ក្រសួងការបរទេសកម្ពុជាបានចាត់ទុករបាយការណ៍របស់សហរដ្ឋអាមេរិកស្តីពីសិទ្ធិមនុស្សនៅកម្ពុជា មាន«លក្ខណៈរើសអើង» និង«លម្អៀង» និងលាតត្រដាងអំពីស្តង់ដារពីរនៅក្នុងការអនុវត្តរបស់អាមេរិក។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា ដែលមានចំណងជើងថា«របាយការណ៍លាតត្រដាងអំពីស្តង់ដារពីរ នៅក្នុងការអនុវត្តរបស់សហរដ្ឋអាមេរិក» ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍។
កាលពីពេលថ្មីៗនេះ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានឱ្យដឹងនៅក្នុងរបាយការណ៍ថ្មីមួយ ដោយនិយាយអំពីភាពចង្អៀតណែនក្នុងពន្ធនាគារ ការសម្លាប់ដោយសារហេតុផលនយោបាយ ឬដោយខុសច្បាប់ ការធ្វើទារុណកម្ម និងការចាប់ខ្លួនតាមអំពើចិត្ត។ បញ្ហាផ្នែកសិទ្ធិមនុស្សផ្សេងទៀតដែលចងក្រងនៅក្នុងរបាយការណ៍ រួមមានការឃុំខ្លួនតាមអំពើចិត្តដោយរដ្ឋាភិបាល អ្នកជាប់ឃុំឬអ្នកទោសនយោបាយ ការគ្មានតុលាការឯករាជ្យ ការជ្រៀតជ្រែកតាមអំពើចិត្តនៅក្នុងជីវិតឯកជនរបស់ពលរដ្ឋ រួមទាំងការលួចស្តាប់តាមប្រព័ន្ធអេឡិចត្រូនិកជាទូទៅ។ ការរឹតត្បិតធ្ងន់ធ្ងរលើសេរីភាពក្នុងការបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងអ៊ិនធឺណិត រួមទាំងការប្រើហិង្សា ឬការគំរាមប្រើហិង្សា ការចាប់ខ្លួន ឬកាត់ទោសអ្នកសារព័ត៌មាន ដោយគ្មានហេតុផលត្រឹមត្រូវ ការចាប់ពិរុទ្ធ ការបិទគេហទំព័រ ការអនុវត្តច្បាប់ព្រហ្មទណ្ឌទាក់ទងនឹងការបរិហារកេរ្តិ៍ ច្បាប់រឹតត្បិតលើអង្គការមិនមែនរដ្ឋាភិបាល និងការជ្រៀតជ្រែកនៅក្នុងសិទ្ធិធ្វើការប្រមូលផ្តុំដោយសន្តិវិធីជាដើម ក៏ត្រូវបានដាក់បញ្ចូលក្នុងរបាយការណ៍នេះផងដែរ។
ជាការឆ្លើយតប ក្រសួងការបរទេសកម្ពុជាបានបង្ហាញការខកចិត្តចំពោះរបាយការណ៍នេះថា«មានលក្ខណៈរើសអើង លម្អៀង និងពុំផ្អែកលើការពិត ក្រោមហេតុផលនយោបាយ»។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា៖ «របាយការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកស្តីពីស្ថានភាពសិទ្ធិមនុស្សនៅបណ្តាប្រទេសផ្សេងៗ រួមទាំងកម្ពុជា លាតត្រដាងយ៉ាងជាក់ស្តែងអំពីស្តង់ដារពីរនៅក្នុងការអនុវត្តរបស់ខ្លួន ជាពិសេសពុំបានចេញផ្សាយនូវរបាយការណ៍ស្តីពីសហរដ្ឋអាមេរិកខ្លួនឯង។
សហរដ្ឋអាមេរិក ដែលប្រកាន់របបលទ្ធិប្រជាធិបតេយ្យតាមបែបរបស់ខ្លួនជាងពីររយឆ្នាំមកហើយ នៅតែជួបប្រទះបញ្ហារំលោភបំពានសិទ្ធិមនុស្សជាប្រព័ន្ធ រៀងរាល់ថ្ងៃ ដែលក្នុងចំណោមបញ្ហាប្រឈមធំៗ មានដូចជាការរើសអើងជាតិសាសន៍ ឧក្រិដ្ឋកម្មស្អប់ខ្ពើមពូជសាសន៍ ការបាញ់សម្លាប់ទ្រង់ទ្រាយធំ និងអំពើឃោរឃៅរបស់នគរបាល ការរំលោភបំពានក្នុងពន្ធនាគារ អត្រាមរណភាពរាប់លាននាក់ដោយសារជំងឺរាតត្បាត ការកាត់ទោសប្រហារជីវិត ការរឹតត្បិតសិទ្ធិរំលូតកូន ជាដើម។ល។»។
ក្រសួងការបរទេសកម្ពុជាចាត់ទុករបាយការណ៍របស់អាមេរិកនេះ«គ្រាន់តែជាការចងក្រងជ្រើសរើសតែមួយជ្រុងនៃព្រឹត្តិការណ៍ ដែលផ្អែកលើការបោះពុម្ពផ្សាយពុំមានការផ្ទៀងផ្ទាត់ព័ត៌មានត្រឹមត្រូវរបស់អង្គការក្រៅរដ្ឋាភិបាលទទួលមូលនិធិពីបរទេស»។
ក្រសួងការបរទេសបន្ថែមថារបាយការណ៍របស់អាមេរិកបានបិទភ្នែកធ្វើជាមើលមិនឃើញនូវ«វោហាសាស្ត្រដ៏គ្រោះថ្នាក់ និងជ្រុលនិយមរបស់ក្រុមប្រឆាំងមួយចំនួន»។
បន្ថែមពីនេះ ក្រសួងការបរទេសកម្ពុជាបញ្ជាក់ថាសេរីភាពនៃការបញ្ចេញមតិ«នៅតែរស់រវើក»។
អ្នកនាំពាក្យរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា កញ្ញា Stephanie Arzate ប្រាប់វីអូអេតាមសារអ៊ីម៉ែលកាលពីថ្ងៃព្រហស្បតិ៍ថាការលើកតម្កើងប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស គឺជាតម្លៃស្នូលនៃនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសកម្ពុជា និងជុំវិញពិភពលោក។
កញ្ញាបន្ថែមថាអាមេរិកលើកទឹកចិត្តអាជ្ញាធរកម្ពុជាក្នុងការពង្រឹងប្រជាធិបតេយ្យពហុបក្ស ដោយអនុញ្ញាតសម្រាប់សេរីភាពនៃមតិនយោបាយជំទាស់ ជំរុញការប្រកួតប្រជែងតាមរយៈការបោះឆ្នោតដោយសេរី និងយុត្តិធម៌ និងអនុញ្ញាតឱ្យអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយដំណើរការដោយឯករាជ្យ។
នៅក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២២ និងដាក់ទិសដៅការងារឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស កាលពីថ្ងៃព្រហស្បតិ៍ លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សមិនបានប្រតិកម្មខ្លាំងៗនោះទេចំពោះរបាយការណ៍របស់អាមេរិក។
នៅចំពោះមុខឯកអគ្គរដ្ឋទូតអាមេរិកដែលបានចូលរួមក្នុងពិធីនោះដែរ លោក ស ខេង បានថ្លែងអំណរគុណចំពោះអាមេរិក ហើយថានឹងខិតខំពិនិត្យផ្ទៀងផ្ទាត់អ្វីដែលមាននៅក្នុងរបាយការណ៍នេះ ទៅនឹងការជាក់ស្តែងនៅកម្ពុជា។
លោកថ្លែងថា៖ «ខ្ញុំគិតថាយើងត្រូវរៀបចំឱ្យមានការសិក្សាទៅលើរបាយការណ៍នេះ ហើយក៏មិនមែនតែការជួញដូរមនុស្សទេ ផ្នែកដែលមានការពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្លើយតបឱ្យបានសមស្រប និងត្រឹមត្រូវ»។
របាយការណ៍របស់ក្រសួងការបរទេសអាមេរិកក៏បានរៀបរាប់ថាគណបក្សប្រជាជនកម្ពុជាបានឈ្នះនូវអាសនៈសភាទាំង១២៥នៅក្នុងការបោះឆ្នោតជាតិ ឆ្នាំ២០១៨ ដោយបានហាមប្រាមគណបក្សប្រឆាំងធំជាងគេ កាលពី២០១៧ ហើយធ្វើឱ្យប្រទេសស្ថិតនៅក្រោមការគ្រប់គ្រងនៃគណបក្សតែមួយ ដោយមានរដ្ឋាភិបាលមួយដែលជាធម្មតាប្រើអំណាចផ្តាច់ការ៕