ក្រសួងសុខាភិបាលកម្ពុជាបានអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ននឹងជំងឺរលាកសួតមួយប្រភេទ ដែលមិនស្គាល់អត្តសញ្ញាណ ខណៈជំងឺនេះត្រូវបានរកឃើញថា មានប្រភពមកពីប្រទេសចិន។
ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី១០ ខែមករា ក្រសួងសុខាភិបាល បានបញ្ជាក់ថា មិនទាន់មានករណីជំងឺរលាកសួតនេះនៅក្នុងប្រទេសកម្ពុជានៅឡើយទេ ប៉ុន្តែក្រសួងកំពុងតាមដានជំងឺប្រភេទនេះ បន្ទាប់ពីទទួលព័ត៌មានពីអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា(WHO)។
ក្រសួងសុខាភិបាលបានឲ្យដឹងថា ជំងឺរលាកសួតមិនដឹងប្រភព ឬមូលហេតុនេះ ត្រូវបានរាយការណ៍ដំបូងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងវូហាន (Wuhan) ខេត្តហ៊ុយបេ (Hubei) ប្រទេសចិន។
ក្រសួងបន្តថា បើគិតត្រឹមម៉ោង៨ព្រឹក នាថ្ងៃទី៥ ខែមករា ក្រុងវូហាន បានរាយការណ៍ថា មានអ្នកកើតជំងឺរលាកសួតដោយសារវីរុសមិនស្គាល់អត្តសញ្ញាណនេះ សរុបចំនួន៥៩នាក់ ដែលក្នុងនោះ៧នាក់មានសភាពធ្ងន់ធ្ងរ។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រាប់ VOA ថា ក្រសួងបានចាត់វិធានការត្រួតពិនិត្យលើអ្នកធ្វើដំណើរចេញចូលប្រទេសកម្ពុជា។
លោកស្រីបញ្ជាក់ថា៖ «ទោះបីជាមិនមានករណីជំងឺនេះនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងក៏ដោយ ក៏ប៉ុន្តែក្រសួងសុខាភិបាលបានដាក់នូវម៉ាស៊ីនស្គែនកម្តៅនៅតាមច្រកចេញចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប។ ហើយក្រុមការងារចត្តាឡីស័ក (quarantine) នៅតាមច្រកអាកាសយានដ្ឋានអន្តរជាតិទាំងអស់ហ្នឹងក៏កំពុងតែសកម្មក្នុងការស្រាវជ្រាវក្រែងលោកមានករណីសង្ស័យ»។
អ្នកស្រីបានបន្តថា ក្រសួងក៏បានត្រៀមបន្ទប់សម្រាប់ដាក់អ្នកជំងឺដោយឡែកផងដែរ នៅមន្ទីរពេទ្យខ្មែរសូវៀត មន្ទីរពេទ្យខេត្តព្រះសីហនុ និងមន្ទីរពេទ្យខេត្តសៀមរាប។
លោក គី សាន់ទី នាយកមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ប្រាប់ VOA ថា មន្ទីរពេទ្យបានដឹងពីសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលពាក់ព័ន្ធនឹងជំងឺរលាកសួតមិនស្គាល់អត្តសញ្ញាណនេះ។ លោកបន្តថា រហូតមកទល់ពេលនេះ មិនទាន់មានកុមារណាម្នាក់ដែលកើតអាការៈរលាកសួតគួរឲ្យសង្ស័យនោះទេ។
«អត់មានទេបាទ។ អត់មានដូចករណីដូចនៅក្នុង Press Release (សេចក្តីប្រកាសព័ត៌មាន) របស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកបានធ្វើ។ យើងតាមដានទៅ យើងអត់មានទេ យើងមានតែឆ្លងសួតអីតាមរដូវធម្មតាៗទេ មិនមានអីគួរឲ្យចាប់អារម្មណ៍ទេ»។
នាយកមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញរូបនេះបានបន្ថែមថា មន្ទីរពេទ្យនឹងសហការជាមួយក្រសួងសុខាភិបាល និងមន្ទីរគ្រប់គ្រងនិងការពារជំងឺឆ្លង ដើម្បីតាមដានត្រួតពិនិត្យក្នុងករណីមានការសង្ស័យកើតជំងឺរលាកសួតមួយនេះ។
យោងតាមសេចក្តីប្រកាសរបស់អង្គការសុខភាពពិភពលោក ចុះថ្ងៃទី៩ ខែមករា អង្គការអន្តរជាតិមួយនេះ នឹងបន្តតាមដានស្ថានភាពនៃជំងឺនេះ ដោយយកចិត្តទុកដាក់បំផុត ហើយត្រៀមធ្វើការរួមគ្នាជាមួយដៃគូពាក់ព័ន្ធ និងផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដល់ប្រទេសចិន ដើម្បីស៊ើបអង្កេត និងឆ្លើយតបនឹងជំងឺរាតត្បាតមួយនេះ។
ចំណែកក្រសួងសុខាភិបាលកម្ពុជាបានណែនាំឲ្យប្រជាពលរដ្ឋធ្វើអនាម័យឲ្យបានញឹកញាប់ និងជៀសវាងការប៉ះពាល់ជិតស្និទ្ធឬទៅទីផ្សារលក់គ្រឿងសមុទ្រហូណាន ឬទីផ្សារ ឬកសិដ្ឋានដែលមានសត្វរស់ ឬសត្វព្រៃ ឬកន្លែងដែលគេដឹងថា មានវីរុសកំពុងចរាចរ។ ក្រសួងបន្តថា អ្នកដែលមានរោគសញ្ញាជំងឺផ្លូវដង្ហើមស្រួចស្រាល ត្រូវខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់៕