ណា​មួយ​ពី​ក្រុម​អ្នក​កាសែត​នៅ​ក្នុង​ប្រទេស​ណា​មួយ​ ដូច​ជាប្រទេស​សិង្ហបុរី​ ឬ​ប្រទេស​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ណាមួយនោះ ​វា​អាច​ជួយ​បាន​ច្រើន»។​

លោក​ Swe ​បាន​បន្ថែម​ថា ​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​ចំណោម​អ្នក​កាសែត​នៅ​ក្នុងតំបន់អាស៊ី​នឹង​ជួយ​ដល់​អ្នក​យក​ព័ត៌មាន​ក្នុង​ការងារ​ស៊ើប​អង្កេតឆ្លង​ដែន។​

«ខ្ញុំ​មិន​ដែល​បាន​ទៅ​ប្រទេស​ឥណ្ឌូនេស៊ី​ទេ​ ហើយ​អ្នក​កាសែត​ឥណ្ឌូនេស៊ីមិន​ដែលទៅ​ប្រទេស​របស់​ខ្ញុំ​ទេ។​ ដូច្នេះ​នេះ​គឺ​អ្វី​ដែល​យើង​បង្កើតគឺ​កិច្ច​សហ​ប្រតិបត្តិការ​ និងទំនាក់ទំនងក្នុង​ចំណោម​មិត្ត​អ្នក​កាសែត​របស់​យើងនៅ​អាស៊ី​អាគ្នេយ៍។ ​ដូច្នេះ​យើង​អាច​ធ្វើ​កិច្ច​សហ​ប្រតិបត្តិការ​លើ​គម្រោង​ណា​មួយ​របស់​យើង»។​

អ្នក​សារព័ត៌មាន​ពី​សិង្ហបុរី​កំពុង​រៀន​វិធី​ប្រើ​ទូរស័ព្ទ​ដើម្បី​ថត​វីដេអូ​នៅ​ក្នុង​សន្និសីទ​នៅ​ទី​ក្រុង​ Lillehammer ​ប្រទេស​ន័រវែស​កាល​ពី​ថ្ងៃ​ទី​៨ ខែ​តុលា ឆ្នាំ​២០១៥។ (ផន បុប្ផា/VOA)
អ្នក​សារព័ត៌មាន​ពី​សិង្ហបុរី​កំពុង​រៀន​វិធី​ប្រើ​ទូរស័ព្ទ​ដើម្បី​ថត​វីដេអូ​នៅ​ក្នុង​សន្និសីទ​នៅ​ទី​ក្រុង​ Lillehammer ​ប្រទេស​ន័រវែស​កាល​ពី​ថ្ងៃ​ទី​៨ ខែ​តុលា ឆ្នាំ​២០១៥។ (ផន បុប្ផា/VOA)

លោក​ Yoichiro Tateiwa ​អ្នក​រាយ​ការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សាធារណៈ​របស់​ជប៉ុន​ NHK ​បាន​និយាយ​ថា​ កិច្ច​សហការ​ជាមួយ​អ្នក​កាសែត​នៅ​ក្នុង​ប​ណ្តា​ប្រទេសដែល​ក្រុម​ហ៊ុន​ជប៉ុន​កំពុង​ធ្វើ​អាជីវកម្ម​ អាច​ជួយបង្ហាញ​អំពី​ការ​អនុវត្ត​អាជីវកម្ម​ខុស​ច្បាប់។​

«ថ្វី​បើ​មានរឿង​អ្វីមួយ​កើត​ឡើង​នៅ​ក្នុង​ប្រទេស​សិង្ហបុរី ​តែវា​អាច​នឹង​មាន​អ្វី​មួយ​ដែល​អាច​ទាក់ទង​ទៅ​នឹង​ប្រទេស​កម្ពុជា​ ប្រទេស​កូរ៉េ ​ឬ​ប្រទេស​ជប៉ុន។ ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​នោះ​គឺ​រាល់​ករណី​ដែល​យើង​លើក​ឡើង​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​នោះ​ ​យើងក៏​អាច​ពិនិត្យ​មើល​ករណី​បែបនេះជាមួយ​អ្នក​កាសែត​ស៊ើប​អង្កេត​នៅ​គ្រប់​ប្រទេស​ទាំង​អស់​ដែរ​»។​

ទោះ​បី​ជា​មាន​សក្តានុពល​សម្រាប់​កិច្ច​សហ​ប្រតិបត្តិការ​ដើម្បី​ជួយ​គ្នា​សរសេរ​ព័ត៌មាន ​ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ និង​រដ្ឋាភិបាល​មានការ​ទទួល​ខុស​ត្រូវ​ក៏ដោយ​ក៏​លោក​ Yoichiro ​និយាយ​ថា ​មក​ទល់​ពេល​នេះ​លោកមិន​ទាន់​មាន​ការ​សហការ​ឆ្លង​ព្រំដែន​ជាមួយ​អ្នក​កាសែត​នៅ​អាស៊ី​នៅ​ឡើយ​ទេ​ ក្នុង​ពេល​លោក​ធ្វើការ​ក្នុង​អាជីព​២៥​ឆ្នាំ​មក​នេះ។​

លោក​បាន​និយាយ​ថា​ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​អាច​នឹង​ធ្វើ​ឱ្យ​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​តំបន់​រវាង​អ្នក​កាសែត​ មានភាព​ងាយ​ស្រួល​ និង​មាន​ចំណាយ​តិច។​

លោក​បាន​និយាយ​ថា៖​ «ក្រុម​ហ៊ុន​ទាំង​អស់​នេះ ​រួមទាំង​អ្នក​នយោបាយផង​ ​កំពុង​បាន​ប្រាក់​ច្រើន​ពីអាជីវកម្ម​ នៅ​ទូទាំង​ពិភព​លោក​ ដូច្នេះ​អ្វី ​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​ដោយ​ខ្លួន​ឯងគឺមាន​ដែន​កំណត់។​ ប្រសិន​បើ​មាន​នរណា​ម្នាក់ ​ឬ ​ដៃគូ​ណា​មួយ​នៅ​ខាងក្រៅ​ប្រទេស​ជប៉ុន​ត្រៀម​ខ្លួន​ដើម្បី​ផ្លាស់​ប្តូរ​ព័ត៌មាន ​យើង​អាច​បង្កើត​ប្រព័ន្ធ​ឬ​បណ្តាញ​ថ្មី»។​

អ្នកស្រី​ Citra Dyah Prastuti ​នាយក​កម្មវិធី​របស់​បណ្តា​ញ​វិទ្យុ​ឥណ្ឌូនេស៊ី ​KBR ​បាន​និយាយ​ថា ​អង្គការ​នេះ​បាន​ចាប់​ផ្តើម​កម្មវិធី​មួយ​ដើម្បី​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​អ្នក​កាសែត​ផ្សេងៗទៀត​នៅ​ក្នុង​តំបន់។ ​អ្នកស្រី​បាន​និយាយ​ថា៖​

«យើង​មាន​អ្នក​ផ្តល់​ព័ត៌មាន​នៅ​ក្នុង​តំបន់​អាស៊ី​ ហើយ​នៅ​ក្នុង​ការ​បណ្តុះ​បណ្តាលនា​ពេល​ខាង​មុខ ​យើង​កំពុង​ព្យាយាម​ធ្វើ​ព័ត៌មាន​ឆ្លង​ព្រំដែន។​ យើង​បាន​ភ្ជាប់​ទំនាក់​ទំនង​អ្នក​កាសែតមក​ពី​តំបន់​ផ្សេងៗ​គ្នា​ និង​បាន​សួរ​ពួក​ថា ​តើ​ពួក​គេ​ចង់​ធ្វើព័ត៌មាមរួម​គ្នា​ឬ​ទេ។ ​យើង​មាន​គំនិត​ល្អ​មួយ​ចំនួន​រវាង​ប្រទេស​វៀតណាម​និង​ប្រទេស​ឥណ្ឌូនេស៊ី។​ យើង​នឹង​មាន​ព័ត៌មាន​អំពីពលកម្ម​ការងារ។​ ហើយ​អ្នក​កាសែត​ប្រទេស​ប៉ាគីស្ថាន​ និង​ឥណ្ឌា​ក៏​នឹង​ធ្វើ​រឿង​មួយ​ចំនួន​ជាមួយ​គ្នា​ផង​ដែរ»។​

អ្នកស្រី​ Citra Dyah Prastuti​ បាន​បន្ថែម​ថា​ អ្នក​កាសែត​មក​ពី​ប្រទេស​ណាមួយ​អាច​រៀន​ពី​របៀប​ដែល​អ្នកកាសែត​នៅ​ប្រទេស​ផ្សេង​ទៀត​រាយ​ការណ៍​ពី​រឿង​រ៉ាវ​ ដែលស្រដៀង​គ្នា​រឿងនៅ​ក្នុងប្រទេស​ដទៃ​ទៀត។​

អ្នកស្រី​បាន​និយាយ​ថា៖​ «ប្រទេស​កម្ពុជា​ និង​ប្រទេស​ឥណ្ឌូនេស៊ី​អាចមានបញ្ហា​ស្រដៀង​គ្នា ដូច​ជា​រឿង​សកម្មជន​បរិស្ថាន​ ដោយ​សារ​តែ​ប្រទេស​កម្ពុជា​មានសកម្មជន​បរិស្ថាន​ត្រូវ​បាន​គេ​សម្លាប់​ ហើយ​យើង​មាន​ករណី​មួយ​ចំនួន​ដូច​គ្នា​ដែរ»។​

​Tan Hui Yee ​អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​របស់​ The Straits Times​ ប្រចាំ​នៅ​ប្រចាំ​នៅ​ប្រទេស​ថៃ​ បាន​និយាយ​ថា ​គាត់​ចូលរួម​ក្នុង​សន្និសីទ​នៅ​ក្នុង​ប្រទេស​ន័រវែស​ ដោយ​មាន​គោល​បំណង​ដើម្បី​ជួប​ជាមួយ​ដៃគូ​ដែល​មាន​សក្តានុពល​សម្រាប់​ធ្វើសេចក្តី​រាយ​ការណ៍​ឆ្លង​ព្រំដែន។​ គាត់​បាន​និយាយ​ថា​ ស្មារតី​នៃ​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​ជា​កត្តា​សំខាន់​ ចំពោះ​អ្នក​កាសែត​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។​

«នៅ​ពេល​ដែល​ខ្ញុំ​បាន​ជួប​នរណា​ម្នាក់​ដែល​ចង់​បាន​ការ​ជួយ​អំពី​ប្រទេស​ថៃ​ខ្ញុំ​នឹង​ជួយ​ដោយ​សារ​តែ​ខ្ញុំ​គិត​ថា ​វា​ជា​ការ​ល្អ​ក្នុង​ការ​បែងចែក​ព័ត៌មាន»៕

XS
SM
MD
LG