ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​សិក្សា​មិន​ស្រប​នឹង​ទីផ្សារ​ការងារ​ធ្វើ​ឲ្យ​និស្សិត​ចប់​មហាវិទ្យាល័យ​អត់​ការ​ធ្វើ


សិស្ស​វិទ្យាល័យ​នៅ​ភ្នំពេញ។ (រូបថត​ឯកសារ)
សិស្ស​វិទ្យាល័យ​នៅ​ភ្នំពេញ។ (រូបថត​ឯកសារ)
អស់​រយៈ​ពេល​បី​ឆ្នាំ​មក​ហើយ ​កញ្ញា​ហ៊ុន ចិន្តាបាន​បញ្ចប់​ការ​សិក្សានៅ​សាកល​វិទ្យាល័យ​បៀល​ប្រាយ​ផ្នែក​ទេសចរណ៍។​ ប៉ុន្តែ​អតីត​និស្សិត​អាយុ​២៦​ឆ្នាំ​រូប​នេះ​នៅ​តែ​មិន​ទាន់​រក​ការងារ​បាន​ធ្វើ​នៅ​ឡើយ។​

កញ្ញា​និយាយ​ថា៖​ «ជំនាញ​វា​មិន​សូវ​ច្បាស់​លាស់​ដែរ​ ពី​ព្រោះ​អី​នៅ​សាលារៀន​តែ​ទ្រឹស្តី​ អត់​មាន​ការ​អនុវត្ត​ ចុះ​បណ្តុះ​បណ្តាល​នៅ​តាម​សណ្ឋាគារ​ទេ។​ រៀន​តែ​ទ្រឹស្តី​ វាអត់​សូវ​ស៊ី​ជាមួយ​ការងារ​ដែល​យើង​ត្រូវ​រក​ទេ»។​

កំពុង​ឈរ​ក្បែរ​ម៉ូតូ​នៅ​ស្ថានីយ​ចាក់​ប្រេង​មួយ​កន្លែង​ក្នុង​ទី​ក្រុង​ភ្នំពេញ ​ កញ្ញា​ហ៊ុន ចិន្តា​ត្អូញ​ត្អែរ​ថា​ សហគ្រាស​និង​ក្រុម​ហ៊ុន​ឯកជន​ជា​ច្រើន​ត្រូវការ​ជ្រើស​រើស​តែ​បុគ្គលិក​ដែល​មាន​បទ​ពិសោធន៍​ស្រាប់​តែ​ប៉ុណ្ណោះ។ ​រីឯ​ការ​សិក្សា​នៅ​តាម​សាលា​មិន​សូវ​បាន​អនុវត្ត​ជាក់ស្តែង​នោះ​ទេ។​

យោង​តាម​របាយ​ការណ៍​របស់​វិទ្យាស្ថាន​ស្ថិតិ​ឲ្យ​ដឹង​ថា​ មាន​យុវជន​កម្ពុជា​ប្រមាណ​ជាង​៣​សែន​នាក់​ត្រូវ​ការ​ការ​ងារ​ធ្វើ​ជារៀល​រាល់​ឆ្នាំ។​ក៏​ប៉ុន្តែ​ធនាគារ​ពិភព​លោក​បាន​បង្ហាញ​ថា ​កំណើន​ការងារ​សម្រាប់​កម្រិតអប់​រំ​ក្រោយ​ឧត្តម​សិក្សា​មាន​ចំនួន​តែ​ពី​២​ទៅ​៣​ម៉ឺន​នាក់​តែ​ប៉ុណ្ណោះ។​

របាយ​ការណ៍របស់ធនាគារ​ពិភព​លោក​ដែល​ចេញ​ផ្សាយកាល​ពី​ខែ​ឧសភា​បាន​រក​ឃើញ​ថា​ កម្ពុជា​ខ្វះ​ពលកម្ម​ជំនាញ​ដែល​ចាំ​បាច់​សម្រាប់​បង្កើន​សេដ្ឋកិច្ច​ជាតិ​ ហើយ​រដ្ឋាភិបាល​ត្រូវ​តែ​រក​មធ្យោបាយ​ដើម្បី​បង្កើត​ការ​ងារ​ឲ្យមាន​តម្លៃ​ជាង​ពេល​នេះ​ ខណៈ​ពេល​ដែល​ប្រទេស​ជិត​ខាង​កំពុង​ប្រកួត​ប្រជែង​ក្នុង​តំបន់​អន្តរជាតិ​យ៉ាង​ស្រួច​ស្រាវ។​

លោក​ដាវ យ៉ានភិរម្យ​ អាយុ​៣០​ឆ្នាំ​ ជានិស្សិត​បញ្ចប់​ការ​សិក្សា​ផ្នែក​គណនេយ្យ​នៃ​សាកល​វិទ្យាល័យ​ជាតិ​គ្រប់​គ្រង​ បាន​បញ្ជាក់​ថា​ លោក​បាន​សម្រេចចិត្តទៅ​ជួយ​លក់​ដូរ​ឪពុក​ម្តាយ​ ពេល​បញ្ចប់​ការ​សិក្សា។​

ភិរម្យ​បញ្ជាក់​ថា​ មាន​និស្សិត​ជាច្រើន​ ដែល​បាន​បញ្ចប់​ការ​សិក្សា​ហើយ​បាន​ទៅ​បម្រើការ​ងារ​មិន​ទៅ​តាម​ជំនាញ​ពិត​ប្រាកដ។​

លោក​បាននិយាយ​ថា៖​ «ពី​ព្រោះ​សង្គម​ខ្មែរ​យើង​ភាគ​ច្រើន ​អ្នក​ដែល​ធ្វើ​ការ​នៅ​ស្រុក​ខ្មែរ​យើង​ វា​កម្រ​ទៅ​តាម​ជំនាញ។​ តែ​គ្រាន់​ថា​ វាមាន​អ្នក​ទៅ​តាម​ជំនាញ ​គ្រាន់​តែ​ថា​ វា​មាន​មួយ​ចំនួន​ធំ​ដែល​មិន​ត្រូវ​តាម​ជំនាញ»។​

លោក​នួន សោភ័ណ្ឌ​ មន្ត្រី​សម្រប​សម្រួល​ថ្នាក់​ជាតិ​នៃ​អង្គការពលកម្ម​អន្តរជាតិ​ប្រចាំ​កម្ពុជា​ដែល​ហៅ​កាត់​ថា​ ILO​ ឲ្យដឹង​ថា​ តាម​ការ​ស្រាវ​ជ្រាវ​មួយ​របស់​អង្គការILO​ ឆ្នាំ​២០១៣​បាន​ឲ្យដឹង​ថា ​ក្នុង​ចំណោម​មនុស្ស​ប្រហែល​១០០០​នាក់​ មាន​ប្រមាណ​២០%​ដែល​មាន​ជំនាញ​ដែល​មិន​ត្រូវ​នឹង​សេចក្តី​ត្រូវ​ការ​របស់​ឧស្សាហ​កម្ម ​និង​សហគ្រាស។​

លោក​បាន​និយាយ​ថា៖​ «មាន​ករណី​ពីរ។ ទីមួយ​យុវជន​យើង​ដែល​បញ្ចប់​ការ​សិក្សា​ហ្នឹង​ហើយ​គឺ​ថា ​មក​ដាក់​ពាក្យ​ធ្វើ​ការ​ហ្នឹង​ គឺ​ជំនាញ​គាត់​មិន​សូវ​ត្រូវ​ហ្នឹង​អ្វី​ដែល​និយោជក​ចង់​បាន​ទេ។​ ទី​ពីរ​គឺ​សហគ្រាស​ខ្លះ ​កុង​ត្រា​នេះ​គឺ​ថា​ មិន​ទាន់​បំពេញ​បាន​នូវ​អ្វី​ដែល​គាត់​គិត​ថា​ អ្នក​ជំនាញ​ដែល​គាត់​រើស​មក​មាន​ជំនាញ​គ្រប់​គ្រាន់​ដើម្បី​ធ្វើ​ការ​ងារ​សម្រាប់​រោង​ចក្រ​សហ​គ្រាស​របស់​គាត់​ទេ»។​

របាយ​ការណ៍​របស់​ធានាគារ​ពិភព​លោក​បាន​ឲ្យដឹង​ថា​ តាម​ការ​ស្ទង់​មតិ​មួយ​របស់​និយោជក​ទាក់​ទិន​នឹង​ការ​អប់រំ ​និង​ជំនាញ​របស់​បុគ្គលិក​និង​កម្លាំងពលកម្ម​ជារួម​ មាន​ប្រមាណ​៧៦​ភាគរយ​នៃ​និយោជក​ក្នុង​ប្រទេស​កម្ពុជា​បាន​អះអាង​ថា ​និស្សិត​បញ្ចប់​ការ​សិក្សា​ថ្មីៗ​មិន​ត្រូវ​បាន​បំពាក់​ជាមួយ​បណ្តុំ​នៃ​ជំនាញ​ដែល​ត្រឹម​ត្រូវ​នោះ​ទេ។​

លោក​រ៉ុង ឈុន ​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជាឯករាជ​ មាន​ប្រសាសន៍​ថា​ ការ​បណ្តុះ​បណ្តាល​សព្វ​ថ្ងៃនេះ​ បញ្ហា​សិស្ស​ និង​និស្សិត​មិន​មាន​ការ​តម្រង់​ទិស​ទៅ​ដល់​ពួក​គាត់​ទេ។ ​លោក​បាន​បញ្ជាក់​ទៀត​ថា​ ការ​ចូល​រៀន​នៅ​តាម​វិទ្យាល័យ ​និង​មហា​វិទ្យាល័យ​គឺ​រៀន​តាម​បក្ខ​ពួក​ និង​ទៅ​តាម​ចិត្ត​ចង់​ មិន​មាន​ការ​ចង្អុល​បង្ហាញ​ពី​ក្រសួង​អប់រំ​ ក៏​ដូច​ជា​ខាង​រដ្ឋាភិបាល​ទេ។​

លោក​បាន​និយាយ​ថា៖​ «ការ​អប់​រំរបស់​យើង​ហ្នឹង​មិន​បាន​ធ្វើ​ការ​កែ​លម្អ​ មិន​បាន​យក​ចិត្ត​ទុក​ដាក់​ ហើយ​បើ​សិន​ជា​ការ​អប់រំ​នៅ​ដូច​បច្ចុប្បន្ន​ហ្នឹង ​វា​ប៉ះពាល់​ធ្ងន់​ធ្ងរ​ណាស់​ចំពោះ​ដំណើរ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ហ្នឹង។ បើ​សិន​ជា​គុណ​ភាព​នៃ​ការ​អប់រំ ​ហើយ​ដែល​យើង​ចង់​ធ្វើ​ការ​កែ​លម្អការ​អប់​រំហ្នឹង​ យើង​ត្រូវ​ដោះ​ស្រាយ​នូវ​បញ្ហា​គ្រូ​បង្រៀន​នោះ​បាទ»។​

លោក​ឌៀប សុភិរៈ​ នាយករង​នៃ​សាកល​វិទ្យាល័យ​ចម្រើនពហុ​បច្ចេក​វិជ្ជា​ បាន​បញ្ជាក់​ថា ​ជារៀង​រាល់​ឆ្នាំ​មាន​និស្សិត​ប្រមាណ​ជាង​៥០០​នាក់​បាន​បញ្ចប់​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ​របស់​លោក។ តែមាន​ប្រមាណ​តែ​ជាង​១០%​តែ​ប៉ុណ្ណោះ​ដែល​មិន​បាន​ទៅ​ធ្វើ​ការ​តាម​ជំនាញ​របស់​ខ្លួន។​

លោក​បាន​និយាយ​ថា៖​ «ពេល​គាត់​រៀន​ គាត់​ចង់​បាន​ជំនាញ​គណនេយ្យ ឬ​ក៏​ជំនាញ​គ្រប់​គ្រង។ ​តែ​ពេល​គាត់​បាន​សញ្ញាប័ត្រ​គាត់​ថា ​ចង់​ដូរ​មុខ​ជំនាញ​វិញ​ ឬ​ចង់​សាក​ល្បង​ជំនាញ​ខុស​ពី​ហ្នឹង»។​

លោក​កែម ឡី អ្នក​ស្រាវ​ជា្រវ​សង្គម​ បាន​រក​ឃើញ​ថា​ បើ​កាល​ណា​ប្រទេស​មួយ​ដែល​គ្មាន​ជំនាញ​វិជ្ជា​ជីវៈ​ច្បាស់លាស់​នោះ​ពិបាក​ក្នុង​ការ​រក​ការ​ងារ​ធ្វើ។​ លោក​មាន​ប្រសាសន៍​ថា​ ប្រទេស​កម្ពុជា​អាចរីក​ចម្រើនទៅ​បាន​ លុះ​ត្រា​តែ​សម្បូរ​ធនធាន​មនុស្ស​ដែល​មាន​ជំនាញ​ច្បាស់​លាស់។​

លោក​និយាយថា៖ ​«ប្រទេស​មួយ ​ដែល​កំពុង​អភិវឌ្ឍ​ គេ​បារម្មណ៍​ពី​សមត្ថភាព​ធន​ធាន​មនុស្ស។​ ​ហើយ​យើង ​ធនធាន​មនុស្ស​សុទ្ធតែជាអ្នកអត់ជំនាញ ​ វា​អត់​មាន​អ្នក​ដែល​មាន​ជំនាញ​ពិត​ប្រាកដ។អញ្ចឹង​ការ​រីក​ចម្រើនក៏​វា​យឺត​ដែរ»។​

លោក​ហៃ ហ៊ុនឡេង​ អនុប្រធាន​ទីភ្នាក់​ងារ​ជាតិ​ ​មុខរបរ​ និង​ការ​ងារ​ របស់​ក្រសួង​ការ​ងារ ​មាន​ប្រសាសន៍​ថា​ សិស្ស​ និស្សិត​ ដែល​បាន​បញ្ចប់​ការ​សិក្សា​ រំពឹង​ថា ​ពួកគេ​មាន​ជំនាញ​គ្រប់​គ្រាន់​តែ​មួយ​មុខ​មិន​ត្រឹម​ត្រូវ​ទេ។​ ​តែ​ធាតុ​ពិត​និយោជក​នៅ​ក្នុង​បរិបទ​ការ​ងារ​ គេ​ត្រូវ​ការ​ជំនាញ​ផ្សេងៗ​ទៀត​ ដែល​ត្រូវ​បំពេញ​ការ​ងារ​បាន​ដោយ​ជោគ​ជ័យ។​

វីអូអេ​បានព្យាយាម​សុំ​ការ​ឆ្លើយតប​ពី​លោក​អ៊ុំ មាន​ រដ្ឋលេខាធិការ​ក្រសួង​ការ​ងារ ​តែ​លោក​មិន​បាន​ឆ្លើយ​ទៅ​នឹង​សំណួររបស់​វីអូអេ​ទេ​ ដោយ​លោក​បង្វែ​សំណួរនេះ​ទៅ​អ្នក​នាំពាក្យ​វិញ។​

វីអូអេ​បានព្យាយាម​ទាក់ទង​លោក​ហេង សួរ​ និង​លោក​សេង​ សក្កដា​ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​ងារដែរ​ តែ​មិន​អាច​ទាក់ទង​បាន​ទេ​ ​ដោយ​ទូសរស័ព្ទ​គ្នាន​អ្នក​ទទួល។​

ដូចគ្នា​នេះ​ដែរ ​វីអូអេ​បានព្យាយាម​សុំ​សេចក្តី​អត្ថាធិប្បាយ​បំភ្លឺពី​លោក​ហង់ ជួនណារ៉ុន ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ តែ​មិន​អាច​ទាក់ទងបាន​ឡើយ៕
XS
SM
MD
LG